ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៤ 398

ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេស និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ប្រធានគណៈកម្មការតម្រង់ទិស (Project Steering Committee) នៃគម្រោងស្តីពី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅប្រទេសកម្ពុជា (Establishment of smart production infrastructure of high quality and safe agro products in Cambodia) អមដោយ លោក សាយ តុម អនុប្រធានស្តីទីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ ប្រធានសម្របសម្រួលគម្រោង បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេសក្រសួងកសិកម្ម និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm សហការជាមួយ Official Development Assistance (ODA) និងគាំទ្រហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ ស្ថិតនៅស្ថានីយពិសោធន៍ដំណាំហូបផ្លែនិងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

គោលបំណងសំខាន់ៗ ក្នុងជំនួបពិភាក្សា ដើម្បីពិនិត្យវាយតម្លៃលើសម្ថតភាពរបស់មន្រ្ដីដែលកំពុងបំរើការនៅមជ្ឈមណ្ឌល និងពិនិត្យវឌ្ឍនភាពការដាំដុះដំណាំ និងប្រសិទ្ធភាពនៃបច្ចេកទេសផ្ទះសំណាញ់លើប្រភេទដំណាំច្រើនប្រភេទ បញ្ចប់នៅខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុននេះ ហើយនឹងប្រគល់ជូនមកក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

ឯកឧត្ដម បានផ្ដល់អនុសាន៍ណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាមន្រ្ដីប្រចាំការដែលកំពុងបម្រើការ និងសហការជាមួយគម្រោង Smart Farm នេះ ត្រូវខិតខំទទួលយកចំណេះចំនាញពីអ្នកជំនាញកូរ៉េ មុនគម្រោងបញ្ចប់ ក្នុងនោះរួមមាន: ការដំណើរប្រព័ន្ធគាំទ្រផលិតកម្មក្នុងផ្ទះសំណាញ់ ការស្រូបយកធាតុចូលកសិកម្មក្នុងស្រុកជំនួសឲ្យធាតុចូលកសិកម្មនាំចូលពីបរទេស (ជី ថ្នាំ ពូជ....) និងការពង្រឹងសម្ថតភាពពង្រីកទីផ្សារកំពុងមានស្រាប់ដោយសហការជាមួយភាគីកូរ៉េ។

បន្ទាប់ពីជំនួប ឯកឧត្ដម និងក្រុមការងារ បានបន្ដចុះពិនិត្យស្ថានភាពផលិកម្មក្នុងផ្ទះសំណាញ់របស់គម្រោងដែលជាផ្ទះសំណាញ់មានភាពទំនើប ងាយស្រួល និងចំនេញពេលវេលាដូចទៅនឹងផ្ទះសំណាញ់នៅប្រទេសកូរ៉េ ប៉ុន្ដែនៅមិនទាន់ស្របតាមលក្ខខ័ណក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គមកម្ពុជា (កសិករ) នៅឡើយទេ ពិសេសថ្លៃដើមវិនិយោគខ្ពស់ ដែលត្រូវការថ្លៃដើមផលិតខ្ពស់ ដែលកសិករភាគច្រើន នៅមិនទាន់ទទួលយកបាននៅឡើយ។

ចេញ​ផ្សាយ​ ២៣ សីហា ២០២៤ 2682

សកម្មភាពចុះត្រួតពិនិត្យបទល្មើស និងអធិការកិច្ចលើការធ្វើអាជីវកម្មជីកសិកម្ម

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងជីកសិកម្មដឹកនាំដោយលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មបានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យបទល្មើសជីកសិកម្មនៅតាមច្រកព្រំដែនប្រាសាទ កំពង់ស្ពាន តាណេង ធ្លក និងច្រកដទៃទៀតក្នុងខេត្តស្វាយរៀង និងបានជួបពិភាក្សាផ្ទាល់ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមត្ថកិច្ចមូលដ្ឋានតាមច្រកព្រំដែនដើម្បីពង្រឹងកិច្ចសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនាំចូលជីកសិកម្មខុសច្បាប់។
ក្រុមការងារបានចុះធ្វើអធិការកិច្ចតាមបណ្តាដេប៉ូលក់ដុំ លក់រាយជីកសិកម្មមួយចំនួនក្នុងខេត្តស្វាយរៀង និងបានពិនិត្យឃើញថា ដេប៉ូលក់ដុំ លក់រាយជីកសិកម្មទាំងនោះមានការយល់ដឹងពីការធ្វើអាជីវកម្មជីកសិកម្ម និងបានចូលរួមវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម។
ក្រុមការងារបានណែនាំឱ្យដេប៉ូលក់ដុំ លក់រាយជីកសិកម្មឳ្យសហការជាមួយសមត្ថកិច្ច និងកុំទទួលទិញជីកសិកម្មដែលនាំចូលខុសច្បាប់ ឬមិនមានអត្តសញ្ញាណច្បាស់លាស់យកមកលក់ជូនប្រជាកសិករប្រើប្រាស់៕

ចេញ​ផ្សាយ​ ២២ សីហា ២០២៤ 2567

កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការសិក្សាតម្លៃផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom)

នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានកសិកម្ម បានរៀ់បចំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការសិក្សាតម្លៃផលិតម្មដំណាំស្វាយចន្ទីកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមទីប្រឹក្សាក្រសួងទទួលបន្ទុកដំណាំឧស្សាហកម្ម ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកសិកម្ម ជាពិសេស លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ ដែលអមដោយមន្ត្រីជំនាញនិងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom។ កិច្ចប្រជុំខាងលើ មានគោលបំណងបង្ហាញលទ្ធផលនៃការសិក្សា និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យផលិតកម្មដំណាំស្វាយចន្ទីតាមបណ្តាខេត្ត សំដៅឱ្យទទួលបានទិន្នន័យផលិតម្មដំណាំស្វាយចន្ទីដែលមានសង្គតិភាពជាមួយឹស្ថានភាពជាក់ស្តែង។
ក្រុមការងារបានទទួលការណែនាំពីអង្គប្រជុំនូវខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
-  ពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយលើទិន្នន័យតម្លៃគ្រាប់ស្វាយចន្ទី ផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងទិន្នផល ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់បរិមាណសរុបការនាំចេញគ្រាប់ស្វាយច្ទី
-  បន្តចុះពិនិត្យផ្ទៀងផ្ទាត់បន្ថែមទៀតដោយប្រើប្រាស់ទិន្នន័យដែលប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបជាគោលដើម្បីកំណត់ផ្ទៃដីដាំដុះ។
-  ស្នើយកចិត្តទុកដាក់ចុះប្រមូលទិន្នន័យផលិតមក្មដំណាំស្វាយចន្ទីទាំងចម្ការខ្នាតតូច និងខ្នាតធំ ហើយត្រូវធ្វើការវាយតម្លៃទិនុ្នន័យរបស់ប្រភេទចម្ការទាំង២ឱ្យបានច្បាស់លាស់សំដៅកំណត់តម្លៃផលិតម្ម និងប្រាក់ចំណេញឱ្យស្របតាមទំហំផលិតម្មដំណាំស្វាយចន្ទី
-  កំណត់ខេត្តដែលទទួលបានប្រាក់ចំណេញខ្ពស់ក្នុងផលិតកម្មដំណាំស្វាយចន្ទី ដើម្បីកំណត់ចំណុចខ្លាំងនិងឈានទៅផ្សព្វផ្សាយបច្ចេកទេសសមស្របបង្កើនប្រាក់ចំណេញ។
ជារួម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបនិងម៉ូដែលបញ្ញាសិប្បនិម្មិត Convolutional Neural Networks (CNNS) និងការពិនិត្យស្ថានភាពជាក់ស្តែង អង្គប្រជុំបានសម្រេចប្រើប្រាស់ទិន្នន័យផ្ទៃដីប្រមូលផលទៅតាមការទិន្នន័យដែលប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប។ ជាមួយគ្នានេះ ទិនុ្នន័យផ្ទៃដីដាំដុះនិងទិន្នផល ក្រុមការងារនឹងបន្តពិនិត្យបន្ថែមជាមួយមន្ត្រីជំនាញតាមបណា្តខេត្តដែលទាមទារការផ្ទៀងផ្ទាត់បន្ថែម។

ចេញ​ផ្សាយ​ ០៥ សីហា ២០២៤ 2866

អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំមន្ត្រីរាជការរៀបចំទូងស្គរដើម្បីអបអរសាទរជាផ្លូវការព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅអគ្គនាយកដ្ឋានកសិកម្ម។
នាឱកាសនេះ ឯកឧត្តមប្រតិភូ បានបង្ហាញជូនអង្គពិធីអំពីប្រវត្តិ និងលក្ខណៈសម្បត្តិ រួមជាមួយនឹងផលប្រយោជន៍នៃព្រែកជីកហ្វូនណនតេជោ ផងដែរ។
អង្គពិធីបានចូលរួមរាប់ថយក្រោយនៅត្រឹមម៉ោង ៩:០៩នាទីព្រឹកដេីម្បីទូងស្គរ និងស្រែកជ័យឃោសព្រមៗគ្នាក្នុងបរិយាកាសរីករាយ សប្បាយត្រេកអរជាពន់ពេកក្នុងការចូលរួមអបអរសាទរពិធីបើកដ្ឋានខាងនេះ។

ចេញ​ផ្សាយ​ ០២ សីហា ២០២៤ 3010

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (GAP) លើបច្ចេកទេសដាំដុះដំណាំបន្លែ

លោក ឌិន នរិន្ទ អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយសហការី បានចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (GAP) លើបច្ចេកទេសដាំដុះដំណាំបន្លែ ដែលមានរយះពេល ២ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅភូមិក្រចាប់ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមការគាំទ្រដោយគម្រោងការកសាងភូមិសន្តិភាព និងមានអ្នកចូលរួមជាសិក្ខាកាមមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងកសិករដាំដុះដំណាំបន្លែសរុបចំនួន ៤៣នាក់ ក្នុងនោះមានស្រ្តីចំនួន ២១នាក់។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់កសិករ និងអ្នកពាក់ព័ន្ធអំពីការអនុវត្តន៍កសិកម្មល្អ (GAP) លើបច្ចេកទេសផលិតកម្មដំណាំបន្លែ និងនិតិវិធីក្នុងការស្នើសុំ ដើម្បីទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ។

ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៤ 2914

សហគមន៍កសិកម្មទំនើបដំណាំស្រូវទី២ នៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើងនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃច័ន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន បានចូលរួមសម្របសម្រួលរៀបចំដំណើការមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបស្រូវផ្ការំដួលខ្នាឆ្មារសែនជ័យ នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងប្រជាកសិករចំនួនប្រមាណ ៦០នាក់ ។
សហគមន៍កសិកម្មទំនើបស្រូវផ្ការំដួលខ្នាឆ្មារសែនជ័យ ជាសហគមន៍កសិកម្មទំនើបដំណាំស្រូវទី២នៅកម្ពុជា បន្ទាប់ពីសហគមន៍កសិកម្មទំនើបស្រូវនាងអំស្ថិតក្នុងខេត្តសៀមរាប ដែលមានកសិករជាសមាជិកចំនួន ៣៩គ្រួសារបានស្ម័គ្រចិត្តដាក់ផ្ទៃដីផលិតកម្មចំនួន ១៣៣,៣ ហិកតាចូលរួមជាសហគមន៍កសិកម្មទំនើប។

ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៤ 3027

សហគមន៍កសិកម្មទំនើបដំណាំបន្លែទី១ ដំបូង នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើងនៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានចូលរួមសម្របសម្រួលរៀបចំដំណើការមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្រ្តីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករដាំដំណាំបន្លែចំនួនប្រមាណ ១០០នាក់។

ចេញ​ផ្សាយ​ ២៦ កក្កដា ២០២៤ 3543

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សិក្សាថ្លៃដើមផលិតកម្មដំណាំស្វាយចន្ទី

ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សិក្សាថ្លៃដើមផលិតកម្មដំណាំស្វាយចន្ទី ក្រោមអធិបតីភាព ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអ្នកចូលរួមសរុបចំនួន ១៣នាក់។
ការសិក្សានេះអនុវត្ត ក្រុមការងារជំនាញនៃនាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម តាមរយះការជួបសម្ភាសន៍ផ្ទាល់ជាមួយកសិករដាំដុះដំណាំចន្ទី នៅតាមបណ្តាខេត្ត ដែលមានសក្តានុពល រួមមាន ខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី ព្រះវិហារ និងខេត្តសៀមរាប។

ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៤ 2846

ការអនុវត្តកម្មវិធីគ្រូពេទ្យដីនៅកម្ពុជាជាមួយកសិករឆ្នើមនៅក្នុងសហគមន៍កសិកម្ម

នៅថ្ងៃទី២៣-២៥ ខែកក្កដាឆ្នាំ២០២៤ មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានប្រជុំជាមួយកសិករឆ្នើមនៅតាមសហគមន៍កសិកម្មនៅខេត្តត្បូងឃ្មុំ ចំនួន៤២នាក់ ដើម្បីបញ្ជ្រាបការយល់ដឹងនិងជ្រើសរើសជាគ្រូពេទ្យដីលើការគ្រប់គ្រងជីជាតិដីសម្រាប់ផលិតកម្មដំណាំ និងបន្តបណ្តុះបណ្តាលកសិករដ៏ទៃឱ្យក្លាយទៅជាគ្រូពេទ្យដីនៅក្នុងសហគមន៍របស់ពួកគាត់ ក្នុងទិសដៅ លើកកម្ពស់ការថែទាំសុខភាពដី និងការគ្រប់គ្រងធនធានដីប្រកបដោយនិរន្តរភាព។

ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៤ 2949

ការចុះអន្តរាគមន៍កម្ចាត់ដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវនៅស្រុករំដួល ខេត្តស្វាយរៀង ប្រចាំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

នៅថ្ងៃ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានបន្តចុះពិនិត្យស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹក និងនាំយកថ្នាំកសិកម្មដើម្បីអន្តរាគមន៍កម្ចាត់នៅស្រុករំដួល ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី ព្រមទាំងលោកអភិបាលនៃគណៈអភិបាលស្រុក មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាកសិករ។
ជាលទ្ធផល ផ្ទៃដីដែលរងផលប៉ះពាល់ដោយដង្កូវហ្វូងប្រមាណ ១៦ហិកតា នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានក្រុមការងារបានចូលរួមបាញ់ថ្នាំសង្គ្រោះជូនប្រជាកសិករ និងបានផ្តល់ជូនថ្នាំកសិកម្មដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសម្រាប់បន្តអន្តរាគមន៍កម្ចាត់លើផ្ទៃដី ១០ហិកតា បន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានអំពាវនាវទៅដល់បងប្អូនប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលនៃការផ្ទុះឡើងនូវដង្កូវហ្វូង រុយសនិងដង្កូវមូរស្លឹកនៅឡើយ ប្រសិនបើប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ សត្វល្អិតចង្រៃទាំង៣ប្រភេទនេះនឹងបំផ្លាញដំណាំរបស់ប្រជាកសិករមិនខាន និងបានណែនាំដល់កសិករអំពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាព  និងវិធានការកម្ចាត់រុយសដង្កូវហ្វូង និងដង្កូវមូរស្លឹក ព្រមទាំងបានចែកជូនអត្តបទបច្ទេកទេសមួយចំនួនដល់ប្រជាកសិករផងដែរ៕

ចេញ​ផ្សាយ​ ១៣ កក្កដា ២០២៤ 3125

ការចុះកំណត់ទីតាំងដីដាំដុះចំការម្រេចសម្រាប់កសិករដែលស្ម័គ្រចិត្តបង្កើតជាសហគមន៍កសិកម្មទំនើប

ថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បួងឃ្មុំ បានចូលរួមរៀបចំពង្រាងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងឯកសារសំខាន់ៗ សម្រាប់រៀបចំមហាសន្និបាតកំណើតដំបូង និងបានចុះកំណត់ទីតាំងដីចំការម្រេចរបស់កសិករដែលស្ម័គ្រចិត្តចូលរួមក្នុងការបង្កើតសហគមន៍កសិកម្មទំនើប នៅឃុំត្រមូង ទន្លូង និងទ្រៀក ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ដោយអ្នកចូលរួមសរុបចំនួន៣៩នាក់ ស្រ្តីចំនួន០៤នាក់។ តាមរយៈលទ្ធផលនៃការចុះកំណត់ទីតាំងនេះ មានកសិករចំនួន ៣៨គ្រួសារដែលស្ម័គ្រចិត្ត ហើយការចុះយកទីតាំងបានចំនួន២៦ទីតាំង ស្មើនិង១៧គ្រួសារ។

 

ចេញ​ផ្សាយ​ ១២ កក្កដា ២០២៤ 2824

ការចុះអន្តរាគមន៍កម្ចាត់រុយស និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវនៅខេត្តកណ្តាល

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយលោកអភិបាលរងខេត្ត លោកស្នងការខេត្ត រដ្ឋបាលខេត្ត លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានក្នុងភូមិចំនួន៤នៃឃុំពាមរាំង បានចុះអន្តរាគមន៍កម្ចាត់រុយសនិងដង្កូវមូរស្លឹក បំផ្លាញដំណាំស្រូវលើផ្ទៃដីសរុប ៣៤២ហិកតា នៅតាមបណ្តាភូមិចំនួន៤ នៃឃុំពាមរាំង ស្រុកលើកដែក។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានសំណេះសំណាល និងណែនាំដល់កសិករឱ្យយកចិត្តទុកដាក់អនុវត្តតាមមន្រ្តីជំនាញ និងផ្តល់អនុសាសន៍ឱ្យអាជ្ញាធរដែនដី និងមន្រ្តីជំនាញបន្តផ្សព្វផ្សាយពីវិធានការកម្ចាត់រុយសនិងដង្កូវមូរស្លឹក និងសត្វល្អិតចង្រៃផ្សេងទៀតឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យស្ថានភាពស្រែ និងការបាញ់ថ្នាំ កម្ចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ តាមស្រែដែលរងការបំផ្លាញដោយរុយស និងដង្កូវមូរស្លឹក។ កិច្ចអន្តរាគមន៍កម្ចាត់ នេះ ត្រូវបានធ្វើឡើងព្រមគ្នា នៅតាមភូមិដែលរងផលប៉ះពាល់ទាំងបួនភូមិ លើផ្ទៃដីស្រូវដែលប៉ះពាល់ចំនួន ៣៤២ហិកតា ។ ស្ថានភាពជារួម ស្រូវប៉ះពាល់ដោយការបំផ្លាញមានកម្រិតស្រាល មិនទាន់មានការខូចខាតគួរឱ្យកត់សម្គាល់ឡើយ៕

ចេញ​ផ្សាយ​ ១២ កក្កដា ២០២៤ 2759

ការចុះអន្តរាគមន៍កម្ចាត់រុយស និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវនៅខេត្តស្វាយរៀង

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំសហការី និងមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត បន្តចុះអន្តរាគមន៍កម្ចាត់រុយស និងដង្កូវមូរស្លឹកលើដំណាំស្រូវនៅឃុំត្រពាំងស្តៅ និងឃុំអង្គប្រស្រែ ស្រុករមាសហែក  ខេត្តស្វាយរៀង។
ជាលទ្ធផល ផ្ទៃដីរងផលប៉ះពាល់ដោយរុយស និងដង្កូវមូរស្លឹកចំនួន ១ ០២៦ហិកតា ក្នុងឃុំទាំង២ខាងលើ ត្រូវបានក្រុមការងារចូលរួមបាញ់ថ្នាំសង្គ្រោះជូនប្រជាកសិករចំនួន ៤៩ហិកតា និងបានណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបន្តអន្តរាគមន៍ជាមួយប្រជាកសិករបន្តទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធាននាយកដ្ឋានបានបន្តផ្សព្វផ្សាយ និងណែនាំបន្ថែមដល់មន្ត្រីកសិកម្មឃុំ និងបងប្អូនប្រជាកសិករស្តីពីអំពីវិធានការគ្រប់គ្រងរុយស និងដង្កូវមូរស្លឹក សុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម ព្រមទាំងបានផ្តល់ជូននូវថ្នាំកសិកម្ម បរិក្ខាសុវត្ថិភាពមួយចំនួនបន្ថែមទៀតផងដែរ។

ចេញ​ផ្សាយ​ ១២ កក្កដា ២០២៤ 2905

ការចុះអន្តរាគមន៍កម្ចាត់រុយស ដង្កូវហ្វូង និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវនៅខេត្តប៉ៃលិន

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបៃលិន លោកអភិបាលស្រុកសាលាក្រៅ លោកមេឃុំ លោកមេភូមិ បានចុះពិនិត្យសភាពការដង្កូវហ្វូង និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវ នៅភូមិភ្នំកុយ ឃុំសាលាក្រៅ និងភូមិកូនដំរី ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តបៃលិន។ ជាលទ្ធផល ឃើញថា ដំណាំស្រូវចំនួន ១៤២ហិកតា នៃផ្ទៃដីដាំដុះចំនួន ២ ៦៧០ហិកតា ក្នុងស្រុកសាលាក្រៅបានទទួលរងផលប៉ះពាល់ដោយដង្កូវហ្វូងនិងដង្កូវមូរស្លឹក។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានធ្វើការណែនាំអំពីវិធីសាស្ត្រនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងផ្តល់ជូនឯកសារបច្ចេកទេសស្តីពីវិធានការគ្រប់គ្រងដង្កូវហ្វូង និងដង្កូវមូរស្លឹកដល់បងប្អូនប្រជាកសិករផងដែរ។ បន្ថែមពីនោះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំណូមពរដល់កសិករឱ្យបន្តតាមដានចុះពិនិត្យស្រែជាប្រចាំ និងចាត់វិធានការអន្តរាគមន៍ឱ្យបានព្រមៗគ្នាជាប្រចាំ និងចំពេលវេលាដើម្បីក្លាយជាកម្លាំងចលករក្នុងការកម្ចាត់ដង្កូវហ្វូង និងដង្កូវមូរស្លឹកលើដំណាំស្រូវនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តល់ជូននូវថ្នាំកសិកម្ម បរិក្ខាសុវត្ថិភាពមួយចំនួនទៀតផងដែរ ជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបៃលិន ដើម្បីធ្វើការផ្សព្វផ្សាយ និងចាត់វិធានការបន្ត។

ចេញ​ផ្សាយ​ ១០ កក្កដា ២០២៤ 3142

ការងារចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹក និងរុយសបំផ្លាញដំណាំស្រូវនៅខេត្តស្វាយរៀង និងព្រៃវែង ប្រចាំថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤

នៅថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្រ្តីជំនាញនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត បានបន្តចុះអន្តរាគមន៍កម្ចាត់រុយសលើដំណាំស្រូវនៅភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជាលទ្ធផល ផ្ទៃដីរងផលប៉ះពាល់ដោយរុយសចំនួន ៣០ហិកតា ត្រូវបានក្រុមការងារចូលរួមបាញ់ថ្នាំសង្គ្រោះជូនប្រជាកសិករចំនួន ២៧ហិកតា និងបានណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបន្តអន្តរាគមន៍ជាមួយប្រជាកសិករបន្តទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានធ្វើការណែនាំអំពីវិធីសាស្ត្រនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសំណូមពរដល់កសិករឱ្យបន្តចូលរួមព្រមៗគ្នាជាប្រចាំ និងចំពេលវេលា ដើម្បីក្លាយជាកម្លាំងចលករក្នុងការអន្តរាគមន៍កម្ចាត់រុយសលើដំណាំស្រូវនេះឱ្យទទួលបានជោគជ័យ។

ក្នុងថ្ងៃដដែលនេះដែរ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចូលរួមអមដំណើរឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយមន្រ្តីជំនាញនៃមន្ទីរ អង្គភាពក្រោមឱវាទខេត្ត អភិបាលស្រុក មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងកសិករ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលបានទទួលរងផលប៉ះពាល់ដោយដង្កូវមូរស្លឹក និងរុយសលើដំណាំស្រូវនៅឃុំស្វាយជ្រំ ស្រុកស្វាយអន្ទរ ឃុំស្វាយជ្រុំ ឃុំជីផុច ស្រុកមេសាង ឃុំគោកខ្ចក ឃុំប្រាសាទ ឃុំរកាធំ ឃុំកំពង់ត្រលាច ស្រុកកំពង់ត្របែក និងឃុំពាមរក៏ ស្រុកពាមរក៏។ ក្នុងនោះដែរ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់កសិករអំពីវិធានការគ្រប់គ្រងរុយស និងដង្កូវមូរស្លឹក សុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម និងបាញ់ថ្នាំកសិកម្មបង្ហាញដល់កសិករដោយប្រើប្រាស់ម៉ាស៊ីនដែលសម្ពាធខ្លាំង ព្រមទាំងបានផ្តល់ជូននូវថ្នាំកសិកម្ម បរិក្ខាសុវត្ថិភាពមួយចំនួនទៀតផងដែរ៕

ចេញ​ផ្សាយ​ ០៩ កក្កដា ២០២៤ 2900

ការចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹក និងរុយសបំផ្លាញដំណាំស្រូវក្នុងស្រុកចំនួន០២នៃខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រចាំថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០២៤

នៅថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសហការី អមដំណើរដោយមន្រ្តីជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង អភិបាលនៃគណៈអភិបាលស្រុក មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត បានបន្តចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកនិងរុយសលើដំណាំស្រូវ នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង និងនៅភូមិធ្នង់ ឃុំថ្នាថ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
ជាលទ្ធផល ផ្ទៃដីចំនួន ១៩ហិកតា នៃផ្ទៃដីដែលរងផលប៉ះពាល់ដោយដង្កូវមូរស្លឹក និងរុយសចំនួន ១៧៨ហិកតា ត្រូវបានក្រុមការងារចូលរួមបាញ់ថ្នាំសង្គ្រោះជូនប្រជាកសិករចំនួន ១៩ហិកតា និងបានណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឲ្យបន្តអន្តរាគមន៍ជាមួយប្រជាកសិករបនតទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានធ្វើការណែនាំអំពីវិធីសាស្ត្រនៃការប្រើប្រាស់ថ្នាំកសិកម្មឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសំណូមពរដល់កសិករឲ្យបន្តចូលរួមព្រមៗគ្នាជាប្រចាំ និងចំពេលវេលា ដើម្បីក្លាយជាកម្លាំងចលករក្នុងការអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកនិងរុយសលើដំណាំស្រូវនេះឲ្យទទួលបានជោគជ័យ។

 

 

ចេញ​ផ្សាយ​ ០៩ កក្កដា ២០២៤ 2910

ការចុះកំណត់ទីតាំងដីដាំដុះដំណាំស្រូវសម្រាប់ផលិតកម្មស្រូវផ្ការំដួលរបស់កសិករដែលស្ម័គ្រចិត្តបង្កើតជាសហគមន៍កសិកម្មទំនើប

នៅថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងមន្ត្រីកសិកម្មឃុំខេត្តកំពងឆ្នាំង ចុះកំណត់ទីតាំងដីដាំដុះស្រូវសម្រាប់ផលិតកម្មស្រូវផ្ការំដួលរបស់កសិករដែលស្ម័គ្រចិត្តចូលរួមក្នុងការបង្កើតសហគមន៍កសិកម្មទំនើប នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ តាមរយៈលទ្ធផលនៃការចុះកំណត់ទីតាំងនេះ មានកសិករចំនួន ៣៤គ្រួសារដែលស្ម័គ្រចិត្ត និងមានផ្ទៃដីសរុបប្រមាណ ១១៥ហ.ត។

ចេញ​ផ្សាយ​ ២១ មិថុនា ២០២៤ 3130

វឌ្ឍនភាពស្តីពីការចុះអន្តរាគមន៍កម្ចាត់សត្វល្អិតចង្រៃលើដំណាំ តាមបណ្តាខេត្ត ប្រចាំថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ប៉ៃលិន និងសៀមរាប ព្រមទាំងអាជ្ញាធរដែនដីតាមមូលដ្ឋានក្នុងខេត្តគោលដៅ បានបន្តចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវ និងដំឡូងមី ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ប៉ៃលិន និងសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានចុះពិនិត្យផលប៉ះពាល់ដោយសារដង្កូវហ្វូងលើដំណាំស្រូវ និងដំឡូងមី ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ប៉ៃលិន និងសៀមរាប ដែលស្ថានភាពបច្ចុប្បន្ន កសិករបានប្រើប្រាស់ថ្នាំកសិកម្មដើម្បីកម្ចាត់ដង្កូវ។
-បានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារនិងកម្ចាត់ តាមរយៈការប្រើប្រាស់វិធានការមេកានិច។
-បានណែនាំ និងធ្វើបង្ហាញដល់កសិករពិវិធីសាស្រ្តនៃការប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព និងត្រូវធ្វើការជ្រើសរើសនិងប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹងថ្នាំកសិកម្ម។
-បានចែកជូនឯកសារបច្ចេកទេសស្តីពីវិធានការគ្រប់គ្រងដង្កូវហ្វូង ជូនដល់មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងបងប្អូនប្រជាកសិករ។
ជារួម គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤នេះ ផលប៉ៈពាល់ពីការបំផ្លាញដោយសត្វល្អិតចង្រៃមានដូចខាងក្រោមៈ
១.ខេត្តស្ទឹងត្រែង ផ្ទៃដីដំណាំស្រូវចំនួន ១១៤ហិកតា និងដំណាំដំឡូងមីចំនួន ១០៥ហិកតា ត្រូវបានរងផលប៉ះពាល់ពីការបំផ្លាញដោយដង្កូវហ្វូង។
២.ខេត្តប៉ៃលិន ផ្ទៃដីដំណាំពោតចំនួន ២២៤,៦០ហិកតា បានរងផលប៉ះពាល់ពីការបំផ្លាញដោយដង្កូវហ្វូងប្រភេទថ្មី
៣. ខេត្តសៀមរាប (ស្រុកជីក្រែង) ផ្ទៃដីដំណាំស្រូវចំនួន ៨៨៨ហិកតា និងដំណាំដំឡូងមីចំនួន ២៥៤ហិកតា ត្រូវបានរងផលប៉ះពាល់ពីការបំផ្លាញដោយដង្កូវហ្វូង។
ស្ថានភាពនៃការបំផ្លាញដោយប្រជាករដង្កូវហ្វូង នេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្ត ដើម្បីឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។

ចេញ​ផ្សាយ​ ២០ មិថុនា ២០២៤ 3270

ការចុះពិនិត្យសភាពការណ៍ និងអន្តរាគមន៍កម្ចាត់សត្វល្អិតចង្រៃលើដំណាំស្រូវ ខេត្តព្រះវិហារ ខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ

នៅថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាកដ្ឋានកសិកម្ម​ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត    ព្រះវិហារ កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរដែនដីតាមមូលដ្ឋានក្នុងខេត្តគោលដៅ បានបន្តចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវ និងដំឡូងមី ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានចូលរួមយុទ្ធនាការផ្សព្វផ្សាយស្តីពី “វិធានការការពារ និងកម្ចាត់ដង្កូវហ្វូងដែលស៊ីបំផ្លាញដំណាំកសិកម្ម របស់ប្រជាកសិករ” ក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយពីវិធីការពារ និងកម្ចាត់ដង្កូវហ្វូងដែលស៊ីបំផ្លាញដំណាំស្រូវនិងដំឡូងមីនៅខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុបចំនួន ១៥៦ នាក់ (ស្រី ១១៩នាក់)។
-បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែ-ចម្ការជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។
-បានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារលើការប្រើប្រាស់អន្ទាក់ជូរអែម ប្រើប្រាស់វិធីសាស្រ្តមេកានិចដោយយកប្រេងម៉ាសូតលាយជាមួយដីខ្សាច់ដើម្បីបាចចំពោះស្រែមានទឹក និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
-បានណែនាំដល់កសិករដែលកំពុងប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃត្រូវជ្រើសរើស និងប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹង ថ្នាំកសិកម្ម។
-បានចែកជូនសៀវភៅ និងឯកសារបច្ចេកទេសស្តីពីវិធានការការពារនិងកម្ចាត់សមាសភាពចង្រៃលើដំណាំស្រូវ ជូនដល់មន្ត្រីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មន្ត្រីកសិកម្មឃុំ ព្រមទាំងបងប្អូនប្រជាកសិករ។
-បានបណ្តុះបណ្តាលស្តីពីដង្កូវហ្វូង និងវិធានការកម្ចាត់ ដល់មន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ ក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ ដោយមានអ្នកចូលរួមសរុបចំនួន៣០នាក់។
ជារួមគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ការរងផលប៉ៈពាល់ដោយសត្វល្អិតចង្រៃមានដូចខាងក្រោមៈ
-ខេត្តព្រះវិហារ ដំណាំស្រូវចំនួន ១ ២២១ហិកតា និងដំណាំដំឡូងមីចំនួន ៣ ៣៧១ហិកតា
-ខេត្តកំពង់ធំ ដំណាំស្រូវចំនួន ៣ ៦៣៦ហិកតា
-ខេត្តកំពង់ចាម ដំណាំស្រូវចំនួន ១១៨ហិកតា
-ខេត្តកំពង់ឆ្នាំង ដំណាំស្រូវចំនួន ១១,៣០ហិកតា
-ស្ថានភាពនៃការបំផ្លាញដោយប្រជាករដង្កូវហ្វូងនិងដង្កូវមូស្លឹក នេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្ត ដើម្បីឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។

ចេញ​ផ្សាយ​ ២៨ មីនា ២០២៤ 3856

សកម្មភាពបណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី

រតនគិរី៖ នាថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដោយមានការសហការនិងសម្របសម្រួលដោយក្រុមការងារគម្រោងថ្នាក់ខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំបន្លែ ដាំដំណាំស្វាយចន្ទី និងការប្រើប្រាស់បច្ចេកវិទ្យាជូនដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិជនជាតិដើមភាគតិច ដែលមានសិក្ខាកាមមកពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សរុបអ្នកចូលរួមចំនួន ២៧នាក់ ស្រី ៧នាក់។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺដើម្បីចែករំលែកចំណេះដឹងដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មដែលមកពីបណ្តាខេត្តគោលដៅរបស់គម្រោង ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការចែករំលែកបន្តទៅដល់ភូមិសហគមន៍ជនជាតិដើមភាគតិច។

 

ចេញ​ផ្សាយ​ ២៧ មីនា ២០២៤ 3895

ទិវាចម្ការបង្ហាញលទ្ធផលពិសោធន៍ប្រៀបធៀបពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិកនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការCIAT បានរៀបចំទិវាចម្ការបង្ហាញលទ្ធផលពិសោធន៍ប្រៀបធៀបពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិកនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ក្រោមអតិបតីភាព លោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និង Dr. Jonathan Newby ប្រធានកម្មវិធីដំឡូងមីរបស់CIAT ។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន៥០នាក់ ស្រី០៧នាក់ ដែលរួមមានមន្រ្តីពីនាយកដ្ឋានដំណាំឧស្សាហកម្ម មន្រ្តី CIAT តំណាងមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តកំពង់ចាម ការិយាល័យកសិកម្មស្រុក ក្រុមប្រឹក្សាឃុំបុសខ្នុរ និងកសិករដាំដុះដំណាំដំឡូងមីក្នុងស្រុកចម្ការលើ។ ទិវាចម្ការនេះមានគោលបំណងបង្ហាញពីលទ្ធផលពិសោធន៍និងចំណាប់អារម្មណ៍របស់កសិករទៅលើពូជទាំងអស់នោះ។ ជាលទ្ធផលឃើញថា ពូជថ្មីទាំង៨ពូជមិនមានឆ្លងជំងឺម៉ូសាអ៊ិកទេ តែបរិមាណផលនៅទាបជាងពូជដែលមានស្រាប់ដូចជា ពូជរ៉ាក់យ៉ង៧២ និង ខេយូ៥០ ទទួលបានទិន្នផលខ្ពស់ជាង។ កសិករមានការចាប់អារម្មណ៍លើពូជថ្មី TMEB419 ដើម្បីយកទៅដាំសាកល្បងនៅចម្ការរបស់ពួកគាត់៕

 

ចេញ​ផ្សាយ​ ២៧ មីនា ២០២៤ 4134

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុក្នុងការសន្សំសំចៃទឹកលើដំណាំស្រូវ


នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញការិយាល័យសិក្សាស្រាវជ្រាវតម្រូវការទឹក និងបម្រែបម្រួលអាកាសធាតុ នៃនាយកដ្ឋានគ្រប់គ្រងធនធានដ៏កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុក្នុងការសន្សំសំចៃទឹកលើដំណាំស្រូវ គោលបំណងនៃវគ្គគឺដើម្បីផ្ដល់ចំណេះដឹង និងចែករំលែកបទពិសោធន៍អំពីការអនុវត្តជម្រើសបច្ចេកទេសកសិកម្មធន់នឹងអាកាសធាតុ ។ ចូលរួមកម្មវិធីបើកក្រោមអធិបតីភាពលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅសហគមន៍កសិកម្មបក្សីរីករាយ ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានអ្នកចូលរួមចំនួន ២៨នាក់ ក្នុងនោះស្ត្រីចំនួន ១៨នាក់ ដែលជាគ្រូបង្គោល កសិករគំរូ និងជាកសិករគ្រូ នឹងមានសមត្ថភាព  ក្នុងការផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្តដល់កសិករមូលដ្ឋាន (១). ការប្រើប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុ (កសិ- ឧតុនិយម) ក្នុងការរៀបចំផែនការដាំដុះដើម្បីទប់ទល់នឹងហានិភ័យអាកាសអាធុ (២). ការគ្រប់គ្រង និងប្រើប្រាស់ទឹកសន្សំសំចៃ (៣) ការជ្រើសរើសបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុសម្រាប់អនុវត្តនៅតាមសហគមន៍មូលដ្ឋាន។

ចេញ​ផ្សាយ​ ២៣ មីនា ២០២៤ 3885

ពិព័រណ៍កសិអេកូឡូស៊ី៖ ការរួមចំណែកមួយឆ្ពោះទៅកាន់ទស្សនវិស័យកសិកម្មសរីរាង្គខេត្តព្រះវិហារ

ពិព័រណ៍កសិអេកូឡូស៊ី៖ ការរួមចំណែកមួយឆ្ពោះទៅកាន់ទស្សនវិស័យកសិកម្មសរីរាង្គខេត្តព្រះវិហារ
=====================
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET Project) បាននរៀបចំ “ពិព័រណ៍កសិអេកូឡូស៊ីខេត្តព្រះវិហារ” ក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមតំណាងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ គម្រោង ASSET អង្គការ CIRAD សហភាពសហគមន៍កសិកម្ម អង្គការដៃគូពាក់ព័ន្ធ វិស័យឯកជន និងកសិករសរុបប្រមាណ២០០ នាក់ (ស្រ្តី ៩៨នាក់)។ ពិព័រណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈជាពិសេសសម្រាប់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មសរីរាង្គ និងអំពីអត្ថប្រយោជន៍នានា នៃប្រព័ន្ធដាំដុះតាមបែបកសិអេកូឡូស៊ី និងផលប៉ះពាល់អវិជ្ជមាននៃការអនុវត្តកសិកម្មតាមទម្លាប់ ដែលពឹងផ្អែកច្រើនលើធាតុចូលកសិកម្មគីមី។ ពិព័រណ៍កសិអេកូឡូស៊ីនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការួមគ្នាឆ្ពោះទៅរកការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងការលើកកម្ពស់កសិកម្មសរីរាង្គ តាមរយៈការប្រមូលផ្តុំអ្នកពាក់ព័ន្ធ រួមទាំងកសិករ អ្នកស្រាវជ្រាវ អ្នកគោលនយោបាយ និងអ្នកប្រើប្រាស់។ ពិព័រណ៍នេះពិតជាមានសារ:ប្រយោជន៍ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ការច្នៃប្រឌិតក្នុងវិស័យកសិកម្ម ពីគ្រប់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម ព្រោះវាបញ្ជាក់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន។

ចេញ​ផ្សាយ​ ២៣ មីនា ២០២៤ 4541

ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ

ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ
============
នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារស្ថិតិ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការចុះសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុកថ្មគោល និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការចុះសិក្សានេះ ក្រុមការងារបានជួបសម្ភាសជាមួយកសិករដាំដុះដំណាំបន្លែនៅតាមបណ្តាសហគមន៍កសិកម្ម និងកសិករដែលបានដាំដុះបន្លែលក្ខណះទ្រង់ទ្រាយតូច ដើម្បីស្វែងយល់អំពីការអនុវត្តបច្ចេកទេស  ក៏ដូចជាប្រាក់ចំណេញក្នុងផលិតកម្មដំណាំបន្លែ។

ចេញ​ផ្សាយ​ ១៩ មីនា ២០២៤ 4156

សិក្ខាសាលាស្ដីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤-២០២៨

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារទទួលបន្ទុកផែនការនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមសិក្ខាសាលាស្ដីពី ផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤-២០២៨ នៅខេត្តបន្ទាយមានជ័យ ដែលមានមន្ត្រីជំនាញពីអង្គភាពជំនាញចូលរួមចំនួន៥០នាក់។ សិក្ខាសាលានេះ មានគោលបំណង (១). ណែនាំវិធីសាស្ត្ររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម  (២). ពិនិត្យនិងពិភាក្សាអំពីសកម្មភាពដែលដាក់បញ្ចូលក្នុងផែនការនេះ ដើម្បីឱ្យមានសង្គតិភាពជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា។

 

ចេញ​ផ្សាយ​ ០១ កុម្ភៈ ២០២៤ 4091

កិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង (The French Chamber of Commerce) និងក្រុមហ៊ុនឯកជនដែលបាននឹងកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនៃអង្គភាពក្រោមឱវាទបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង (The French Chamber of Commerce) និងក្រុមហ៊ុនឯកជនដែលបាននឹងកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ដឹកនាំដោយលោក Charles Juillard នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (France Cambodia Chamber of Commerce and Industry)។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់អំពីតួនាទីនៃវិស័យកសិកម្មក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម សកម្មភាពជាយុទ្ធសាស្ត្រដោយរួមបញ្ចូលទាំងការបង្កើតយន្តការហិរញ្ញប្បទាននិងកម្មវិធីនានាដែលលើកទឹកចិត្ត/ជំរុញដល់ផលិតកម្មកសិកម្ម ការបើកទូលាយទីផ្សារថ្មីៗ ការធ្វើឱ្យមានស្ថេរភាពនៃតម្លៃកសិផលសំខាន់ៗ ការចូលបម្រើការងាររបស់មន្ត្រីកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅក្នុងប្រទេសកម្ពុជា និងការបង្កើតសហគមន៍កសិកម្មនៅតាមតំបន់ជនបទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងវិនិយោគិនបរទេសដែលមានចំណាប់អារម្មណ៍ និងបានវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រតិភូបានជម្រាបជូនដោយសង្ខេបអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតលើចំណុចសំខាន់ចំនួន៣គឺ ១) ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២) ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង ៣). ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
នៅក្នុងឱកាសនោះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំងបានលើកឡើងនូវសំណួរជាច្រើន ដែលពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅក្នុងវិស័យកសិកម្ម រួមមានបញ្ហាប្រឈមក្នុងពាណិជ្ជកម្មផលិតផលកសិកម្ម ដូចជា បញ្ហាអស្ថេរភាពតម្លៃកសិផល ការប្រកួតប្រជែងតម្លៃកសិផលជាមួយប្រទេសជិតខាង ការចំណាយខ្ពស់ក្នុងការដឹកជញ្ជូនកសិផល ការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល ការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ការមិនមានមន្ទីរពិសោធន៍ដើម្បីវិភាគរកសារធាតុសំខាន់ៗមួយចំនួនក្នុងផលិតផលកសិកម្ម វត្តមាននៃផលិតផលក្លែងបន្លំនៅលើទីផ្សារ ការនាំចូលគ្រាប់ពូជដំណាំដោយមិនមានការចុះបញ្ជិកាត្រឹមត្រូវហើយ លក់ក្នុងតម្លៃទាប ការខ្វះទីផ្សារបោះដុំកសិផល ការមិនមានការបង្កើតទម្រង់ការផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (Sustainable Rice Plateform) ឱ្យបានទូលំទូលាយ។ល។ ចំពោះបញ្ហាខាងលើនេះ គណៈប្រតិភូសភាពាណិជ្ជកម្ម បានចោទសួរថាតើរាជរដ្ឋាភិបាលនីតិកាលទី៧ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានយន្តការអ្វីខ្លះសម្រាប់ដោះស្រាយបញ្ហាទាំងនេះដើម្បីសម្របសម្រួល និងគាំទ្រដល់ការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម។
ជាការឆ្លើយតប ឯកឧត្តមប្រតិភូ បានបកស្រាយចំពោះការលើកឡើងខាងលើអំពីការដាក់ចេញនូវយន្តការ អាទិភាពនានាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តដើម្បីដោះស្រាយបញ្ហាអសកម្ម និងលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមប្រតិភូបានជម្រាបជូនថា ក្រោមការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានកសិកម្ម យើងបានយកចិត្តទុកដាក់លើរាល់បញ្ហាអសកម្ម ដែលតែងលើកឡើងដោយសាធារណជនដែលបញ្ហាមួយចំនួនគឺជាការយល់ច្រឡំ ឧទាហរណ៍ ករណីការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល និងការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ដែលករណីនេះមិនដូចអ្វីដែលបានលើកឡើងនោះទេ។ បន្ថែមពីនេះឯកឧត្តមប្រតិភូបានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម សហការយ៉ាងជិតស្និតជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងក្រុមហ៊ុនវិនិយោគទុនបរទេសដើម្បីស្វែងរកការពិតនៅពីក្រោយការលើកឡើងខាងលើ និងជួយគាំទ្រនិងសម្របសម្រួលការងារពាក់ព័ន្ធតាមការស្នើសុំរបស់គណៈប្រតិភូ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូបានថ្លែងអំណរគុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងក្រុមហ៊ុនវិនិយោគទុនបរទេសដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អក្នុងការពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។

ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៣ 6444

សិក្ខាសាលាថ្នាក់តំបន់ស្តីពីការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ក្រោមក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ FAO-China South-South


ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រៀបចំជាសិក្ខាសាលាថ្នាក់តំបន់ស្តីពីការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ក្រោមក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ FAO-China South-South ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ទីប្រឹក្សាជាន់ខ្ពស់នៃអគ្គនាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងជាអគ្គនាយកនៃផលិតកម្មដំណាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លេខាធិការនៃលេខាធិការដ្ឋាន IPPC និងមានការចូលរួមពីជំនាញការនៃប្រទេសក្នុងតំបន់អាស៊ីរួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ចិន និងស្រីលង្កា សរុបប្រមាណ ៥០រូប។
សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
-ចែករំលែកបទពិសោធន៍ និងព័ត៌មានក្នុងការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី
-វិភាគបញ្ហាប្រឈមអំពីសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកក្នុងតំបន់អាស៊ី
-ពិភាក្សាអំពីការពង្រឹងកិច្ចសហការលើការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃលើដំណាំចេកក្នុងតំបន់អាស៊ីនាពេលអនាគត។

ចេញ​ផ្សាយ​ ០២ វិច្ឆិកា ២០២៣ 6187

សិក្ខាសាលាផ្ទៀងផ្ទាត់ការរៀបចំផែនទីវៃឆ្លាតនឹងអាកាសធាតុ និងផែនការបន្សាំ (CS-Map) នងចុះប្រជុំផ្ទៀងផ្ទាត់ជាមួយក្រុមកសិករនៅខេត្តព្រៃវែង

នៅថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសសាទខេត្តព្រៃវែង អង្គការ IRRI  និងអង្គការ Worldfish ប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ការរៀបចំផែនទីវៃឆ្លាតនឹងអាកាសធាតុ និងផែនការបន្សាំ (CS-Map) និងចុះប្រជុំផ្ទៀងផ្ទាត់ជាមួយក្រុមកសិករនៅខេត្តព្រៃវែង ។ សមាសភាពចូលរួមសិក្ខាសាលាដែលរៀបចំឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានចំនួន ៣០ នាក់ (ស្ត្រី៣នាក់) មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុក/ក្រុងទាំង ១៣នៃខេត្តព្រៃវែង។ ចំណែកការចុះជួបប្រជុំផ្ទៀងផ្ទាត់ជាមួយក្រុមកសិករ បានធ្វើឡើងនៅស្រុកចំនួន៣ គឺស្រុកពាមជ័រ (ឃុំព្រែកក្របៅ) ស្រុកបាភ្នំ (ឃុំរោងដំរី) និងស្រុកកំចាយមារ (ឃុំស៊ាងឃ្វាង) ដែលមានកសិករចូលរួមប្រមាណ ៩៣នាក់ (ស្រ្តី៤០នាក់) ។ សិក្ខាសាលា និងការចុះប្រជុំផ្ទៀងផ្ទាត់ជាមួយក្រុមកសិករនេះ មានគោលបំណងប្រមូលធាតុចូលដើម្បីកែលម្អផែនទីវៃឆ្លាតនឹងអាកាសធាតុ និងផែនការបន្សាំនឹងគ្រោះមហន្តរាយបណ្តាលមកពីអាកាសធាតុលើផលិតកម្មដំណាំស្រូវ បន្លែ និងពោត ដោយផ្អែកលើចំណេះដឹងជាក់ស្តែងនៅមូលដ្ឋានឱ្យកាន់ប្រសើរ និងមានសង្គតភាព។ លទ្ធផលនៃសិក្ខាសាលា គឺបានពិនិត្យ ពិភាក្សា និងកែលម្អផែនទីវៃឆ្លាតនឹងអាកាសធាតុ និងផែនការបន្សាំដែលបានរៀបចំឡើង។ ការផ្ទៀងផ្ទាត់ និងកែលម្អផែនទីនេះ បានផ្តោតលើហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតលើដំណាំស្រូវ បន្លែ និងពោត និងផែនការបន្សាំដោយកំណត់លើសេណារីយ៉ូ នៃហានិភ័យឆ្នាំធម្មតា និងហានិភ័យឆ្នាំធ្ងន់ធ្ងរ ហើយការប៉ះពាល់ដល់ផលដំណាំត្រូវបានកំណត់ចំនួន៣កម្រិតគឺ (១) តិចតួច (២) មធ្យម និង(៣) ធ្ងន់ធ្ងរ ។ ដោយឡែក ចំពោះ ការចុះប្រជុំជាមួយក្រុមកសិករ គឺដើម្បីបញ្ជាក់អំពីកម្រិតហានិភ័យ និន្នាការ និងពេលវេលាកើតឡើងនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ប្រព័ន្ធផលិតកម្មដំណាំដែលប្រជាកសិករអនុវត្ត និងដើម្បីស្វែងយល់អំពីទស្សនៈរបស់ប្រជាកសិករលើវិធានការបន្សាំ ដែលបានលើឡើងនៅផែនទី CS-Map ឆន្ទៈរបស់កសិករក្នុងការអនុវត្តវិធានការបន្សាំការផ្លាស់ប្ដូរតួនាទីយេនឌ័រ ក្នុងការអនុវត្តវិធានការបន្សាំ និងការលំបាក ឬបញ្ហាប្រឈម និងតម្រូវការគាំទ្រក្នុងការអនុវត្តវិធានការបន្សាំ។ វិធានការបន្សាំជាអាទិភាពដែលបានលើកឡើងនៅលើផែនទី CS-Map មានដូចជា៖  ប្រតិទិនដាំដុះដំណាំប្រភេទដំណាំ ពូជដំណាំ ការរក្សាស្តុកទឹកសម្រាប់ប្រើប្រាស់ វារីវប្បកម្ម ពិពិធកម្មកសិផល និងអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធ៕

ចេញ​ផ្សាយ​ ២៦ តុលា ២០២៣ 4685

កិច្ចប្រជុំពិភាក្សាពង្រឹងការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

កាលពីថ្ងៃទីចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាន និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥រាជធានី-ខេត្ត ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំពិភាក្សាមានចំនួនសរុប ៧៥នាក់ (ស្រ្តី  ៥នាក់)។ កម្មវិធីនៃកិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅក្នុងគោលបំណង៖ (១) បញ្ជ្រាបនូវទស្សនទានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារគ្រប់គ្រងធាតុចូលកសិកម្ម (២) ផ្សព្វផ្សាយលទ្ធផលនៃប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម និង(៣) ស្វែងយល់ពីស្ថានភាព បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ។  ជាលទ្ធផលនៃកិច្ចប្រជុំនេះ បន្ទាប់ពីកំណត់បាននូវបញ្ហាប្រឈមមួយចំនួន ឯកឧត្តមប្រធានអង្គប្រជុំបានផ្តល់អនុប្រសាសន៍ណែនាំដូចជា៖ (១). ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដែលមានសមត្ថកិច្ច និងមន្ត្រីជំនាញនៅថ្នាក់ក្រោមជាតិត្រូវបង្កើនការពង្រឹងកិច្ចសហការ ជាមួយអង្គភាពពាក់ព័ន្ធ (២). បន្តធ្វើការជាមួយក្រសួងមហាផ្ទៃលើនីតិវិធីក្នុងការពិន័យអន្តរការណ៍ ជាពិសេស ពាក់ព័ន្ធនឹងសេចក្តីសម្រេចលេខ ១០០ សសរ ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាល និង (៣) ជំរុញដំណើរការរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំនានាឱ្យបានរួចរាល់។

ចេញ​ផ្សាយ​ ២០ តុលា ២០២៣ 4690

សិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យអនាគតនៃការអភិវឌ្ឍពូជពោតអ៊ីប្រ៊ីដនៅកម្ពុជា

ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារអាស៊ាន ខេត្តកំពង់ចាម មានការរៀបចំសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យអនាគតនៃការអភិវឌ្ឍពូជពោតអ៊ីប្រ៊ីដនៅកម្ពុជា ដែលរៀបចំដោយក្រុមការងារគម្រោងផលិតកម្ម និងប្រព័ន្ធផ្សព្វផ្សាយគ្រាប់ពូជពោតនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារគម្រោង KOPIA-KOREA ប្រចាំនៅកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ប៉ៃលិន ខេត្តកណ្ដាល វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រុមហ៊ុនCP Cambodia Co.Ltd, East-West Seed Company ព្រមទាំងកសិករចូលរួមសរុប ៧៤នាក់ ក្នុងនោះមានស្រ្តី១៣នាក់។ កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១)- ចែករំលែកបទពិសោធន៍ដោយនាំយកការអនុវត្តវិធីសាស្រ្តជាក់ស្ដែងដល់កសិករ និងអ្នកពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍឧស្សាហកម្មពោតនៅកម្ពុជា
២)- លើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជនទាក់ទងនឹងកិច្ចសហប្រតិបត្តិការបន្ថែមសម្រាប់ការអភិវឌ្ឍវិស័យពោតនៅកម្ពុជា
៣)- ពិនិត្យឡើងវិញនូវអាទិភាពសំខាន់ៗនៃវិស័យអភិវឌ្ឍផលិតកម្មពូជពោតនីមួយៗ ដើម្បីរៀបចំគោលនយោបាយយុទ្ធសាស្រ្តសម្រាប់ផែនការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។

ចេញ​ផ្សាយ​ ១៩ តុលា ២០២៣ 5025

កិច្ចប្រជុំស្តីពីការងារតាមដាន និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២៣

ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០ នាទីព្រឹក នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំស្តីពីការងារតាមដាន និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចែ សាវុន អគ្គលេខាធិការងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ស៊ិន សោភ័ណ អគ្គនាយិការងនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពជំនាញក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារនៃនាយកដ្ឋានផែនការ និងស្ថិតិ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ សរុបចំនួន ២៦នាក់ ស្រ្តី៥នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសម្មភាព ក៏ដូចជាកំណត់បញ្ហាប្រឈមនានា និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

ចេញ​ផ្សាយ​ ១៩ តុលា ២០២៣ 5405

ពិធីចែកគ្រាប់ពូជស្រូវ OM-5451 ជូនដល់កសិករដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ក្នុងស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

ថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមក្នុងកម្មវិធីចែកគ្រាប់ពូជស្រូវ OM-5451 ចំនួន ៣៤ ២០០គីឡូក្រាម ជូនដល់កសិករចំនួន ៣៤២គ្រួសារ មកពីឃុំពាមជីលាំង និងឃុំបឹងព្រួល  ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ដើម្បីដាំដុះស្តារឡើងវិញឱ្យបានទាន់ពេលវេលា។  កម្មវិធីនេះ បានរៀបចំនៅវត្តពាមមង្គល (ហៅវត្តពាម) ស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចេញ​ផ្សាយ​ ១២ តុលា ២០២៣ 4505

កិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយលើការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះបញ្ចាស័ក ពស២៥៦៧ ត្រូវនិងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយលើការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៅសាលប្រជុំមន្ទីរពិសោធន៍ជាតិកសិកម្ម។ សមាសភាពអញ្ជើញចូលរួមសរុបមានចំនួន ២៣នាក់ (ស្ត្រី០៧នាក់) ដែលជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានពូជដំណាំ។  កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈ (១) ការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងសំណូមដែលក្រុមហ៊ុនថ្នាំកសិកម្មនិងជីកសិកម្មបានលើកឡើងក្នុងកិច្ចប្រជុំចំនួន៤លើក នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានកសិកម្មដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែកញ្ញា និងថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ ដែលមានតំណាងក្រុមហ៊ុនចូលរួមចំនួន ១២៦ក្រុមហ៊ុន (២)ការពង្រឹងការបំពេញភារកិច្ចរបស់មន្ត្រីនាយកដ្ឋានជំនាញ  និង(៣) ការងារផ្សេងៗ។  
លោកបណ្ឌិតសេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃកិច្ចប្រជុំជាមួយក្រុមហ៊ុនជីកសិកម្ម និងថ្នាំកសិកម្ម។ បញ្ហាប្រឈមដែលក្រុមហ៊ុនបានលើកឡើងពាក់ព័ន្ធនឹងជីកសិកម្មនិងថ្នាំកសិកម្មរួមមាន៖ ការរត់ពន្ធ ការក្លែងបន្លំគុណភាព ការលក់ផលិតផលមិនបានចុះបញ្ជិកា សុពលភាពបញ្ជិកានិងលិខិតអនុញ្ញាតនាំចូលខ្លី ការប្រើប្រាស់សំបកបាវបន្តបន្ទាប់ពីអស់សុពលភាព ការនាំចូលដោយបញ្ជាក់តែបរិមាណសរុប (មិនរាយតាមយថាប្រភេទ) ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុកនិងក្រុមហ៊ុននាំចូលដែលមានការទទួលខុសត្រូវខ្ពស់ ការផ្សព្វផ្សាយលក់ផលិតផលខុសច្បាប់តាមរយៈអនឡាញ និងបញ្ហាប្រឈមអន្តរស្ថាប័ន។ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើបញ្ហាមួយចំនួនដែលអាចដោះស្រាយបានតាមរយៈការពង្រឹងសមត្ថភាពអង្គភាពដែលត្រូវបំពេញភារកិច្ចចុះបញ្ជី និងការធ្វើអធិការកិច្ចដែលមានការប្រើប្រាស់ឧបករណ៍វិភាគនៅទីតាំងជាក់ស្តែង ជាមួយនឹងការវិភាគគីមីក្នុងមន្ទីរពិសោធន៍។

ចេញ​ផ្សាយ​ ០៨ តុលា ២០២៣ 5949

កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដែលធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដែលធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅសាលប្រជុំមន្ទីរពិសោធន៍ជាតិកសិកម្ម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងក្រុមហ៊ុនជីកសិកម្មនិងថ្នាំកសិកម្មសរុបចំនួន៩៤នាក់ (តំណាងក្រុមហ៊ុនមានចំនួន៦៦នាក់)។ កិច្ចប្រជុំនេះមានគោលបំណង៖ (១) ពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជនលើការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និង (២) ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពររបស់ក្រុមហ៊ុនសំដៅលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ។ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់អំពីចក្ខុវិស័យលើការគ្រប់គ្រងធាតុចូលកសិកម្ម ដោយឈរលើមូលដ្ឋានដើម្បីលើកកម្ពស់ការគ្រប់គ្រងធាតុចូលកសិកម្មដើម្បីកាត់បន្ថយថ្លៃដើមផលិតនិងបង្កើនប្រាក់ចំណេញសម្រាប់កសិករ។ កិច្ចប្រជុំបានកំណត់បញ្ហាប្រឈម និងដាក់ទិសដៅសកម្មភាព និងសហការដោះស្រាយលើចំណុចសំខាន់ៗរួមមាន៖ (១) ការគ្រប់គ្រងការនាំចូលជីកសិកម្ម និងថ្នាំកសិកម្មពីប្រទេសជិតខាងកម្ពុជាដែលមិនអនុលោមតាមច្បាប់ (២) ទប់ស្កាត់ បទល្មើស ការក្លែងបន្លំ និងបង្កើនប្រសិទ្ធភាពការងារ គ្រប់គ្រង ការក្លែងបន្លំថ្នាំ និងជីកសិកម្ម (៣) បង្កើនសុចរិតភាព លើផ្នែកគុណភាពរបស់ក្រុមហ៊ុននាំចូល ក្រុមហ៊ុនផលិត វេចខ្ចប់ និងចែកចាយ និងប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Test Kit) (៣) ពង្រឹងការគ្រប់គ្រងលើការរត់ពន្ធជីកសិកម្ម និងថ្នាំកសិកម្ម តាមច្រកព្រំដែន (៤) កែលម្អ និងបង្កើនប្រសិទ្ធភាពនៃការចុះបញ្ជិកា (៥) ពង្រឹងការគ្រប់គ្រងការផ្សព្វផ្សាយលក់ផលិតផលជីកសិកម្ម និងថ្នាំកសិកម្ម តាមបណ្តាញសង្គម (អនឡាញ) ដោយគ្មានវិជ្ជាជីវៈ អនាធិបតេយ្យ លក់ផលិតផលដែលប៉ះពាល់ដល់ទិន្នផលនិងគុណភាពដំណាំ និងសុខភាពអ្នកប្រើប្រាស់ (៦) អភិវឌ្ឍសមត្ថភាពដល់កសិករ និងអ្នកពាក់ព័ន្ធ និង (៧) ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ នៅក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានផ្តល់អនុសាសន៍ណែនាំជូនចំពោះ ក្រុមហ៊ុនដូចជា៖ (១) ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដោយបង្កើនការកត់ត្រានិងរាយការណ៍តួលេខនៃបរិមាណស្នើសុំនាំចូល និងបរិមាណ នាំចូល ជាក់ស្តែង (យកតាមប្រតិវេទគយ) (២) ត្រូវពង្រឹងការគ្រប់គ្រងសារធាតុគីមីផលិតជីថ្នាំឱ្យបានល្អជៀសវាងការធ្លាក់ដល់ដៃអ្នកប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតយកទៅផលិតជាតិផ្ទុះ និងគ្រឿងញៀន (៣) ត្រូវមានមន្ត្រីជំនាញកសិកម្ម ឬក្សេត្រសាស្ត្រប្រចាំក្រុមហ៊ុន និង(៤) ត្រូវបញ្ឈប់ការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមដែលបំភ្លៃការពិត។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រតិភូ ក៏បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពទទួលខុសត្រូវនៃអគ្គនាយកដ្ឋានកសិកម្មដូចជា៖ (១) បង្កើតជាក្រុមតេលេក្រាមទៅតាមក្រុមគ្រប់គ្រងជីកសិកម្ម និងក្រុមគ្រប់គ្រងថ្នាំកសិកម្មដេីម្បីសម្រួលការងារចែករំលែកព័ត៌មាន (២) មន្ត្រីអនុវត្តគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម ត្រូវតែប្រកាន់ជំហរវិជ្ជាជីវៈ រក្សាកិត្តិយសអង្គភាព ជួយសម្របសម្រួលផ្តល់សេវាជូនក្រុមហ៊ុនឱ្យបានល្អប្រសើរ និងជៀសវាងឱ្យបានដាច់ខាតនូវការឃុបឃិតដែលប្រាស់ចាកនឹងក្របខ័ណ្ខច្បាប់ (៣) ត្រូវតាមដានការផ្សព្វផ្សាយពាណិជ្ជាកម្មនៅលើ Facebook ដែលបំភ្លៃការពិតដូចមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម មាត្រាទី៧៦ ដល់មាត្រាទី៧៩។

