ថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៣ នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយអង្គការ FAO ប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងប្រកាសស្តីពីបញ្ជីពូជដំណាំចុះបញ្ជីនៅកម្ពុជា” ក្រោមអធិបតីភាពលោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ ។ សិក្ខាសាលានេះប្រារព្វឡើងនៅភោជនីដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ សមាសភាពអ្នកចូលរួម សរុប៤០នាក់ ស្រី១១នាក់ ដែលអញ្ជើញវត្តមានមកពីក្រុមហ៊ុនឯកជន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរពិសោធន៍ជាតិកសិកម្ម ថ្នាក់ដឹកនាំនាយកដ្ឋានដំណាំឧស្សាហកម្ម ថ្នាក់ដឹកនាំ និងអ្នកសម្របសម្រួលនាយកដ្ឋានពូជដំណាំ ។
សិក្ខាសាលានេះធ្វើឡើងដោយមានគោលបំណង ៖
១. ដើម្បីប្រមូលធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធទៅនឹងវិស័យពូជដំណាំ
២. ដើម្បីកែសម្រួលឯកសារទាំងពីរនេះឲ្យបានត្រឹមត្រូវស្របតាមទិដ្ឋភាពជាក់ស្តែងនៃវិស័យឧស្សាហកម្មពូជដំណាំនៅកម្ពុជា។
ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋាន កសិកម្ម បានរៀបចំវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មជូនដល់មន្រ្តីរដ្ឋបាល ថ្នាក់ក្រោមជាតិ នៃរដ្ឋបាលខេត្តសៀមរាប ក្រោមការគាំទ្រថវិកាដោយអង្គការរ៉ាយអៃសិនអាល្លឺម៉ង់ (DGRV)។
=============================
វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មខាងលើ ត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីភាព លោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អស់លោកជាថ្នាក់ដឹកនាំការិយាល័យជំនាញ និងសិក្ខាកាមជាមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ នៃរដ្ឋបាលខេត្តសៀមរាប សរុបចំនួន៣៧នាក់ ស្រ្តីចំនួន០៥នាក់។
គោលបំណងនៃវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មខាងលើនេះគឺ៖
១. ផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបាន យល់ជ្រួតជ្រាបដើម្បីទទួលបានការគាំទ្រដល់ការងារអភិវឌ្ឍន៍សហគមន៍កសិកម្មនៅ មូលដ្ឋាន។
២. ជំរុញរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតីទាំងផ្នែកសម្ភារៈដល់ការអភិវឌ្ឍសហគមន៍កសិកម្មនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (CIAT) ក្រោមការអនុវត្តគម្រោងដំណោះស្រាយប្រកបដោយនិរន្តរភាពលើជំងឺដំណាំដំឡូងមីតំបន់អាស៊ីអាគ្នេយ៍ ដោយមានការគាំទ្រថវិកាពីមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការងារស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) រៀបចំទិវាប្រមូលផលចម្ការពិសោធន៍ស្រាវជ្រាវពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៉ិក (mosaic) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ។
កម្មវិធីទិវាប្រមូលផលនេះស្ថិតក្រោមអធិបតីរបស់លោកបណ្ឌិត យិន ចន្ទ័សុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នពាក់ពន្ធ័សរុបប្រមាណ៤០នាក់ ស្ត្រី០៦នាក់ ។
ពិសោធន៍នេះ គឺ ដើម្បីប្រៀបធៀបពូជដំឡូងមីបង្កាត់ថ្មីជាមួយនឹងពូជខេយូ៥០ (KU50) ទៅលើ (១) ភាពធន់ទៅនឹងជំងឺម៉ូសាអ៉ិក (២) ទិន្នផល និង (៣) កម្រិតជាតិម្សៅ ល។ តាមរយៈការពិសោធន៍នេះ យើងអាចទទួលបាននូវពូជដំឡូងមីថ្មីដែលធន់នឹងជំងឺម៉ូសាអ៉ិក ផ្តល់ទិន្នផលខ្ពស់ និងមានកម្រិតជាតិម្សៅច្រើន។
កាលពីថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ដែលដឹកនាំដោយលោកស្រី ទុយ សុខខេង អនុប្រធាននាយកដ្ឋាន ក្រោមការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះបេីកវគ្គបណ្តុះបណ្តាលកសិករ ស្ដីពីការអនុវត្តល្អដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប នៅភូមិតាំងរបង ឃុំឃ្លោកដំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមចូលរួមចំនួន ២០នាក់ (ស្រី ១៥)។
វគ្គបណ្ដុះបណ្តាលនេះត្រូវបានរៀបចំឡេីងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹង និងបន្តការអនុវត្តល្អដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប តាមរយៈការអនុវត្តបច្ចេកទេសនានាដូចជា៖ ការដាំដុះដំណាំឆ្លាស់ កាត់បន្ថយការហូរច្រោះដី និងកែលម្អជីជាតិដីឱ្យបានល្អប្រសេីរដេីម្បីធានាបាននូវនិរន្តរភាពផលិតកម្មដំណាំ។
លទ្ធផលនៃវគ្គបណ្តុះបណ្តាល គឺបានបង្កេីនការយល់ដឹងអំពីបច្ចេកទេសដាំដុះ ការថែរក្សានិងគ្រប់គ្រងជីជាតិដីឱ្យបានល្អប្រសេីរ ដេីម្បីបង្កេីនផលិតភាពដំណាំ លេីកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចគ្រួសារ និងនិរន្តរភាពកសិកម្ម តាមរយៈការអនុវត្តបច្ចេកទេសដាំដុះសមស្របសំខាន់ៗរួមមាន៖ (១). ការអនុវត្តបច្ចេកទេសដាំដុះដំណាំឆ្លាស់ ដោយដំណាំសណ្តែកបាយតាមចន្លោះរងដំណាំដំឡូងមី និងដំណាំពោត (២). ការរៀបចំដីនិងការថែទាំដំណាំឱ្យបានសមស្រប (៣). ការប្រេីប្រាស់ជីនិងដាក់ជីទៅតាមតម្រូវការសារធាតុចិញ្ចឹមរបស់ដំណាំ និង (៤). ការបង្កើនជីជាតិដីជាពិសេសសារធាតុអាសូត តាមរយៈការដាំដុះដំណាំសណ្តែកបាយនៅចន្លោះរងដំណាំដំឡូងមី និងពោត ពីព្រោះដំណាំសណ្តែកបាយមានសមត្ថភាពចាប់យកអាសូតពីបរិយាកាសដោយខ្លួនឯង។ ជាមួយគ្នានេះ វគ្គបណ្ដុះបណ្តាលត្រូវបានរៀបចំឱ្យសិក្ខាកាមបានចុះសិក្សាស្ថានភាពដីនៅទីវាលជាក់ស្តែងដេីម្បីជ្រេីសរេីសទីតាំងសម្រាប់អនុវត្តចម្ការបង្ហាញ និងក្រុមការងារជំនាញបានបង្ហាញអំពីបច្ចេកទេសវាយតម្លៃនិងវាស់វែងការហូរច្រោះដី សម្រាប់ឱ្យសិក្ខាកាមធ្វេីការស្វែងយល់ផងដែរ។
ក្រុមការងារនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានបន្តចុះអង្កេតនិងសិក្សាអំពីស្ថានភាពដី ប្រព័ន្ធដាំដុះដំណាំដំណាំដំឡូងមីនិងពោត និងស្ថានភាពសេដ្ឋកិច្ចសង្គម ដេីម្បីជ្រេីសរេីសទីតាំងសម្រាប់អនុវត្តចម្ការបង្ហាញ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន៕
ថ្ងៃទី២៥-២៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះសំភាសន៍សហគមន៍កសិកម្មចំនួន០៦ ដែលស្ថិតនៅខេត្តកំពង់ធំ ដើម្បីជ្រើសរើសជាអ្នកទទួលផលពីគម្រោង(ACSEP)។
=============================
សហគមន៍កសិកម្មចំនួន០៦ ដែលស្ថិតក្នុងស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះមានរួមមាន៖
(១)សហគមន៍កសិកម្មខ្វែកមានរិទ្ធស្ថិតនៅភូមិខ្វែក ឃុំកំពង់ថ្ម
(២)សហគមន៍កសិកម្មស្វាយកែវរមៀតទីពោមានជ័យនៅភូមិតាព្រាច ឃុំទីពោ
(៣)សហគមន៍កសិកម្មត្បូងក្រពើស្ទឹងសែនភូមិបញ្ញាជី ឃុំត្បូងក្រពើ
(៤)សហគមន៍កសិកម្មសាមគ្គីចុងដានៅភូមិចុងដា ឃុំត្បូងក្រពើ
(៥)សហគមន៍កសិកម្មកំពង់ស្វាយស្មគ្រចិត្ដនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ និង
(៦)សហគមន៍កសិកម្មកសិករសាមគ្គីស្ទឹងសែននៅភូមិស្លែងឃុំក្ដីដូង។
ក្នុងការចុះសំភាសន៍នេះមានអ្នកចូលរួមសរុប ៩១ នាក់ ក្នុងនោះស្រ្តីមានចំនួន២៤នាក់ និងមិនមានសមាជិកជាជនជាតិភាគតិចទេ។
គោលបំណងនៃការចុះសំភាសន៍ជ្រើសរើស សហគមន៍កសិកម្មគោលដៅខាងលើនេះមាន៖
១. ផ្សព្វផ្សាយអំពីលក្ខណៈវិនិច្ឆ័យនៃអ្នកទទួលបានផលប្រយោជន៍ពីគម្រោងត្រូវមានដូចជាៈ
ក-សហគមន៍កសិកម្មត្រូវបានបង្កើតឡើងនៅក្នុងខេត្តមួយក្នុងចំណោមខេត្តទាំង ៦ នៃគោលដៅគម្រោងACSEP
ខ-សហគមន៍កសិកម្មមានការផលិតយ៉ាងហោចណាស់ខ្សែច្រវាក់តម្លៃអាទិភាពមួយក្នុងចំណោម៥ ខ្សែច្រវាក់ផលិផល(ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រុក)
គ-សហគមន៍កសិកម្មមានដំណើការល្អ
ឃ-សហគមន៍កសិកម្មមានសមាជិកជាស្រ្តី៥០%
ង-សហគមន៍កសិកម្មមានសមាជិកចាប់ពី៥០នាក់
ច-សហគមន៍កសិកម្មមានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យដោយបោះឆ្នោត
ឆ-ស្មគ្រចិត្តទទួលយកនិងចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយគម្រោង
ជ-មានឆន្ទៈក្នុងការធ្វើជាដៃគូជាមួយសហគ្រាសកសិកម្ម ក្នុងទម្រង់ផ្សេងៗនៃដៃគូ
។
២. ផ្សព្វផ្សាយពីផលប្រយោជន៍ដែលត្រូវទទួលបានពីគម្រោងដូចជាៈ
ក. សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម
ខ. លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាពក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើង នូវគុណភាព និងសុវត្ថិភាពចំណីអាហារ និង
គ. ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។
នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយលោកប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Nakada Shunichi ទីប្រឹក្សាជាន់ខ្ពស់ផ្នែក អភិវឌ្ឍន៍កសិកម្ម និងជនបទ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច លោកស្រីបណ្ឌិត Haruko Toyama មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកកសិកម្ម លោក Nakamura Kota មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីរាយការណ៍ជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានកសិកម្មក្នុងការរៀបចំសំណើសុំគម្រោងថ្មីមួយស្តីពី ការអភិវឌ្ឍខ្សែច្រវាក់តម្លៃម្ហូបអាហារនៃដំណាំសាកវប្បកម្មសម្រាប់កសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា (Developing Food Value Chain of Horticultural Crops in Cambodia for Small Scale Farmers)។ សំណើសុំគម្រោងខាងលើនឹងត្រូវបញ្ជូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីស្នើសុំការពិនិត្យ មុននឹងដំណើរការនីតិវិធីជាបន្តទៀត។ គម្រោងថ្មីនេះមានរយៈពេល៣ឆ្នាំ ផ្តោតទៅលើខេត្តគោលដៅចំនួន៣រួមមាន ខេត្តកណ្តាល បាត់ដំបង និងត្បូងឃ្មុំ និងត្រូវប្រើប្រាស់ថវិកាសរុបចំនួនប្រមាណ ៣ ០០០ ០០០ ដុល្លារអាមេរិក។
ថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានធ្វេីទស្សនកិច្ចវិទ្យាសាស្ត្រ ស្តីពី ការអភិវឌ្ឍប្រព័ន្ធព័ត៌មានដីឌីជីថល នៅប្រទេសអូស្ត្រាលី។
គោលបំណងនៃទស្សកិច្ចសិក្សាវិទ្យាសាស្ត្រនេះ គឺដេីម្បីសិក្សាពីប្រព័ន្ធព័ត៌មានដីឌីជីផល និងដេីម្បីពង្រឹងសមត្ថភាពស្ថាប័នសម្រាប់អភិវឌ្ឍប្រព័ន្ធព័ត៌មានដីជាតិឌីជីថលនៅកម្ពុជា។
ទស្សនកិច្ចសិក្សាវិទ្យាសាស្ត្រ អាចប្រព្រឹត្តទៅបានក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និង Murdoch University, WA ដោយបានសិក្សានិងពិភាក្សាជាមួយស្ថានប័នពាក់ព័ន្ធសំខាន់ៗ រួមមាន៖ Curtin University និង Murdoch University នៅទីក្រុង Perth, WA និង The Commonwealth Scientific and Industrial Research Organisation (CSIRO) និង Australian Centre for International Agricultural Research (ACIAR) នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី។
លទ្ធផល នៃទស្សនកិច្ចសិក្សានេះ គឺ៖ (១). ការកសាងទិន្នន័យដីគ្រឹះ (Soil Database) រហ័សដោយប្រេីប្រាស់បច្ចេកទេស Spectrometry (MIR/NIR) តាមរយៈការបង្កើតគំរូ Calibration កម្រិតជាតិ ឬជម្រេីសក្នុងការប្រេីប្រាស់គំរូសាកល ដែលបង្កើតឡេីងដោយ FAO ក្នុងកម្រិតណាមួយ និង (២). ការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានដីឌីថល ដោយផ្តោលេីចំណុចគន្លឹះសំខាន់ៗចំនួន២ គឺ ១). បង្កេីតឱ្យមានទម្រង់គ្រប់គ្រងទិន្នន័យឱ្យមានសង្គតិភាព និង២). ការផលិតព័ត៌មានដីដេីម្បីឱ្យអ្នកប្រេីប្រាស់ទាំងអស់អាចទាញយកព័ត៌មានសម្រាប់ជាប្រយោជន៍ក្នុងការបម្រេីនិងបង្កេីនផលិតភាពដំណាំកសិកម្ម។
នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នឹងបន្តកិច្ចសហប្រតិកម្មការជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ដូចជា៖ CARDI, IAEA, FAO, ACIAR, CSIRO, Murdoch University, Curtin University, AFACI ជាដើម ដើម្បីអភិវឌ្ឍប្រព័ន្ធព័ត៌មានដីជាតិឌីជីថល ឱ្យបានសម្រេចជោគជ័យនៅពេលអនាគតដ៏ខ្លីខាងមុខនេះ។
នៅអគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកជំនាញការ USDA-APHIS ដែលដឹកនាំដោយលោក John Hurley ប្រធាន USDA-APHIS ថ្នាក់តំបន់ ក្នុងគោលបំណងពិភាក្សាអំពីការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មអាទិភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៅក្នុងផ្នែកសុខភាពរុក្ខជាតិ (Plant Health) រវាងអង្គភាពជាតិការការពាររុក្ខជាតិនៃព្រះរាជាណាចក្រកម្ពុជា (NPPO of Cambodia) និងអង្គភាពជាតិការការពាររុក្ខជាតិនៃសហរដ្ឋអាមេរិក (NPPO of USA) ដែលមានការចូលរួមពី តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនិងមន្រ្តីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យសរុបចំនួន ៣០រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក John Hurley និងសហការី និងបានគូសបញ្ជាក់អំពីវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម និង USDA និង USAID នាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មសក្ដានុពលរបស់កម្ពុជា និងមុខដំណាំជាអាទិភាពដែលកម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួមមានជាអាទិ៍អង្ករប្រណិតកម្ពុជា ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទី ផ្លែមៀនស្រស់ ផ្លែចេកអំបូងលឿង ម្រេច។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានលើកឡើងបន្ថែមថា កម្ពុជាមានបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងស្នើឱ្យមានផលិតផលកសិកម្មកម្ពុជាជាពិសេសផ្លែឈើស្រស់នៅលើទីផ្សារសហរដ្ឋអាមេរិកកាន់តែច្រើនមុខ បន្ថែមទៀត និងជួយបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីជំរុញការប្រើប្រាស់Biological Control Agent (BCA) ក្នុងការងារការពារដំណាំព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលវែងនៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹង Post-Harvest Plant Quarantine Treatment Research for Market Access,Fruit FlyManagement ជាដើម។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញការ USDA-APHIS បានធ្វើបទបង្ហាញដល់អង្គពិធីនូវដំណើរការនៃការស្វែងរកព័ត៌មានពីលក្ខខណ្ឌតម្រូវសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មកសិកម្ម ការចរចាបើកទីផ្សារសម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិក ព្រមទាំងបានបង្ហាញការគាំទ្រ និងប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញការងារចរចារបើកទីផ្សារនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកាន់តែឆាប់រហ័ស។
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Emmanuel Ly-Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំគឺ ១). ការពិភាក្សាអំពីការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា ២).ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង និង ៣). ការពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រទេសបារាំង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រី Marion Chaminade និងសហការី និងបានបញ្ជាក់ថា នេះគឺជាជំនួបលើកទី២រវាងឯកឧត្តមជាមួយលោកស្រី បន្ទាប់ពីបានជួបលើកទី១ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំងកាលពីចុងខែកុម្ភៈ និងដើមខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជំនួបខាងលើបានពិភាក្សាលើរបៀបវារៈចំនួន០៣ដូចខាងក្រោម៖
១. ការបើកទីផ្សារដើម្បីនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា
ប្រទេសបារាំងមានបំណងនាំចូលផ្លែប៉ោមស្រស់ដែលជាកសិផលរបស់ប្រទេសបារាំងមកប្រទេសកម្ពុជា។ ដូចនេះ លោកស្រី Marion Chaminade បានស្នើសុំឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសកម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ ដើម្បីអាចនាំចូលផ្លែប៉ោមស្រស់មកពីប្រទេសបារាំងបាន។ ឯកឧត្តមប្រតិ និងសហការី បានពន្យល់ជូនដោយសង្ខេបអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាតាមការស្នើសុំ ហើយអគ្គនាយកដ្ឋានកសិកម្ម នឹងផ្ញើជូនលោកស្រីនូវឯកសារលម្អិតអំពីលក្ខខណ្ឌទាំងនេះនៅពេលក្រោយ។ ឯកឧត្តមប្រតិភូ បានស្នើឱ្យមានកិច្ចប្រជុំមួយដាច់ដោយឡែកជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដើម្បីពិភាក្សាលម្អិតបន្ថែមអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញមុនទទួលបានការអនុញ្ញាតនាំចូល។ លោកស្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចរៀបចំឡើងឱ្យបានឆាប់រហ័ស និងមានការចែករំលែកព័ត៌មានឱ្យបានល្អ និងទាន់ពេលវេលា ហើយលោកស្រីនឹងអនុវត្តតាមអនុសាសន៍/ការណែនាំបន្ថែមរបស់កម្ពុជា ដើម្បីឱ្យដំណើរការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជាអាចសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ។
២. ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង
អគ្គនាយកដ្ឋានកសិកម្ម មានបំណងពង្រីកវិសាលភាពនៃការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបរទេស ជាពិសេស ទីផ្សារអឺរ៉ុប ដូចនេះ ឯកឧត្តមប្រតិភូបានស្នើឱ្យលោកស្រី Marion Chaminade បញ្ជាក់អំពីលក្ខខណ្ឌដែលត្រូវបំពេញសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសបារាំង។ ឆ្លើយតបទៅនឹងសំណើនេះ លោកស្រីបានពន្យល់ដោយសង្ខេបថា ការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺដំណើរការតាមនីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀត ហើយដើម្បីអាចនាំចេញទៅកាន់ទីផ្សារនៅប្រទេសបារាំងបាន កសិផលទាំងនោះត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម មានវិញ្ញាបនប័ត្រភូតគាមអនាម័យ មានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា និងសេចក្តីជូនដំណឹងស្តីពីការពុំមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (មានភ្ជាប់ជាមួយនូវសត្វល្អិតចង្រៃហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើសកម្រិតអនុញ្ញាត)។ល។ លក្ខខណ្ឌតម្រូវលម្អិត លោកស្រីនឹងផ្ញើជូនអគ្គនាយកដ្ឋានកសិកម្មនៅពេលក្រោយ។
៣. កិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រទេសបារាំង
ក្រៅពីគម្រោងនានាដែលអគ្គនាយកដ្ឋានកសិកម្ម បាន និងកំពុងអនុវត្ត ដោយមានការឧបត្ថម្ភទាំងផ្នែកបច្ចេកទេស និងហរិញ្ញវត្ថុ អគ្គនាយកដ្ឋានកសិកម្ម បានចាប់ផ្តើមគម្រោងថ្មីមួយទៀតគឺគម្រោង Rainfed Agriculture Technology Development Program for Cambodia (RAD4CAM) (2023-2028) ដែលបច្ចុប្បន្ន គម្រោងថ្មីនេះស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាលទ្ធសមិទ្ធភាពនៅឡើយ។ ឯកឧត្តមប្រតិភូបានស្នើដល់លោកស្រី Marion Chaminade ជួយពន្លឿនដំណើរការសិក្សានេះដើម្បីគម្រោងអាចចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗ។ នាឱកាសនោះដែរ ឯកឧត្តមប្រតិភូ បានស្នើឱ្យលោកស្រី Marion Chaminade ពិចារណាអំពីការផ្តួចផ្តើមបង្កើតគម្រោងផលិតកម្មដំណាំកសិកម្ម (ផ្តោតសំខាន់ទៅលើដំណាំស្រូវ) ដែលធ្វើឱ្យមានការសាយភាយឧស្ម័នក្នុងបរិមាណតិចតួចបំផុត។ នៅក្នុងគម្រោងនេះដែរ ឯកឧត្តមប្រតិភូ ស្នើឱ្យមានការសិក្សាទៅលើវិធីសាស្ត្រដើម្បីវាស់ស្ទង់ពីកម្រិតបំភាយនៃឧស្ម័នផ្ទះកញ្ចក់ រួមទាំង មេតាន ឧស្ម័នកាបូនិច និងកាបូន។ វត្តមាននៃគម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកស្រី Marion Chaminade នឹងពិចារណាចំពោះសំណើនេះ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះលោកស្រី Marion Chaminade និងសហការីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អក្នុងការពង្រឹកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពនិងថវិកាលម្អិតឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សានិងកែសម្រួលផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងក្នុងផលិតម្មដំណាំឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាលទ្ធផល អង្គប្រជុំបានកំណត់ចង្កោកសកម្មភាពសំខាន់ចំនួន៣ គឺចង្កោមសកម្មភាពទី១៖ ការងារស្រាវជ្រាវសំខាន់ៗមានដូចជា ការបន្សុទ្ធនិងអភិវឌ្ឍន៍ពូជដំណាំ ការគ្រប់គ្រងដីនិងប្រើប្រាស់ជី ការការពារដំណាំ និងប្រព័ន្ធស្រោចស្រព។ល។ ចង្កោមសកម្មភាពទី២៖ គម្រោងអាទិភាពសំខាន់ៗដើម្បីជំរុញផលិតកម្មដំណាំមានដូចជា ស្រូវ-អង្ករ ស្វាយ ទុរេន មៀន ពោត ស្វាយចន្ទី ដំឡូងមី និងដំណាំម្រេច និងចង្កោមសកម្មភាពទី៣៖ សកម្មភាពគាំទ្រ មានដូចជា ការបញ្ជាក់វិញ្ញាបនបត្រ GAP ការងារគ្រប់គ្រងស្ថិតិដំណាំ ការវាស់ស្ទង់ទិន្នផលដំណាំ ការសិក្សាថ្លៃដើមផលិតកម្មដំណាំ ពិសោធន៍វាយតម្លៃធាតុចូលកសិកម្មនិងគុណភាពកសិផល ការបញ្ជាក់គុណភាពគ្រាប់ពូជនិងការត្រួតពិនិត្យគុណភាពគ្រាប់ពូជដំណាំ ការចុះបញ្ជីប្រភេទពូជដំណាំនៅកម្ពុជា ការត្រួតពិនិត្យការធ្វើអាជីវកម្មគ្រាប់ពូជ ការរៀបចំបណ្តុំនិងតភ្ជាប់ជាបណ្តាញរវាងអ្នកផលិត អ្នកប្រមូលទិញ និងអ្នកប្រើប្រាស់ឬរោងចក្រកែច្នៃ និងការរៀបចំបទដ្ឋានគតិយុត្ត។
ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចូលរួមពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងកសិកម្ម។
តាមរយៈកិច្ចសហការប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជានិងចិន ធ្វើឱ្យដំណើរការចរចាបើកទីផ្សារមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានទទួលជោគជ័យយ៉ាងឆាប់រហ័ស ក្នុងនោះបើទោះក្នុងបរិបទនៃការរីករាលជំងឺកូវីដ-១៩ ក៏កិច្ចដំណើរវាយតម្លៃត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ដែលភាគីចិនមានការយោគយល់ខ្ពស់និងសម្រួលការងារយ៉ាងច្រើនចំពោះភាគីកម្ពុជា។
ជាលទ្ធផល នៅដំណាក់កាលទី១នេះ ចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ បានទទួលការឯកភាពសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកគ្រាប់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់នៅរដូវវស្សាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រព្រឹត្តនៅមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងពិធីចែកគ្រាប់ពូជស្រូវ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាកសិករដែលមានដំណាំរងផលប៉ះពាល់និងខូចខាតដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជួយដល់កសិករ និងអន្តរាគមន៍ស្តារឡើងវិញនូវផលប៉ះពាល់ ខូចខាតដំណាំកសិកម្មដោយគ្រោះទឹកជំនន់នេះ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យរួសរាន់ចុះវាយតម្លៃការខូចខាតដើម្បីពិនិត្យលទ្ធភាពផ្ដល់ជូនគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យទាន់ពេលវេលា ក្នុងគោលបំណងធានាសន្តិសុខស្បៀងដល់ប្រជាកសិករក្រក្រីដែលងាយរងគ្រោះ។
បន្ទាប់មក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់ប្រជាកសិករអំពីបច្ចេកទេសដាំដុះ និងការប្រើប្រាស់ពូជឱ្យទទួលបានទិន្នផលខ្ពស់ដូចជា (១) ការរៀបចំដីឱ្យបានរាបស្មើល្អមុនធ្វើការពង្រួស (២). កម្ចាត់ស្មៅឱ្យស្អាតល្អដើម្បីជៀសវាងការប្រកួតស្រូបជីពីសំណាក់ស្មៅចង្រៃ (៣). ការប្រើប្រាស់ជីត្រូវប្រើប្រភេទជីតាមបច្ចេកទេសណែនាំ (៤). និងការគ្រប់គ្រងទឹកក្នុងស្រែឱ្យបានសមស្រប។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម គន់ គីម ក៏បានពាំនាំសេចក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាកសិករទាំងអស់ និងជូនពរឱ្យប្រជាកសិករទាំងអស់ទទួលបានសុខ សុភមង្គល និងវិបុលសុខគ្រប់ប្រការ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អជ្ញាធរមូលដ្ឋានដែលយកចិត្តទុកដាក់ចុះស្រង់ស្ថិតិដំណាំកសិកម្មដែលរងផលប៉ះពាល់និងខូចខាត និងកសិកររងគ្រោះយ៉ាងសស្រាក់សស្រាំ ដែលជាមូលដ្ឋានសម្រាប់ក្រុមការងារចុះអន្តរាគមន៍ និងមានវិធានការណ៍សង្គ្រោះ និងស្តារការខូចខាតបានទាន់ពេលវេលា។
បន្ទាប់កម្មវិធីចែកគ្រាប់ពូជស្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានជួបប្រជុំជាមួយអាជ្ញាធរខេត្ត និងមន្ទីរជំនាញនានាជុំវិញខេត្តដើម្បីផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់និងខូចខាតលើដំណាំកសិកម្មគ្រប់ប្រភេទ និងលទ្ធភាពស្ដារឡើងវិញ។ ជាលទ្ធផល ខេត្តក្រចេះបានស្ដាររួចរាល់១០០% លើផ្ទៃដីអាចស្ដារចំនួន ២ ៧៨៤ហិកតា ដោយប្រើប្រាស់គ្រាប់ពូជចំនួន ២៨១,៦តោន។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ និងបានស្វែងយល់ពីការប្រើប្រាស់ជីរបស់កសិករលើដីស្រែដែលកំពុងស្ដារ ដើម្បីជៀសវាងការប្រើប្រាស់ជីលើសកម្រិតកំណត់ដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាពនិងការលូតលាស់របស់ដំណាំស្រូវ៕
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការរងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម រួមជាមួយលោក លោកស្រីជាអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងក្រុមជំនាញការ CIRAD បានចុះពិនិត្យការងារស្រាវជ្រាវលើការអភិរក្សដីកសិកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (បុរខ្នុរ) ស្ថិតនៅស្រុកចំការលើខេត្តកំពង់ចាមដែលមានអ្នកចូលរួមសរុប២០នាក់(ស្រី ៤នាក់)។
សកម្មភាពរបស់ក្រុមការងាររួមមាន៖ ១). បានពិនិត្យលើការពិសោធនៃប្រព័ន្ធដាំដុះដំណាំតាមបច្ចេកទេសកសិកម្មអភិរក្ស ការពិសោធវាយតម្លៃគុណភាពដីក្នុងលក្ខខណ្ឌកសិកម្មអភិរក្ស ការពិសោធវាយតម្លៃពូជដំណាំ ការដាំពង្រីកគ្រាប់ពូជដំណាំគម្របដី និងការបង្ហាញពីសារៈប្រយោជន៍នៃបច្ចេកទេសកសិកម្មអភិរក្សក្នុងការអភិរក្សគុណភាពដីកសិកម្មប្រកបដោយផលិតភាព និងនិរន្តរភាព ២). បានពិនិត្យឧបករណ៍ដាំដោយមិនភ្ជួរដី ឧបករណ៍កិនពង្រាបដំណាំគម្របដីស្រស់ដោយមិនបាច់បាញ់ថ្នាំគីមីបង្រាប និងឧបករណ៍ដាំនិងដកមើមដំឡូងមី និង៣).បានពិនិត្យអាគារសម្រាប់វគ្គបំពាក់បំប៉ន អាគារការិយាល័យ និងឃ្លាំងរក្សាទុកគ្រាប់ពូជដំណាំគម្របដី និងដំណាំផ្សេងៗទៀតសរុបចំនួន៥១ប្រភេទ និងជាង៣០០ពូជ។
សូមបញ្ជាក់ថា កសិកម្មអភិរក្សជាបច្ចេកទេសដែលជួយអភិរក្សដីកសិកម្មដោយរក្សានូវស្ថេរភាពនៃគុណភាពដី សុខភាពដី និងផលិតភាពដី។ វាមានគោលការណ៍អនុវត្តន៍៣សំខាន់ៗគឺ៖ ការដាំ ដំណាំដោយមិនភ្ជួរដី ការរក្សាឱ្យមានគម្របដីជាប្រចាំ និងការដាំដំណាំបង្វិល។ ការវិវត្តន៍ថ្មីនៃបច្ចេកទេសកសិកម្មអភិរក្សគឺ ការបញ្ឈប់ការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ និងជំនួសដោយការប្រើដំណាំគម្របដីស្រស់វិញ។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មតាមរយៈទូរស័ព្ទលេខ ០១២ ៨០៤ ១៨១។
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) នៃប្រទេសជប៉ុន ដឹកនាំដោយលោកបណ្ឌិត Tsuchikawa Satoru សាកលវិទ្យាធិការនៃសាកលវិទ្យាល័យណាហ្គូយ៉ា និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ដឹកនាំដោយលោកស្រីបណ្ឌិត Nurmi Pangesti មន្ត្រីជាន់ខ្ពស់នៃ IRRI ប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំដើម្បីគឺ៖១). ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម និង ២). បង្ហាញអំពីផែនការនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្មសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងទទួលបានលទ្ធផលដូចតទៅ៖ ១). សាកលវិទ្យាល័យណាហ្គូយ៉ា និងអគ្គនាយកដ្ឋានកសិកម្ម នឹងពង្រីកសកម្មភាពបណ្តុះបណ្តាលលើការងារក្រោយប្រមូលផល (Post-harvest) លើដំណាំ ជាពិសេសស្រូវ-អង្ករ ២). សាកលវិទ្យាល័យណាហ្គូយ៉ាសន្យាថានឹងទទួលយកមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្មឱ្យទៅសិក្សាបន្តនៅកម្រិតក្រោយឧត្តមនៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៣ ៣). អគ្គនាយកដ្ឋានកសិកម្ម នឹងចូលរួមក្នុងសិក្ខាសាលាស្រាវជ្រាវរកប្រភេទពូជស្រូវដែលធន់នឹងទឹកប្រៃ គាំទ្រដោយសាកលវិទ្យាល័យណាហ្គូយ៉ា ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ និង ៤). អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យណាហ្គូយ៉ាឱ្យកាន់តែល្អប្រសើរ៕
នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ETC Cambodia និង ក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd។ គោលបំណងនៃកិច្ចប្រជុំដេីម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើមដេីម្បីប្រេីប្រាស់លើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន ETC Cambodia និងក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd ចំពោះការផ្តួចផ្តើមក្នុងកិច្ចសហប្រតិបត្តិការលើការងារត្រួតពិនិត្យគុណភាពអង្ករដែលស្របទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការនាំចេញអង្ករ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា លទ្ធភាពនៃការត្រួតពិនិត្យគុណភាពអង្ករដោយស្ថាប័នរដ្ឋគឺនៅមានកម្រិតនៅឡើយពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់មន្ត្រី និងសម្ភារពិសោធន៍គុណភាពអង្ករ។ ការនាំចេញអង្ករគឺធ្វើឡើងដោយក្រុមហ៊ុនឯកជន មុននឹងនាំអង្ករចេញទៅក្រៅប្រទេស ក្រុមហ៊ុនឯកជនទាំងនោះត្រូវផ្ញើសំណាកអង្ករយកទៅវិភាគនៅក្រៅប្រទេស ដែលធ្វើឱ្យថ្លៃដើមកើនឡើង និងចំណាយពេលវេលាច្រើន។
លោក Norihiro Yoshida ប្រធានគ្រប់គ្រងទូទៅនៃ International Sales Department នៃក្រុមហ៊ុន KETT Electric Laboratory Co., Ltd និងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូ និងអង្គប្រជុំអំពីសាវតា និងការផ្តួចផ្តើមក្នុងការបង្កើតគម្រោងកិច្ចសហការនេះ។ លោកបានបន្តដូច្នេះថា ដោយទទួលបានការគាំទ្រថវិកាពី JICA ក្រុមហ៊ុនបានរៀបចំ និងអនុវត្តគម្រោងស្រាវជ្រាវអំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើមលើគ្រាប់រុក្ខជាតិ ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល០១ឆ្នាំ គិតចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ក្រុមហ៊ុនត្រូវប្រមូលព័ត៌មានសំខាន់ៗដើម្បីត្រៀមអនុវត្តនៅដំណាក់កាលទី២ដែលមានរយៈពេលពីមួយឆ្នាំកន្លះទៅពីរឆ្នាំ។ នៅក្នុងដំណាក់កាលទី២នេះ សកម្មភាពចម្បងដែលត្រូវអនុវត្ត រួមមាន ១). ការវិភាគគុណភាពអង្ករដោយប្រើប្រាស់មន្ទីរពិសោធន៍ ២). ការណែនាំពីឧបករណ៍តេស្តសំណើម និងសារៈសំខាន់ៗនៃឧបករណ៍នេះដែលគ្រោងធ្វើសាកល្បងនៅខេត្តព្រៃវែង និងបាត់ដំបង និង ៣). ការផ្សព្វផ្សាយពីឧបករណ៍តេស្តសំណើមជូនដល់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មដំណាំ។ ទោះបីជាយ៉ាងនេះក្តី ដើម្បីឱ្យការងារទាំងនេះអនុវត្តទៅបាន ក្រុមហ៊ុនត្រូវការធាតុចូលបន្ថែមពាក់ព័ន្ធទៅនឹងតម្រូវការរបស់កម្ពុជា និងការគាំទ្ររបស់អគ្គនាយកដ្ឋានកសិកម្ម ទៅលើសំណើដែលក្រុមហ៊ុនគ្រោងនឹងបញ្ជូនទៅ JICA ដើម្បីពិនិត្យ និងអនុម័តនៅក្នុងខែកញ្ញាខាងមុខនេះ។ ក្នុងករណីដែល JICA ឯកភាពលេីសំណេី លោកនឹងស្នើសុំអគ្គនាយកដ្ឋានកសិកម្ម ធ្វើជាដៃគូសហការ និងរៀបចំឯកសារចាំបាច់មួយចំនួនទៀតដែលគាំទ្រដល់ដំណើរការអនុវត្តគម្រោង។
ជាការឆ្លើយតប ឯកឧត្តមប្រតិភូ និងសហការី បានគាំទ្រចំពោះការលើកឡើងខាងលើ និងបានសំណូមពរឱ្យក្រុមហ៊ុនបញ្ចូលការងារធ្វើតេស្តសំណើមគ្រាប់អង្ករ និងប៉ារ៉ាម៉ែត្រនៃការវិភាគគុណភាពអង្ករឱ្យបានគ្រប់ជ្រុងជ្រោយជាចំណុចអាទិភាពនៅក្នុងសំណើសុំទៅ JICA។
មុននឹងបញ្ចប់ ឯកឧត្តមប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍ថា គម្រោងខាងលើពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការពង្រឹងគុណភាពអង្ករនៅក្នុងស្រុក ពង្រឹងសមត្ថភាពមន្ត្រីក្នុងការវិភាគសំណើមគ្រាប់អង្ករ និងធានាគុណភាពអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ ឯកឧត្តមមានសេចក្តីរីករាយក្នុងការអនុវត្តគម្រោងជាមួយក្រុមហ៊ុនក្នុងដំណាក់កាលទី២នេះ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានមានប្រសាសន៍ថា ក្នុងនាមអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជារូបឯកឧត្តមផ្ទាល់ និងប្រជាជនកម្ពុជា សូមសម្តែងនូវសមាណទុក្ខ និងសោកស្តាយជាពន់ពេកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ការបាត់បង់លោក Shinzo Abe គឺជាការបាត់រដ្ឋបុរសដ៏លេចធ្លោររបស់ជប៉ុន ហើយប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា នៅតែមិនភ្លេចចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Shinzo Abe ចំពោះការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា៕
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរកិល ឆ្នាំ២០២៣-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម ប្រធាននិងអនុប្រធាននាយកដ្ឋាននិងមន្ទីរពិសោធន៍ និងមន្ត្រីជំនាញសរុបចំនួន៣០នាក់ (ស្ត្រី៨នាក់)។ ជាលទ្ធផល អង្គប្រជុំបានកំណត់សកម្មភាពជាអាទិភាពសម្រាប់គាំទ្រអនុវិស័យដំណាំឱ្យប្រេីប្រាស់ថវិកាកាន់តែមានប្រសិទ្ធភាពខ្ពស់និងចូលរួមលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លេីយតបវិបត្តិកូវីដ១៩ និងផល៉ះពាល់ពីសង្រ្គាមរវាងប្រទេសរុស្សីនិងអ៊ុយក្រែន៕
ព្រឹកថ្ងៃអង្គារ ៧រោច ខេជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យផែនការ និងស្ថិតិ នៃនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំជាមួយទីប្រឹក្សាអភិវឌ្ឍន៍ប្រព័ន្ធ និងមន្រ្តីពាក់ព័ន្ធ ដើម្បីពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ ដែលទទួលបានការគាំទ្រថវិការដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។ ប្រព័ន្ធខាងលើ ត្រូវបានបង្កើតចាប់តាំងពីឆ្នាំ២០២១ មកម្លេះ និងបានប្រជុំឆ្លងកែសម្រួលជាច្រើនលើក ច្រើនសារ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលទៅដល់មន្រ្តីពាក់ព័ន្ធនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ពីរបៀបប្រើប្រាស់ និងបញ្ចូលទិន្នន័យរួចរាល់ផងដែរ ក៏ប៉ុន្តែនៅមានចំណុចមួយចំនួនត្រូវបានលើកឡើង និងសំណូមពរឱ្យមានការកែតម្រូវពីអ្នកពាក់ព័ន្ធ។ ជាលទ្ធផលនៃកិច្ចប្រជុំថ្មីៗនេះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំត្រូវបានកែសម្រួល នឹងអាចដាក់ឱ្យដំណើរការនាពេលខាងមុខដ៏ខ្លី។
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដោយមានកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម និងអង្គការ GIZ ក្នុងការអនុវត្តគម្រោងការពង្រឹងប្រព័ន្ធកសិកម្មបន្សាំអាកាសធាតុ (CRAS) នៅក្នុងប្រទេសកម្ពុជា និងវៀតណាម បានរៀបចំសិក្ខាសាលាស្តីពី “កសិកម្មសរីរាង្គ៖ ឱកាស និងសក្តានុពលនៃការអនុវត្តនៅក្នុងប្រទេសកម្ពុជា” នៅសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោកស្រីបណ្ឌិត Astrid Faust ប្រធានគម្រោង CRAS និងលោក គី វិសាល សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យក្រចេះ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនៃនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី តំណាងដៃគូរអភិវឌ្ឍន៍ ក្រុមអ្នកផលិត-កសិកម្ម សហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម និងសាស្ត្រាចារ្យ-និស្សិតនៃសាកលវិទ្យាល័យក្រចេះ សរុបប្រមាណ ៦០រូប។ សិក្ខាសាលានេះមានគោលបំណងផ្តល់នូវបច្ចេកទេស បង្ហាញពីឱកាសនិងសក្តានុពលកសិកម្មសរីរាង្គនៃព្រះរាជាណាចក្រកម្ពុជាដល់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម។
សិក្ខាសាលាទទួលបានលទ្ធផលដូចខាង៖
-បានធ្វើការផ្សព្វផ្សាយពីវិធាននិងប្រព័ន្ធវិញ្ញាបនបត្រកម្ម សម្រាប់ការអនុវត្តកសិកម្មសរីរាង្គកម្ពុជា ដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
-បានធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ និងដំណើរការនៃការស្នើសុំវិញ្ញាបនបត្រកសិកម្មស្តង់ដារសរីរាង្គនៅកម្ពុជា ដោយក្រុមហ៊ុនខនត្រូ យូនៀន (Control Union-Cambodia)
-បានធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ក្នុងការអនវុត្តកសិកម្មសរីរាង្គ ដោយក្រុមហ៊ុន Amru Rice
-សិក្ខាសាលាបានធ្វើការពិភាក្សាដើម្បីរកបញ្ហាប្រឈមចំបងៗ និងដំណោះស្រាយនៃការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជា។
ថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជារៀបចំបើកសិក្ខាសាលាថ្នាក់ជាតិរវាងវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Food and Vegetable និងលោក Frank Jattke ប្រធានក្រុមការងារគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមសរុបចំនួន៤០នាក់ដែលក្នុងនោះមានស្រ្តីចំនួន០៩នាក់។
គម្រោងបានរៀបចំសិក្ខាសាលាចំនួនបីលើកដែលក្នុងនោះមានពីរលើកជាសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដោយផ្អែកលើភូមិសាស្ត្រនៃផលិតកម្មដំណាំម្ទេស និងមួយលើកទៀតជាសិក្ខាសាលាថ្នាក់ជាតិដែលផ្តោតសំខាន់ទៅលើរៀបចំគោលការណ៍ណែនាំសម្រាប់ការនាំចេញម្ទេសនៅកម្ពុជា។
គោលបំណងរួមនៃសិក្ខាសាលានេះគឺដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំគោលការណ៍ណែនាំសម្រាប់ផលិតកម្ម និងការនាំចេញម្ទេស និងគោលបំណងជាក់លាក់រួមមាន៖
• ដើម្បីបង្ហាញលទ្ធផល បញ្ហាប្រឈម សក្តានុពល និងបទពិសោធន៍សំខាន់ៗនៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជាតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ទាំងពីរលើក
• ដើម្បីប្រមូលធាតុចូល និងអនុសាសន៍ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មម្ទេសនៅកម្ពុជា។
បច្ចុប្បន្នដំណាំម្ទេសអាចចាត់ទុកថាជាដំណាំយុទ្ធសាស្ត្រមួយដែលមានតម្រូវការក្នុងស្រុក និងជាពិសេសការនាំចេញក្រៅប្រទេសគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២១កម្ពុជាបាននាំចេញម្ទេសចំនួនប្រហែល ៩៨ ៣៨៧តោន ក្នុងនោះមានផលិតផលម្ទេសស្ងួតចំនួន២ ១៦០តោន។ បរិមាណនាំចេញនេះគិតជារួមទាំងផលិតផលក្នុងស្រុក និងការឆ្លងកាត់ពីប្រទេសជិតខាង។ ការនាំចេញនេះភាគច្រើនទៅប្រទេសថៃ និងមានសក្តានុពលទីផ្សារជាច្រើនទៀតសម្រាប់នាំចេញផលិតផលម្ទេស ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ីព្រមទាំងប្រទេសជាច្រើនទៀតនៅអឺរ៉ុប។
ថ្ងៃព្រហស្បត្តិ៍ និងសុក្រ ១១ និង១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ និង២៧ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលា/វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្ថិតិដំណាំតាមប្រព័ន្ធឌីជីថល (Crop System) ក្រោមការគាំទ្រថវិកាដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ សិក្ខាសាលា/វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម និងជានាយកកម្មវិធីកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងលោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាលោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តី និងសិក្ខាកាមមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចំនួន៩០នាក់
គោលបំណងនៃសិក្ខាសាលា/វគ្គបណ្តុះបណ្តាលនេះគឺ៖
១. បណ្តុះបណ្តាលពីរបៀបប្រើប្រាស់ប្រព័ន្ធ
២. ការអនុវត្តបញ្ចូលទិន្នន័យ និងប្រើប្រាស់ផ្ទាល់ដោយអ្នកចូលរួម
៣. សំណួរចម្លើយ សំណូមពរ និងបញ្ហាប្រឈមនានា។
គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំកសិកម្មជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។
នៅថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (USAID) នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងការនាំចេញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់ពូជរុក្ខជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា (Prakas on Seed Movement Management in Cambodia) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនាយកដ្ឋានពូជដំណាំ តំណាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន១៦រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលសម្រាប់គាំទ្រលើសេចក្តីព្រាងប្រកាសនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយស្របតាមទិដ្ឋភាពបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សេចក្តីព្រាងប្រកាសនេះ រួមមាន៤ជំពូក ៣៦មាត្រា និង៥ឧបសម្ព័ន្ធ និងកំណត់អំពីការត្រួតពិនិត្យភូតគាមអនាម័យក្នុងការនាំចេញ នាំចូល ឆ្លងកាត់ ដឹកជញ្ជូន ក្នុងព្រះរាជាណាចក្រកម្ពុជានូវគ្រប់ពូជរុក្ខជាតិដែលជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃបង្កគ្រោះថ្នាក់ ដើម្បីការពារផលិតកម្មកសិកម្ម ជីវសាស្រ្តចម្រុះ និងសម្រួលសកម្មភាពពាណិជ្ជកម្មជាអន្តរជាតិ។
