សិក្ខាសាលាថ្នាក់តំបន់ស្តីពីការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ក្រោមក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ FAO-China South-South

ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៣ 6444


ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រៀបចំជាសិក្ខាសាលាថ្នាក់តំបន់ស្តីពីការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ក្រោមក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ FAO-China South-South ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ទីប្រឹក្សាជាន់ខ្ពស់នៃអគ្គនាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងជាអគ្គនាយកនៃផលិតកម្មដំណាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លេខាធិការនៃលេខាធិការដ្ឋាន IPPC និងមានការចូលរួមពីជំនាញការនៃប្រទេសក្នុងតំបន់អាស៊ីរួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ចិន និងស្រីលង្កា សរុបប្រមាណ ៥០រូប។
សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
-ចែករំលែកបទពិសោធន៍ និងព័ត៌មានក្នុងការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី
-វិភាគបញ្ហាប្រឈមអំពីសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកក្នុងតំបន់អាស៊ី
-ពិភាក្សាអំពីការពង្រឹងកិច្ចសហការលើការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃលើដំណាំចេកក្នុងតំបន់អាស៊ីនាពេលអនាគត។