ចេញ​ផ្សាយ​ ០៥ តុលា ២០២៣ 4282

កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោង និងទស្សនកិច្ចសិក្សានៃគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអគ្នេយ៍ (ASSET)

នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មនិងក្រុមការងារបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងASSET នៅស្រុករវៀង ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមចំនួន២៥នាក់ តំណាងមកពីនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង សហភាពសហគមន៍កសិកម្មមានជ័យ អង្គការSwisscontact អង្គការ CIRAD អង្គការGRET បណ្តាញ ALiSEA Cambodia អង្គការ Uni4Coop អង្គការ AFD និង EU ប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបង្ហាញដល់ដៃគូអនវត្តគម្រោងពីវឌ្ឍនភាពការងារគម្រោង ASSET ពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាងដៃគូអនុវត្តថ្នាក់ជាតិ និងដៃគូអភិវឌ្ឍន៍ និងសកម្មភាពការងារជាមួយអ្នកពាក់ព័ន្ធ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤។ គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងASSET បានពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការអនុវត្តសកម្មភាពគម្រោងនៅក្នុងតំបន់ស្រោចស្រពចំនួនពីរដែលស្ថិតនៅក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ គឺតំបន់ប្រព័ន្ធស្រោចស្រពអូរកំបោរ និងអូរស័ករាជ ហើយបានផ្តោតលើប្រព័ន្ធផលិតកម្មសំខាន់ៗរួមមាន៖ (១) ការដាំដំណាំគម្របដីស្ទីឡូ និងចង្ក្រងស្វាក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ (២) ផលិតកម្មគ្រាប់ពូជស្ទីឡូ ក្នុងប្រព័ន្ធផលិតកម្មដំណាំស្វាយចន្ទី (៣) ផលិតកម្មគ្រាប់ពូជដំណាំគម្របដីស្ទីឡូ និងចង្ក្រងស្វា ឆ្លាស់នឹងដំឡូងមីនៅក្នុងតំបន់ដែលមានសក្តានុពល និងសមស្របសម្រាប់ការអនុវត្តគោលការណ៍កសិអេកូឡូស៊ីក្នុងកម្រិតដែនដីនៃខេត្តព្រះវិហារ (៤) ការគ្រប់គ្រងសត្វល្អិតចង្រៃតាមគោលការណ៍កសិអេកូឡូស៊ី (ប្រើប្រាស់សត្វអង្ក្រង) និង (៥) ប្រព័ន្ធផលិតកម្មសត្វចតុបាតធំ ដោយព្រលែងលើវាលស្មៅចំណីសត្វ។ កិច្ចប្រជុំក៏បានពិភាក្សាលើសារៈប្រយោជន៍នៃការអនុវត្តកសិអេកូឡូស៊ី ហើយបានសន្និដ្ឋានរួមលើចំណុចសំខាន់ៗរួមមាន៖ (១)កាត់បន្ថយជីគីមី ថ្នាំពុល និងធាតុចូលកសិកម្មដែលមិនចាំបាច់ (២)បង្កើនទិន្នផលដំណាំ (៣)បង្កើនសុវត្ថិភាពចំណីអាហារ (៤)ជម្រុញភាពសម្បូរបែបនៃផលិផលកសិកម្ម (៥) ទប់ស្កាត់ការហូរច្រោះដី (៦) រក្សាគុណភាព តុល្យភាពបរិស្ថាន បញ្ចៀសការបំពុលទឹកសម្រាប់ប្រើប្រាស់និងធ្វើកសិកម្ម និង (៧)ការពារអេកូឡូស៊ីជីវសាស្ត្រ៕

ចេញ​ផ្សាយ​ ០៣ តុលា ២០២៣ 3922

ទស្សនកិច្ចសិក្សាអំពីការពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច (CMD) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការ CIAT បានរៀបចំទស្សនកិច្ចសិក្សាអំពីការពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច (CMD) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ក្រោមអតិបតីភាពលោកបណ្ឌិត នី វុទ្ធី អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ៦៥រូប ដែលអញ្ជើញមកពីនាយកដ្ឋានដំណាំឧស្សាហកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៌កសិកម្មកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង ស្ទឹងត្រែង ឧត្តរមានជ័យ និងព្រះវិហារ កសិករដាំដំឡូងមី សមាគមកសិករដំឡូងមី អង្គការ ACIAR, CIAT,GIZ និងអ្នកជំនាញការផ្នែកដំណាំដំឡូងមីនៃសាកលវិទ្យាល័យកាសេសាទប្រទេសថៃ ឡាវ វៀតណាម និងយូហ្កានដា (Uganda)។ គោលបំណងនៃទស្សនកិច្ចសិក្សាខាងលើ ដើម្បីបង្ហាញលទ្ធផលគម្រោងដែលបានអនុវត្តកន្លងមក ដោយធ្វើការវាយតម្លៃការលូតលាស់និងភាពធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច របស់ពូជដំឡូងមីដែលបានកំពុងធ្វើពិសោធន៍៕

ចេញ​ផ្សាយ​ ០១ តុលា ២០២៣ 4217

វគ្គបណ្ដុះបណ្តាលស្តីពីការបញ្ច្រាបចំណេះដឹងកសិអេកូឡូស៊ីសម្រាប់និរន្តរភាពផលិតកម្មដំណាំកសិកម្ម

នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានគ្រប់គ្រងធនធាន ដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ច្រាបចំណេះដឹងកសិអេកូឡូស៊ីសម្រាប់និរន្តរភាពផលិតកម្មដំណាំកសិកម្មនៅស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិតីភាពលោកស្រី ទុយ សុខខេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម។ វគ្គបណ្ដុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍ (ASSET)។ សិក្ខាកាមចូលរួមមានចំនួន៥៣នាក់ (ស្រ្តី ២៤នាក់) មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង អាជ្ញាធរភូមិឃុំ សហគមន៍កសិកម្ម និងកសិករ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺការបញ្ជ្រាបចំណឹងអំពីកសិអេកូឡូស៊ីសម្រាប់និរន្តរភាពផលិតកម្មដំណាំស្រូវ ស្វាយចន្ទី និងដំឡូងមីនៅក្នុងតំបន់ដែលមានសក្តានុពលនិងសមស្របសម្រាប់ការអនុវត្តគោលការណ៍កសិអេកូឡូស៊ី ក្នុងកម្រិតដែនដីនៃខេត្តព្រះវិហារ។ លទ្ធផល និងខ្លឹមសារ នៃវគ្គបណ្តុះបណ្តាល នេះត្រូវបានអនុវត្តនៅក្នុងថ្នាក់ដោយការបញ្រ្ជាបចំណេះដឹងអំពី (១) គោលការណ៍ កសិអេកូឡូស៊ី និងការអនុវត្តកសិអេកូឡូស៊ីក្នុងផលិតកម្មដំណាំស្រូវ ស្វាយចន្ទី និងដំឡូងមីជាមូលដ្ឋាន និង (២) ទស្សនកិច្ចសិក្សានៅទីវាលបង្ហាញ ដែលបានអនុវត្តនៅក្នុងតំបន់ស្រោចស្រពចំនួនពីរដែលស្ថិតនៅក្នុងឃុំរីករាយ ស្រុក រវៀង ខេត្ត ព្រះ វិហារ គឺតំបន់ប្រព័ន្ធស្រោចស្រពអូរកំបោរ និងអូរសករាជ ហើយបានផ្តោតលើប្រព័ន្ធផលិតកម្មសំខាន់ៗរួមមាន៖ (១) ការដាំដំណាំគម្របដីស្ទីឡូ និងចង្ក្រងស្វាក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ (២) ផលិតកម្ម គ្រាប់ពូជស្ទីឡូក្នុងប្រព័ន្ធផលិតកម្មដំណាំស្វាយចន្ទី (៣) ផលិតកម្មគ្រាប់ពូជដំណាំគម្របដីស្ទីឡូ និងចង្ក្រំស្វាឆ្លាស់នឹងដំឡូងមី (៤) ការគ្រប់គ្រង សត្វល្អិតចង្រៃតាមគោលការកសិអេកូឡូស៊ី (ប្រើប្រាស់សត្វអង្ក្រង) និង (៥) ប្រព័ន្ធផលិតកម្មសត្វគោ ដោយប្រលែងលើវាលស្មៅចំណីសត្វ៕

ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៣ 4203

កិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីសិក្សាថ្លៃដើមនិងខ្សែច្រវាក់តម្លៃដំណាំឧស្សាហកម្មអាទិភាពសំខាន់ៗ

ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក យិន ច័ន្ទសុធី អគ្គនាយកដា្ឋនរងនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការសិក្សាខ្សែច្រវាក់តម្លៃផលិតកម្មដំណាំឧស្សាហកម្មអាទិភាព ដោយមានថ្នាក់ដឹកនាំនិងមន្ត្រីជំនាញចូលរួមសរុបទាំងអស់១៦នាក់ (ស្រ្តី៥នាក់) នៅអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំខាងលើបានផ្តោតទៅលើការបែងចែកតួនាទី និងភារកិច្ចទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ទៅតាមមុខដំណាំនីមួយៗរបស់ការិយាល័យជំនាញ ដើម្បីធ្វើការសិក្សាថៃ្លដេីមនិងខែ្សសង្វាក់តមៃ្លលេីដំណាំសំខាន់ៗដែលមានសក្តានុពល ដូចជាដំណាំសា្វយចន្ឋី ម្រេច ពោតក្រហម ដំឡូងមី ដូង អំពៅ កាហេ្វ និងកាកាវ៕

ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៣ 4159

សិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនៃការអនុវត្តច្បាប់សហគមន៍កសិកម្ម ដោយសហគមន៍កសិកម្មនៅកម្ពុជា។

នាថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យទ្បើងវិញនៃការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្ម  នៅខេត្តកំពត ក្រោមអធិបតីភាព លោក សាម៉េង កែវមុនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ។ សិក្ខាសាលាខាងលើ ទទួលបានការគាំទ្រថវិកាដោយអង្គការរ៉ាយអៃសិនអាល្លឺម៉ង់ (DGRV) និងបានអញ្ជើញសិក្ខាកាមចូលរួមមកពីមន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្ត រួមជាមួយនឹងសហភាពសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន៥៤នាក់ ស្រ្តីចំនួន១៤នាក់ ។
គោលបំណងសំខាន់ៗនៃសិក្ខាសាលាខាងលើនេះគឺ៖
១. ដើម្បីពិនិត្យឡើងវិញនៃការអនុវត្តតាមច្បាប់ស្តីពីសហគមន៍កសិកម្មដោយសហគមន៍កសិកម្មនៅកម្ពុជា។
២. ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្មសំដៅធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តភាពរបស់សហគមន៍កសិកម្មនៅកម្ពុជា៕

ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២៣ 4267

វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំនិងលក់រាយ លើកទី៣ ស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្មនិងជីកសិកម្ម

នៅថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាគណៈអធិបតីនិងវាគ្មិនក្នុងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ និងលក់រាយ លើកទី៣ ស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាព ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល។ សិក្ខាសាលានេះរៀបចំឡើងដោយនាយកដ្ឋាននីតិកម្មកសិកម្មសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួមដូចជាអាជីវករលក់ដុំនិងលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ចំនួន១៤៨នាក់ (ស្រី៤២) មកពីបណ្តាខេត្ត និងរាជធានីមួយចំនួនដូចជា៖ ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី កោះកុង និងរាជធានីភ្នំពេញ។
លោក កន កុម្ភៈ អនុប្រធាននាយកដ្ឋានទទួលបន្ទុកការងារគ្រប់គ្រងជីកសិកម្ម នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានធ្វើបទបង្ហាញស្តីពីបទដ្ឋានគតិយុត្ត និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងជីកសិកម្ម ដោយផ្តោតលើគោលបំណងសំខាន់ៗចំនួន០៣រួមមាន៖ (១) បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការគ្រប់គ្រងជីកសិកម្ម (២) បញ្ជ្រាបការយល់ដឹងអំពីវិធានបច្ចេកទេសក្នុងការគ្រប់គ្រងជីកសិកម្ម ដែលអាជីវករ និងកសិករត្រូវអនុវត្ត និង (៣) និងបញ្ជ្រាបការយល់ដឹងអំពីវិជ្ជាជីវៈ និងកាត្វកិច្ចមុន និងក្រោយទទួលបានវិញ្ញាបនបត្រអប់រំវិជ្ជាជីវៈ។
លោកបណ្ឌិត សេង វ៉ាង បានផ្តល់អនុសាសន៍សំខាន់ៗ រួមមានគឺ៖ (១) អាជីវករលក់ដុំនិងលក់រាយទាំងអស់ត្រូវតែស្គាល់អំពីប្រភេទជីឱ្យបានច្បាស់លាស់ ដើម្បីណែនាំដល់កសិករ ឬអ្នកប្រើប្រាស់ឱ្យធ្វើការប្រើប្រាស់ឱ្យបានត្រឹមត្រូវនិងប្រសិទ្ធភាពខ្ពស់នៅក្នុងផលិតកម្មដំណាំ (២) អាជីវករត្រូវដឹងឱ្យបានគ្រប់ជ្រុងជ្រោយអំពីព័ត៌មានទាំងអស់នៅលើសំបកបាវជី ឧ. អត្រាបមាណីយសារធាតុសកម្មនៃជីអ៊ុយរ៉េ ៤៦:០:០ គឺមានន័យថាជីអ៊ុយរ៉េចំនួន១០០គីឡូក្រាម មានសារធាតុអាសូតចំនួន៤៦ គីឡូក្រាម (៣) ការប្រើប្រាស់ជីកសិកម្មបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងគុណភាពដីឱ្យមាននិរន្តរភាព មេត្រីភាពបរិស្ថាន និងបង្កើនផលិតភាពកសិកម្ម ក្នុងនោះគឺការប្រើប្រាស់ជីលើផលិតកម្មដំណាំត្រូវតែដាក់ឱ្យបានត្រឹមត្រូវ (ពេលវេលាដាក់ជី កម្រិតណែនាំជីសម្រាប់ប្រភេទដំណាំ ប្រភេទជីច្បាស់លាស់ និងការដាក់ជីតាមបច្ចេកទេសសមស្រប) (៤) ការប្រើប្រាស់ជីគីមី លាយផ្សំនឹងជីសរីរាង្គ គឺជួយបង្កើនប្រសិទ្ធនៃការស្រូបយកសារធាតុចិញ្ចឹមរបស់ដំណាំឱ្យកាន់តែល្អប្រសើរ និង (៥) សំណូមពរដល់អាជីវករទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់ការក្លែងបន្លំគុណភាពជីកសិកម្ម និងកុំទិញលក់ឬចែកចាយផលិតផលជីកសិកម្មដែលគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៣ 4207

កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដែលកំពុងធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដែលកំពុងធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ និង លោកអគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកស្រីអគ្គនាយិការរង លោកប្រធាន និងអនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក លោកស្រីតំណាងក្រុមហ៊ុនជីកសិកម្ម និងថ្នាំកសិកម្មសរុបចំនួន ៨០នាក់ ក្នុងនោះមានតំណាងមកពីក្រុមហ៊ុនថ្នាំកសិកម្ម និងជីកសិកម្មចំនួន ៦០នាក់។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនលើការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម ការពិភាក្សាទូទៅលើបញ្ហាប្រឈម និងសំណូមពររបស់ក្រុមហ៊ុន និងលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ។

ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៣ 6329

កិច្ចប្រជុំក្រុមការងារសិក្សារៀបចំកត់ត្រា និងកំណត់ផែនទីនៃតំបន់ដែលរងគ្រោះពីធម្មជាតិដោយទឹកជំនន់ និងរាំងស្ងួតរបស់អគ្គនាយកដ្ឋានកសិកម្ម

កិច្ចប្រជុំក្រុមការងារសិក្សារៀបចំកត់ត្រា និងកំណត់ផែនទីនៃតំបន់ដែលរងគ្រោះពីធម្មជាតិដោយទឹកជំនន់ និងរាំងស្ងួតរបស់អគ្គនាយកដ្ឋានកសិកម្ម
ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣:០០នាទីរសៀល អគ្គនាយកដ្ឋានកសិកម្ម បានបើកកិច្ចប្រជុំក្រុមការងារសិក្សារៀបចំកត់ត្រា និងកំណត់ផែនទីនៃតំបន់ដែលរងគ្រោះពីធម្មជាតិដោយទឹកជំនន់និងរាំងស្ងួត ដែលដឹកនាំដោយលោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមការងារសិក្សារៀបចំកត់ត្រានិងកំណត់ផែនទីនៃតំបន់ដែលរងគ្រោះពីធម្មជាតិដោយទឹកជំនន់ និងរាំងស្ងួត។ កិច្ចប្រជុំបានផ្តោតសំខាន់លើរបៀបវារៈដូចខាងជា (១). ការណែនាំតួនាទីភារកិច្ចនិងទំហំការងាររបស់ក្រុមការងារ(២). ការពិភាក្សាកំណត់សញ្ញាសម្គាល់ដែលបង្ហាញក្នុងផែនទីនៃតំបន់រងគ្រោះដោយទឹកជំនន់និងរាំងស្ងួត និង(៣). បញ្ហាផ្សេងៗ។

ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៣ 4281

សកម្មភាពចុះពិនិត្យការងារដាំដុះដំណាំម្រេច និងកាហ្វេរបស់កសិករ និងសហគមន៍ដំណាំម្រេចដារមេមត់ នៅខេត្តត្បូងឃ្មុំ

ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម និងសហការីនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យការងារដាំដុះដំណាំម្រេច និងកាហ្វេរបស់កសិករ និងសហគមន៍ដំណាំម្រេចដារមេមត់ នៅខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពផលិតកម្មដំណាំម្រេច កាហ្វេ និងការងារអភិវឌ្ឍន៍សហគមន៍ដំណាំម្រេច ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ នៅខេត្តត្បូងឃ្មុំ៕

ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៣ 4895

ដំណើរទស្សនកិច្ចចុះត្រួតពិនិត្យសកម្មភាពនៃការអនុវត្តគម្រោង wAT4CAM នៅខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ

នៅថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និង Mr. Andre Ban ប្រធានក្រុមហ៊ុន NIRAS ប្រចាំនៅកម្ពជា បានចុះត្រួតពិនិត្យសកម្មភាពនៃការអនុវត្តគម្រោង wAT4CAM នៅខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពីក្រុមការងារជំនាញរបស់អង្គការ CIRAD ក្រុមការងារ TA-AGRI នៃគម្រោង WAT4CAM។

ការបំពេញបេសកកម្មនេះ មានគោលបំណងជាសំខាន់ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្តគម្រោងដោយផ្អែកលើគោលការណ៍កសិអេកូឡូស៊ីដែលបន្ស៊ីទៅនឹងតម្រូវការរបស់ប្រជាកសិករនៅក្នុងតបន់គោលដៅគម្រោងក្នុងន័យបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។

កសិករ លោកពូ ផល រដ្ឋា ជាសមាជិកសហគមន៍កសិកម្មចំរើនផលរាំងកេសី នៅតំបន់ស្រោចស្រពកង្ហត ស្រុក សង្កែ ខេត្តបាត់ដំបង បានអនុវត្តដាំដុះដំណាំគម្របដី ចង្ក្រងស្វា និងសណ្តែកបាយ នៅលើផ្ទៃដីស្រែចំនួន ២,៧ ហិកតា ធ្វើការដាំដុះដោយម៉ាស៊ីនលើកាកសំណស់ដំណាំគម្របដី ក្នុងនោះផកលិតកម្មពូជស្រូវសែនក្រអូប ប្រមាណ ១,៥ហិកតា និងស្រូវចំណីពូជសែនក្រអូបប្រមាណ ១,២ ហិកតា ឃើញថាដំណាំស្រូវមានការលូតលាស់ល្អ និងរំពឹងថានឹងទទួលបានទិន្នផលខ្ពស់ ក្នុងរង្វង់ ៥តោន/ហិកតា ជាពិសេស មានមានការកាត់បន្ថយការប្រើប្រាស់ជីគីមី ពីចំនួន ៦ការ៉ុង មកនៅត្រឹម៣ការ៉ុង ធៀបនឹងមុនពេលសហការអនុវត្តជាមួយគម្រោងកាលពី៣ឆ្នាំមុន។

កសិករសហការជាមួយគម្រោងនៅតំបន់ស្រោចស្រពប្រឡាយ មេក្រពើ ស្រុកជីក្រែងខេត្តសៀមរាប បានសាកល្បងដាំដំណាំគម្របដីឆ្នាំទី១ នៅលើដីស្រែចំនួន ០,៥ ហិកតា បន្ទាប់មកភ្ជួរលប់ជាជីស្រស់ ហើយដាំដុះដំណាំស្រូវពូជ OM5451 ដោយរំពឹងថានឹងទទួលផលបានប្រមាណ ៣តោន ឬទិន្នផលប្រមាណ ៦តោន/ហិកតា ហើយគាត់បានបញ្ជាក់ការដាំដំណាំគម្របដីហាក់ដូចជួយឱ្យស្រូវគាត់លូតលាស់ល្អធៀបឆ្នាំកន្លងទៅ។

កសិករសហការនៅតំបន់គោលដៅគម្រោងនៃខេត្តបាត់ដំបង និងខេត្តសៀមរាប មានចំណាប់អារម្មណ៍ក្នុងការកៀរពង្រាបដីស្រែឱ្យរាបស្មើ ដោយពួកគាត់បានយល់ឃើញថា កាលណាដីស្រែរាបស្មើល្អ ងាយស្រួលក្នុងការគ្រប់គ្រងទឹក និងជីជាដើម ហើយធ្វើឱ្យដំណាំស្រូវលូវលាស់ស្មើគ្នាបានល្អ និងអាចទទួលទិន្នផលប្រសើឡើង។

ដោយឡែកកសិករសហការជាមួយគម្រោងដែលភាគច្រើនជាសមាជិកសហគមន៍អភិវឌ្ឍកសិកម្មព្រៃម្រ៉ីក្តីសង្ឃឹម ស្ថិតនៅតំបន់ស្រោចស្រពទំនប់អូរអត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បាននិងកំពុងអនុវត្តបង្ហាញុការធ្វើផលិតកម្មគ្រាប់ពូជដំណាំគម្របដីចង្ក្រងស្វា នៅតាមចម្ការដំណាំស្វាយចន្ទី ដោយសង្ឃឹមថានឹងទទួលបានផលចំណេញពីការលក់គ្រាប់ពូជដំណាំគម្របដី និងបង្កើនគុណភាពដីសម្រាប់ដំណាំស្វាចន្ទី។ លើសពីនេះ ទៀតសោធ កសិករបានចាប់អារម្មណ៍ និងផលិតថ្នាំបង្អើលសត្វល្អិតចង្រៃផ្សំពីវត្ថុធាតុដើមធម្មជាតិ សម្រាប់ប្រើប្រាស់ដើម្បីគ្រប់គ្រងដំណាំជំនួសឱ្យការប្រើប្រាស់ថ្នាំកសិកម្មសំយោគ ហើយកសិករបានអះអាងថា ការប្រើប្រាស់ថ្នាំកសិកម្មធម្មជាតិនេះបានកាត់បន្ថយការចំណាយ បើធៀបនឹងការប្រើប្រាស់ថ្នាំកសិកម្មសំយោគ។  

លោកបណ្ឌិត សេង វ៉ាង បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យខិតខំព្យាយាមអនុវត្តកសិកម្មតាមគោលការណ៍កសិអេកូឡូស៊ី ក្នុងគោលដៅបង្កើនគុណភាពកសិផលដើម្បីអាចប្រកួតប្រជែងនៅលើឆាកទីផ្សារក្នុងស្រុក និងអន្តរជាតិ កាត់បន្ថយថ្លៃដើម ផលិតកម្ម (ឧ. កាត់បន្ថយការប្រើប្រាស់ជីគីមី) បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងជី ទឹក ក្នុងផលិតកម្ម (ឧ. ការកៀរពង្រាបដីស្រែ) បង្កើន និងកែលម្អគុណភាពដី បង្កើនទិន្នផល ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម និងថែរក្សាបាននូវនិរន្តរភាពបរិស្ថាន៕

ចេញ​ផ្សាយ​ ០៧ កញ្ញា ២០២៣ 4727

កិច្ចប្រជុំជាមួយសហគមន៍កសិកម្មទាំងអស់នៅខេត្តព្រៃវែង ដើម្បីធ្វើបច្ចុប្បន្នភាពសហគមន៍កសិកមកម្មប្រចាំឆ្នាំ២០២៣

នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង ជួបប្រជុំជាមួយសហគមន៍កសិកម្មទាំងអស់នៅខេត្ដ ដើម្បីធ្វើបច្ចុប្បន្នភាពសហគមន៍កសិកមកម្មប្រចាំឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង។
===========================
ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋាន និង លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្តៃវែង បានជួបប្រជុំជាមួយសហគមន៍កសិកម្មទាំងអស់ក្នុងខេត្ដព្រៃវែង ដើម្បីធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្មប្រចាំឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួន ១១៦នាក់ ស្រ្តីចំនួន៣២នាក់ មកពីសហគមន៍កសិកម្មសរុបទាំងអស់ចំនួន១៣៩ សហគមន៍។
គោលបំណងនៃការចុះធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្មប្រចាំឆ្នាំ២០២៣ រួមមាន៖
១.ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ និងស្វែងយល់ពីដំណើរការប្រព្រឹត្ដិរបស់សហគមន៍កសិកម្ម ក៏ដូចជាភាពការរីកចម្រើន ឬអសកម្ម និងការធ្វើផែនការបន្តដើម្បីជួយសម្របសម្រួល និងពង្រឹងសហគមន៍កសិកម្មឱ្យកាន់កែមានភាពប្រសើរឡើង។
២.ដើម្បីត្រួតពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មប្រចាំឆ្នាំ២០២៣។

ចេញ​ផ្សាយ​ ២៧ សីហា ២០២៣ 4088

ការត្រួតពិនិត្យស្ថានភាពការធ្វើពាណិជ្ជកម្មជីកសិកម្មរបស់ពាណិជ្ជករនៅខេត្តបាត់ដំបង

យោងតាមលិខិតបញ្ជាបេសកកម្មលេខ២៥២ អ.ន.ក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចចាត់តាំងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងសហការី ចុះត្រួតពិនិត្យស្ថានភាពការធ្វើពាណិជ្ជកម្មជីកសិកម្មរបស់ពាណិជ្ជករនៅខេត្តបាត់ដំបងដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៦ ខែសីហា ឆ្នាំ២០២៣ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។ ក្រុមការងារបានជួបប្រជុំពិភាក្សាការងារជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការិយាល័យជំនាញ ដោយផ្តោតលើចក្ខុវិស័យ និងគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្មលើការគ្រប់គ្រងដើម្បីប្រើប្រាស់ជីកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ឈានដល់ការកាត់បន្ថយថ្លៃដើមផលិតកម្ម ទទួលបាននូវទិន្នផលនិងប្រាក់ចំណេញខ្ពស់។ បាត់ដំបងជាខេត្តមួយដែលមានសក្តានុពលធនធានដីកសិកម្មអំណោយផលទៅលើការដាំដុះដំណាំដូចជា ស្រូវ ពោត និងដំឡូងមីជាដើម។ ម៉្យាងទៀត ខេត្តនេះក៏មានច្រកព្រំដែនជាមួយប្រទេសថៃជាច្រើនកន្លែងដែលអំណោយផលដល់ការទិញលក់កសិផលរបស់ប្រជាកសិករ ហើយក៏បង្កលក្ខណៈងាយស្រួលដល់ការធ្វើអាជីវកម្មជីកសិកម្មផងដែរ។ ក្រុមការងារបានចុះពិនិត្យណែនាំលក្ខណៈបច្ចេកទេសដល់ពាណិជ្ជករនៅតាមដេប៉ូនិងឃ្លាំងស្តុកជីមួយចំនួនដោយមានការសហការចូលរួមយ៉ាងល្អពីពាណិជ្ជករ។ ក្រុមការងារក៏បានចុះពិនិត្យស្ថានភាពនៅតាមច្រកព្រំដែនក្នុងស្រុកភ្នំព្រឹក សំពៅលូន និងស្រុកកំរៀង និងបានជួបពិភាក្សាការងារជាមួយលោកអភិបាលស្រុកភ្នំព្រឹក និងលោកប្រធានច្រកព្រំដែនអូររំដួលក្នុងគោលបំណងជម្រាបជូនអំពីចក្ខុវិស័យនិងគោលដៅយុទ្ធសាស្រ្តនៃការគ្រប់គ្រងជីកសិកម្មរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងបានស្នើសុំកិច្ចសហការគ្នានិងគ្នាក្នុងការជួយទប់ស្កាត់រាល់បទល្មើសជីកសិកម្មដែលកើតមានក្នុងដែនសមត្ថកិច្ចគ្រប់គ្រង។ ជាមួយគ្នានេះ ក្រុមការងារក៏បានណែនាំដល់បងប្អូនអាជីវករ កសិករឱ្យបានដឹងអំពីការទិញលក់ជីកសិកម្មដែលគ្មានច្បាប់អនុញ្ញាតយកមកប្រើប្រាស់ និងបញ្ហាប្រឈមនានាផងដែរ។

ចេញ​ផ្សាយ​ ២៧ សីហា ២០២៣ 4989

សិក្ខាសាលាស្តីពី ការគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារនៅប្រទេសកម្ពុជា៖ ផ្លែឈើ និងបន្លែស្រស់


នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោងបន្លែគុណភាពកម្ពុជា (CQH) ក្រោមការឧបត្ថម្ភដោយរដ្ឋាភិបាលប្រទេសនូវែលសេឡង់ (New Zealand)  បានរៀបចំសិក្ខាសាលាស្តីពី ការគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារនៅប្រទេសកម្ពុជា៖ ផ្លែឈើ និងបន្លែស្រស់  នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានសិក្ខាកាមចូលរួមពី ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយដ្ឋានកសិកម្ម ស្ថាប័នជាតិពាក់ព័ន្ធ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដៃគូរអភិវឌ្ឍន៍ សហគមន៍កសិកម្ម ស្ថាប័នអប់រំ និងវិស័យឯកជន សរុបចំនួន១២០នាក់ (ស្ត្រី២៨នាក់) ដោយមានគោលបំណងដើម្បីបង្ហាញ  និងចែករំលែកអំពីវឌ្ឍនភាព  និងប្រព័ន្ធនៃការគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារ (ផ្លែឈេី  និងបន្លែស្រស់)  ក្នុងប្រទេសកម្ពុជា។