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានជួបជាមួយលោក Kim Young Jun នាយកក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជា លោកស្រី Jeong Deok Sun នាយករងក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជា និងលោកស្រី Hu Sunghye នាយក Heptagon Education & Information នៃសាធារណៈរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះបានរៀបចំឡើងដើម្បីជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីការសិក្សាបឋម និងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជាលើកគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងកិច្ចដំណើរការពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីប្រកបដោយជោគជ័យនៅប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍ចំពោះលោកនាយកក្រុមហ៊ុន World Share និងសហការី ដែលមានចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅប្រទេសកម្ពុជា។ បន្ទាប់មក លោកនាយកក្រុមហ៊ុន ព្រមទាំងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូ ក៏ដូចជាអង្គប្រជុំដោយសង្ខេបអំពីគោលបំណង និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងខាងលើ។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលរបស់កសិករដាំដុះដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តគោលដៅរបស់គម្រោង។ បច្ចុប្បន្ន គម្រោងបានជ្រើសរើសខេត្តរតនៈគិរីជាខេត្តគោលដៅ។ ការសិក្សាសមិទ្ធិលទ្ធភាពបានបង្ហាញថា ខេត្តចំនួន០២របស់កម្ពុជាដែលមានសក្តានុពលខ្ពស់លើផលិតកម្មដំណាំស្វាយចន្ទីគឺ ខេត្តកំពង់ធំ និងស្ទឹងត្រែង។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូបានជម្រាបជូនក្រុមហ៊ុន World Share អំពីលក្ខខណ្ឌអំណោយផលរបស់ប្រទេសកម្ពុជាសម្រាប់ផលិតកម្មដំណាំ ក្នុងនោះមានដំណាំស្វាយចន្ទីដោយគ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥០០,០០០ ហិកតា។ ទោះបីជាយ៉ាងនេះក្តី ប្រទេសកម្ពុជា នៅជួបប្រទះបញ្ហាប្រឈមក្នុងអនុវិស័យដំណាំ ដូចជា ការអនុវត្តបច្ចេកទេសផលិតកម្មដំណាំដើម្បីទទួលបានផលិតភាពកសិកម្មខ្ពស់។ ដូចនេះ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុន នឹងសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការកំណត់បញ្ហាចម្បងក្នុងផលិតកម្មដំណាំ និងការអន្តរាគមន៍សំខាន់ៗ/ដំណោះស្រាយចាំបាច់ផ្សេងៗឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនថា បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងសហការជាមួយវិស័យឯកជនក្នុងការជួយកសិករដាំដុះដំណាំស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារក្រៅប្រទេស។ បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ក៏បាននិងកំពុងរៀបចំផែនទីដាំដុះដំណាំស្វាយចន្ទីសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលនេះគឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ និងជួយដល់វិនិយោគិនដែលមានបំណងមកវិនិយោគលើដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា។
ជាទីបញ្ចប់ ក្រុមហ៊ុន World Share បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រតិភូ និងសហការីដែលបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ខាងលើនេះ។ មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានស្នើដល់ក្រុមហ៊ុន World Share ពិចារណាក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ ម្យ៉ាងវិញទៀត ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុន World Share គួរធ្វើការរួមគ្នាដើម្បីពិភាក្សារៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ជាមុនសិន៕
ថ្ងៃពុធ ៤រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមតំណាងរាជរដ្ឋាភិបាល ដើម្បីចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ នៅសម័យប្រជុំព្រឹទ្ធសភាលើកទី៨ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា។ ជាលទ្ធផល ព្រឹទ្ធសភាបានពិនិត្យ និងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ៕
នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានជួបពិភាក្សាការងារជាមួយលោក Zhu Yonggang អនុប្រធានគ្រប់គ្រងទូទៅ និងលោក Yang Yuhui អ្នកគ្រប់គ្រងផ្នែកទិញ នៃក្រុមហ៊ុន Chen’s Sun Trade Co., Ltd ដែលជាក្រុមហ៊ុននៃប្រទេសចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន Chen’s Sun Trade Co., Ltd ដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រតិភូ បានជម្រាបជូនតំណាងក្រុមហ៊ុនខាងលើដោយសង្ខេបនូវស្ថានភាព និងលក្ខខណ្ឌអំណោយផលដល់ផលិតកម្មកសិកម្ម និងការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសចិន។ បច្ចុប្បន្ន កម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេសចិនចំនួន៣៣មុខ រួមមាន អង្ករ ចេញ ដំឡូងមី និងពោត។ល។ ថ្មីៗនេះ កម្ពុជាបានសម្រេចដោយជោគជ័យនូវការចរចាលក្ខខណ្ឌភូតគាមអនាម័យដើម្បីនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ហើយកម្ពុជាកំពុងបន្តការចរចាជាមួយប្រទេសចិនដើម្បីនាំចេញកសិផលចំនួន០៤មុខបន្ថែមទៀតដែលមានសក្តានុពលនៅកម្ពុជា និងមានតម្រូវការខ្ពស់នៅប្រទេសចិនគឺ ដូងក្រអូប ម្រេច ទុរេន និងទឹកមាត់ត្រចៀកកាំ។ ទន្ទឹមនឹងសក្តានុពលលើអនុវិស័យដំណាំ ប្រទេសកម្ពុជាក៏នៅមានចំណុចខ្សោយពាក់ព័ន្ធនឹងអនុវិស័យនេះ ដោយកម្ពុជាមិនមានការវិនិយោគលើខ្សែច្រវាក់គ្រប់ជ្រុងជ្រោយ ដូចនេះ កម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើនទាំងផ្នែកផលិតកម្ម ការវេចខ្ចប់ ទីផ្សារ និងការនាំចេញកសិផលទៅក្រៅប្រទេស និងបញ្ហាមួយចំនួនទៀតដូចជា ការដឹកជញ្ជូន និងអគ្គិសនីដែលមានតម្លៃខ្ពស់។
លោក Zhu Yonggang បានជម្រាបជូនថា ក្រុមហ៊ុន Chen’s Sun Trade Co., Ltd គឺជាក្រុមហ៊ុនដែលផ្តោតលើការនាំចេញផ្លែឈើស្រស់ ដោយក្នុងនោះ ក្រុមហ៊ុនបានផ្គត់ផ្គង់ផ្លែឈើចំនួន១០០មុខទៅកាន់ប្រទេសចំនួន៤០ ហើយផ្លែឈើភាគច្រើនគឺនាំមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយមើលឃើញពីសក្តានុពល និងលក្ខខណ្ឌអំណោយផលច្រើនក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដូចជា លក្ខខណ្ឌអាកាសធាតុ ដីមានជីជាតិនិងទំនេរច្រើន ការដាំដុះភាគច្រើនធ្វើតាមបែបប្រពៃណី និងផ្លែឈើរបស់កម្ពុជាមានរសជាតិឆ្ងាញ់តែមិនមានឱកាសច្រើនក្នុងការនាំចេញនិងមិនអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន ក្រុមហ៊ុន Chen’s Sun Trade Co., Ltd មានបំណងវិនិយោគនៅប្រទេសកម្ពុជាដោយចង់បង្កើតសួនកសិ-ឧស្សាហកម្ម និងមានចក្ខុវិស័យក្នុងការវិនិយោគដោយគិតចាប់តាំងពីដំណាក់កាលផលិត កែច្នៃ រហូតដល់ការនាំចេញទៅកាន់ប្រទេសចិន និងបរទេសផ្សេងទៀត។ ក្រុមហ៊ុននឹងនាំចូលបច្ចេកវិទ្យា និងបច្ចេកទេសដើម្បីរក្សាគុណភាពនៃការដាំដុះ ព្រមទាំងបណ្តុះបណ្តាលកសិករ ក៏ដូចជាអ្នកពាក់ព័ន្ធអំពីបច្ចេកវិទ្យា និងបច្ចេកទេសទាំងនេះ។
ឆ្លើយតបនឹងការលើកឡើងខាងលើ និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនមកវិនិយោគនៅប្រទេសកម្ពុជា ឯកឧត្តមប្រតិភូបានស្នើឱ្យក្រុមហ៊ុនពិចារណាលើយន្តការចំនួន០៣គឺ ទី១៖ ស្វែងរកដីវិនិយោគដោយខ្លួនឯងដើម្បីធ្វើផលិតកម្មជាលក្ខណៈប្រមូលផ្តុំ (ផ្ទៃដីធំ ងាយស្រួលក្នុងដំណើរការផលិតកម្ម និងគ្រប់គ្រង) ទី២៖ ក្នុងករណីវិនិយោគលើដីមានស្រាប់របស់កសិករ គួររៀបចំជាកិច្ចសន្យាផលិតកម្ម ទិញ-លក់ និងផ្តល់បច្ចេកទេសដល់កសិករក្នុងអំឡុងពេលនៃការអនុវត្ត និងទី៣៖ ត្រូវបង្កើតរោងចក្រកែច្នៃ ជាពិសេសសម្រាប់កសិផលលេខ២ (កសិផលដែលនៅសល់ ឬមិនអាចនាំចេញទៅក្រៅប្រទេសបាន) ទន្ទឹមគ្នាតែម្តង។ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា ប្រសិនបើចំណុចដែលបានលើកឡើងខាងលើ អាចអនុវត្តទៅបាន នោះអនុវិស័យដំណាំផ្លែឈើនឹងមានការរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា៕
អត្ថបទដកស្រង់ចេញពីក្រសួងពត៌មាន៖ ចេញផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២
កាលពីថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី “លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា ទោះបីកំណើននៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងគួរឱ្យកត់សម្គាល់យ៉ាងណាក្ដី ក៏ការអនុវត្តន៍វិធានការអនាម័យនិងភូតគាមអនាម័យ នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់មន្ទីរពិសោធន៍ការពាររុក្ខជាតិនិងភូតគាមអនាម័យ ស្ថានីយពិសោធន៍ស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធកសាងទិន្នន័យវិទ្យាសាស្ត្រ វិទ្យាស្ថានការពាររុក្ខជាតិនិងភូតគាមអនាម័យជាដើម។ ម៉្យាងទៀត ហេដ្ឋារចនាសម្ព័ន្ធសម្រាប់លាងសម្អាត វេចខ្ចប់ និងសម្លាប់សមាសភាពចង្រៃ នៅមិនទាន់ឆ្លើយតបទៅនឹងទំហំផលិតកម្មនិងការនាំចេញនៅឡើយ។
លោកបន្តថា ហេតុនេះក្រសួងកសិកម្មអំពាវនាវដល់វិស័យឯកជនទាំងអស់ សូមចូលរួមវិនិយោគរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់ឲ្យបានច្រើនបន្ថែមទៀត ដើម្បីរៀបចំទុកដាក់ការវេចខ្ចប់ឱ្យមានគុណភាព សុវត្ថិភាពនិងកាន់តែមានស្តង់ដារខ្ពស់ សម្រាប់លក់ចេញទៅកាន់ទីផ្សារក្រៅប្រទេស។
«ចាំបាច់គ្រប់ស្ថាប័ននិងអង្គភាពឬមួយក្រសួងពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធបំផុតក្នុងការជំនះឲ្យបាន នូវបញ្ហាប្រឈមនានាឧទាហរណ៍ដូចជា បញ្ហាប្រឈមដូចជាសមត្ថភាពនៃការផលិតឱ្យបានកសិផលមួយដែលមាន គុណភាពល្អត្រូវតាមស្តង់ដារ យើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយហើយដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារគ្រប់គ្រងបាននូវលក្ខខណ្ឌគុណភាពអនាម័យហើយក៏យើងត្រូវតែគោរពឱ្យបានទៅតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យ។ អ៊ីចឹងបើសិនជាយើងចង់នាំចេញផ្លែស្វាយស្រស់នៅពេលប្រមូលផលខ្លាំងនេះគឺសមត្ថភាពរបស់យើងមិនទាន់គ្រប់ក៏យើងសង្កេតឃើញថាទាមទារឱ្យមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្រើន ដើម្បីទាញយកនូវផលិតផលយើងដែលប្រមូលបានយកមកធ្វើការសម្អាតកែច្នៃដើម្បីធ្វើការនាំចេញ»។
លោកបន្ថែមថា ការនាំចេញផ្លែស្វាយស្រស់ យើងបានចុះកិច្ចព្រមព្រៀងឬមួយក៏បានចរចាបំពេញបាននូវលក្ខខណ្ឌភូតគាមអនាម័យជាមួយនឹងប្រទេសចិនរួចហើយអាចនាំចេញទៅបាន ក៏ប៉ុន្តែតម្លៃស្វាយគឺមិនសូវមានតម្លៃខ្ពស់ ដោយសារយើងមិនអាចប្រកួតប្រជែងជាមួយនឹងប្រទេសដទៃ ព្រោះប្រទេសផ្សេងៗក៏មានដាំស្វាយដែរដូចជាវៀតណាម ថៃ ភូមា ឥណ្ឌា ហេតុនេះតម្លៃទីផ្សារស្វាយស្រស់នៅប្រទេសចិនគឺទាបដែលធ្វើឲ្យប្រទេសកម្ពុជា មានការពិបាកក្នុងការនាំចេញស្វាយស្រស់ទៅប្រទេសចិន។ ហេតុនេះការផលិតត្រូវឱ្យមានគុណភាពតាមស្តង់ដារហើយមានថ្លៃដើមទាប និងការដឹកជញ្ជូនក៏មានលក្ខណៈប្រកួតប្រជែង ទើបយើងអាចនាំចូលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានច្រើន។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕
នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយលោកប្រធាននាយកដ្ឋានដំណាំស្រូវ លោកប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងសហការីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញជាមួយលោក Antonio Schiavone តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រុមការងារ និង Mr. Yohan Chambaud តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រុមការងារ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បី ១). ជួបសំដែងការគួរសមជូនចំពោះឯកឧត្តមប្រតិភូពីសំណាក់តំណាង FAO និង WFP ២). ជម្រាបជូនដោយសង្ខេបនូវគម្រោងស្តីពីជំនួយបច្ចេកទេសដល់កសិករ និងអ្នកផ្គត់ផ្គង់ស្បៀងអាហារលើការងារពង្រឹងសមត្ថភាពក្នុងផលិតកម្មដោយផ្សាភ្ជាប់ជាមួយនឹងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍ (Technical Assistance to Producers and Suppliers on Enhancing Production Capacity to Engage with Home Grown School Feed, HGSF) និង ៣). ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្នុងការអនុវត្តគម្រោងនេះ។
សូមបញ្ជាក់ជូនថា គម្រោងនេះបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តនៅខេត្តគោលដៅចំនួន០៣រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
បន្ទាប់ពីការធ្វើបទបង្ហាញដោយសង្ខេបអំពីព័ត៌មានលម្អិត និងសកម្មភាពការងាររបស់គម្រោងរួចមក ឯកឧត្តមប្រតិភូបានស្នើដល់ក្រុមការងារនៃ FAO និង WFP រកពេលវេលាសមស្របណាមួយដើម្បីជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានកសិកម្ម នូវសកម្មភាពការងារលម្អិត និងកិច្ចសហប្រតិបត្តិការរវាង FAO, WFP និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការអនុវត្តគម្រោងខាងលើ៕
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចូលរួមកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក.ក.រ.ក) ប្រចាំខែមករា ឆ្នាំ២០២២ និងលើកទិសដៅការងារ ខែកុម្ភះ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនឯសាទ តាមរយៈប្រព័ន្ធ Zoom Meeting៕
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៣:៣០នាទីរសៀល ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានចូលរួមប្រជុំពិនិត្យវឌ្ឍភាពនៃការរៀបចំគម្រោង Public-Social-Private Partnership for Ecologically- sound Agriculture and Resilient Livelihood in Northern Tonle Sap Basin (PEARL) តាមរយ: Zoom Meeting ជាមួយក្រុមកាងារ FAO និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាលទ្ធផល ឯកឧត្តមប្រតិភូ បានស្នេីក្រុមការងាររៀបចំគម្រោងរបស់ FAO គួរបង្រួញពេលវេលានៃការរៀបចំគម្រោង ដេីម្បីឱ្យការអនុវត្តគម្រោងកាន់តែឆាប់ចាបផ្ដេីម ដែលអាចឆ្លេីយតបទៅនឹងការស្ថានភាពជីវភាពរបស់ប្រជាជនកម្ពុជា ក្នុងបរិបទរងគ្រោះដោយសាជំងឺកូវីដ-១៩៕
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានចុះពិនិត្យវឌ្ឍនភាពការងាររបស់កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ។
ក្នុងឆ្នាំ២០២១នេៈ កសិដ្ឋានបាននិងកំពុងអនុវត្តសកម្មភាពសំខាន់ៗក្នុងគោលបំណងផលិតពូជដំណាំសម្រាប់តំបន់ដីខ្ពស់ ពិសេសពូជដំណាំដំឡូងមី ដែលបច្ចុប្បន្ន ដំណាំនេះកំពុងទទួលរងគ្រោះពីជំងឺម៉ូសាអ៊ិកស្ទើរទូទាំងប្រទេស។ ដើម្បីធានានិរន្តភាពផលិតកម្មដំណាំដំឡូងមី កសិដ្ឋានបានអនុវត្តសកម្មភាពដូចខាងក្រោម៖
(១). ផលិតកម្មពូជដំឡូងមីធន់នឹងជំងឺ៖ កសិដ្ឋានបានដាំដុះពូជដំឡូងមី ដែលមានសុខភាពល្អ លើផ្ទៃដី ១៣៥ហិកតា ដើម្បីផលិតដើមពូជដំណាំដំឡូងមីចំនួន៦០ ០០០បាច់ ដែលធន់នឹងជំងឺយកទៅចែកចាយជូនកសិករ និងដាំបន្តនៅឆ្នាំ២០២២ ខាងមុខនេះ។
(២). ចម្ការបង្ហាញផលិតកម្មពូជដំឡូងមី ៨១ ដែលគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន លើផ្ទៃដីចំនួន ៧ ៥០០ម២។
(៣).ផ្ទះសំណាញ់សម្រាប់ផលិតពូជដំឡូងមីមានសុខភាពល្អ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ។
(៤). បានពិនិត្យផ្ទះសំណាញ់ផលិតពូជដំឡូងមីគ្មានជំងឺរបស់គម្រោបង្កើតដំណោះស្រាយដ៏មាននិរន្តភាពលើការគ្រប់គ្រងជំងឺលើដំណាំដំឡូងមីក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះអាចផលិតកូនពូជដំឡូងមីមានសុខភាពល្អប្រមាណ ២០ ០០០កូន/ឆ្នាំ និងអាចយកទៅដាំពង្រីកលើផ្ទៃដីចំនួន ២ហិកតា ដើម្បីផលិតពូជយកទៅដាំដុះបន្ត។
ទន្ឬឹមគ្នានេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារនៅក្នងកសិដ្ឋាន ឯកឧត្តមប្រតិភូ បានណែនាំដល់ប្រធានកសិដ្ឋាន និងថ្នាក់ដឹកនាំដែលពាក់ព័ន្ធ ត្រូវសហការរៀបចំផែនការប្រចាំឆ្នាំ និងផែនការរយៈពេលវែងរបស់កសិដ្ឋាន ទៅតាមសកម្មភាពអាទិភាព និងឆ្លើយតបតម្រូវជាក់ស្ដែងក្នុងតំបន់ ជាពិសេស ការផលិតពូជដំណាំដំឡូងមីដែលមានសុភាពល្អ សម្រាប់ផ្សព្វផ្សាយបន្តទៅកសិករ។ បន្ថែមពីនោះ ត្រូវសិក្សាចំណុចខ្វះខាតទាំងឡាយដែលបានអនុវត្តក្នុងពេលកន្លង ដើម្បីជាមូលដ្ឋានកែតម្រូវ និងធ្វើឱ្យការអនុវត្តការងារឆ្នាំ២០២២ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយលោក អ៊ុំ អេងសេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ បានប្រជុំពិភាក្សាជាមួយតំណាងមកពីអង្គការ SNV និង Harvest IIដើម្បីរៀបចំសេចក្តីព្រាងចុងក្រោយនៃគោលនយោបាយសាកវប្បកម្មនៅកម្ពុជា។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ និងសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់កម្មវិធីស្កែនកូដសម្គាល់បែបផែនសកម្មភាពនៃថ្នាំកសិកម្ម។ ពិធីនេះស្ថិតក្រោមអធីបតីរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានកសិកម្ម និងលោក Pieter Bossink, Interim Team Leader and Operation Manager of CAVAC នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងក្រុមហ៊ុនរៀបចំកម្មវិធីស្កេន តំណាងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា កាវ៉ាក់ និងវិស័យឯកជនសរុបប្រមាណជា ៥០រូប។
គោលបំណងនៃការរៀបចំកម្មវិធីនេះគឺដើម្បីឱ្យមន្ត្រីបច្ចេកទេស បុគ្គលិកផ្សព្វផ្សាយ អាជីវករ អ្នកដាំដុះ មានព័ត៌មានគ្រប់គ្រាន់ស្តីពីកូដសម្គាល់បែបផែនសកម្មភាពនៃថ្នាំកសិកម្ម ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការអនុវត្តវិធានការគ្រប់គ្រងភាពស៊ាំរបស់សមាសភាពចង្រៃទៅនឹងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសជាធរមាន។
[English below]
តើអ្នកបានឃើញពីផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុដែរឬទេ?
តើអ្នកមានដំណោះស្រាយដែលអាចធ្វើទៅបាន ហើយចង់ប្រែក្លាយជាការពិតដែរឬទេ?
ព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់យើងសម្រាប់មូលនិធិនវានុវត្តន៍កសិកម្ម អាចជាជំហានដំបូងរបស់អ្នក!
មូលនិធិនវានុវត្តន៍កសិកម្ម ត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម (GDA) និង គម្រោង GIZ ដោយមានការគាំទ្រពី មូលនិធិពីអាល្លឺម៉ង់ BMZ ដែលផ្តល់វិភាគទាន ឬមូលនិធិ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីអនុវត្តការបង្កើតថ្មីៗសម្រាប់ភាពធន់នឹងអាកាសធាតុនៅក្នុងវិស័យកសិកម្ម និងស្បៀងអាហារ។
ព្រឹត្តិការណ៍ផ្សព្វផ្សាយមានគោលបំណងដើម្បីណែនាំអំពីមូលនិធិនវានុវត្តន៍កសិកម្ម គោលការណ៍ណែនាំ និងលក្ខខណ្ឌផ្សេងៗ ដល់អ្នកដែលចាប់អារម្មណ៍ដាក់ពាក្យស្នើសុំ ។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយនឹងផ្តល់ព័ត៌មានអំពី លក្ខណៈវិនិច្ឆ័យដែលជាអាចដាក់ពាក្យបាន របស់បេក្ខជន ក៍ដូចជាលក្ខណៈវិនិច្ឆ័យជ្រើសរើស។
យើងសូមអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ រួមមាន ក្រុមហ៊ុន និងក្រុមកសិករដែលដាំដុះដំណាំស្វាយចន្ទី ដំឡូងមី និងដំណាំផ្សេងៗដែលចាប់អារម្មណ៍ ក្នុងខ្សែសង្វាក់តម្លៃ (ឧទាហរណ៍ ដំណាំគ្រឿងទេស ដំណាំសណ្តែក និងបន្លែ។ ល។ ) ជាមួយនឹងគំនិតច្នៃប្រឌិតដើម្បីចូលរួម។
ពេលវេលា៖ ថ្ងៃសុក្រ៣០ កក្កដា ២០២១, ៨: ៣០-១២.៣០ ព្រឹក
ការចូលរួមតាមរយៈ ៖ បណ្តាញអ៊ីនធឺណិត ឬអនឡាញ តាមប្រពន្ធ័ Microsoft Teams
សូមផ្ញើធ្វើការចុះឈ្មោះរបស់អ្នកជាមួយ អ្នកស្រី សុខ លីណា តាមរយៈទូរសព្ទ័លេខ 012 590 991 ឬ អ៊ីម៉ែល lina.sok@giz.de
Do you foresee negative impacts from climate change?
Do you have a feasible solution and want to turn it into reality?
Our Outreach Event for the Agri Innovation Fund (AIF) could be your first step!
The Agri Innovation Fund implemented by GDA and GIZ with support from the German BMZ provides contributions or a matching fund for small and medium businesses to implement innovations for climate resilience in the agriculture and food sector.
The outreach event aims to introduce the Agri Innovation Fund, its objectives, guidelines and conditions to interested applicants. Moreover, the event provides information on eligibility criteria of applicants as well as on selection criteria for project ideas.
We invite stakeholders, interested companies and farmers groups of the cashew, cassava and alternative value chains (e.g. spices, beans & pulses, vegetables etc.) with innovative ideas to join.