សិក្ខាសាលានេះ ជាវេទិកាមួយដែមានសារៈសំខាន់ដែលបានចែករំលែងពីវឌ្ឍនភាពស្ថានភាពនៃសុវត្ថិភាពស្បៀងអាហារនៅលើបន្លែផ្លែឈើស្រស់នៅប្រទេសកម្ពុជាដែលបានបង្ហាញពី
(១) វឌ្ឍនភាពនៃការងារសម្រេចបានឱកាស និងបញ្ហាប្រឈមទាក់ទងនឹងការងារអនុវត្តស្តង់ដារសុវត្ថិភាពផ្លែឈើ និងបន្លែស្រស់នៅកម្ពុជា
(២) ប្រព័ន្ធឌីជីថលដើម្បីផ្តល់ព័ត៌មានចំណេះដឹងទាក់ទងនឹងការងារការការពារដំណាំ និងក្សេត្រសាស្រ្ត
(៣) លទ្ធផលសិក្សាអំពីសុវត្ថិភាពអាហារទាក់ទងនឹងកម្រិតសំណលថ្នាំកសិកម្មនិងសំណល់ជីវសាស្ត្រ លើផ្លែឈើ និងបន្លែស្រស់ និង
(៤) ប្រព័ន្ធតាមដានត្រឡប់ Traceability systems សម្រាប់គ្រង់គ្រងសុវត្ថិភាពផ្លែឈើ និងបន្លែស្រស់ក្នុងប្រទេសកម្ពុជា។

តាមរយៈសិក្ខាសាលានេះ ភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម រួមមានវិស័យសាធារណៈ អ្នកផលិត អ្នកទិញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកស្រាវជ្រាវបានចែករំលែក និងផ្លាសប្តូរយោបល់គ្នាអំពីឱកាស បញ្ហាប្រឈម និងដំណោះស្រាយអំពីការងាគ្រប់គ្រងសុវត្ថិភាពអាហារក្នុងប្រទេសកម្ពុជាពីចម្ការរហូតដល់អ្នកប្រើប្រាស់ ឲ្យកាន់តែមានប្រសិទ្ធភាពនិងជំនឿរយកចិត្តខ្ពស់។

ចេញ​ផ្សាយ​ ០៩ សីហា ២០២៣ 5167

ការធ្វើសវនកម្មសាកល្បងទៅលើសហគមន៍កសិកម្មឃុំថ្លាត ដែលមានអាយសដ្ឋានស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានសហការជាមួយសម្ព័នសហគមន៍កសិកម្មកម្ពុជា ដើម្បីធ្វើសវនកម្មសាកល្បងទៅលើសហគមន៍កសិកម្មឃុំថ្លាត ដែលមានអាយសដ្ឋានស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
===========================
ការធ្វើសវនកម្មសាកល្បងសហគមន៍កសិកម្មឃុំថ្លាត នឹងត្រូវចំណាយរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ ៧រោជ ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ដែលក្នុងនោះមានអ្នកចូលរួមសរុបចំនួន ១៣នាក់ (ស្រ្តីចំនួន០៥នាក់) ។
គោលបំណងនៃការចុះធ្វើសវនកម្មសាកល្បងរួមមាន៖
១. ពង្រឹងសមត្ថភាពសិក្ខាកាមលើការងារសវនកម្ម ការរៀបចំកម្មវត្ថុសវនកម្ម និងរបាយការណ៍សវនកម្ម
២. ជម្រុញឱ្យសហគមន៍ធានានូវតម្លាភាព និងភាពអាចទុកចិត្តបាននៃពត៌មានហិរញ្ញវត្ថុដល់សមាជិកសហគមន៍កសិកម្ម
៣. ជម្រុញ ឱ្យសហគមន៍ បំពេញការងារដោយប្រតិបត្តិអនុលោមតាមច្បាប់ បទបញ្ញាផ្ទៃក្នុងសហគមន៍កសិកម្ម
៤. ផ្តល់ចំណេះដឹង និងពង្រឹងសមត្ថភាពគណៈកម្មាធិការត្រូតពិនិត្យសហគមន៍ ក្រុមប្រឹក្សាភិបាល មានចំណេះដឹងពីសវនកម្មនិងរៀបចំឯកសាររងសវនកម្ម។

ចេញ​ផ្សាយ​ ០៩ សីហា ២០២៣ 4618

ការចុះវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសចិន ដោយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC)

ការចុះវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសចិន ដោយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC)
---------------------------------

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម  បាន ដឹកនាំក្រុមការងារនៃនាយកដ្ឋានការពារ ដំណាំ  អនាម័យ  និង ភូតគាមអនាម័យ បានចូលរួមវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជាសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន  តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយក្រុមការងារជំនាញនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ដែលដឹកនាំដោយលោកស្រី Chen Yongqing មន្រ្តីគយជាន់ខ្ពស់ប្រចាំខេត្តក្វាងចូវ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជាដឹកនាំដោយ Dr.Wang Xiangshe មន្រ្តីជាន់ខ្ពស់ស្ថានទូតចិនប្រចាំនៅកម្ពុជាទទួលបន្ទុកការងារកសិកម្ម ដែលនឹងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣  ដើម្បីឈានដល់ការរៀបចំនិងការចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៣ 4478

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងប្រកាសស្តីពីបញ្ជីពូជដំណាំចុះបញ្ជីនៅកម្ពុជា”

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៣ នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយអង្គការ FAO ប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី  “សេចក្តីព្រាងប្រកាសស្តីពីបញ្ជីពូជដំណាំចុះបញ្ជីនៅកម្ពុជា” ក្រោមអធិបតីភាពលោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ ។ សិក្ខាសាលានេះប្រារព្វឡើងនៅភោជនីដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ សមាសភាពអ្នកចូលរួម សរុប៤០នាក់ ស្រី១១នាក់ ដែលអញ្ជើញវត្តមានមកពីក្រុមហ៊ុនឯកជន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរពិសោធន៍ជាតិកសិកម្ម ថ្នាក់ដឹកនាំនាយកដ្ឋានដំណាំឧស្សាហកម្ម ថ្នាក់ដឹកនាំ និងអ្នកសម្របសម្រួលនាយកដ្ឋានពូជដំណាំ ។
សិក្ខាសាលានេះធ្វើឡើងដោយមានគោលបំណង ៖
១. ដើម្បីប្រមូលធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធទៅនឹងវិស័យពូជដំណាំ
២. ដើម្បីកែសម្រួលឯកសារទាំងពីរនេះឲ្យបានត្រឹមត្រូវស្របតាមទិដ្ឋភាពជាក់ស្តែងនៃវិស័យឧស្សាហកម្មពូជដំណាំនៅកម្ពុជា។

ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៣ 4995

វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មជូនដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិនៃរដ្ឋបាលខេត្តសៀមរាប

ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋាន កសិកម្ម បានរៀបចំវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មជូនដល់មន្រ្តីរដ្ឋបាល ថ្នាក់ក្រោមជាតិ នៃរដ្ឋបាលខេត្តសៀមរាប ក្រោមការគាំទ្រថវិកាដោយអង្គការរ៉ាយអៃសិនអាល្លឺម៉ង់ (DGRV)។
=============================
វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មខាងលើ ត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីភាព លោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អស់លោកជាថ្នាក់ដឹកនាំការិយាល័យជំនាញ និងសិក្ខាកាមជាមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ នៃរដ្ឋបាលខេត្តសៀមរាប សរុបចំនួន៣៧នាក់ ស្រ្តីចំនួន០៥នាក់។
គោលបំណងនៃវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មខាងលើនេះគឺ៖
១. ផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបាន  យល់ជ្រួតជ្រាបដើម្បីទទួលបានការគាំទ្រដល់ការងារអភិវឌ្ឍន៍សហគមន៍កសិកម្មនៅ មូលដ្ឋាន។
២. ជំរុញរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតីទាំងផ្នែកសម្ភារៈដល់ការអភិវឌ្ឍសហគមន៍កសិកម្មនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។

ចេញ​ផ្សាយ​ ០៤ ឧសភា ២០២៣ 4420

ទិវាប្រមូលផលចម្ការពិសោធន៍ស្រាវជ្រាវពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៉ិក (mosaic) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (CIAT) ក្រោមការអនុវត្តគម្រោងដំណោះស្រាយប្រកបដោយនិរន្តរភាពលើជំងឺដំណាំដំឡូងមីតំបន់អាស៊ីអាគ្នេយ៍ ដោយមានការគាំទ្រថវិកាពីមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការងារស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) រៀបចំទិវាប្រមូលផលចម្ការពិសោធន៍ស្រាវជ្រាវពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៉ិក (mosaic) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ។

កម្មវិធីទិវាប្រមូលផលនេះស្ថិតក្រោមអធិបតីរបស់លោកបណ្ឌិត យិន ចន្ទ័សុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នពាក់ពន្ធ័សរុបប្រមាណ៤០នាក់ ស្ត្រី០៦នាក់ ។

ពិសោធន៍នេះ គឺ ដើម្បីប្រៀបធៀបពូជដំឡូងមីបង្កាត់ថ្មីជាមួយនឹងពូជខេយូ៥០ (KU50)  ទៅលើ  (១)  ភាពធន់ទៅនឹងជំងឺម៉ូសាអ៉ិក  (២)  ទិន្នផល  និង  (៣)  កម្រិតជាតិម្សៅ  ល។ តាមរយៈការពិសោធន៍នេះ យើងអាចទទួលបាននូវពូជដំឡូងមីថ្មីដែលធន់នឹងជំងឺម៉ូសាអ៉ិក ផ្តល់ទិន្នផលខ្ពស់ និងមានកម្រិតជាតិម្សៅច្រើន។

ចេញ​ផ្សាយ​ ០២ ឧសភា ២០២៣ 6952

វគ្គបណ្តុះបណ្តាល​ស្ដីពីការអនុវត្តល្អដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប​​

កាលពីថ្ងៃទី២៧-២៩​ ខែមេសា ឆ្នាំ២០២៣​ ថ្នាក់​ដឹកនាំ​ និងមន្ត្រី​ជំនាញ​ នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម​  ដែល​ដឹក​នាំ​ដោយ​លោកស្រី​ ទុយ​ សុខខេង​  អនុប្រធាន​នាយកដ្ឋាន​  ក្រោម​ការសម្របសម្រួលពីមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្ត​  និងអាជ្ញាធរមូលដ្ឋាន​ បានចុះបេីកវគ្គបណ្តុះបណ្តាល​កសិករ​ ស្ដីពីការអនុវត្តល្អដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប​​ នៅភូមិតាំងរបង ឃុំឃ្លោកដំណំ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមចូល​រួម​ចំនួន​ ២០នាក់​ (ស្រី​ ១៥)​។
វគ្គបណ្ដុះ​បណ្តាល​នេះ​ត្រូវបាន​រៀបចំ​ឡេីងក្នុងគោលបំណង​ បញ្ជ្រាបការយល់ដឹង​ និងបន្តការអនុវត្តល្អដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប​ តាមរយៈ​ការអនុវត្តបច្ចេកទេសនានាដូចជា៖​ ការដាំដុះដំណាំឆ្លាស់​ កាត់បន្ថយ​ការហូរច្រោះដី​ និងកែលម្អជីជាតិដី​ឱ្យ​បានល្អប្រសេីរដេីម្បីធានាបាននូវនិរន្តរភាពផលិតកម្មដំណាំ។  
លទ្ធផលនៃវគ្គបណ្តុះបណ្តាល​ គឺបានបង្កេីនការយល់ដឹងអំពីបច្ចេកទេសដាំដុះ ការថែរក្សានិងគ្រប់គ្រងជីជាតិដីឱ្យបានល្អប្រសេីរ​ ដេីម្បីបង្កេីនផលិតភាពដំណាំ​ លេីកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចគ្រួសារ​ និងនិរន្តរភាពកសិកម្ម​ តាមរយៈការអនុវត្តបច្ចេកទេសដាំដុះសមស្របសំខាន់ៗរួមមាន៖​ (១).​ ការអនុវត្ត​បច្ចេកទេសដាំដុះដំណាំឆ្លាស់​ ដោយដំណាំសណ្តែកបាយ​តាមចន្លោះរងដំណាំដំឡូងមី និងដំណាំពោត​ ​ (២).​ ការរៀបចំដីនិងការថែទាំដំណាំ​ឱ្យ​បានសមស្រប​ (៣).​ ការប្រេីប្រាស់ជីនិងដាក់ជីទៅតាមតម្រូវការសារធាតុចិញ្ចឹមរបស់ដំណាំ​ និង​ (៤). ការ​បង្កើន​ជីជាតិដីជាពិសេសសារធាតុអាសូត​ តាមរយៈ​ការដាំដុះដំណាំសណ្តែកបាយនៅចន្លោះរងដំណាំដំឡូងមី​ និងពោត​ ពីព្រោះ​ដំណាំសណ្តែកបាយមានសមត្ថភាពចាប់យកអាសូតពីបរិយាកាសដោយខ្លួនឯង។ ជាមួយគ្នានេះ​ វគ្គបណ្ដុះ​បណ្តាល​ត្រូវបាន​រៀបចំ​ឱ្យ​​សិក្ខាកាមបានចុះសិក្សាស្ថានភាពដីនៅទីវាលជាក់ស្តែងដេីម្បី​ជ្រេីសរេីស​ទីតាំងសម្រាប់អនុវត្តចម្ការបង្ហាញ​ និងក្រុមការងារ​ជំនាញបានបង្ហាញអំពីបច្ចេកទេសវាយតម្លៃនិងវាស់វែងការហូរច្រោះដី​ សម្រាប់​ឱ្យសិក្ខាកាមធ្វេីការស្វែងយល់ផងដែរ។  
ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដីកសិកម្ម​ បានបន្តចុះអង្កេត​និងសិក្សា​អំពីស្ថានភាពដី​ ប្រព័ន្ធ​ដាំដុះដំណាំ​ដំណាំដំឡូងមី​និងពោត​ និងស្ថានភាពសេដ្ឋកិច្ច​សង្គម​ ដេីម្បីជ្រេីសរេីសទីតាំងសម្រាប់អនុវត្តចម្ការបង្ហាញ​ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ដោយមានការចូលរួមពីមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ខេត្ត​ និងអាជ្ញាធរមូលដ្ឋាន​៕

ចេញ​ផ្សាយ​ ០២ ឧសភា ២០២៣ 4937

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះសំភាសន៍សហគមន៍កសិកម្មចំនួន០៦ ដែលស្ថិតនៅខេត្តកំពង់ធំ ដើម្បីជ្រើសរើសជាអ្នកទទួលផលពីគម្រោង (ACSEP)

ថ្ងៃទី២៥-២៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះសំភាសន៍សហគមន៍កសិកម្មចំនួន០៦ ដែលស្ថិតនៅខេត្តកំពង់ធំ ដើម្បីជ្រើសរើសជាអ្នកទទួលផលពីគម្រោង(ACSEP)។
=============================
សហគមន៍កសិកម្មចំនួន០៦ ដែលស្ថិតក្នុងស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះមានរួមមាន៖ ​​
(១)សហគមន៍កសិកម្មខ្វែកមានរិទ្ធស្ថិតនៅភូមិខ្វែក ឃុំកំពង់ថ្ម  
(២)សហគមន៍កសិកម្មស្វាយកែវរមៀតទីពោមានជ័យនៅភូមិតាព្រាច ឃុំទីពោ
(៣)​សហគមន៍កសិកម្មត្បូងក្រពើស្ទឹងសែនភូមិបញ្ញាជី ឃុំត្បូងក្រពើ
(៤)សហគមន៍កសិកម្មសាមគ្គីចុងដានៅភូមិចុងដា ឃុំត្បូងក្រពើ
(៥)សហគមន៍កសិកម្មកំពង់ស្វាយស្មគ្រចិត្ដនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ និង
(៦)សហគមន៍កសិកម្មកសិករសាមគ្គីស្ទឹងសែននៅភូមិស្លែងឃុំក្ដីដូង។
ក្នុងការចុះសំភាសន៍នេះមានអ្នកចូលរួមសរុប ៩១ នាក់ ក្នុងនោះស្រ្តីមានចំនួន២៤នាក់ និងមិនមានសមាជិកជាជនជាតិភាគតិចទេ។
គោលបំណងនៃការចុះសំភាសន៍ជ្រើសរើស សហគមន៍កសិកម្មគោលដៅខាងលើនេះមាន៖
១. ផ្សព្វផ្សាយអំពីលក្ខណៈវិនិច្ឆ័យនៃអ្នកទទួលបានផលប្រយោជន៍ពីគម្រោងត្រូវមានដូចជាៈ
ក-សហគមន៍កសិកម្មត្រូវបានបង្កើតឡើងនៅក្នុងខេត្តមួយក្នុងចំណោមខេត្តទាំង ៦ នៃគោលដៅគម្រោងACSEP
ខ-សហគមន៍កសិកម្មមានការផលិតយ៉ាងហោចណាស់ខ្សែច្រវាក់តម្លៃអាទិភាពមួយក្នុងចំណោម៥ ខ្សែច្រវាក់ផលិផល(ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រុក)
គ-សហគមន៍កសិកម្មមានដំណើការល្អ
ឃ-សហគមន៍កសិកម្មមានសមាជិកជាស្រ្តី៥០%
ង-សហគមន៍កសិកម្មមានសមាជិកចាប់ពី៥០នាក់
ច-សហគមន៍កសិកម្មមានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យដោយបោះឆ្នោត
ឆ-ស្មគ្រចិត្តទទួលយកនិងចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយគម្រោង
ជ-មានឆន្ទៈក្នុងការធ្វើជាដៃគូជាមួយសហគ្រាសកសិកម្ម ក្នុងទម្រង់ផ្សេងៗនៃដៃគូ