When: Friday, 30 Jul 2021, 8:30-12.30 am
Format: Online on Microsoft Teams
Please send your registration to Ms. Sok Lina, email: lina.sok@giz.de
Mobile: 012 590 991
នៅថ្ងៃទី៨ និង៩ ខែកក្កដា ឆ្នាំ២០២១ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានដឹកនាំក្រុមការងារនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងក្រុមការងារនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) ដើម្បីទទួលកម្មវិធី ១). ដំណើរទស្សនកិច្ចទីវាលនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) ក្រោមអធិបតីភាពឯកឧត្តម ឱម គឹមសៀរ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់CASIC និង២). ដំណើរទស្សនកិច្ចទីវាលរបស់ក្រុមការងារនៃកម្មវិធីការគ្រប់គ្រងធនធានទឹកនិងវិវឌ្ឍនាការកសិអេកូឡូស៊ីនៅកម្ពុជាជំហាន១ សមាសភាគទី៤ (WAT4CAM TA-AGRI)ដឹកនាំដោយលោក Ruud Corsel ប្រធានក្រុមការងារTA-AGRI។ គោលបំណងនៃទស្សនកិច្ចទីវាលគឺដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការងារពិសោធន៍ស្រាវជ្រាវកសិកម្មអភិរក្សដីនៅក្នុងស្ថានីយពិសោធន៍កសិកម្មអភិរក្សបុសខ្នុរក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម។
លោកបណ្ឌិត Florent TIVET និងលោកឡេង វីរ៉ា បានបង្ហាញជូនភ្ញៀវនូវសកម្មភាពសំខាន់ៗដែលបាននិងកំពុងអនុវត្តនៅក្នុងស្ថានីយ៍ពិសោធន៍កសិកម្មអភិរក្សបុសខ្នុរ រួមមាន៖ ១). គំរូប្រព័ន្ធកសិកម្មសរីរាង្គជាមូលដ្ឋានដោយរក្សាការមិនភ្ជួរ ការរក្សាគម្របដីអចិន្ត្រយ៍ ការដាំដំណាំបង្វិល និងជាពិសេសការអនុវត្តបច្ចេកទេសដាំដុះដំណាំលើគម្របដីស្រស់ មានដូចជាដំណាំពោត សណ្តែកសៀង និងដំឡូងមី ២). ការអភិរក្សនឹងកន្លែងនូវគ្រាប់ពូជដំណាំគម្របដីដែលមានការធ្វើសារពើភ័ណ្ឌសេណេទិចពូជសរុបមានចំនួន៤៤ប្រភេទ ស្មើនឹង២១៦ពូជ។ ពូជដំណាំទាំងនេះ ត្រូវបានប្រើប្រាស់ជាចំណីសត្វ និងជាដំណាំគ្របដី ហើយសព្វថ្ងៃនេះក្រុមហ៊ុន Smart-Agro កំពុងដើរតួនាទីដ៏សំខាន់ក្នុងការផលិតនិងផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីទាំងនេះដល់សហគមន៍កសិកម្ម និងកសិករ ៣). ការពិសោធន៍បែបលក្ខណៈវិទ្យាសាស្ត្ររយៈពេលវែង ដោយផ្តោតលើបច្ច័យចំនួន៣នៃប្រព័ន្ធដំណាំជាមូលដ្ឋានសំខាន់ៗដែលកំពុងអនុវត្តនៅតំបន់ខ្ពង់រាបរួមមានដំណាំដំឡូងមី ពោត និងសណ្តែកសៀង។ ការពិសោធន៍នេះ បានផ្តល់ឱកាសឱ្យនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ ដែលមានការចាប់អារម្មណ៍ក្នុងការងារស្រាវជ្រាវអំពីកសិកម្មអភិរក្សមកធ្វើការសិក្សាដើម្បីបញ្ចប់ការសិក្សារបស់ពួកគេ ៤). ស្រែបង្ហាញខ្នាតធំដែលបង្កើតឡើងសម្រាប់បង្ហាញប្រៀបធៀបអំពីគុណសម្បត្តិរវាងកសិកម្មអភិរក្ស និងការអនុវត្តកសិកម្មតាមទម្លាប់របស់កសិករ ៥). ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់បម្រើឱ្យការអនុវត្តកសិកម្មអភិរក្ស គឺជាធាតុចូលមួយដ៏សំខាន់បំផុតដែលមិនអាចខ្វះបានដូចជាប្រព័ន្ធឧបករណ៍ដាំគ្រាប់ស្ងួតលើគម្របដីស្រស់ ឧបករណ៍ដាំដំណាំដំឡូងមីលើដីមិនភ្ជួរ និងឧបករណ៍ប្រមូលផលដំណាំដំឡូងមីជាដើម ៦). គំរូផ្សព្វផ្សាយអំពីសេវាកម្មកសិកម្មអភិរក្ស “មិត្តកសិករ” ដែលជាគំរូមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ស្ថាប័នរដ្ឋ វិស័យឯកជន ក្រុមកសិករស្ម័គ្រចិត្ត និងកសិករទូទៅ ក្នុងគោលបំណងជំរុញការអនុវត្តកសិកម្មអភិរក្សឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ៧). ការបង្ហាញអំពីដំណើរនៃការចែកចាយ និងផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីរបស់ក្រុមហ៊ុន Smart-Agro និង៨). ការបង្ហាញប្រៀបធៀបអំពីគុណភាពដីតាមរយៈកម្រិតនៃភាពរឹងមាំនៃបង្គុំគ្រាប់ដី (Soil aggregates) រវាងដីព្រៃធម្មជាតិ ដីដែលអនុវត្តកសិកម្មតាមទម្លាប់ (ភ្ជួរគ្មានគម្របដី) និងដីដែលអនុវត្តកសិកម្មអភិរក្ស គឺបង្ហាញឱ្យឃើញថា ដីព្រៃធម្មជាតិ និងដីដែលអនុវត្តកសិកម្មអភិរក្ស គឺមានបង្គុំគ្រាប់ដីរឹងមាំល្អប្រសើរជាងដីដែលអនុវត្តកសិកម្មតាមទម្លាប់។ដំណើរទស្សនកិច្ចទីវាលនិងកិច្ចប្រជុំរបស់គណៈកម្មការតម្រង់ទិសរបស់ CASIC និង ក្រុមការងារWAT4CAM TA-AGRI បានប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក៕
នៅថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវ នឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម សហការឧបត្តម្ភដោយកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា អូស្រ្តាលី ហៅកាត់ថា CAVAC បានរៀបចំបើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីការចែករំលែកចំណេះដឹងពីពូជដំណាំស្វាយ និងដំណាំប័រសម្រាប់ទីផ្សារអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន១៦ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍសរុបចំនួន១០០រូប។
នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយករងនៃគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) និងសហការី បានជួបប្រជុំពីចម្ងាយជាមួយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជានាយកកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (PMO) លោក Anthony Gill (Head, Porfolio Administration Unit) លោក Shinsuke Kawazu (Principal Counsel, OGC) និងលោក ហែម ចន្ធូ មន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB CARM)។ កិច្ចប្រជុំនេះត្រូវបានដើម្បីរៀបចំឡើងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលជាលក្ខខណ្ឌតម្រូវរបស់ ADB ហើយរហូតមកដល់ពេលនេះ លក្ខខណ្ឌមួយនេះមិនទាន់បានបំពេញឱ្យបានពេញលេញនៅឡើយ។ យោងតាមលក្ខខណ្ឌរបស់ ADB សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ត្រូវបញ្ជូនទៅដល់រដ្ឋសភា នោះទើបសន្មតថាលក្ខខណ្ឌមួយនេះត្រូវបានបំពេញរួចរាល់។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ខាងលើ បាននិងកំពុងពិនិត្យ និងពិភាក្សាថ្នាក់អន្តរក្រសួងនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ។ ទោះបីជាយ៉ាងនេះក្តី ឆ្លងតាមរយៈកិច្ចពិភាក្សាជាច្រើនលើករួចមក ជាពិសេស រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណុចដែលមិនធ្លាប់ឯកភាពគ្នាពីមុនមក រហូតមកដល់ពេលនេះបានទទួលការឯកភាព ដូចនេះ មានលទ្ធភាពវិជ្ជមានច្រើនក្នុងការពន្លឿនការបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់រដ្ឋសភា។ នៅក្នុងកិច្ចប្រជុំនោះ តាមការបញ្ជាក់របស់តំណាង ADB កម្ចីលេខ ៣០០៦ ដែលផ្តោតលើកម្ចីសម្រាប់ការរៀបចំច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រោមច្បាប់ (Policy-based Loan) នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ។
ឯកឧត្តមប្រតិភូ បានបកស្រាយជូនអង្គប្រជុំអំពីដំណើរការ នីតិវិធីជាបន្តទៀត និងស្ថាប័នពាក់ព័ន្ធដែលត្រូវពិនិត្យសេចក្តីព្រាងច្បាប់នេះ មុននឹងអាចបញ្ជូនទៅរដ្ឋសភាបាន ដោយឯកឧត្តមមិនអាចបញ្ជាក់បានអំពីពេលវេលាច្បាប់លាស់ណាមួយដែលសេចក្តីព្រាងច្បាប់នេះអាចបញ្ជូនទៅរដ្ឋសភា តាមការស្នើសុំរបស់ ADB ឡើយ។ ដូចនេះ ការពន្យារពេលកាលបរិច្ឆេទនៃការបិទបញ្ចប់កម្ចីលេខ ៣០០៦នេះ គឺជាការល្អប្រសើរដើម្បីអាចឱ្យលក្ខខណ្ឌមួយនេះអាចបំពេញបានជាស្ថាពរ។ ឯកឧត្តមប្រតិភូបានបញ្ជាក់បន្ថែមថា ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ គឺជាតម្រូវការដែលចាំបាច់បំផុតដើម្បីផ្តល់ក្របខណ្ឌគោលនយោបាយសម្រាប់លើកស្ទួយប្រព័ន្ធអនាម័យនិងភូតគាមអនាម័យ និងការប្រកួតប្រជែងក្នុងពាណិជ្ជកម្មលើផលិតផលកសិកម្ម ដែលផ្តល់ឱ្យកម្ពុជានូវឱកាសសមាហរណកម្មពាណិជ្ជកម្មសាកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី។ ប្រសិនបើមិនមានច្បាប់នេះទេ ប្រទេសកម្ពុជានៅតែជួបបញ្ហាប្រឈមចំពោះការសម្របសម្រួលពាណិជ្ជកម្ម ការគាំទ្រនានាលើវិស័យកសិកម្ម (ផលិតផលកសិកម្ម) និងការលូតលាស់សេដ្ឋកិច្ចជាតិ។
នៅចុងបញ្ចប់ អង្គប្រជុំបានសម្រេចថា នឹងមានការពិភាក្សាលម្អិតម្តងទៀតរវាង ADB, PMO និង MAFF-NIO ដើម្បីកំណត់ពីពេលវេលាច្បាស់លាស់មួយដែលសេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវបញ្ជូនពីទីស្តីការគណៈរដ្ឋមន្ត្រីទៅកាន់រដ្ឋសភា។ មួយវិញទៀត ADB និង MAFF-NIO នឹងធ្វើការរួមគ្នាដើម្បីពិនិត្យមើលលើខ្លឹមសាររួមនៃសេចក្តីព្រាងច្បាប់នេះបន្ទាប់ពីបានកែសម្រួលរួចដើម្បីពិនិត្យលទ្ធភាពលើការស្នើសុំពន្យារពេលលក្ខខណ្ឌមួយនេះ៕
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគាំទ្រលើការបង្កើតលេខាធិការដ្ឋានថ្នាក់ជាតិនៅកម្ពុជាស្តីពី ទម្រង់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (Cambodia National Sustainable Rice Platform (SRP) Chapter)។ អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន លោក និងលោកស្រីជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋាន SRP សរុបចំនួនប្រមាណ ២៥រូប។ ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ រួមមាន អគ្គនាយកដ្ឋានកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation, CRF) អង្គការ CIRAD, WCS និង Swisscontact។
មានមតិស្វាគមន៍នៅក្នុងពិធីខាងលើ ឯកឧត្តមប្រតិភូ បានជម្រាបជូនអង្គពិធីអំពីសារៈសំខាន់ និងស្ថានភាពនៃការវិវត្តលើវិស័យកសិកម្មនៅប្រទេសកម្ពុជា។ នៅប៉ុន្មានទសវត្សចុងក្រោយនេះ វិស័យកសិកម្មមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដោយក្នុងនោះប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងនៅក្នុងទសវត្សឆ្នាំ១៩៩០ មកជាប្រទេសដែលនាំចេញផលិតផលកសិកម្ម ក្នុងនោះ បរិមាណផលស្រូវនាំចេញមានការកើនឡើងពី ៩,៣២លានតោននៅឆ្នាំ២០១៣ ទៅ ១០,៩៤លានតោន នៅក្នុងឆ្នាំ២០២០។ បន្ថែមពីនេះ បរិមាណអង្ករដែលបាននាំចេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ពី ៣៨៧ ០៦១ តោននៅឆ្នាំ២០១៤ ទៅ ៦៩០ ៨២៩ តោន នៅឆ្នាំ២០២០។
កម្ពុជាបានក្លាយជាប្រទេសសមាជិកមួយនៃ SRP នៅឆ្នាំ២០១៥ បន្ទាប់ពីពិធីបើកសិក្ខាសាលាមួយដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការ Oxfam, លេខាធិការដ្ឋាន SRP និង International Finance Corporation (IFC) ដោយកាលនោះ SRP ត្រូវបានអនុវត្តជាលើកដំបូងជាដំណាក់កាលសាកល្បង។
លេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅខែមករា ឆ្នាំ២០១៩ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គសាកលស្តីពី SRP ប្រព្រឹត្តទៅនៅខេត្តសៀមរាប ដែលកាលនោះ ស្ថាប័នជាដៃគូរ SRP បានព្រមព្រៀងគ្នាជាឯកច្ឆន្ទថា អគ្គនាយកដ្ឋានកសិកម្មគឺជាស្ថាប័ននាំមុខដើម្បីសម្របសម្រួលការងាររបស់លេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP។ បន្ទាប់មក មានកិច្ចប្រជុំជាច្រើនត្រូវបានរៀបចំឡើងដើម្បីពិភាក្សាជាមួយស្ថាប័ន/អង្គការពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីបំពេញបាននូវតម្រូវការរបស់លេខាធិការដ្ឋាន SRP។
នៅថ្ងៃនេះ អគ្គនាយកដ្ឋានកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) អង្គការ WCS, CIRAD, និង Swisscontact បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគាំទ្រការបង្កើតលេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP នេះឡើង។ ទន្ទឹមនឹងការបង្កើតនេះ មានសកម្មភាពសំខាន់ៗ និងបន្ទាន់ជាច្រើនដែលត្រូវអនុវត្តដើម្បីធ្វើឱ្យលេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP កាន់តែរឹងមាំ និងមានសកម្មភាពកាន់តែខ្លាំងខ្លាឡើងនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយដើម្បីឈានឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាពក្នុងន័យចូលរួមចំណែកប្រើប្រាស់ថ្លៃដើមផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការរំខានខាងបរិស្ថាន ការបំពុលបរិស្ថាន ការព្រួយបារម្ភលើសុខភាពសាធារណៈ និងកាកសំណល់ពុលនៅក្នុងអាហារ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណដល់ដៃគូរសហការទាំងអស់ដែលបានខិតខំប្រឹងប្រែង និងបំពេញការងារជាមួយអគ្គនាយកដ្ឋានកសិកម្មនាពេលកន្លងមក ហើយអ្វីដែលសំខាន់នោះគឺការប្រឹងប្រែង និងការសហការដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះបានលេចចេញជារូបរាងឡើងនាពេលនេះ ហើយដែលនឹងត្រូវយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងខាងលើនេះនឹងត្រូវអនុវត្តក្នុងរយៈពេល១០ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានទឹកប្រាក់សរុបចំនួន ២៥ ៧២០ ដុល្លារអាមេរិក៕
ដើម្បីចូលរួមចំណែកក្នុងការបង្កើននូវផលិតភាព និងនិរន្តរភាពនៃការនាំចេញផលិតកម្មដំណាំចេក តាមរយៈការគ្រប់គ្រង ការធ្វើអង្កេត ការធ្វើរោគវិនិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំចេក។ សិក្ខាសាលានេះ មានគោលបំណងដើម្បីពិភាក្សា និងពង្រឹងយន្តការគ្រប់គ្រងសមាសភាពចង្រៃលើចម្ការចេក ដែលបាននឹងកំពុងធ្វើការនាំចេញទៅកាន់ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងតំណាងក្រុមហ៊ុនដាំដុះដំណាំចេកចំនួនប្រមាណ ៣៥រូប។
សិក្ខាសាលាដ៏មានសារសំខាន់នេះស្ថិតក្រោមអធីបតីភាពរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រតិភូកបានផ្តល់នូវមតិណែនាំមួយចំនួនដើម្បីជាមូលដ្ឋានគន្លឹះអនុវត្តបន្តដូចតទៅ៖
ទី១-ក្រុមហ៊ុនក៏ដូចជាម្ចាស់ចម្ការចេកត្រូវផ្តល់កិច្ចសម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយមន្ត្រីនាយកដ្ឋានការពារ ដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានព័ត៌មាន និងគោលការណ៍ ណែនាំបច្ចេកទេសត្រឹមត្រូវទាក់ទងនឹងការដាំដុះ ការធ្វើអនាម័យ និងការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវ ស្របតាមល័ក្ខខ័ណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសនាំចូលជាបន្តទៀត។
ទី២-ដើម្បីគ្រប់គ្រងការងារផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារនាំចេញផ្លែចេកស្រស់ឱ្យមាននិរន្តរភាព ការធ្វើអង្កេត ការធ្វើរោគវិនិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃពិសេសជំងឺ Fusarium wilt ចាំបាច់ត្រូវតែមាន ដើម្បីមានភាពងាយស្រួលក្នុងការពង្រឹងយន្តការគ្រប់គ្រងសមាសភាពចង្រៃលើចម្ការចេក។ ដូច្នេះ ក្រុមហ៊ុន ក៏ដូចជាម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំផែនការចុះប្រមូលសំណាក និងចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា ស្របតាម បទដ្ឋានបច្ចេកទេសជាធរមាន។
នៅព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមបើកសិក្ខាសាលាពិគ្រោះយោលបល់ពីចម្ងាយស្តីពី “ការយល់ដឹងអំពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងកសិកម្មសរីរាង្គកម្ពុជា (CamOrg)” ដែលសហការរៀបចំដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម និងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធផ្សេងៗ សរុបចំនួន ១០០រូប ក្នុងគោលបំណងដើម្បី៖
១. បង្កើនការយល់ដឹងអំពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងកសិកម្មសរីរាង្គកម្ពុជា (CamOrganic)
២. ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អំពីស្ថានភាពនៃការអនុវត្ត បញ្ហាប្រឈម និងការកំណត់កិច្ចអន្តរាគមន៍ដើម្បីគាំទ្រដល់ការអនុវត្តវិធាននៃការអនុវត្តកសិកម្មល្អ កម្ពុជា និងការអនុវត្តវិធានកសិកម្មសរីរាង្គកម្ពុជាអោយកាន់តែមានប្រសិទ្ធភាព៕
នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី Building Capacity in Promoting Economically and Environmentally Efficient Rice Production through Direct-seeded Rice ដែលបានរៀបចំឡើងដោយអង្គការស្បៀង និងកសិកម្ម ថ្នាក់តំបន់ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (FAO Regional Office for Asia and the Pacific) តាមរយៈប្រព័ន្ធអនឡាញ។ ក្រៅពីប្រទេសកម្ពុជាដែលជាអង្គភាពអនុវត្តគម្រោង សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីតំណាងអង្គភាពអនុវត្តគម្រោងនៃប្រទេសមីយ៉ាន់ម៉ានិងហ្វីលីពីន អង្គការ FAO ប្រចាំនៅកម្ពុជានិងមីយ៉ាន់ម៉ា អង្គការ IRRI និងសាកលវិទ្យាល័យកសិកម្មភាគខាងត្បូងប្រទេសចិន។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគោលបំណង៖ ១). ប្រកាសដាក់ឱ្យដំណើរការគម្រោងជាផ្លូវការ ២). ជូនដំណឹងជាផ្លូវការដល់បណ្តាតំណាងអង្គភាពអនុវត្តគម្រោងនូវគោលបំណង សកម្មភាព និងលទ្ធផលរំពឹងទុករបស់គម្រោង ៣). ពិភាក្សានិងកំណត់សកម្មភាពអាទិភាព និងឯកភាពលើផែនការសកម្មភាពរបស់គម្រោង ៤). បង្ហាញអំពីតួនាទីនិងភារកិច្ច និងលទ្ធផលរំពឹងទុកដែលនឹងទទួលបានពីទីប្រឹក្សាថ្នាក់ជាតិ និងអន្តរជាតិ ៥). ចែករំលែកព័ត៌មាន កំណត់កិច្ចខិតខំប្រឹងប្រែងក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធផ្សេងៗ ពិភាក្សានិងឯកភាពលើផែនការអនុវត្តសកម្មភាព ដោយរួមបញ្ចូលទាំងយន្តការនៃការសម្របសម្រួល ព្រមទាំងកំណត់ឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ដៃគូរពាក់ព័ន្ធដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា និងចៀសវាងការអនុវត្តសកម្មភាពត្រួតគ្នា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោងនេះ ឯកឧត្តមប្រតិភូ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្តួចផ្តើម និងគាំទ្រឱ្យមានគម្រោងថ្នាក់តំបន់នេះឡើង ហើយជាពិសេសបានផ្តល់ឱកាសដល់ប្រទេសកម្ពុជា បានចូលរួមអនុវត្តក្នុងគម្រោងនេះ។ អង្គការ FAO គឺជាដៃគូរអភិវឌ្ឍន៍យ៉ាងជិតស្និតមួយក្នុងចំណោមដៃគូរអភិវឌ្ឍន៍ជាច្រើនរបស់កម្ពុជាដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ តាមរយៈគម្រោងនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អង្គភាពអនុវត្តគម្រោងទាំងអស់នឹងសហការកាន់តែស្អិតរមួតជាមួយអង្គការ FAO និងដៃគូរសំខាន់ៗមួយចំនួនទៀត រួមទាំងអង្គការ IRRI និងសាកលវិទ្យាល័យកសិកម្មភាគខាងត្បូងប្រទេសចិន ដើម្បីសម្រេចឱ្យបាននូវគោលបំណងគម្រោងដែលបានកំណត់៕
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យពិភាក្សាកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ ជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទី៣ តាមរយ:ប្រព័ន្ធZoom meeting ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំចង្អៀតលើក៣នេះ បានពិនិត្យពិភាក្សាដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- តំណាងក្រសួងទាំងពីរ បានឯកភាពកែសម្រួលខ្លឹមសារមាត្រា២៩ ដោយបន្ថែមពាក្យថា “ដោយផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យ និងស្របតាមបទប្បញ្ញត្តិជាធរមាន” នៅបន្ទាប់ពាក្យ “នេសាទ”។
- តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំពូកទី៥ បានស្នើបង្កើតមាត្រាថ្មីចំនួនមួយ ដោយចែងថា “មុខទំនិញជាកម្មវត្ថុនៃការស្នើសុំលិខិតអនុញ្ញាតនាំចេញនាំចូល ឬវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវកំណត់ដោយអនុក្រឹត្យពាក់ព័ន្ធនឹងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់។”
- តំណាងក្រសួងទាំងពីរ បានឯកភាពកែសម្រួលខ្លឹមសារនៃ សេចក្តីព្រាងច្បាប់ នេះក្នុង
រចនាសម្ព័ន្ធទម្រង់ដើមដែលបានសម្រេចដោយអង្គប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពការងារនិងស្ថានភាពទូទៅនៅស្ថានីយកសិកម្មបន្ទាយដែក ជាពិសេសការពង្រីកពូជពោតអ៉ីប្រ៊ីត CHM01 និងការសាងសង់ផ្ទះសំណាញ់ ដែលឆ្លេីយតបការជំរុញផលិតកម្មដំណាំសាកវប្បកម្មតាមបច្ចេកទេសទំនេីប៕
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានជួបប្រជុំជាមួយលោកបណ្ឌិត Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ (Cambodian Korean Economic and Cultural Exchange Federation Association– CKEF) នៃសាធារណៈរដ្ឋកូរ៉េ និងសហការី។ របៀបវារៈនៃកិច្ចប្រជុំខាងលើគឺការពិភាក្សាអំពីការងារចាំបាច់នានាដែលត្រូវរៀបចំដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានវៃឆ្លាត (Smart Farm Project) ដែលជាគម្រោងរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ។
ចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមប្រតិភូបានជម្រាបជូនតំណាង CKEF អំពីស្ថានភាព និងការរីកចម្រើននៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺអនុវិស័យដំណាំកសិកម្ម ដែលជាអនុវិស័យធំជាងគេក្នុងចំណោមអនុវិស័យចំនួន០៤ ស្ថិតក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលរាំងស្ទះដល់ការអភិវឌ្ឍអនុវិស័យដំណាំកសិកម្ម រួមមាន បច្ចេកវិទ្យាក្នុងផលិតកម្មមានកម្រិតទាប កសិផលផលិតសល់លើសពីតម្រូវការ និងទីផ្សារកសិផលកម្ពុជានៅតូចចង្អៀត។ល។
ដោយបានមើលឃើញពីភាពរីកចម្រើននៃវិស័យកសិកម្ម និងសក្តានុពលក្នុងការអភិវឌ្ឍអនុវិស័យដំណាំកសិកម្ម តំណាង CKEF មានការចាប់អារម្មណ៍ និងមានបំណងចុះអនុស្សារណៈនៃការយោគយល់ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានឆ្លាតវៃ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសាកលវិទ្យាល័យ Konkuk (Konkuk University) នៃសាធារណៈរដ្ឋកូរ៉េ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គម្រោងនឹង ១). បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិ ២). ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនានាជូនមន្ត្រីបច្ចេកទេស និងកសិករនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ៣). អភិវឌ្ឍដំណាំលើផ្ទៃដីទំហំប្រមាណ ១០០ ហិកតា ដែលមានសក្តានុពលសម្រាប់ការដាំដុះដំណាំ និង៤). ស្រាវជ្រាវរកប្រភេទដំណាំដែលមានសក្តានុពលសម្រាប់ផលិតកម្ម និងទីផ្សារ។
ទោះបីជាយ៉ាងនេះក្តី មានការងារជាច្រើនដែលត្រូវរៀបចំមុនការចុះអនុស្សារណៈនៃការយោគយល់ខាងលើអាចលេចឡើងជារូបរាង។ ឆ្លងតាមការពិភាក្សា ក្រុមការងារនៃ CKEF ត្រូវការពេលវេលាយ៉ាងឆាប់បំផុតចំនួន១ខែកន្លះ មុនពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់អាចដំណើការបាន ដោយសារក្រុមការងារត្រូវចំណាយពេលដើម្បីពិភាក្សាយោបល់ជាមួយជំនាញការនៃសាកលវិទ្យាល័យ Konkuk ការធ្វើដំណើររបស់គណៈប្រតិភូនៃសាធារណៈរដ្ឋកូរ៉េដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ដែលតម្រូវឱ្យមានការធ្វើចត្តាឡីស័ក្កនៃប្រទេសទាំងពីរ។ នេះមានន័យថា ប្រសិនបើមិនមានបញ្ហារាំងស្ទះណាមួយ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នឹងត្រូវរៀបចំឡើងយ៉ាងឆាប់បំផុតគឺនៅពាក់កណ្តាលខែមិនា ខាងមុខនេះ។
ឯកឧត្តមប្រតិភូ បានឯកភាពលើសំណើពេលវេលានៃការចុះអនុស្សារណៈនៃការយោគយល់របស់តំណាង CKEF ដោយបានស្នើឱ្យក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការ រក្សាទំនាក់ទំនង ផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានជាមួយតំណាង CKEF ដើម្បីឱ្យការចុះអនុស្សារណៈនេះអាចរៀបចំបានឆាប់តាមការរំពឹងទុក។ ចំពោះបញ្ហាទីតាំងដែលជាតម្រូវការអនុវត្តគម្រោង ឯកឧត្តមប្រតិភូនឹងយកទៅពិភាក្សា និងសុំការណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កាលពីព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Hiroshi Kodama អ្នកជំនាញការផ្នែកខ្សែច្រវាក់តម្លៃផលិតផលកសិកម្មរបស់ JICA និងជាទីប្រឹក្សាបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានសំដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក Hiroshi Kodama នៅប្រទេសកម្ពុជា និងបានអនុញ្ញាតឱ្យលោកបង្ហាញអំពីការងារដែលនឹងត្រូវរៀបចំ និងជួយលើផ្នែកសំខាន់មួយចំនួនក្នុងអនុវិស័យដំណាំកសិកម្ម។ ក្នុងឱកាសនោះ លោក Hiroshi Kodama បានជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីតួនាទី និងភារកិច្ច (ToR) ដែលត្រូវជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាទីប្រឹក្សាផ្នែកខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដោយភាគច្រើនគឺផ្តោតទៅលើការងាររបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម។ ក្រៅពីនេះ មានការងារពាក់ព័ន្ធមួយចំនួនដែលលោកអាចជួយដល់អគ្គនាយកដ្ឋានកសិកម្ម រួមមាន៖
១. ការអនុវត្តស្តង់ដា Cam-GAP លើផលិតផលកសិកម្ម៖ ការបង្ហាញឱ្យស្គាល់អំពីលក្ខណៈដាច់ដោយឡែកនៃការអនុវត្តស្តង់ដារ J-GAP ។ ក្នុងការអនុវត្តស្តង់ដារនេះ ការធ្វើវិញ្ញាបនកម្មផលិតផលកសិកម្មត្រូវបានបែងចែកជាពីរគឺ JGAP (JGAP basic) សម្រាប់ទីផ្សារក្នុងស្រុក និង ASIAGAP (JGAP advanced) សម្រាប់ទីផ្សារបរទេស
២). ការផ្តល់វិញ្ញាបនកម្មនៃផលិតផលកសិកម្មសរីរាង្គ និង ៣). ការជំរុញឱ្យមានប្រព័ន្ធសហគមន៍កសិកម្មតាមរយៈការចុះត្រួតពិនិត្យ និងតាមដានសកម្មភាពគម្រោងឧបត្ថម្ភដោយ JICA ស្តីពីការបង្កើតគំរូសហគមន៍កសិកម្មដែលផ្តោតទៅលើមុខជំនាញ។
ឯកឧត្តមប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ចំពោះការបកស្រាយខាងលើ និងបានសំណូមពរឱ្យលោក Hiroshi Kodama ចំណាយពេលវេលាដើម្បីជួយដល់អគ្គនាយកដ្ឋានកសិកម្ម លើការងារពាក់ព័ន្ធខាងលើ ព្រមទាំងស្នើឱ្យលោក Hiroshi Kodama រៀបចំផែនការសកម្មភាពច្បាស់លាស់មួយដោយផ្តោតទៅលើការងារដែលគាត់អាចជួយអគ្គនាយកដ្ឋានកសិកម្ម បាន។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូបានលើកឡើងថា ការងារបណ្តុះបណ្តាលកសិករអំពីការអនុវត្តនីតិវិធីផ្តល់វិញ្ញាបនកម្មលើផលិតផលកសិកម្ម គឺជាការលំបាកដោយសារសមត្ថភាពនៃការទទួលយកបច្ចេកទេសរបស់កសិករនៅមានកំណត់នៅឡើយ និងជាជំហានមួយដែលត្រូវអនុវត្តបន្ទាប់ ដូចនេះនៅចំពោះមុខ ការងារដែលចាំបាច់គឺការបណ្តុះបណ្តាលមន្ត្រីដែលអនុវត្តការងារនេះជាមុនសិន ពោលគឺមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលជាអនុវត្តការងារនេះដោយផ្ទាល់នៅមូលដ្ឋាន។ ទស្សនវិស័យនាពេលអនាគត ចំណេះដឹងទាំងនេះនឹងត្រូវផ្ទេរបន្តទៅដល់កសិករបន្តិចម្តងៗ។ ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះលោក Hiroshi Kodama ដែលនឹងចំណាយពេលវេលាមកជួយអគ្គនាយកដ្ឋានកសិកម្ម និងបានបញ្ជាក់អំពីការផ្តល់កិច្ចសហការ និងគាំទ្រដល់សកម្មភាពល្អនានាដើម្បីឱ្យការបំពេញការងាររបស់លោកទទួលបានជោគជ័យ។
ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ម៉ាស៊ីនទឹកក្តៅកម្ចាត់ពងរុយចោះផ្លែ (Hot Water Treatment) របស់ក្រុមហ៊ុនអាល់ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី ដែលមានទីតាំងស្ថិតនៅក្នុងផ្សារ ហ៊ុន ទី រាជធានីភ្នំពេញ។ តាមរយៈ ការចុះពិនិត្យឃើញថា ក្រុមហ៊ុនសាងសង់ម៉ាស៊ីនទឹកក្តៅកម្ចាត់ពងរុយចោះផ្លែបានប្រមាណ៩០% ប៉ុន្តែមិនទាន់បានធ្វើតេស្តសាកល្បងឱ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិននៅឡើយទេ។ ក្រុមការងារបានធ្វើការស្នើសុំដល់ក្រុមហ៊ុនឱ្យធ្វើតេស្តសាកល្បងនូវប្រសិទ្ធភាពរបស់ម៉ាស៊ីនទឹកក្តៅ មុននឹងអញ្ជើញជំនាញការចិនមកវាយតម្លៃ។
ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ និងប្រធានអង្គភាពជំនាញក្រោមឱវាទ បានរៀបចំសិក្ខាសាលាចាប់ផ្ដើមនិងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីគម្រោងបន្លែ ផ្លែឈើកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួង ។ សិក្ខាសាលាខាង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង់ តំណាងដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
គោលដៅរួមរបស់គម្រោង CHAIN គឺដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភរបស់កសិករខ្នាតតូចនៅតំបន់ជនបទនៃខេត្តគោលដៅរបស់គម្រោង តាមរយៈការបង្កើនផលិតកម្ម និងពាណិជ្ជកម្មដំណាំសាកវប្បកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។ ទិសដៅរបស់គម្រោងគឺនៅឆ្នាំ២០២២ ត្រូវផ្តល់កំណើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព ដល់កសិករដែលដាំដុះផ្គត់ផ្គង់ខ្លួនឯង (Homestead farmers) ចំនួន ១៥ ០០០ នាក់ កសិករពាណិជ្ជ (Commercial farmers) ចំនួន ៣ ០០០នាក់ អ្នកកែច្នៃចំនួន ១ ២០០នាក់ និងធ្វើឱ្យប្រសើរនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់គ្រួសារកសិករចំនួន ៧២ ០០០ គ្រួសារ។
ឆ្លើយតបទៅនឹងគោលនយោបាយនៃកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម និងអនុសាសន៍គ្រប់ជ្រុងជ្រោយរបស់ឯកឧត្តមរដ្ឋមន្ត្រីទាក់ទងនឹងការអភិវឌ្ឍទំនើបកម្មកសិកម្ម និងជំរុញការនាំចេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែនករា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរជាមួយដោយលោកប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី បានចុះពិនិត្យ និងវាយតម្លៃលើការងារបច្ចេកទេសរបស់ក្រុមហ៊ុនចំនួន០៤ ដែលបាននឹងកំពុងសាងសង់ និងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្លាប់មេរោគ និងរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់សម្រាប់នាំចេញឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ លទ្ធផលនៃការចុះចុះពិនិត្យនិងវាយតម្លៃក្រុមហ៊ុនចំនួន៤ មានដូចខាងក្រោម៖
កម្មវិធីទី១៖
ឯកឧត្តមប្រតិភូ និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាពសាងសង់រោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃ ដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment - VHT) របស់ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិនធើណេសិនណល អេហ្គ្រីខលឈ័រ ប្រដាក់ អេន ឡូជីស្ទីក ឯ.ក ដែលមានទីតាំងនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្រុមហ៊ុនបានដាក់ទុនវិនិយោគប្រមាណ៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពសត្វចង្រៃដោយប្រើចំហាយទឹកក្តៅ អគារតាំងបង្ហាញផលិតផលកសិកម្ម អគារដ្ឋបាល ផ្ទះស្នាក់នៅសម្រាប់ភ្ញៀវរបស់ក្រុមហ៊ុន ផ្ទះស្នាក់នៅរបស់កម្មករលើផ្ទៃដី៤ហ.ត ក្នុងចំណោមផ្ទៃដីសរុបចំនួន៥៧ហ.ត របស់ក្រុមហ៊ុន។ ការសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ សម្រេចបានប្រមាណជា៥០%ហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
កម្មវិធីទី២៖
ចេញពីស្រុកកំពង់សិលា ឯកឧត្តមប្រតិភូ និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT) របស់ក្រុមហ៊ុន Long Wo Agriculture (Cambodia)ដែលមានទីតាំងក្នុងស្រុកភ្នំស្រួច។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនបានតម្លើងរួចរាល់ជាស្ថាពរហើយ រង់ចាំតែការធ្វើតេស្តឱ្យស្របតាមពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ។
រោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT)នេះមានសមត្ថភាព
ធ្វើប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅលើផ្លែស្វាយស្រស់បានចំនួន១០០តោន/ថ្ងៃ។
បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើការប្រមូលទិញផ្លែស្វាយបាន២៥ ០០០ដើម (ប្រហែលជាង ១០០ហ.ត) បន្ទាប់ពីរោងចក្រដាក់ឱ្យដំណើរការ និងបាននាំចេញទំហំផ្ទៃដីនឹងមានការកើនឡើងទ្វេដង។
កម្មវិធីទី៣៖
ចេញពីស្រុកភ្នំស្រួច ឯកឧត្តមប្រតិភូ និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT) របស់ក្រុមហ៊ុន បឹងកេត ហ្រ្វេសហ្រ្វូត ឯ.ក នៅតាមបណ្តោយផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៨២ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ បច្ចុប្បន្ន ក្រុមហ៊ុនបានតម្លើងប្រព័ន្ធខ្សែច្រវាក់ជ្រើសរើសសំរិតសំរាំងគុណភាពផ្លែស្វាយ ទំហំតូចធំ និងសម្លាប់សមាសភាពសត្វចង្រៃដោយប្រើ HWT ដើម្បីឱ្យត្រូវតាមស្តង់ដារទីផ្សារ។ ដំណើរការសាងសង់រោងចក្រត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយមានសមត្ថភាពសំរិតសំរាំងគុណភាព និងទំហំផ្លែស្វាយបានចំនួន១៥០- ២០០តោន/ថ្ងៃ។ ក្រុមហ៊ុនបានត្រៀមលក្ខណ សម្បត្តិរួចរាល់ហើយក្នុងការនាំចេញផ្លែស្វាយកែវរមៀតទៅកាន់ទីផ្សារចិន។
កម្មវិធីទី៤៖
ជាកម្មវិធីចុងក្រោយសម្រាប់ដំណើរបេសកកម្មរបស់ឯកឧត្តមប្រតិភូ មកកាន់ខេត្តកំពង់ស្ពឺ។ ក្នុងស្រុកភ្នំស្រួចដដែល ឯកឧត្តមប្រតិភូ បានបន្តដំណើរមកពិនិត្យសកម្មភាពលាងសម្អាតផ្លែស្វាយស្រស់មុននឹងដាក់ចូលម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃ ដោយប្រើចំហាយ ទឹកក្តៅ (Vapor Heat Treatment - VHT) របស់ក្រុមហ៊ុន Hyundai Mao Legacy សម្រាប់នាំចេញទៅកាន់ប្រទេសកូរ៉េ។
សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០២០ ដែលជាឆ្នាំដំបូងនៃការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េ ក្រុមហ៊ុន Hyundai Mao Legacy បាននាំចេញចំនួន៧៦,៩៧តោន។
ក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញទៅកាន់ប្រទេសកូរ៉េឱ្យបានចំនួន១ ០០០ តោន ។
សម្រាប់ឯកសារជា PDF សូមទាញយកតាមរយៈ៖ https://gda.maff.gov.kh/documents/npfKni8rD1
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានកសិកម្ម និងមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា លើគម្រោងកិច្ចសហការបច្ចេកទេសស្ដីពី ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) នៅប្រទេសកម្ពុជា (Establishment of Hybrid Maize (CHM01) Seed Production and Dissemination System in Cambodia) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត Kim, Yong-Hwan ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីនេះដែរ រួមមាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារអនុវត្តគម្រោង។ គម្រោងនេះមានរយៈពេល០៣ឆ្នាំ ដោយគ្រោងនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ក្រោមគោលបំណងដើម្បី ១). ពង្រឹងសមត្ថភាពរបស់អ្នកសិក្សាស្រាវជ្រាវ និងការបង្កើតពូជពោតអ៊ីប្រ៊ីតថ្មី ២). បង្កើតជាទម្រង់/គម្រូមួយសម្រាប់ផលិតកម្ម និងចែកចាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) ទៅដល់កសិករ ៣). ធ្វើបង្ហាញពូជពោតអ៊ីប្រ៊ីត (CHM01) ក្នុងទ្រង់ទ្រាយធំនៅតាមបណ្តាខេត្តសំខាន់ៗជាសាធារណៈសម្រាប់ឱ្យកសិករមាន ការយល់ដឹងអំពីប្រភេទពូជពោតអ៊ីប្រ៊ីតដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា និង ៤). អនុវត្តសកម្មភាពនានាដើម្បីបង្កើនការទទួលយករបស់កសិករចំពោះពូជពោតអ៊ីប្រ៊ីត (CHM01) សម្រាប់ប្រើប្រាស់ជាសាធារណៈ។ គម្រោងខាងលើនេះនឹងផ្តោតទៅលើខេត្តមួយចំនួន រួមមាន ខេត្តកណ្តាល (ស្ថានីយកសិកម្មបន្ទាយដែក) និងខេត្តកំពង់ចាម (កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ) សម្រាប់ជាទីតាំងពិសោធន៍ ស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងខេត្តបាត់ដំបង ត្បូងឃ្មុំឬកំពង់ចាម និងកណ្តាល សម្រាប់ជាទីកន្លែងធ្វើបង្ហាញពូជពោតអ៊ីប្រ៊ីត (CHM01) ក្នុងទ្រង់ទ្រាយធំ។ នៅក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល KOPIA ដែលជានិច្ចកាលតែងតែផ្តល់នូវការឧបត្ថម្ភគាំទ្រទាំងលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសអនុវិស័យដំណាំកសិកម្មឱ្យមានការរីកចម្រើនជាលំដាប់។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូបានណែនាំដល់ក្រុមការងារអនុវត្តគម្រោងនេះឱ្យខិតខំ ប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តសកម្មភាពនានារបស់គម្រោងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវផ្តល់កិច្ចសហការយ៉ាងជិតសិ្នទដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាវិជ្ជមាន និងតាមការរំពឹងទុករបស់គម្រោង។
ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២០
អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម និងការបូកសរុបបញ្ចប់ការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងជាមន្រ្តីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៥ រាជធានី-ខេត្ត។ កិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សានេះ មានគោលបំណង (១).ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រក្នុងការស្រង់ទិន្នន័យស្ថិតិដំណាំ (២).ពិភាក្សាអំពីការបូកសរុបការងារបង្កបង្កើនផលដំណាំឆ្នា២០២០ និង(៣).ការប្រមូលទិន្នន័យនាំចេញកសិផលតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ សហការជាមួយគម្រោង Harvest II និងគម្រោង SNV/CHAIN បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការអភិវឌ្ឍគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក អ៊ុ អេងសេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីអ្នកពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០ និងប្រមូលធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធដើម្បីកែលម្អរឯកសារគោលនយោបាយនេះឱ្យកាន់តែល្អប្រសើរ។
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប ក្រុមការងារគោលនយោបាយសាកវប្បកម្មថ្នាក់ជាតិ (នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម ) ដោយសហការជាមួយគម្រោង CHAIN បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក អ៊ុ អេងសេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានការចូលរួមពីក្រុមការងារ និងអ្នកពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីធ្វើការកែសម្រួល និងដាក់បញ្ចូលបន្ថែមនូវធាតុចូលសំខាន់ៗដែលទទួលបានអំពីសិក្ខាសាលាថ្នាក់ខេត្តកន្លងមកនេះសម្រាប់ដាក់ពិភាក្សាលម្អិតនៅក្នុងសិក្ខាសាលាថ្នាក់ជាតិដើម្បីផ្សព្វផ្សាយគោលនយោបាយសាកវប្បកម្មថ្នាក់ជាតិនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
នៅថ្ងៃទី២៧ ខែតលា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិ្យផលប៉ះពាល់ និងខូចខាតដំណាំដោយគ្រោះទឹកជំនន់នៅខេត្តសៀមរាបដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១- ចុះពិនិត្យដំណាំបន្លែដែលខូចខាតដោយទឹកជំនន់របស់កសិករនៅភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប ដោយបានឧបត្ថម្ភថវិកាសម្រាប់ដំឡើងប្រព័ន្ធស្រោចស្រព ទិញពូជ និងជី ដែលជាតម្រូវការចាំរបស់កសិករកំពុងជួបប្រទះ។
២- ចុះពិនិត្យការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់របស់លោក លន សាវុធ នៅនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
៣- បានចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្ម និងសំណេះសំណាលចែកពូជស្រូវនិងពូជបន្លែដល់ប្រជាកសិកររងគ្រោះចំនួន២០០គ្រួសារ ដោយនាំយកគ្រាប់ពូជស្រូវចំនួន១០តោន និងពូជបន្លែចំនួន៦០០កញ្ចប់ (ពោតដំណើប ត្រប់វែង សណ្ដែកកួរ និងស្ពៃចង្កឹះ) នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
៤- ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មនិងសំណេះសំណាល និងនាំយកគ្រាប់ពូជស្រូវចំនួន២០តោន និងពូជបន្លែចំនួន៦០០កញ្ចប់ (ពោតដំណើប ត្រប់វែង សណ្ដែកកួរ និងស្ពៃចង្កឹះ) មកចែកជូនប្រជាកសិកររងគ្រោះចំនួន៣០០គ្រួសារ នៅឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ
អគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ) បានសហការជាមួយគម្រោង CHAIN រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍ណែនាំបច្ចេកទេសកសិកម្មសរីរាង្គ និងវិធានកសិកម្មសរីរាង្គ និងរូបសញ្ញាកសិកម្មសរីរាង្គជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមញ់ និងនេសាទ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ នាយកដ្ឋានដំណាំឧស្សហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគម៍កសិកម្ម មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការអន្តរជាតិ (NGOs) និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយការប្រកាសឱ្យប្រើប្រាស់វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិដល់អ្នកពាក់ព័ន្ធ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសកសិកម្មសរីរាង្គកម្ពុជាដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់កែលម្អឯកសារគោលការណ៍នេះឱ្យបានល្អប្រសើរសម្រាប់ជាប្រយោជ៍ដល់ប្រតិបត្តិករ និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់យកទៅអនុវត្តនាពេលអនាគត។
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការគ្រប់គ្រងភាពស៊ាំទៅនឹងថ្នាំកសិកម្មតាមរយៈបែបផែននៃសកម្មភាព (Mode of Action)
នៅថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
អគ្គនាយកដ្ឋានកសិកម្ម ក្រោមកិច្ចសហការជាមួយកម្មវិធី CAVAC Innovation in Agriculture និង CropLife Asia ក្រោមជំនួយឧបត្ថម្ភរបស់ប្រទេសអូស្រ្តាលី បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការគ្រប់គ្រងភាពស៊ាំទៅនឹងថ្នាំកសិកម្មតាមរយៈបែបផែនសកម្មភាព ជូនដល់មន្រ្តីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូគាមអនាម័យ ដែលមានសិក្ខាកាមសរុបចំនួន២៤រូប។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្រោមគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកទេសដល់មន្ត្រីជំនាញ នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ អំពីភាពធន់ទ្រាំរបស់សមាសភាពចង្រៃទៅនឹងថ្នាំកសិកម្ម។
នាយកដ្ឋានដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយលោកបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០ លើកទី១ សម្រាប់ថ្នាក់តំបន់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារឡឺមេរីឌឿន ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ។
គោលបំណងនៃសិក្ខាសាលានេះដើម្បីដាក់បង្ហាញជូននូវសេចក្តីព្រាងគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០ ដល់អ្នកពាក់ព័ន្ធ និងប្រមូលធាតុចូលពីសិក្ខាកាមដើម្បីកែលម្អឯកសារគោលនយោបាយនេះឱ្យបានល្អប្រសើរ។
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ក្រុមកាងារអគ្គនាយកដ្ឋានកសិកម្ម ដែលដឹកនាំដោយលោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានសហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងខឹត្តបាត់ដំបង អមដំណេីរ ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាតំណាងដ៏ខ្ពង់ខ្ពសរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ក្នុងបេសកកម្មខេត្តពោធិ៍សាត់ គណ:ប្រតិភូ បានជួបពិភាក្សាជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារថ្នាក់ខេត្ត តំណាងរាស្ត្រ និងគណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សំណូមពរចំពោះមុខ ឯកឧត្តមអភិបាលខេត្ត ស្នើសុំមន្ត្រីបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្មម ដេីម្បីចូលរួមចុះវាយតម្លៃទុំហំការខូចខាតបន្ទាប់ពីទឹកស្រកចុះ ក្នុងគោលបំណងពិនិត្យលទ្ធភាពគាំទ្រគ្រាប់ពូជដំណាំសម្រាប់អន្តរាគមន៍ស្តារដាំដុះឡើងវិញ ។ ស្ថានភាពទូទៅនៃទឹកជំនន់ គឺមានការកើនឡើងផ្នែកខាងលើ ជាពិសេសស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយតាមបណ្តោយស្ទឹងពោធិ៍សាត់ ទឹកហៀរចេញមិនអាចទប់បាន។ ពេលនេះ អភិបាលខេត្តបានប្រើប្រាស់កម្លាំងសរុប ដើម្បីសង្គ្រោះ និងបង្ការគ្រោះថ្នាក់ដោយយថាហេតុចំពោះប្រជាពលរដ្ឋ និងសត្វពាហនៈ។
នៅរសៀលថ្ងៃដដែល គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរទៅពិនិត្យមើលស្ថានភាពទឹកជំនន់នៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី ដែលស្ថានភាពជារួម ដំណាំស្រូវលិចលង់មានប្រមាណជាង៦ ០០០ហិកតា នៅស្រុករុក្ខគីរី ព្រោះទំនប់បាសាក់ បានបាក់ ហើយទឹកភ្លៀងនៅតែបន្តធ្លាក់ពីផ្នែកខាងលើនៅឡើយ។ ពេលនេះទឹកកំពុងហូរចុះទៅបឹងទន្លេសាប និងឆ្លងកាត់ផ្លូវកៅស៊ូក្នុងស្រុករុក្ខគីរី ដោយអន្លើរៗ។ តាមការសាកសួរប្រជាកសិករ ដំណាំស្រូវមួយចំនួនធំស្ថិតក្នុងដំណាក់កាលផើម និងចេញកួរចេញផ្កា និងមួយចំនួនស្ថិតក្នុងដំណាក់កាលបែកគុម្ពពេញទំហឹង។ ជាការសន្និដ្ឋាន ដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលផើមធំ និងចេញកួរចេញផ្ការនឹងខូចទាំងស្រុង ហើយចំពោះដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលបែកគុម្ព នឹងអាចរស់ឡើងវិញប្រសិនទឹកស្រកក្នុងរយៈពេល៥ថ្ងៃខាងមុខ។ ចំពោះការដាំដុះស្តារឡើងវិញនៅក្នុងតំបន់នេះ គឺមិនអាចទៅរួចទេ ព្រោះអាងស្តុកទឹកបាសាក់ជាប្រភពទឹកសំខាន់មួយសម្រាប់ស្រូវប្រាំង នឹងអស់ទឹកពេលទឹកស្រកអស់ និងមិនអាចផ្គត់ផ្គង់បានទៀតទេ។ ចំពោះស្រុកមោងឬស្សីវិញ ទឹកចាប់ផ្តើមស្រកចុះបន្តិច ហើយស្ថានភាពខូចខាតដំណាំស្រូវ មិនធ្ងន់ធ្ងរដូចស្រុករុក្ខគីរី៕
កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តសកម្មភាពគឹតត្រឹមត្រីមាសទី៣របស់អគ្គនាយកដ្ឋានកសិកម្ម ដែលដឹកនាំដោយលោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចួលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទសរុបចំនួន ២៧នាក់ (ស្ត្រីចំនួន ៩នាក់)។ គោលបំណងសំខាន់នៃកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារសម្រេចបានគឹតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ ក្នុងការកំណត់បញ្ហា និងដំណោះស្រាយដ៏សមស្រប សម្រាប់ឱ្យសម្រេចបានលទ្ធផលចុងឆ្នាំ២០២០ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដើម្បីជំរុញការប្រកួតប្រជែងផ្នែកគុណភាព និងបង្កើនការនាំចេញអង្ករលើទីផ្សារអន្តរជាតិ ការជំរុញផលិតនិងប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ គឺជាកត្តាសំខាន់។
********************************
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំទិវាស្រែបង្ហាញប្រភេទពូជស្រូវសែនក្រអូប- ០១ នៅស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅ ក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោក ឆែ ពេជ្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងមានការចូលរួមពីតំណាងកម្មវិធីកាវ៉ាក់ (CAVAC) តំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ អ៊ីរី (IRRI) អាជ្ញាធរមូលដ្ឋាន សហគមន៍ផលិតគ្រាប់ពូជស្រូវ និងប្រជាកសិករក្នុងតំបន់ ដែលមានអ្នកចូលរួមសរុបចំនួន ៧០នាក់។
គោលបំណងនៃទិវាស្រែនេះ គឺដើម្បីផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ប្រភេទពូជស្រូវថ្មី (សែនក្រអូប-០១) នេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស។ គួរកត់សម្គាល់ថា ប្រភេទពូជស្រូវសែនក្រអូប-០១នេះ ត្រូវបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) កាលពីចុងឆ្នាំ២០១៩។ វាជាប្រភេទពូជស្រូវស្រាលមិនប្រកាន់រដូវ មានអាយុពី១០៥ ទៅ ១១៥ថ្ងៃ មានក្លិនក្រអូប ផ្តល់ទិន្នផលខ្ពស់ពី៤ ទៅ ៥តោន ក្នុងមួយហិកតា គុណភាពគ្រាប់អង្ករល្អ មានភាពភ្លឺថ្លា វែងរលូន និងបាយទន់មានរសជាតិឆ្ងាញ់ពិសា។ តាមរយៈការចុះពិនិត្យស្រែបង្ហាញជាក់ស្តែង កសិករក៏ដូចជាអ្នកចូលរួមទាំងអស់មានចំណាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងចំពោះការលូតលាស់ និងផ្តល់ផលនៃប្រភេទពូជស្រូវសែនក្រអូប-០១នេះ ហើយចំពោះអ្នកប្រមូលទិញស្រូវក្នុងតំបន់វិញ គឺបានប្រកាសផ្តល់តម្លៃបន្ថែមដល់កសិករដែលប្រើប្រាស់គ្រាប់ពូជសុទ្ធ និងផលិតស្រូវបានល្អបែបនេះ ចំនួន៥០រៀលក្នុងមួយគីឡូក្រាម។ បន្ទាប់ពីស្តាប់របាយការណ៍ និងចុះពិនិត្យដោយលោក គង់ គា បានវាយតម្លៃខ្ពស់ចំពោះសម្តែងកម្មនៃប្រភេទពូជស្រូវសែនក្រអូប០១នេះ ថ្លែងអំណរគុណចំពោះកម្មវិធីកាវ៉ាក់ ដែលបានគាំទ្រចំពោះការស្រាវជ្រាវ ការធ្វើបង្ហាញ និងការរៀបចំទិវាស្រែនាពេលនេះ។ ក្នុងនាម នាយកដ្ឋានដំណាំស្រូវ និងអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអគ្គនាយកដ្ឋានកសិកម្ម ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន សំដៅជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយកដ្ឋាមន្ត្រី។ លោកប្រធាននាយកដ្ឋានក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករឱ្យផ្លាស់ប្តូរទម្លាប់រក្សាទុកគ្រាប់ពូជស្រូវពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យទិន្នផលនិងគុណភាពធ្លាក់ចុះ មកប្រើប្រាស់គ្រាប់ពូជសុទ្ធ មានប្រភពច្បាស់លាស់ និងមានការត្រួតពិនិត្យនិងបញ្ជាក់គុណភាពត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសបង្កើនការដាំដុះប្រភេទពូជស្រូវក្រអូប-០១ និងគិតគូរអំពីសុខមាលភាពដល់អ្នកបរិភោគ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋានក៏បានស្នើសុំការគាំទ្របន្ថែមពីកម្មវិធីកាវ៉ាក់ អ៊ីរី និងដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីជំរុញការប្រើប្រាស់ប្រភេទពូជស្រូវសែនក្រអូប-០១នេះឱ្យបានកាន់តែទូលំទូលាយទូទាំងប្រទេស។
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ដោយសហការជាមួយក្រុមហ៊ុន Smart-Agro បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីដំណោះស្រាយបញ្ហាកើតមានលើដំណាំប្រកបដោយនិរន្តរភាពតាមការប្រើប្រាស់បច្ចេកទេសកសិកម្មអភិរក្សនៅស្ថានីយស្រាវជ្រាវកសិកម្មបុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម។ វគ្គបណ្ដុះបណ្ដាលមានគោលបំណងសំខាន់ ដើម្បីពង្រឹងសមត្ថភាព និងផ្ទេរបច្ចេកទេសពាក់ព័ន្ធការប្រើប្រាស់បង្គុំបច្ចេកទេសកសិកម្មអភិរក្សសម្រាប់គ្រប់គ្រងដំណាំប្រកបដោយប្រសិទ្ធភាពខ្ពស់ និងពង្រីកបណ្តាញកសិករអនុវត្តកសិកម្មអភិរក្សនៅប្រទេសកម្ពុជា។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះអញ្ជើញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្ម សហគមន៍កសិកម្ម និងមន្ត្រីផ្សព្វផ្សាយ កសិកម្ម ដែលសរុបមានចំនួន៤៩នាក់ (ស្រី ១០នាក់)។ សកម្មភាពនៃវគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅដោយមានការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ និងការចុះទស្សនកិច្ចសិក្សាផ្ទាល់នៅទីវាលផងដែរ៕
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជាដល់សហគមន៍កសិកម្មដែលស្ថិតនៅខេត្តកែប ខេត្តកំពង់សោម និងខេត្តកណ្តាល។ សិក្ខាសាលាខាងលើ មានអ្នកចូលរួមសរុប១១៥នាក់ (ស្រ្តី៣៥នាក់)។ សិក្ខាសាលានេះគាំទ្រដោយកម្មវិធីDGRV អាល្លឺម៉ងប្រចាំកម្ពុជា និងមានគោលបំណងសំខាន់ដើម្បីអោយសហគមន៍កសិកម្មទាំងអស់បានស្គាល់និងយល់ដឹងអំពីភារកិច្ចទទួលខុសត្រូវរបស់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជាចំពោះសហគមន៍កសិកម្មដូចមានចែងនៅក្នុងច្បាប់ស្តីពីសហគមន៍កសិកម្ម សំដៅចូលរួមអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជា ឱ្យមានភាពរឹងមាំនិងរីកចម្រើន ដើម្បីបំរើផលប្រយោជន៍ជូនដល់ប្រជាកសិករ៕
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំទិវាស្រែបង្ហាញស្តីពីការគ្រប់គ្រងជីជាតិដីដោយប្រើប្រាស់ដំណាំគម្របដី និងពិគ្រោះយោបល់ស្តីពីជម្រើសមុខដំណាំសម្រាប់ការធ្វើពិពិធកម្មក្នុងរដូវប្រាំង។ ទិវានេះត្រូវបានរៀបចំឡើងនៅក្នុងប្រព័ន្ធធារាសាស្ត្រអូរកំបោរ ដែលជាតំបន់គោលដៅមួយរបស់កម្មវិធី WAT4CAM ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរភូមិ/ឃុំ តំណាងសហគមន៍កសិកម្ម សហគមន៍ប្រើប្រាស់ទឹក សេវាករគ្រឿងយន្តកសិកម្ម កសិករ និងក្រុមការងារ TA AGRI និង TA ISWM សរុបចំនួន ៤០នាក់៕
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយសហការជាមួយគម្រោង AVRDC បានចុះពិនិត្យចម្ការបង្ហាញអំពីការគ្រប់គ្រងសមាសភាពចង្រៃលើ ដំណាំសណ្ដែកគួរ នៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ និងចម្ការបង្ហាញដំណាំស្ពៃតឿ នៅភូមិព្រៃពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារ បានពន្យល់ណែនាំកសិករអំពីរបៀបប្រើប្រាស់ ថ្នាំជីវសាស្រ្ត អន្ទាក់ស្អិត និងការកត់ត្រាទិន្នន័យស្ដីពីការបំផ្លាញរបស់សមាសភាពចង្រៃ។ តាមរយៈការត្រួតពិនិត្យការលូតលាស់ដំណាំ នៃចម្ការបង្ហាញ បានបង្ហាញថា ដំណាំសណ្ដែកគួរ និងដំណាំស្ពៃតឿមានការលូតលាស់ល្អ និងពុំមានការបំផ្លាញពីសត្វល្អិត និងជំងឺនោះទេ៕
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Yurdi Yasmi តំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកបណ្ឌិត Yurdi Yasmi ក៏ដូចជា IRRI តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដែល IRRI ជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការងារសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយផ្សេងៗដែលពាក់ព័ន្ធ នឹងវិស័យកសិកម្ម ជាពិសេសលើអនុវិស័យដំណាំកសិកម្ម។
លោកបណ្ឌិត Yurdi Yasmi ជំនួសមុខឱ្យលោកប្រធាន IRRI បានថ្លែងអំណរគុណជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការចំពោះ ការគាំទ្រយ៉ាងពេញទំហឹងមកលើវត្តមាន ក៏ដូចជាសកម្មភាពរបស់ IRRI នៅប្រទេសកម្ពុជា។ លោកបានបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០-២០២៣ ក្រោមកិច្ច សហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ IRRI បានចុះហត្ថលេខាអនុម័តតាំងពី ខែឧសភា កន្លងមក ប៉ុន្តែសកម្មភាពនៅពុំទាន់បានចាប់ផ្តើមអនុវត្តនៅឡើយដោយសារបញ្ហាជំងឺ កូវីដ-១៩។
ឯកឧត្តមប្រតិភូបានអបអរសាទរចំពោះ IRRI ដែលបានឈានដល់ការចុះហត្ថលេខាសម្រាប់ អនុវត្តផែនការសកម្មភាពរយៈពេល៤ឆ្នាំ (២០២០-២០២៣) ជាបន្តទៀតនៅកម្ពុជា ហើយ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា វិស័យកសិកម្មនឹងកាន់តែរីក ចម្រើនជាលំដាប់។ ចំពោះមុខ អគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយ IRRI ដើម្បី៖ ១). ជ្រើសរើសប្រភេទពូជស្រូវដែលជាតម្រូវការទីផ្សារ និងផ្តល់ទិន្នផលខ្ពស់ ២). ធានាថាដំណាំស្រូវត្រូវបានដាំដុះប្រកបដោយនិរន្តរភាព និងសុវត្ថិភាព (កម្រិត MRL ទាប) ៣). រៀបចំ និងកែលម្អយន្តូបនីយកម្មកសិកម្ម បង្កើតឧបករណ៍/ម៉ាស៊ីនដាំដុះនិងប្រមូលផលស្រូវ ដើម្បីកាត់បន្ថយការបាត់បង់ផលស្រូវក្រោយពេលប្រមូលផល និង ៤). បង្កើតប្រព័ន្ធដាំដុះ និងផ្លាស់ប្តូរប្រភេទមុខដំណាំផ្សេងទៀតក្រៅពីស្រូវដែលអាចផ្តល់ប្រាក់ចំណូលខ្ពស់ រួមមាន៖ ពោត សណ្តែកបាយ ដំឡូងមី សណ្តែកសៀង និងដំណាំបន្លែ។ល៕
នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការកំណត់តំបន់ដាំដុះកសិកម្មដែលដឹកនាំដោយឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារនិងលើកផែនការអនុវត្តឱ្យបានពេញលេញ។ គណៈកម្មាធិការនេះ មាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មជាអង្គភាពជំនាញទទួលភារកិច្ចរៀបចំឯកសារកំណត់តំបន់ដាំដុះកសិកម្ម និងមានសមាសភាពថ្នាក់ដឹកនាំមួយចំនួនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម និងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនទៀត ដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួង។
កិច្ចសន្យាផលិតគ្រាប់ពូជស្រូវចំនួន១៧ ត្រូវបានចុះហត្ថលេខា រវាងសហគមន៍ផលិតគ្រាប់ពូជ ស្រូវ ជាមួយអ្នកប្រមូលទិញសម្រាប់ចែកចាយបន្ត មកពីខេត្តគោលដៅចំនួន៣ របស់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rìce-SDP) ត្រូវបានរៀបចំនៅអគ្គនាយកដ្ឋានកសិកម្ម។
កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំពិធីចុះហត្ថលេខាលើផលិតកម្មគ្រាប់ពូជស្រូវតាមកិច្ចសន្យា ក្រោមការចូលរួមជាអធិបតីពីឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោកអោម ពេជ្រ ប្រធានសម្របសម្រួលគម្រោងថ្នាក់ជាតិ ឯកឧត្តម ចាន់ រ៉ាន់ នាយកគម្រាងថ្នាក់ខេត្ត ប្រចាំខេត្តព្រៃវែង ឯកឧត្តមឈឹម សាប៊ុន នាយកគម្រោងប្រចាំខេត្តបាត់ដំបង និងលោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ។
បន្ទាប់ពីលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានមានមតិស្វាគមន៍ និងរាយការណ៍សង្ខេបអំពីសកម្មភាព និងលទ្ធផលការងាររបស់ខ្លួនក្នុងក្របខ័ណ្ឌសហប្រតិបត្រការជាមួយគម្រោង Rìce SDP និងថ្លែងអណរគុណចំពោះវត្តមារបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានកោតសរសើរចំពោះក្រុមការងារ របស់នាយកដ្ឋានដំណាំស្រូវដែលបានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានផ្តូចផ្តើមបង្កើតទំនាក់ទំនងរវាងអ្នក ពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ ។ មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ងិន ឆាយ បានជម្រាបជូនអ្នកចូលរួមអំពីផលិតកម្មដំណាំស្រូវ និងសក្តានុពលនាំចេញអង្ករកម្ពុជាទៅទីផ្សារអ្តរជាតិ ប៉ុន្តែយើងនៅមិទាន់សម្រេចបាននូវផែនកានាំចេញឱ្យបាមួយលានតោន របស់រាជរដ្ឋាភិបាលនៅឡើយ ដោយសារបញ្ហាមួយចំនួនដូចជាថ្លៃអគ្គិសនី ការដឹកជញ្ជូន និងថ្លៃដើមផលិតខ្ពស់ជាងប្រទេសជិតខាង ។ ប៉ុន្តែកម្ពុជាមានសក្តាុនុពលក្នុងការប្រកួតប្រជែងនាំអង្ករក្រអូបទៅសហភាពះឺរ៉ុប និងប្រទេសចិន។ ដើម្បីបង្កើនឧត្តមភាពប្រកួប្រជែងនៅឆាកអន្តរជាតិ គឹកម្ពុជាត្រូវផលិតអង្ករឱ្យមានគុណភាពល្អ សុវត្ថិភាព និងអនុលោមតាមស្តង់ដារតម្រូវការរបស់អ្នកបញ្ជារទិញ។ ចំពោះការចុគិច្ចសន្យាថ្ងៃនេះ គឺជាផ្នែកមួយក្នុងការជំរុញគុណភាពស្រូវអង្ករកម្ពុជាតាមរយៈការផលិត និងប្រើប្រាស់គ្រាប់ពូជសុទ្ធល្អ។ ចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើដល់ភាគីហត្ថលេខី គោរពតាមកិច្ចសន្យា និងបន្តវប្បធម៌ជជែកគ្នា ជឿជាក់គ្នា និងស្មោះត្រង់នឹងគ្នា ហើយនាយកដ្ឋានដំណាំស្រូវត្រូវចុះតាមដាន គាំទ្របច្ចេកទេសដល់ភាគីផលិត និងតាមដានការអនុវត្តកិច្ចសន្យាបន្តទៀត។
នាព្រឹកថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green នៃប្រទេសជប៉ុន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះ ជំនួបជាលើកទី២រវាងឯកឧត្តម ជាមួយនឹងលោកបណ្ឌិត Nabeshima Katsuhito បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយគ្នា កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ និងបានអនុញ្ញាតឱ្យបណ្ឌិត Nabeshima Katsuhito លើកឡើងអំពីការងារដែលត្រូវពិភាក្សាក្នុងជំនួបនាពេលនេះ។ ជាថ្មីម្តងទៀត លោកបណ្ឌិត Nabeshima Katsuhito បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រតិភូដែលបានអនុញ្ញាតឱ្យលោកជួបពិភាក្សាការងារ ព្រមទាំងបានផ្តល់កិច្ចសហការ និងការជួយជ្រោមជ្រែងរហូតដល់ធ្វើឱ្យក្រុមហ៊ុន Yamato Green អាចឈានដល់ការចុះ អនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។ នៅក្នុងឱកាសនោះដែរ លោកនាយកក្រុមហ៊ុនបានរាយការណ៍ដោយ សង្ខេបអំពីវឌ្ឍនភាពថ្មីៗនៃការអនុវត្តការងាររបស់ក្រុមហ៊ុន Yamoto Green ក្រោមកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោយពីការចុះ MoU រួច។ លោកបានឱ្យដឹង ថា បច្ចុប្បន្ន ក្រុមហ៊ុនគ្រោងនឹងសាងសង់ Green House ដើម្បីដាំដុះបន្លែ ព្រមទាំងរៀបចំការ កែច្នៃ (បង្កក) ផ្លែឈើ និងបន្លែ (ផ្លែប៊រ និងស្ពៃក្តោប) សម្រាប់នាំចេញ។ ខេត្តមណ្ឌលគិរី និង បាត់ដំបង គឺជាខេត្តដែលស្ថិតក្រោមការពិចារណានិងជ្រើសរើសរបស់ក្រុមហ៊ុន និងជាខេត្តដែល មានសក្តានុពលសម្រាប់ផលិតកម្មបន្លែ និងជាទីកន្លែងប្រមូលផ្តុំបន្លែដ៏សមស្របមួយ។ លោក មានបំណងបង្កើតកសិដ្ឋានបន្លែលើទីតាំងធំៗមួយចំនួនសម្រាប់ជួលដល់កសិករដើម្បីដាំដុះបន្លែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ លោកបានស្នើសុំការណែនាំបន្ថែម ក៏ដូចជាទស្សនៈរបស់ អគ្គនាយកដ្ឋានកសិកម្ម ចំពោះការងារនេះ។ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមប្រតិភូ បាន បញ្ជាក់ថា ការងារដែលលោកនាយកក្រុមហ៊ុនបាន និងកំពុងរៀបចំគឺស្របនឹងទស្សនវិស័យ របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងការបង្កើតសួនផលិតកម្មបន្លែសុវត្ថិភាព ដែលការជ្រើសរើស ទីតាំងសម្រាប់អនុវត្តគឺត្រូវពិចារណាទៅលើតំបន់ជាប់នឹងមាត់ទន្លេ និងដីកោះ ដោយសារប្រជាជននៅទីនោះភាគច្រើនជាកសិករដាំដុះបន្លែស្រាប់ ហើយក្រុមហ៊ុនអាចពិចារណាទៅ លើការផ្តល់ពូជ ការសាងសង់ Green House ផ្តល់បចេ្ចកទេសបណ្តុះកូន/ពូជបន្លែ និងប្រភេទ បន្លែដែលទីផ្សារត្រូវការ។ ជារួម ឯកឧត្តមប្រតិភូ ឯកភាពលើការរៀបចំកសិដ្ឋានបន្លែសម្រាប់ជួល ឱ្យកសិករ ប៉ុន្តែប្រសិនបើការងារនេះត្រូវបានអនុវត្តលើកសិករដែលមានដីស្រាប់គឺជាការល្អ ប្រសើរ និងមានការអភិវឌ្ឍលឿនជាង។ អគ្គនាយកដ្ឋានកសិកម្ម មានទស្សនវិស័យក្នុងការបង្កើត សហគមន៍អ្នកដាំបន្លែសុវត្ថិភាព ហើយការងារនេះនឹងអាចឈានទៅដល់ការបង្កើតសហភាព សហគមន៍អ្នកដាំបន្លែសុវត្ថិភាព ដែលកសិករអាចដាំបន្លែតាមប្រតិទិនដាំដុះដើម្បីធានាបានទាំង ស្ថេរភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងទីផ្សារបន្លែ។ ជាការសាកល្បង ក្រុមហ៊ុន Yamato Green អាចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំសួនផលិតកម្មបន្លែសុវត្ថិភាពក្នុងចំនួន កំណត់ណាមួយ ហើយគម្រោងនេះនឹងអាចប្រែក្លាយសួនផលិតកម្មបន្លែសុវត្ថិភាពទៅជាតំបន់ កសិ-ទេសចរណ៍ និងអេកូ-ទេសចរណ៍នាពេលអនាគតដ៏ខ្លី។ លោកបណ្ឌិត Nabeshima Katsuhito បានទទួលយកសំណើនេះ និងបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម រៀបចំគម្រោង សំណើសុំថវិកា ដោយសហការជាមួយក្រុមហ៊ុន Yamato Green។ ឯកឧត្តមប្រតិភូបានមាន ប្រសាសន៍ថា នេះគឺជាការចាប់ផ្តើមដ៏ល្អមួយ ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត Nabeshima Katsuhito ក៏ដូចជាក្រុមហ៊ុន Yamato Green ចំពោះកិច្ច សហប្រតិបត្តិការ និងការឧបត្ថម្ភគាំទ្រក្នុងការងារនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ អនុវិស័យសាកវប្បកម្មនៅប្រទេសកម្ពុជា សំដៅបង្កើនសន្តិសុខនិងសុវត្ថិភាពស្បៀងអាហារ ក្នុងបរិបទនៃការផ្ទុះឡើង និងរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាបាននូវប្រាក់ចំណូលរបស់កសិករដាំបន្លែក្នុងប្រទេសកម្ពុជា។
សម្រាប់ឯកសារជា PDF សូមទាញយកតាមរយៈ៖ https://gda.maff.gov.kh/documents/npfKni8rD1
ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមកាងារ បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន និងតំណាងក្រុមហ៊ុន Yamato Green Co.,Ltd។ បន្ទាប់មក ឯកឧត្តមប្រតិភូ និងក្រុមការងារបានបន្តចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី "ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការ នាំចេញ" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Yamato Green Co., Ltd ក្រោមអធិបតីភាពឯកឧត្ត វេង សាខុន រដ្ឋមន្ត្រីក្រសួងកសកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ពិធីខាងលេីនេះជាសក្ខីភាពមួយថ្មីដែលបានបញ្ជាក់ថា ការអភិវឌ្ឍអនុវិស័យបន្លែនៅកម្ពុជា កំពុងមាន ការឈានឡើងនិងទទួលស្គាល់ជាបណ្តើរៗ នៅលើឆាកអន្តរជាតិ។ ប៉ុន្តែយើងត្រូវ ពង្រឹងបន្ថែម ទៀត លើ ការងារបច្ចេកទេស គុណភាព សុវត្ថិភាព និងស្តង់ដារ សម្រាប់ ផ្គត់ផ្គង់ការនាំចេញ។ ដូច្នេះថ្ងៃនេះយើងមានដៃ គូរ សំខាន់ របស់យើង ដែលនឹងជួយជំរុញ ខ្សែ ច្រវាក់ ផលិតកម្មដំណាំបន្លែ សុវត្ថិភាព និងប្រព័ន្ធទីផ្សារ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Yamoto Green ដោយសហការជាមួយស្ថាប័នពាក់ ព័ន្ធរបស់រដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ នឹងខិតខំប្រឹងប្រែងអភិវឌ្ឍបន្លែកម្ពុជាឱ្យមានការទទួលស្គាល់ និងល្បីឈ្មោះក្នុងឆាកអន្តរជាតិ ដូចគ្នានឹង អង្ករផ្ការំដួល និងម្រេចខេត្តកំពតដែលទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោក។
នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម មានរៀបចំកិច្ចប្រជុំស្តីពី៑ ការ ពិនិត្យការអនុវត្តការងារ និងការរៀបចំរបាយការណ៍វឌ្ឍនភាពគម្រោងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព លោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមន្ត្រីពាក់ព័ន្ធមាន ចំនួន២០រូប (ស្រី០៣រូប)។ អង្គប្រជុំបានពិភាក្សាលើរបៀបវារៈដែលបានគ្រោងទុក និងសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១). ការរៀបចំកិច្ចប្រជុំដើម្បីពិនិត្យការអនុវត្តគម្រោងដៃគូអភិវឌ្ឍន៍នានានឹងត្រូវរៀបចំ ឡើងនៅ រៀង រាល់បីខែម្តង
២). ការកំណត់ទម្រង់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងដែលតម្រូវ ឱ្យអង្គភាពអនុវត្ត រៀបចំសម្រាប់រយៈពេល០៦ខែ និងនៅខែបន្ទាប់ត្រូវរៀបចំជារៀងរាល់ខែ
៣). ស្នើបំពេញបន្ថែមនូវព័ត៌មានគម្រោងដែលត្រូវអនុវត្តនៅឆ្នាំបន្ទាប់
៤). ស្នើបំពេញបន្ថែមនូវព័ត៌មានគម្រោងដែលបានអនុវត្តជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា៕
នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម្នបានរៀបចំកិច្ចប្រជុំប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ សមាសភាពចូលរួមប្រជុំ រួមមាន លោកស្រីអគ្គនាយិការង លោកអគ្គនាយករងគ្រប់រូប និងលោកប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និង សហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយពិនិត្យ និងពិភាក្សាជារួមអំពី ១). វឌ្ឍនភាពនៃការអនុវត្តការងាររបស់នាយកដ្ឋានជំនាញទាំង១០ ក្រោមការទទួលខុសត្រូវ និងដឹកនាំការអនុវត្តសកម្មភាពការងារដោយផ្ទាល់របស់អគ្គនាយករងទទួលបន្ទុក ក្រោម ឱវាទអគ្គនាយកដ្ឋានកសិកម្ម និង ២). បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយសមស្រប។ កិច្ចប្រជុំខាងលើបានប្រព្រឹត្តទៅដោយរលូន ហើយអង្គប្រជុំបានពិនិត្យ ពិភាក្សា និងឯកភាពគ្នាលើចំណុចសំខាន់ៗតាមរបៀបវារៈដែលបានលើកឡើងខាងលើ។
នៅថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) បានរៀបចំវេទិកាផ្គូរផ្គងអាជីវកម្មផលិតកម្មគ្រាប់ពូជស្រូវតាមរយៈ យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលវេទិកានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ដល់៣០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជានាយកអង្គភាព MAFF-NIO លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ និងលោក ចាន់ សារឿន ប្រធានផ្នែកអនុវត្ត និងផែនការ នៃអង្គភាពអនុវត្តគម្រោង Rìce-SDP ថ្នាក់ខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។
បន្ទាប់ពីមានមតិស្វាគមន៍និង របាយការណ៍ស្តីពីវឌ្ឍនភាព របស់គម្រោងថ្នាក់ខេត្ត ដោយលោក ចាន់ សារឿន បន្ទាប់មក លោកគង់ គា បានជម្រាបជូនគណៈអធិបតី និងសិក្ខាកាមអំពី ទិដ្ឋភាពទូទៅនៃអង្គវេទិកា និងជម្រាបជូនអំពីស្ថានភាពផលិតកម្មនិងការនាំចេញអង្ករក្នុងឆ្នាំ២០២០ ការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងរបស់ នាយកដ្ឋានដំណាំស្រូវ ជាពិសេសអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញវិស័យពូជដំណាំនៅកម្ពុជានាពេលបច្ចុប្បន្ន និងទិសដៅទៅថ្ងៃអនាគត។ វេទិកានេះ មានសិក្ខាកាមចូលរួមសរុបចំនួន៥២នាក់ មកពីអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត សហគមន៍កសិកម្ម វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានាក្នុងខេត្ត អាជីវករលក់គ្រាប់ពូជស្រូវ ក្រុមហ៊ុននាំចេញ និងមន្ត្រីការិយាល័យកសិកម្មស្រុកក្នុងតំបន់គោលដៅរបស់គម្រោងទាំងអស់។ គោលបំណង សំខាន់នៃវេទិកា គឺទី១. ផ្ដល់ឱកាសដល់គ្រប់អ្នកពាក់ព័ន្ធបានស្វែងយល់អំពីលក្ខខណ្ឌតម្រូវក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ទី២. បង្កើនការយល់ដឹងអំពីដំណើរការចុះបញ្ជីប្រភេទពូជដំណាំ ការធ្វើអាជីវកម្មគ្រាប់ពូជការត្រួតពិនិត្យ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ទី៣. បង្កើតជាបណ្តាញទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធទាំងឡាយក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងឈានដល់ការធ្វើកិច្ចសន្យាជាមួយគ្នា។
នៅក្នុងពិធីបើកអង្គវេទិកា ឯកឧត្តម គិត សេង បានជម្រាបជូនសិក្ខាកាមអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តួចផ្តើមគំនិតកសាងឯកសារគម្រោងក្នុងការទទួលថវិកាគាំទ្រពីរាជរដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍អាស៊ី ADB សម្រាប់គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ។ ឯកឧត្តមប្រធានក៏បានជម្រាបជូនអង្គវេទិកាទាក់ទងនឹងសារប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជស្រូវគុណភាពល្អ ការធ្វើកិច្ចសន្យាកសិកម្ម និងការភ្ជាប់ទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធនីមួយៗ ជាពិសេសយើងត្រូវ កសាងសហគមន៍កសិកម្មឲ្យរឹងមាំ ទើបអាចធ្វើជាដៃគូរកិច្ចសន្យាជាមួយអ្នកជំនួញ ឬរោងម៉ាសុីនកិនស្រូវបាន ។ បច្ចុប្បន្នក្រសួងកសិកម្ម ក៏បាននិងកំពុងជំរុញកសាងច្បាប់ស្ដីពីផលិតកម្មតាមកិច្ចសន្យា ដើម្បីជំរុញការធ្វើកិច្ចសន្យាកសិកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យបញ្ចេញមតិ និងពិភាក្សាគ្នាឱ្យបានផុលផុស និងឈានដល់ការចុះកិច្ចសន្យាផលិតគ្រាប់ពូជស្រូវ និងផ្គត់ផ្គង់ស្រូវចំណីនាពេលអនាគត។
ថ្ងៃអង្គារ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំស្តីពីការប្រេីប្រាស់បច្ចេកវិទ្យាRIICE ក្នុងផលិតកម្មដំណាំស្រូវនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលក្នុងនោះរួមមានខេត្តព្រៃវែង ស្វាយរៀង បាត់ដំបង ពោធិ៍សាត់ តាកែវ និងខេត្តកណ្តាល ដោយអ្នកចូលរួមសរុបមានចំនួន២៩នាក់(ស្រី៦នាក់)។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយអំពីបច្ចេកវិទ្យាRIICE ពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង RIICE Phase III និងលើកទិសដៅអនុវត្តបន្ត។ គម្រោង នេះ ទទួលបានកិច្ចសហការជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ(SDC)៕
នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចុះពិនិត្យវឌ្ឍនភាពការងារស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ស្ថានីយ បានអនុវត្តសកម្មភាពសំខាន់ៗដូចជា : (១)-ការដាំពង្រីកពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៉ិក (KU50) (២)-ការដាំអភិរក្សពូជមន (៣)-ការចិញ្ចឹមដង្កូវនាង (៤)-ការបន្សុទ្ធពូជសណ្ដែកបាយ និងពោតក្រហម និង(៥)-ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធក្នុងស្ថានី យ ( ការសាងសង់អាងស្តុកទឹក ការតបណ្តាញទុយោទឹកបម្រេីការស្រោចស្រព ការសង់បង្គោលភ្លេីងតាមផ្លូវ និងការជីកស្រះរក្សាទឹកបម្រេីការស្រោចស្រពដំណាំ)។ ការចុះពិនិត្យការងារខាងលេី ក៏មានការអញ្ជេីញចូលរួមផងដែរពីសំណាក់ ឧកញ៉ា ហ៊ុន ឡាក់ តំណាងក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូត អេន វេជីថេប៊ល ឯ.ក ដែលចុះសិក្សា និងរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យក្លាយជាសួនបន្លែសុវត្ថិភាពគំរូ នៅក្នុងស្ដានីយខាងលេី៕
កាលពីថ្ងៃសុក្រ ៦កើត ដល់ថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្រ្តីការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៃនាយកដ្ឋានកាពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំចម្ការគំរូសម្រាប់ស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជារបស់កសិករក្នុងកម្មវិធី ASPIRE នៅក្នុងខេត្តគោលដៅទាំង៤ រួមមាន៖ ខេត្តបាត់ដំបង កំពង់ឆ្នាំង តាកែវ និងកំពង់ចាម។ យោងតាមលទ្ធផលនៃការចុះត្រួតពិនិត្យលើចម្ការគំរូទាំង៤ ក្រុមការងារបានសង្កេតឃើញថាដំណើរការនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធចម្ការគំរូទាំង៤នេះសម្រេចបានប្រហែល ៧០% -៨៥% នៃផែនការដែលបានកំណត់ ដោយឡែកចំនុចនៅសល់មួយចំនួនទៀត មន្រ្តីនៃការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មម្ចាស់ចម្ការ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតនឹងធ្វើការកែលម្អបន្តទៀតដើម្បីបញ្ចប់ការរៀបចំនេះដោយជោគជ័យ។
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនឯកជនចំនួន០២មកពីប្រទេសជប៉ុនគឺក្រុមហ៊ុន NIPPON Express និង ក្រុមហ៊ុន Xamato Green។ ជាកិច្ចចាប់ផ្តើមឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូនៃក្រុមហ៊ុនឯកជនជប៉ុនដែលមានចំណាប់អារម្មណ៍ និងមានបំណងវិនិយោគលើអនុវិស័យដំណាំកសិកម្ម នៅប្រទេសកម្ពុជា។ បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមប្រតិភូរួចមក លោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Xamato Green និងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍លើដំណាំបន្លែ និងផ្លែឈើ ដោយរាប់ចាប់តាំងពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស។ លោកបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ គម្រោងខាងលើបានចេញជារូបរាងហើយ ប៉ុន្តែការងារដែលក្រុមហ៊ុនរបស់លោកត្រូវអនុវត្តបន្ទាប់គឺកិច្ចសហការ និងការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ដើម្បីឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងជោគជ័យ។ ឆ្លើយតបទៅនឹងការលើកឡើងនេះ ឯកឧត្តមប្រតិភូ បានសំដែងការរីករាយ និងគាំទ្រពេញទំហឹងលើការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរក្នុងការអភិវឌ្ឍដំណាំបន្លែ និងផ្លែឈើនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះពិតជាឆ្លើយតបចំទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវិស័យសាកវប្បកម្មឱ្យមានការរីកចម្រើន។ អគ្គនាយកដ្ឋានកសិកម្ម បានយល់ច្បាស់អំពីបញ្ហាប្រឈមនៃអនុវិស័យសាកវប្បកម្ម ដោយពេលកន្លងការកែច្នៃកសិផលក្នុងអនុវិស័យនេះនៅខ្វះខាតនៅឡើយ។ ដូចនេះ គម្រោងខាងលើនឹងជួយបន្ថែមលើខ្សែច្រវាក់តម្លៃបន្លែ និងផ្លែឈើឱ្យបានពេញលេញ។ ឯកឧត្តមប្រតិភូជឿជាក់ថា ការរួមសហការវិនិយោគរវាងក្រុមហ៊ុនធំទាំងពីរខាងលើ នឹងអាចទាក់ទាញក្រុមហ៊ុនឯកជនផ្សេងៗទៀតឱ្យមានចំណាប់អារម្មណ៍ និងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ជារួមគឺការកាត់បន្ថយការនាំចូលបន្លែនិងផ្លែឈើពីប្រទេសក្រៅ កសិករនិងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃបន្លែនិងផ្លែឈើនឹងទទួលបានចំណូលច្រើនឡើង ការនាំចេញផលិតផល (ជាពិសេសកសិផលកែច្នៃនិងវេចខ្ចប់) នឹងមានការកើនឡើងឈានដល់ការរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច។ ជាចុងក្រោយ ឯកឧត្តមប្រតិភូ បានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម ត្រៀមលក្ខណៈសហការយ៉ាងជិតស្និតក្នុងការងារនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនទាំងពីរពន្លឿនការរៀបចំអនុស្សារណៈនៃការយោគយល់ ដើម្បីអាចចាប់ផ្តើមការងារនេះ៕
ព្រឹកថ្ងៃច័ន្ទ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យបានជួបពិភាក្សា និងផ្តល់ប្រឹក្សាយោលបល់ជាមួយលោក យី សំអុល តំណាងក្រុមកសិករដាំដំណាំល្ហុងចំនួន១១គ្រួសារ និងជាអ្នកផ្គត់ផ្គង និងនាំចេញល្ហុងទុំខ្មែរមកពីខេត្តបាត់ដំបង។ ការពិភាក្សានេះផ្តោតសំខាន់លើស្តីពីដំណើរការ និងនិតិវិធីនៃកាស្នើសុំចុះបញ្ជីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)។ ជាចុងបញ្ចប់នៃការពិភាក្សា តំណាងក្រុមកសិករបានថ្លែងអំណរគុណដល់ការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មដែលចែករំលែកព័ត៌មាន គាំទ្រ និងលើកទឹកចិត្តដល់ក្រុមកសិករក្នុងការអនុវត្ត និងស្នើសុំចុះបញ្ជីការអនុវត្តកសិកម្មល្អកម្ពុជា។
នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានដំណាំស្រូវ បានចុះពិនិត្យមើលការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យការស្តុកទុកដាក់គ្រាប់ពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅក្នុងស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅ។ នៅពេលចុះត្រួតពិនិត្យនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ណែនាំឱ្យស្ថានីយត្រូវរៀបចំកៀរពង្រាបដីស្រែឱ្យបានរាបស្មើល្អ ដោយសហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម ហើយត្រូវដាំដុះធ្វើបង្ហាញបច្ចេកទេសផលិតកម្មគ្រាប់ពូជ និងផលិតកម្មស្រូវចំណី សម្រាប់ផ្សព្វផ្សាយនិងផ្ទេរបច្ចេកទេសថ្មីៗដល់កសិករក្នុងតំបន់។ ចំពោះ ការស្តុកគ្រាប់ពូជស្រូវ ឯកឧត្តមបានស្នើឱ្យខាងស្ថានីយថែទាំ ឱ្យបានល្អសម្រាប់ទុកចែកជូនកសិករដែលងាយរងគ្រោះ ដើម្បីដាំដុះស្តារឡើងវិញនៅពេលជួបប្រទះនឹងគ្រោះធម្មជាតិនានា។ បន្ទាប់មក ឯកឧត្តមប្រតិភូ និងក្រុមការងារ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះពិនិត្យផលិតកម្មស្រូវដើមរដូវវស្សានៅក្នុងភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន និងការដាំដុះដំណាំបន្លែសុវត្ថភាព នៅក្នុងភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅពេលជួបជាមួយកសិករ ដាំដុះស្រូវ ឯកឧត្តមប្រតិភូបានជម្រាបជូនអំពីស្ថានភាពតម្រូវការ និងតម្លៃអង្ករនៅទីផ្សារក្នុងស្រុកនិងអន្តរជាតិកំពុងមានការកើនឡើង ខណៈពេលដែលជំងឺកូវីត១៩ កំពុងរីករាលដាលលើពិភពលោក។ ចំពោះកសិករដាំដុះដំណាំបន្លែ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាមក្នុងការផលិតដំណាំបន្លែសុវត្ថិភាពសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងអាចរកប្រាក់ចំណូលបន្ឲថែមសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងបានផ្តល់នូវអនុសាសន៍ណែនាំឱ្យកសិករជ្រើសរើសពូជមានគុណភាពល្អមកប្រើប្រាស់ ខិតខំសន្សំជីធម្មជាតិ និងទំនាក់ទំនងជាមួយអ្នកប្រមូលទិញដែលអាចចុះកិច្ចសន្យាទិញក្នុងតម្លៃខ្ពស់សមរម្យ ។
កាលពីពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ដោយមានកិច្ចសហការជាមួយមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីប្រឹក្សាទីផ្សារកម្មវិធី ASPIRE មន្រ្តីរបស់ការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៃនាយកដ្ឋានកាពារដំណាំ អនាម័យ និង ភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មបានចុះធ្វើអធិការកិច្ចចម្ការដើម្បីចុះបញ្ជីជាចម្ការនៃការអនុវត្តកសិកម្មល្អកម្ពុជារបស់កសិករក្នុងកម្មវិធី ASPIRE នៅក្នុងខេត្តគោលដៅទាំង១០ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ កំពត តាកែវ សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ។ លទ្ធផលនៃការចុះធ្វើអធិការកិច្ចលើចម្ការចំនួន២៥ នៅក្នុងខេត្តគោលដៅទាំង១០ ក្រុមការងារបានសង្កេតឃើញថាម្ចាស់ចម្ការត្រូវធ្វើការកែលម្អនូវរាល់ចំនុចខ្វះខាតមួយចំនួនតាមការណែនាំរបស់ក្រុមការងារអធិការកិច្ច ចម្ការទាំងនេះនឹងអាចដាក់ស្នើរសុំចុះបញ្ជីជាចម្ការនៃការអនុវត្តកសិកម្មល្អកម្ពុជាបាន។
របាយការណ៍សង្ខេបស្តីពីដំណើរការនៃការអនុវត្តកសិកម្មល្អកម្ពុជា
ថ្ងៃអង្គារ-ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២០
ការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម របស់នាយកដ្ឋានកាពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយចម្ការវិស្ណុ (Visnuth Farm) សម្របសម្រួលដោយ លោក លន់ វន្នី អនុប្រធានការិយាល័យលើកម្ពស់គុណភាព និងសុវត្ថភាពផលិតផលកសិកម្ម និងលោក សូវ ស៊ីណេន មន្ត្រីការិយាល័យលើកម្ពស់គុណភាព និងសុវត្ថភាពផលិតផលកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ទៅដល់បុគ្គលិក និងកម្មករចំនួន១៣នាក់ ក្នុងនោះស្រី្ត០៣នាក់។
លទ្ធផលក្រោយវគ្គបណ្តុះបណ្តាល និងទស្សនៈកិច្ចសិក្សាក្នុងរយៈពេល០៣ថ្ងៃ បានបង្ហាញថា សិក្ខាកាមទាំងអស់បានយល់ដឹងពីការអនុវត្តកសិកម្មល្អរបស់កម្ពុជា និងអាស៊ាន រួមមានការងារគ្រប់គ្រងក្នុងការដំាដុះ ការលាងសម្អាត ការលើកដាក់ ការវេចខ្ចប់ និងការដឹកជញ្ជូនជាដើម។ល។ ការងារផ្គត់ផ្គង់ផលិតផលលើទីផ្សារជាការងារសំខាន់ ដែលសិក្ខាកាមចាំបាច់ត្រូវចេះកំណត់ និងវាយតម្លៃពីសក្តានុពលនៃគ្រោះថ្នាក់ ដោយផ្តោតសំខាន់លើសុវត្ថិភាពចំណីអាហារ គុណភាពផលិតផល ការគ្រប់គ្រងបរិស្ថាន សុខសុវត្ថិភាព និងសុខមាលភាពកម្មករខ្លួនឯងផ្ទាល់ និងប្រភពដែលបង្កគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកប្រើប្រាស់ ដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ។ ក្នុងនាមជាមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម សូមលើកទឹកចិត្ត និងជម្រុញឱ្យម្ចាស់ចម្ការវិស្ណុ (Visnuth Farm) ដាក់ពាក្យស្នើសុំចុះបញ្ចីជាចម្ការការអនុវត្តកសិកម្មល្អកម្ពុជានៅអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីកែតម្រូវតាមគោលការណ៍ទាំងឡាយរបស់ការអនុវត្តកសិកម្មល្អកម្ពុជា។
នៅអគ្គនាយកដ្ឋានកសិកម្ម កាលពីព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំប្រចាំខែ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងប្រធានអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈម និងរួមគ្នាដោះស្រាយដើម្បីពង្រឹងគុណភាពការងាររបស់អង្គភាពក្រោមឱវាទ ក៏ដូចជាអគ្គនាយកដ្ឋានកសិកម្ម។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកឌិន នរិន្ទ អនុប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក សូវ ស៊ីណេន និងលោក ត្រាយ ប៊ុនថន មន្រ្តីការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចុះសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ក្រោមការគ្រាំទ្រពីគម្រោង ASPIRE ដើម្បីត្រួតពិនិត្យវាយតម្លៃចំការស្តីពីការអនុវត្តកសិកម្មល្អកម្ពុជាCamGAP។
នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានទទួលសម្ភារប រិក្ខាវេជ្ជសាស្ត្រពីសម្ព័ន្ធក្រុមហ៊ុន ហ័ងអាញ យ៉ាឡៃ គ្រុប (HAGL Group) ប្រចាំកម្ពុជា ដែលធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ សម្ភារបរិក្ខារវេជ្ជសាស្ត្រទាំងនេះ រួមមាន៖ ម៉ាសចំនួន ១៥០ ០០០ម៉ាស ទឹកលាងដៃកម្ចាត់មេរោគចំនួន ៣ ៥០០ដប ស្រោមដៃពេទ្យចំនួន ៣៥ ០០០គូ និងឯកសណ្ឋានការពារជំងឺចំនួន ២ ០០០កំប្លេរ ដែលសម្ភារទាំងនោះមានតម្លៃសរុបចំនួនប្រមាណ ៥០ ០០០ដុល្លារអាមេរិក។ សម្ភារទាំងនេះគឺជាការចូលរួមចំណែករបស់សម្ព័ន្ធក្រុមហ៊ុនខាងលើជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺផ្លូវ ដង្ហើមកូវីឌ១៩ (Covid-19)៕
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យបានចាត់បញ្ជូនក្រុមការងារសវនកម្ម និងវាយតម្លៃចម្ការទៅបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ ដើម្បីធ្វើសវនកម្ម និងវាយតម្លៃចម្ការក្រុមហ៊ុន Hyundai Legacy Cambodia ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីជាចម្ការការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដែលមានអាសយដ្ឋាននៅភូមិបឹងកេតលើ និងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមាសភាពក្រុមការងាររួមមាន៖
១. លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាព ផលិតផលកសិកម្ម
២. លោក លន់ វន្នី អនុប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាព ផលិតផលកសិកម្ម
៣. លោក ត្រាយ ប៊ុនថន មន្រ្តីការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាព ផលិតផលកសិកម្ម
៤. លោក សូវ ស៊ីណេន មន្រ្តីការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាព ផលិតផលកសិកម្ម
៥. បុគ្គលិករបស់ក្រុមហ៊ុន Hyundai Legacy Cambodia។
ក្រុមការងារបានសហការយ៉ាងល្អក្នុងការធ្វើសវនកម្ម និងវាយតម្លៃចម្ការដូចជា កន្លែងលាងសម្អាត ការវេចខ្ចប់ចេក និងផ្អែកតាមលទ្ធផលត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងទៅលើចម្ការរបស់ក្រុមហ៊ុនខាងលើ សង្កេតឃើញថា:
- អ្នកគ្រប់គ្រងចម្ការបានកត់ត្រា និងរក្សាទុកនូវឯកសារស្តីពីប្រវត្តិនៃការប្រើប្រាស់សារធាតុគីមី (ជី និងថ្នាំ ពុល កសិកម្ម) ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបានត្រឹមត្រូវ
- អ្នកគ្រប់គ្រងចម្ការ និងបុគ្គលិកទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្ម ជីគីមី និង សម្ភារៈ កសិកម្មផ្សេងៗ និងមានបទពិសោធន៍ទាក់ទងនឹងផលិតកម្ម និងខ្សែច្រវាក់ផលិតកម្មនាំចេញស្វាយ
- ការគ្រប់គ្រង និងប្រើប្រាស់ជីសរីរាង្គ និងគីមីនៅក្នុងចម្ការទាំងមូលត្រូវបានគ្រប់គ្រងដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ ដើម្បីធានាសុវត្តិភាព និងកម្រិតស្តង់ដារនៃការប្រើប្រាស់
- ពូជស្វាយមាន ប្រភពច្បាស់លាស់ដោយមានលិខិតបញ្ជាក់ប្រភេទពូជ និងក្រុមហ៊ុនផលិតត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេសណែនាំ
- ចម្ការដែលស្នើរចុះបញ្ជីត្រូវបានបែងចែកប្លង់ច្បាស់លាស់ និងមានកិច្ចសន្យាត្រឹមត្រូវស្របតាមច្បាប់កំណត់
- ចម្ការបានរៀបចំដំឡើងប្រព័ន្ធធារាសាស្រ្តសម្រាប់ស្រោចស្រប មានប្រភពទឹកគ្រប់គ្រាន់
- ទឹកស្រោចស្របត្រូវាបានយកទៅវិភាគស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវមុននឹងប្រើប្រាស់ក្នុងចម្ការ
- កន្លែងរក្សាទុកសម្ភារៈកសិកម្ម និងធាតុចូលកសិកម្មត្រូវបានរៀបចំដាច់ដោយឡែកពីទីតាំងចម្ការដែលអាចការពារដំណាំពីការប៉ះពាល់សារធាតុគីមី
- ផ្លែស្វាយត្រូវបានការពារពីកត្តាចង្រៃផ្សេងៗ ឬពីហានិភ័យនៃសរីរាង្គផ្សេងៗដោយប្រើក្រដាសច្រកផ្លែ
- ទីតាំងចម្ការមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ និងនៅដាច់ដោយឡែកពីចម្ការផ្សេងទៀត
- ម្ចាស់ចម្ការបានទទួលការបណ្តុះបណ្តាល និងមានការយល់ដឹងច្រើនអំពីការអនុវត្តកសិកម្មល្អកម្ពុជា
- ក្រុមហ៊ុនបានរៀបចំទីកន្លែងប្រមូលផលរក្សាទុក និងវេចខ្ចប់ស្របតាមស្តង់ដារបច្ចេកទេស ដូចជា
មានហេដ្ឋារចនាសម្ព័ន្ធល្អ ទីកន្លែងលាងសំអាត វេចខ្ចប់ និងរក្សាទុកស្វាយក្រោយប្រមូលផលត្រូវបានរៀបចំឡើងដាច់ ទឹកប្រើប្រាស់ស្អាតដែលបានវិភាគគុណភាពត្រឹមត្រូវដើម្បីធានាគុណភាព និងសុវត្តិភាព បុគ្គលិកទទួលបានការបណ្តុះបណ្តាល សម្ភារៈប្រើប្រាស់សម្រាប់ការរក្សាទុក វេចខ្ចប់ និងកែច្នៃមានអនាម័យល្អ និងមិនមានប្រើសារធាតុគីមីដែលហាមឃាត់ ឬអាចប៉ះពាល់ដល់ការសុវត្តិភាព និងគុណភាពផលិតផល។
នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានពូជដំណាំ និងសហការី បានទទួលជួបលោក Edo Lin ស្ថិតក្នុងតួនាទីជា Milling and Export Manager នៃកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)។ កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីលទ្ធភាពរបស់ CAVAC ក្នុងការជួយឧបត្ថម្ភគាំទ្រដល់នាយកដ្ឋានពូជដំណាំ ដែលជានាយកដ្ឋានមួយទើបតែបង្កើតថ្មីរបស់អគ្គនាយកដ្ឋានកសិកម្ម។ នៅក្នុងជំនួបនោះ ឯកឧត្តមប្រតិភូ បានបញ្ជាក់ជូនតំណាង CAVAC អំពីតួនាទី និងការទទួលខុសត្រូវរបស់នាយកដ្ឋានពូជដំណាំ ដោយក្នុងនោះ មានការងារមួយចំនួនធ្លាប់នៅក្រោមការទទួលខុសត្រូវរបស់នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ។ នៅក្នុងកិច្ច ប្រជុំនេះ តាមការបញ្ជាក់របស់លោក Edo Lin កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) នឹងជួយផ្តល់ថវិកាដើម្បីរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរបស់នាយកដ្ឋានពូជដំណាំលើការងារវិញ្ញាបនកម្មគ្រាប់ពូជ (Seed Certification) ប៉ុន្តែអគ្គនាយកដ្ឋានកសិកម្មត្រូវរៀបចំឯកសារទស្សនទាន និងគម្រោងស្នើសុំថវិកា ហើយត្រូវផ្ញើទៅ CAVAC ជាមុនសិន។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមប្រតិភូ បានសុំឱ្យ CAVAC ជួយឧបត្ថម្ភថវិកាលើការរៀបចំសិក្ខាសាលាស្តីពី ប្រព័ន្ធស្វ័យប្រកាសគុណភាពគ្រាប់ពូជដំណាំ (Quality Declared Seed System) ដោយមានការចូលរួមពីនាយកដ្ឋានពូជដំណាំ កសិករ សហគមន៍កសិកម្ម អាជីវករលក់ដូរគ្រាប់ពូជ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងនាយកដ្ឋាននីតិកម្មកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានសុំឱ្យ CAVAC ជួយឧបត្ថម្ភជាថវិកា ក្នុងការរៀបចំ Data Base សម្រាប់រក្សាទុកទិន្នន័យពូជដំណាំថ្មីដែលបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) មកដល់អគ្គនាយកដ្ឋានកសិកម្ម ដើម្បីបញ្ចូលពូជដំណាំទាំងនេះទៅក្នុងបញ្ជីពូជដំណាំជាតិ និងបានស្នើសុំការជួយជ្រោមជ្រែងពី CAVAC ក្នុងការរៀបចំ Seed Catalogue។ ជាការឆ្លើយតប តំណាង CAVAC ទទួលយកសំណើដែលបានលើកឡើងខាងលើ និងបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម ជាពិសេស នាយកដ្ឋានពូជដំណាំ រៀបចំឯកសារទស្សនទាន និងគម្រោងស្នើសុំថវិកា រួចផ្ញើមក CAVAC ដើម្បីពិនិត្យលទ្ធភាពជួយឧបត្ថម្ភគាំទ្រដល់ការងារនេះ។
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម និងអង្គភាពជំនាញ បានទទួលជួបពិភាក្សា ការងារជាមួយលោក Frank Jattke, ASEAN Team Leader of ASEAN Regional Economic Integration Program និងសហការីដែលអញ្ជើញមកពីអង្គការ GIZ។ គោលបំណងនៃ ជំនួបខាងលើគឺដើម្បីផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការ ជាមួយអគ្គនាយកដ្ឋានកសិកម្មសំដៅគាំទ្រដល់ការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម និងសិក្សាអំពីចំណុចអាទិភាពនានាដែល អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងអនុវត្តពាក់ព័ន្ធនឹងពាណិជ្ជកម្ម/ការនាំចេញផលិតផលកសិកម្ម និងស្តង់ដារសុវត្ថិភាពអាហារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍ចំពោះលោក Frank Jattke និងសហការីដែលអញ្ជើញមកពីអង្គការ GIZ និងកិច្ចសហប្រតិបត្តិការល្អជាមួយអគ្គនាយកដ្ឋានកសិកម្មនាពេលកន្លងមក តាមរយៈកិច្ចសហការលើគម្រោងនានា ជាអាទិ៍ គម្រោង Support of Regional Economic Cooperation in Asia (SRECA Project)។ បន្ទាប់មក លោក Frank Jattke បានបកស្រាយដោយសង្ខេបអំពីកម្មវត្ថុនៃកិច្ចប្រជុំនេះ និងបាន លើកឡើងអំពីគម្រោង SRECA Project ដែលទើបបានចាប់ផ្តើម អនុវត្តនាពេលថ្មីៗនេះ និងគម្រោង Promotion of Sustainable Agricultural Value Chain in ASEAN (ASEAN AgriTrade Project) ដែលទើបនឹងផ្តួចផ្តើមបង្កើត ឡើង។ ដោយសារគម្រោង ASEAN AgriTrade Project ពាក់ព័ន្ធនឹងការអនុវត្តកសិកម្មល្អ (GAP) និងអនាម័យនិងភូតគាម អនាម័យ (SPS) ឯកឧត្តមប្រតិភូ បានស្នើនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ សហការជាមួយអង្គការ GIZ ដើម្បី ពិភាក្សាលម្អិតអំពីផែនការសកម្មភាព ទំហំការងារ ទំហំថវិកា និងការ ចាត់មន្ត្រីរបស់នាយកដ្ឋានធ្វើជាមន្ត្រីបង្គោលសម្រាប់ទំនាក់ទំនង និងសហការអនុវត្តការងារជាមួយអង្គការ GIZ នៅក្នុងគម្រោងនេះ។
នាថ្ងៃ អង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភដោយគម្រោងជំរុញផលិតកម្មស្បៀង បានរៀបចំពិធីចុះបញ្ជីចម្ការ និងការបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP Farm and Logo) ជូនដល់កសិករដែលបានជាប់ក្នុងការវាយតម្លៃចំនួន០៧ចម្ការ នៅសាលាក្រុងសួង ក្រោមអធិបតីភាព៖
១.ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ
២.លោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម
៣.លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
៤. លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម
៥.លោកស្រី ទុយ សុខខេង តំណាងគម្រោងជំរុញផលិតកម្មស្បៀងនៃអគ្គនាយកដ្ឋានកសិកម្ម និង មានការចូលរួមពីមន្រ្តីនៃនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាអនាម័យ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ផ្សារលក់បន្លែធម្មជាតិ (មាសបៃតង) សហគមន៍កសិកម្ម និងកសិករ សរុបប្រមាណ១០០រូប។
នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបលោកបណ្ឌិត Yurdi តំណាង IRRI ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងជំនួបនេះ ឯកឧត្តមប្រតិភូបានកោតសរសើរចំពោះសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហការយ៉ាងជិតស្និទរវាងអគ្គនាយកដ្ឋានកសិកម្ម និង IRRI។ បន្ថែមលើនេះ ឯកឧត្តមប្រតិភូបានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្មនៅតែត្រូវការការជួយគាំទ្រពី IRRIក្នុងការអភិវឌ្ឍវិស័យស្រូវនិងពិពិធកម្មដំណាំដែលមានស្រូវជាមូលដ្ឋាន ដោយសំណូមពរឱ្យ IRRI បន្តជួយលើការធ្វើពិពិធកម្មដំណាំ ការធ្វើទំនើបកម្មកសិកម្ម ការបង្កើតស្តង់ដាវាយតម្លៃប្រភេទស្រូវ ការធ្វើផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការ សិក្សាទៅលើការផ្លាស់ប្តូរនៃការដាំដុះដំណាំស្រូវ។ ជាការឆ្លើយតប លោកបណ្ឌិត Yurdi បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានកសិកម្ម ដែលបានគាំទ្រសកម្មភាពរបស់ IRRI នៅកម្ពុជា ហើយសន្យានឹងយករាល់ចំណុចដែលឯកឧត្តមប្រតិភូបានលើកឡើងទៅបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ៤ឆ្នាំរបស់ IRRI នៅកម្ពុជា។
ថ្ងៃសៅរ៍-ចន្ទ ៧-៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥-១៧ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិននៅសហគមន៍គមន៍កសិកម្មពន្លឺថ្មីពេជ្រចន្តា ឃុំពេជចិន្តា ស្រុកភ្នំព្រឹករយ:ពេលចំនួន០៣ថ្ងៃ ដល់សិក្ខាកាមចូលរួមសរុបចំនួន៣៧នាក់ ក្នុងនោះស្រ្តី៣នាក់។ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានប្រារព្វឡើង ក្រោមអធិបតីភាព លោក ឡេង ចាន់ថន អភិបាលរង និងជាគណៈអភិបាលស្រុករតនមណ្ឌល ក្រោមកិច្ចសហការរវាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងឧបត្ថម្ភថវិកាដោយគម្រោង Harvest 2 ដែលសម្របសម្រួលដោយ លោក លន់ វន្នី អនុប្រធានការិយាល័យលើកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក សូវ ស៊ីណេន មន្ត្រីការិយាល័យលើកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក ក តុងសេង ប្រធានប្រចាំបាត់ដំបង និងជាអ្នកសម្របសម្រួលទីផ្សារ និងជាតំណាងរបស់គម្រោង Harvest 2។ គោលបំណងនៃវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិនគឺ (១) សិក្ខាកាមអាចទទួលបានចំណេះដឹងពីការអនុវត្តកសិកម្មល្អរបស់កម្ពុជា និងអាស៊ាន រួមមាន បច្ចេកទេសដំាដុះ ការលាងសម្អាត ការវេចខ្ចប់ និងដឹកជញ្ជូន។ល។ (២) សិក្ខាកាមអាចកំណត់ និងវាយតម្លៃពីសក្កដានុពលនៃគ្រោះថ្នាក់សុវត្ថិភាពចំណីអាហារ គុណភាពផលិតផល ការគ្រប់គ្រងបរិស្ថាន សុខសុវត្ថិភាព និងសុខមាលភាពកម្មករ ដែលបណ្តាលមកពីប្រភពដែលបង្កគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកប្រើប្រាស់ ដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ និង(៣) សិក្ខាកាមអាចយកចំណេះដឹងទៅអនុវត្តផ្ទាល់នៅចម្ការមៀនរបស់ពួកគាត់ និងចែករំលែកចំណេះដឹងទាំងនេះទៅកសិករដ៏ទៃទៀត ដែលធ្វើយ៉ាងណាឱ្យផលិតផលមៀនប៉ៃលិន ស្វាយកែវរមៀត បន្លែ និងផ្លែឈើស្រស់នាំចេញពីចម្ការធានាបាននូវគុណភាព និងសុវត្ថិភាព ជាពិសេសមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសទាំងនៅក្នុងតំបន់។
ថ្ងៃពុធ-សុក្រ ៤-៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២-១៤ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិននៅសហគមន៍គមន៍កសិកម្មពន្លឺថ្មីពេជ្រចន្តា ឃុំពេជចិន្តា ស្រុកភ្នំព្រឹករយ:ពេលចំនួន០៣ថ្ងៃ ដល់សិក្ខាកាមចូលរួមសរុបចំនួន១៥២នាក់ ក្នុងនោះស្រ្តី២៥នាក់។ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានប្រារព្វឡើង ក្រោមអធិបតីភាព លោកស្រី មួន គីរី អភិបាលរងស្រុកភ្នំព្រឹក ក្រោមកិច្ចសហការរវាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងឧបត្ថម្ភថវិកាដោយគម្រោង Harvest 2 ដែលសម្របសម្រួលដោយ លោក លន់ វន្នី អនុប្រធានការិយាល័យលើកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក សូវ ស៊ីណេន មន្ត្រីការិយាល័យលើកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក ក តុងសេង ប្រធានប្រចាំបាត់ដំបង និងជាអ្នកសម្របសម្រួលទីផ្សារ និងជាតំណាងរបស់គម្រោង Harvest 2។ គោលបំណងនៃវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិនគឺ (១) សិក្ខាកាមអាចទទួលបានចំណេះដឹងពីការអនុវត្តកសិកម្មល្អរបស់កម្ពុជា និងអាស៊ាន រួមមាន បច្ចេកទេសដំាដុះ ការលាងសម្អាត ការវេចខ្ចប់ និងដឹកជញ្ជូន។ល។ (២) សិក្ខាកាមអាចកំណត់ និងវាយតម្លៃពីសក្កដានុពលនៃគ្រោះថ្នាក់សុវត្ថិភាពចំណីអាហារ គុណភាពផលិតផល ការគ្រប់គ្រងបរិស្ថាន សុខសុវត្ថិភាព និងសុខមាលភាពកម្មករ ដែលបណ្តាលមកពីប្រភពដែលបង្កគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកប្រើប្រាស់ គឺធ្វើយ៉ាងណាដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ និង(៣) សិក្ខាកាមអាចយកចំណេះដឹងទៅអនុវត្តផ្ទាល់នៅចម្ការមៀនរបស់ពួកគាត់ និងចែករំលែកចំណេះដឹងទាំងនេះទៅកសិករដ៏ទៃទៀត ដែលធ្វើយ៉ាងណាឱ្យផលិតផលមៀនប៉ៃលិន បន្លែ និងផ្លែឈើស្រស់នាំចេញពីចម្ការធានាបាននូវគុណភាព និងសុវត្ថិភាព ជាពិសេសមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសទាំងនៅក្នុងតំបន់។
ថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋាន រដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការវាយតម្លៃការងារបង្កបង្កើនផលដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្មរយៈពេលខ្លីឆ្នាំ២០១៩-២០២០ និងការលើកផែនការឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំជាច្រើនរូបទៀត និងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធពីបណ្តាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើលទ្ធផលបឋមការងារបង្កបង្កើនផលដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរយៈពេលខ្លីឆ្នាំ២០១៩-២០២០ និងការលើកផែនការសម្រាប់ឆ្នាំ២០២០-២០២១។
នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំរៀបចំផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ នៅអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំខាងលើបានផ្ដោតសំខាន់លើចំណុចកែសម្រួលមួយចំនួន ដែលលទទួលបានពីកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាត្រីវិស័យដ៏សំខាន់សម្រាប់រៀបចំផែនការមេវិស័យដំណាំឆ្នាំ២០៣០ប្រកបដោយខ្លឹមសារល្អប្រសើរ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រតិភូ និងអង្គប្រជុំបានសម្រេចឱ្យក្រុមការងារត្រូវយកចិត្តទុកពន្លឿនការកសាងផែនការមេនេះទៅតាមអង្គភាពជំនាញក្រោមឱបាទ ដើម្បីឱ្យទាន់ពេលវេលា និងត្រូវពិនិត្យបន្ស៊ីគ្នាជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យដំណាំរយៈពេល៥ឆ្នាំ របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបានរៀបចំចប់ជាស្ថាពរ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមប្រធាន បានលើកយកមកពិភាក្សាជាមួយផែនការរៀបចំសន្និបាតបូកសរុបការងាររបស់អគ្គនាយកដ្ឋានកសិកម្ម និងការពិនិត្យវឌ្ឍនភាពនៃការរៀបចំរបាយការណ៍សង្ខេបស្ដីពីសមិទ្ធិផលនានា ដែលត្រូវផ្ញើជូនក្រសួងើម្បីរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខនេះ។
ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ រដ្ឋបាលជលផលបានរៀបចំពិធីបិទកិច្ច ប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលជលផល អង្គភាពក្រោមឱវាទ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលជលផលទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដោយឡែក កិច្ចប្រជុំបូកសរុបការងាររយៈពេលពីរថ្ងៃនេះ គឺជាឱកាសម្រាប់ឱ្យយើងទាំងអស់គ្នាពិភាក្សាយ៉ាងផុលផុស ចែករំលែក ដកស្រង់បទ ពិសោធន៍ មេរៀនល្អៗ កំណត់បាននូវចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗសម្រាប់អនុវត្តបន្តដើម្បីជាចលករជំរុញវិស័យមួយនេះឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ និងជាពិសេសឆ្លើយតបទៅនឹងផែនការអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣។ ស្តែងចេញពីសមិទ្ធផលនេះ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ គាំទ្រ និងជួយឧបត្ថម្ភពីក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បណ្តាប្រទេសជាមិត្ត ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រ ទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកំលាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះមានការវិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។
តាមរយៈរបាយការណ៍របស់ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ ការងារអនុវត្ត និងផ្សព្វផ្សាយច្បាប់ បច្ចេកទេស ការងារស្រាវជ្រាវ អភិរក្ស សហគមន៍ ផលនេសាទទឹកសាប សមុទ្រ និងវារីវប្បកម្ម បញ្ហាប្រឈម បទល្មើស និងសំណូមពរ។ល។ យោងលើសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញសុទិដ្ឋិនិយមថានេះគឺបានមកពីការខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ស្មារតីទទួលខុសត្រូវរបស់ឯកឧត្តម លោក លោកស្រី នាងកញ្ញាទាំងអស់នាឆ្នាំកន្លងមក ហើយលោកសង្ឃឹម និងជឿជាក់ថាឆ្នាំ២០២០ រដ្ឋបាលជលផលនឹងខិតខំបំពេញភារកិច្ចទ្វេរឡើង ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ឈានឆ្ពោះទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា ការគ្រប់គ្រងធនធានមច្ឆជាតិឱ្យមាននិរន្ដរភាព គឺជាកិច្ចការមួយដែលមានលក្ខណៈលំបាកស្មុគស្មាញ ដោយ ហេតុថាការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភូមិសាស្រ្តទឹក ដី ចំនួនប្រជាជនមានការកើនឡើង សេចក្តីត្រូវការផលចាប់កើនឡើងខ្ពស់ សមត្ថភាពនៃការគ្រប់គ្រង ការការពារ ការស្រាវជ្រាវវិទ្យា សាស្រ្ត ការបង្រ្កាបបទល្មើស ការទន្ទ្រានយកព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ ធនធានមនុស្ស ហិរញ្ញវត្ថុ កិច្ចសហការ ការងារអភិរក្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅមានកម្រិត។ ហេតុដូច្នេះហើយ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជូនឯកឧត្តមថ្នាក់ ដឹកនាំ មន្រ្តីក្រោមឱវាទគ្រប់ជាន់ថ្នាក់ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តការងារបន្តដែលពាក់ព័ន្ធជាអាទិ៍ ៖ ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈ ការបង្កើនសមត្ថភាពបច្ចេកទេសវារីវប្បកម្ម ពង្រីកការចិញ្ចឹមត្រីពូជក្នុងបឹង ស្រះ ក្នុងស្រែ បង្កើតយន្តការបង្ការ ទប់ស្កាត់ ការបង្រ្កាបបទល្មើស និងការទន្ទ្រានកាន់កាប់ព្រៃលិចទឹកជាកម្មសិទ្ធិ ខិតខំពង្រឹង ពង្រីកសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍នេសាទ យកចិត្តទុកដាក់គ្រប់គ្រង ការពារតំបន់អភិរក្សឱ្យបានគង់វង្ស លើកទឹកចិត្ដដល់ផ្នែកឯកជនក្នុងការវិនិយោគលើវិស័យវារីវប្បកម្ម លើកកម្ពស់សមត្ថភាពមន្ទីរ ពិសោធន៍ ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត រៀបចំយុទ្ធសាស្ត្របន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធានាការគ្រប់គ្រង ការការពារប្រកបដោយប្រសិទ្ធភាពខ្ពស់ បន្តចុះបញ្ជិដីសាធារណ:របស់រដ្ឋចៀសវាងការបាត់បង់ ពង្រឹង និងពង្រីកកិច្ច សហការឱ្យបានកាន់តែប្រសើរជាមួយភាគីពាក់ព័ន្ធទាំងអស់។ល។
ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានរំឭកជូនអង្គពិធីថា ដោយសារសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កើតឱកាសសម្រាប់យើងគ្រប់គ្នាដើម្បីធ្វើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូច្នេះ យើងគ្រប់ៗត្រូវតែចូលរួមថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្សតរៀងទៅ ។
កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តថវិកាកម្មវិធី និងគម្រោងដៃគូអភិវឌ្ឍន៍ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមដោយប្រធាន អនុប្រធាននាយកដ្ឋាន មន្ទីរពិសោធន៍ជាតិកសិម្ម និងប្រធាន អនុប្រធានការិយាល័យ ក៏ដូជជាមន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទ និងដៃគូពាក់ព័ន្ធ សរុបចំនួន៤០នាក់។ កិច្ចប្រជុំខាងលើនេ មានគោលបំណង (១) បង្ហាញអំពីសមិទ្ធិផលការងារសម្រេចបានក្នុងឆ្នាំ២០១៩ និងបញ្ហាប្រឈម និង(២) កំណត់នូវទិសដៅ និងយុទ្ធសាស្រ្តសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ ជាលទ្ធផលសង្កេតឃើញថា កិច្ចប្រជុំខាងលើបានដំណើរការល្អ ដោយនាយកដ្ឋាននីមួយៗ បានធ្វើបង្ហាញស្ដីពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការអនុវត្តបន្តឆ្នាំ២០២០ខាងមុខ។ ជាមួយគ្នានោះ បទបង្ហាញរបស់អង្គភាពជំនាញនីមួយៗ មានកិច្ចពិភាក្សា និងសំនួរចម្លើយជាច្រើនពាក់ព័ន្ធលទ្ធផល និងផែនការបន្ត ដែលត្រូវខិតខំយកចិត្តទុកដាក់អនុវត្តក្នុងឆ្នាំ២០២០ខាងមុខ ដើម្បីសម្រចបានសូចនាករសំខាន់ដែលមានក្នុងផែនការប្រចាំ និងបន្តគាំទ្រផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបប្រកាសឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលថ្មីៗនេះ ។ ជារួមអាចវាយតម្លៃបានថា អង្គភាពទាំងអស់បានអនុវត្តថវិកាកម្មវិធីសម្រចបានជោគជ័យល្អប្រសើរតាមគ្រោងទុក បើទោះជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។
ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិធានការអនាម័យ និងភូតគាមអនាម័យ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក អោម ពេជ្រ អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ សហគមន៍កសិកម្ម និងវិស័យឯកជនពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ សរុបចំនួន ៣២រូប ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីវិធានការ និងតម្រូវការចាំបាច់សម្រាប់ការនាំចេញអង្ករទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតដល់មន្រ្តីជំនាញ សមាជិកសហគមន៍កសិកម្ម និងវិស័យឯកជនដែលធ្វើការពាក់ព័ន្ធនឹងវិស័យស្រូវ-អង្ករ។
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីប្រព័ន្ធគ្រប់គ្រងនិងបញ្ជាក់គុណភាពពូជដំណាំ (QDS) នៅកម្ពុជា ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៥៩នាក់ អញ្ជើញមកពីគម្រោង CAVAC, Rice-SDP, IRRI, JICA និងមន្ទីរកសិកម្មខេត្តចំនួន៨គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង តាកែវ កំពង់ធំ និងខេត្តសៀមរាប។ ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តមប្រតិភូ បានបញ្ជាក់ថានៅក្នុងវិស័យកសិកម្ម យើងតែងមានការយល់ច្រលំក្នុងការប្រើប្រាស់ពាក្យថាប្រភេទពូជ (Variety) និងពូជដំណាំ (Seed) ដូច្នេះសូមឱ្យមានការប្រើប្រាស់ពាក្យនេះឱ្យបានត្រឹមត្រូវចៀសវាងការភ័ន្តច្រឡំ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្រព័ន្ធ QDS ជាប្រព័ន្ធមួយថ្មីសម្រាប់កម្ពុជា ហើយសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងក្លាយជាគ្រូនៅពេលខាងមុខ ដូច្នេះសិក្ខាកាមទាំងអស់ត្រូវខិតខំស្រូបយកចំណេះដឹងថ្មីមួយនេះ ដើម្បីយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ក្នុងគោលបំណងជំរុញការប្រើប្រាស់គ្រាប់ពូជសុទ្ធ មានគុណភាពល្អ៕
នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានទទួលជួបប្រតិភូក្រុមការងារ CATAS ដែលបានដឹកនាំដោយ Dr. Wang Xiangshe , First Secretary (Agriculture Attache) នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា នៅអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចពិភាក្សាខាងលើ បានផ្ដោតសំខាន់លើៈ
១.ការសិក្សាស្រាវជ្រាវផលិតកម្មដង្កូវនាង
២. ការផ្ទុះដង្កូវហ្វូង (Fall army warm)
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រតិភូ បានគូរបញ្ជាក់ជូនប្រតិភូក្រុមការងារ CATAS ថា ប្រទេសកម្ពុជា ដោយបានសហការជាមួយ KOPIA នៃប្រទេសកូរ៉េ បានធ្វើការសិក្សាស្រាវជ្រាវ ដោយដាំពិសោធន៍សាកល្បង និងចិញ្ជឹមដង្កូវនាងនៅស្ថានីយបន្ទាយដែក។ នៅមន្ទីរពិសោធន៍ជាតិកសិកម្ម គម្រោងបានធ្វើការបង្កាត់ពូជដង្កូវថ្មីមួយប្រភេទគឺ CK174 ហើយសព្វថ្ងៃនេះ កំពុងចិញ្ចឹមសាកល្បង តាមរយៈពេលផ្ដល់ជូនកសិករនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធការផ្ទុះឡើងដង្កូវហ្វូង ក្នុងប្រទេសកម្ពុជា បានបំផ្លាញដំណាំប្រមាណជាង ១០០ ០០០ហិកតា ដែលដំណាំរងផលប៉ះពាលខ្លាំងគឺដំណាំពោត។ តែដោយសំណាងល្អ កាវាយប្រហាររបស់ដង្កូវហ្វូងខាងលើតែក្នុងរយៈពេលខ្លី ហើយដោយការអន្តរគមន៍ទាន់ពេលវេលារបស់អង្គភាពជំនាញ ស្ថានភាពត្រូវបានគ្រប់គ្រងបាន តាមរយៈការប្រើប្រាស់វិធាននានាដូចជា ប្រើអន្ទាក់ភ្លើង និងអន្ទាក់ហ្វេរ៉ាមូន រួចបាញ់សម្លាប់ដោយថ្នាំពុលកសិកម្ម។
ជាចុងក្រោយឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណក្រុមការងារ CATAS ដែលបានទស្សនកិច្ចអគ្គនាយកដ្ឋានកសិម្ម និងសម្ដែងកិច្ចសហការស្រាវជ្រាវលើការចិញ្ចឹមដង្កូវនាង និងវិធានការគ្រប់គ្រងកត្តាចង្រៃលើដំណាំ ក៏ដូចជាឆ្លើយតបនឹងការអញ្ជើញរបស់ក្រុមការងារ CATAS សម្រាប់ប្រតិភូកម្ពុជាទៅទស្សនកិច្ចប្រទេសចិនពាក់ព័ន្ធការងារខាងលើ។
ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី សំណង់ចុងក្រោយនៃរចនាបថទំនើបផ្ទះអភិរក្សត្រចៀកកាំសម្រាប់អ្នកមានចំណូលមធ្យម ដោយមានសិក្ខាកាមចូលរួមប្រមាណជា៨០នាក់ ដែលជាអ្នកចិញ្ចឹមត្រចៀកកាំមកពីបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងិន ឆាយ បានមានមតិផ្តាំផ្ញើរទៅដល់សិក្ខាកាមដែលអញ្ជើញចូលរួម ឱ្យខិតខំធ្វើយ៉ាងណារៀបចំផ្ទះត្រចៀកកាំឱ្យបានស្អាត មានរបៀបរៀបរយ និងមានអនាម័យ ស្របតាមស្តង់ដារដើម្បីត្រៀមលក្ខណៈក្នុងវាយតម្លៃដើម្បីនាំចេញផលិតផលត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិននៅពេលដ៏ខ្លីខាងមុខ។