២. ផ្សព្វផ្សាយពីផលប្រយោជន៍ដែលត្រូវទទួលបានពីគម្រោងដូចជាៈ
ក. សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម
ខ. លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាពក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើង នូវគុណភាព និងសុវត្ថិភាពចំណីអាហារ និង
គ. ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។

ចេញ​ផ្សាយ​ ០២ ឧសភា ២០២៣ 4991

កិច្ចពិភាក្សាការងារជាមួយលោកបណ្ឌិត Nakada Shunichi ទីប្រឹក្សាជាន់ខ្ពស់ផ្នែក អភិវឌ្ឍន៍កសិកម្ម និងជនបទ

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយលោកប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Nakada Shunichi ទីប្រឹក្សាជាន់ខ្ពស់ផ្នែក អភិវឌ្ឍន៍កសិកម្ម និងជនបទ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច លោកស្រីបណ្ឌិត Haruko Toyama មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកកសិកម្ម លោក Nakamura Kota មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីរាយការណ៍ជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានកសិកម្មក្នុងការរៀបចំសំណើសុំគម្រោងថ្មីមួយស្តីពី ការអភិវឌ្ឍខ្សែច្រវាក់តម្លៃម្ហូបអាហារនៃដំណាំសាកវប្បកម្មសម្រាប់កសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា (Developing Food Value Chain of Horticultural Crops in Cambodia for Small Scale Farmers)។ សំណើសុំគម្រោងខាងលើនឹងត្រូវបញ្ជូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីស្នើសុំការពិនិត្យ មុននឹងដំណើរការនីតិវិធីជាបន្តទៀត។ គម្រោងថ្មីនេះមានរយៈពេល៣ឆ្នាំ ផ្តោតទៅលើខេត្តគោលដៅចំនួន៣រួមមាន ខេត្តកណ្តាល បាត់ដំបង និងត្បូងឃ្មុំ និងត្រូវប្រើប្រាស់ថវិកាសរុបចំនួនប្រមាណ ៣ ០០០ ០០០ ដុល្លារអាមេរិក។

ចេញ​ផ្សាយ​ ០២ ឧសភា ២០២៣ 6516

ទស្សនកិច្ចវិទ្យាសាស្ត្រ​ស្តីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​ដីឌីជីថល​ ​នៅប្រទេសអូស្ត្រាលី

ថ្ងៃទី២៤-២៨​ ខែមេសា​  ឆ្នាំ​២០២៣​ ថ្នាក់​ដឹកនាំ​និងមន្ត្រី​ជំនាញ​ នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដីកសិកម្ម​ បានធ្វេីទស្សនកិច្ចវិទ្យាសាស្ត្រ​ ស្តីពី​ ការអភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​ដីឌីជីថល​ ​នៅប្រទេសអូស្ត្រាលី​។  
គោលបំណង​នៃទស្សកិច្ចសិក្សាវិទ្យាសាស្ត្រនេះ​ គឺដេីម្បីសិក្សាពីប្រព័ន្ធព័ត៌មានដីឌីជីផល​ និងដេីម្បីពង្រឹងសមត្ថភាពស្ថាប័ន​សម្រាប់អភិវឌ្ឍប្រព័ន្ធព័ត៌មានដីជាតិឌីជីថលនៅកម្ពុជា​។  
ទស្សនកិច្ច​សិក្សា​វិទ្យាសាស្ត្រ​ អាច​ប្រព្រឹត្ត​ទៅ​បានក្រោម​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ​  (IAEA) និង​ Murdoch University, WA​ ដោយបានសិក្សានិងពិភាក្សាជាមួយស្ថានប័នពាក់ព័ន្ធសំខាន់ៗ​ រួមមាន៖​   Curtin University​ និង​ Murdoch University នៅទីក្រុង​ Perth, WA  និង​ The Commonwealth Scientific and Industrial Research Organisation (CSIRO)  និង​ Australian Centre for International Agricultural Research (ACIAR) នៅទីក្រុង​ Canberra ប្រទេសអូស្ត្រាលី​។
លទ្ធផល​ នៃទស្សនកិច្ចសិក្សានេះ​ គឺ៖​ (១).​ ការកសាងទិន្នន័យដីគ្រឹះ​ (Soil Database) រហ័ស​ដោយប្រេីប្រាស់បច្ចេកទេស​ Spectrometry  (MIR/NIR) តាមរយៈ​ការបង្កើត​គំរូ​ Calibration​ កម្រិតជាតិ​ ឬជម្រេីសក្នុងការប្រេីប្រាស់គំរូសាកល​ ដែល​បង្កើត​ឡេីងដោយ​ FAO ក្នុងកម្រិតណាមួយ​ និង (២).​ ការបង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ព័ត៌មាន​ដីឌីថល​ ដោយផ្តោលេីចំណុចគន្លឹះសំខាន់ៗចំនួន២​ គឺ​ ១).​ បង្កេីតឱ្យមានទម្រង់គ្រប់គ្រងទិន្នន័យឱ្យមានសង្គតិភាព​  និង​២).​ ការផលិតព័ត៌មានដីដេីម្បីឱ្យអ្នកប្រេីប្រាស់ទាំងអស់អាចទាញយកព័ត៌មានសម្រាប់ជាប្រយោជន៍ក្នុងការបម្រេី​និងបង្កេីនផលិតភាពដំណាំកសិកម្ម។  
នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដីកសិកម្ម​ នៃអគ្គនាយកដ្ឋានកសិកម្ម​ នឹងបន្តកិច្ចសហប្រតិកម្មការជាមួយដៃគូពាក់ព័ន្ធជាតិ​ និងអន្តរជាតិនានា​ ដូចជា៖​ CARDI, IAEA, FAO, ACIAR, CSIRO, Murdoch University, Curtin University, AFACI ជាដើម​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​ដីជាតិឌីជីថល​ ឱ្យ​បានសម្រេច​ជោគជ័យ​នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

ចេញ​ផ្សាយ​ ២៧ មេសា ២០២៣ 4825

កិច្ចប្រជុំ និងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការស្វែងរកព័ត៌មានលក្ខខណ្ឌតម្រូវសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មកសិកម្ម

នៅអគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកជំនាញការ USDA-APHIS ដែលដឹកនាំដោយលោក John Hurley ប្រធាន USDA-APHIS ថ្នាក់តំបន់ ក្នុងគោលបំណងពិភាក្សាអំពីការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មអាទិភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៅក្នុងផ្នែកសុខភាពរុក្ខជាតិ (Plant Health) រវាងអង្គភាពជាតិការការពាររុក្ខជាតិនៃព្រះរាជាណាចក្រកម្ពុជា (NPPO of Cambodia) និងអង្គភាពជាតិការការពាររុក្ខជាតិនៃសហរដ្ឋអាមេរិក (NPPO of USA) ដែលមានការចូលរួមពី តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនិងមន្រ្តីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យសរុបចំនួន ៣០រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក John Hurley និងសហការី និងបានគូសបញ្ជាក់អំពីវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម និង USDA និង USAID នាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មសក្ដានុពលរបស់កម្ពុជា និងមុខដំណាំជាអាទិភាពដែលកម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួមមានជាអាទិ៍អង្ករប្រណិតកម្ពុជា ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទី ផ្លែមៀនស្រស់ ផ្លែចេកអំបូងលឿង ម្រេច។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានលើកឡើងបន្ថែមថា កម្ពុជាមានបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងស្នើឱ្យមានផលិតផលកសិកម្មកម្ពុជាជាពិសេសផ្លែឈើស្រស់នៅលើទីផ្សារសហរដ្ឋអាមេរិកកាន់តែច្រើនមុខ បន្ថែមទៀត និងជួយបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីជំរុញការប្រើប្រាស់Biological Control Agent (BCA) ក្នុងការងារការពារដំណាំព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលវែងនៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹង Post-Harvest Plant Quarantine Treatment Research for Market Access,Fruit FlyManagement ជាដើម។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញការ USDA-APHIS បានធ្វើបទបង្ហាញដល់អង្គពិធីនូវដំណើរការនៃការស្វែងរកព័ត៌មានពីលក្ខខណ្ឌតម្រូវសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មកសិកម្ម ការចរចាបើកទីផ្សារសម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិក ព្រមទាំងបានបង្ហាញការគាំទ្រ និងប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញការងារចរចារបើកទីផ្សារនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកាន់តែឆាប់រហ័ស។

ចេញ​ផ្សាយ​ ២០ មេសា ២០២៣ 5140

ជំនួបពិភាក្សាស្តីពីការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា និងការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Emmanuel Ly-Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំគឺ ១). ការពិភាក្សាអំពីការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា ២).ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង និង ៣). ការពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រទេសបារាំង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រី Marion Chaminade និងសហការី និងបានបញ្ជាក់ថា នេះគឺជាជំនួបលើកទី២រវាងឯកឧត្តមជាមួយលោកស្រី បន្ទាប់ពីបានជួបលើកទី១ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំងកាលពីចុងខែកុម្ភៈ និងដើមខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជំនួបខាងលើបានពិភាក្សាលើរបៀបវារៈចំនួន០៣ដូចខាងក្រោម៖
១. ការបើកទីផ្សារដើម្បីនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា
ប្រទេសបារាំងមានបំណងនាំចូលផ្លែប៉ោមស្រស់ដែលជាកសិផលរបស់ប្រទេសបារាំងមកប្រទេសកម្ពុជា។ ដូចនេះ លោកស្រី Marion Chaminade បានស្នើសុំឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសកម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ ដើម្បីអាចនាំចូលផ្លែប៉ោមស្រស់មកពីប្រទេសបារាំងបាន។ ឯកឧត្តមប្រតិ និងសហការី បានពន្យល់ជូនដោយសង្ខេបអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាតាមការស្នើសុំ ហើយអគ្គនាយកដ្ឋានកសិកម្ម នឹងផ្ញើជូនលោកស្រីនូវឯកសារលម្អិតអំពីលក្ខខណ្ឌទាំងនេះនៅពេលក្រោយ។ ឯកឧត្តមប្រតិភូ បានស្នើឱ្យមានកិច្ចប្រជុំមួយដាច់ដោយឡែកជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដើម្បីពិភាក្សាលម្អិតបន្ថែមអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញមុនទទួលបានការអនុញ្ញាតនាំចូល។ លោកស្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចរៀបចំឡើងឱ្យបានឆាប់រហ័ស និងមានការចែករំលែកព័ត៌មានឱ្យបានល្អ និងទាន់ពេលវេលា ហើយលោកស្រីនឹងអនុវត្តតាមអនុសាសន៍/ការណែនាំបន្ថែមរបស់កម្ពុជា ដើម្បីឱ្យដំណើរការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជាអាចសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ។
២. ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង
អគ្គនាយកដ្ឋានកសិកម្ម មានបំណងពង្រីកវិសាលភាពនៃការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបរទេស ជាពិសេស ទីផ្សារអឺរ៉ុប ដូចនេះ ឯកឧត្តមប្រតិភូបានស្នើឱ្យលោកស្រី Marion Chaminade បញ្ជាក់អំពីលក្ខខណ្ឌដែលត្រូវបំពេញសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសបារាំង។ ឆ្លើយតបទៅនឹងសំណើនេះ លោកស្រីបានពន្យល់ដោយសង្ខេបថា ការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺដំណើរការតាមនីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀត ហើយដើម្បីអាចនាំចេញទៅកាន់ទីផ្សារនៅប្រទេសបារាំងបាន កសិផលទាំងនោះត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម  មានវិញ្ញាបនប័ត្រភូតគាមអនាម័យ មានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា និងសេចក្តីជូនដំណឹងស្តីពីការពុំមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (មានភ្ជាប់ជាមួយនូវសត្វល្អិតចង្រៃហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើសកម្រិតអនុញ្ញាត)។ល។ លក្ខខណ្ឌតម្រូវលម្អិត លោកស្រីនឹងផ្ញើជូនអគ្គនាយកដ្ឋានកសិកម្មនៅពេលក្រោយ។
៣. កិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រទេសបារាំង
ក្រៅពីគម្រោងនានាដែលអគ្គនាយកដ្ឋានកសិកម្ម បាន និងកំពុងអនុវត្ត ដោយមានការឧបត្ថម្ភទាំងផ្នែកបច្ចេកទេស និងហរិញ្ញវត្ថុ អគ្គនាយកដ្ឋានកសិកម្ម បានចាប់ផ្តើមគម្រោងថ្មីមួយទៀតគឺគម្រោង Rainfed Agriculture Technology Development Program for Cambodia (RAD4CAM) (2023-2028) ដែលបច្ចុប្បន្ន គម្រោងថ្មីនេះស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាលទ្ធសមិទ្ធភាពនៅឡើយ។ ឯកឧត្តមប្រតិភូបានស្នើដល់លោកស្រី Marion Chaminade ជួយពន្លឿនដំណើរការសិក្សានេះដើម្បីគម្រោងអាចចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗ។ នាឱកាសនោះដែរ ឯកឧត្តមប្រតិភូ បានស្នើឱ្យលោកស្រី Marion Chaminade ពិចារណាអំពីការផ្តួចផ្តើមបង្កើតគម្រោងផលិតកម្មដំណាំកសិកម្ម (ផ្តោតសំខាន់ទៅលើដំណាំស្រូវ) ដែលធ្វើឱ្យមានការសាយភាយឧស្ម័នក្នុងបរិមាណតិចតួចបំផុត។ នៅក្នុងគម្រោងនេះដែរ ឯកឧត្តមប្រតិភូ ស្នើឱ្យមានការសិក្សាទៅលើវិធីសាស្ត្រដើម្បីវាស់ស្ទង់ពីកម្រិតបំភាយនៃឧស្ម័នផ្ទះកញ្ចក់ រួមទាំង មេតាន ឧស្ម័នកាបូនិច និងកាបូន។ វត្តមាននៃគម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកស្រី Marion Chaminade នឹងពិចារណាចំពោះសំណើនេះ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះលោកស្រី Marion Chaminade និងសហការីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អក្នុងការពង្រឹកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ចេញ​ផ្សាយ​ ២៧ មីនា ២០២៣ 5418

កិច្ចប្រជុំរៀបចំផែនការសកម្មភាពនិងថវិកាលម្អិតឆ្នាំ២០២៤

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពនិងថវិកាលម្អិតឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សានិងកែសម្រួលផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងក្នុងផលិតម្មដំណាំឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាលទ្ធផល អង្គប្រជុំបានកំណត់ចង្កោកសកម្មភាពសំខាន់ចំនួន៣ គឺចង្កោមសកម្មភាពទី១៖ ការងារស្រាវជ្រាវសំខាន់ៗមានដូចជា ការបន្សុទ្ធនិងអភិវឌ្ឍន៍ពូជដំណាំ ការគ្រប់គ្រងដីនិងប្រើប្រាស់ជី ការការពារដំណាំ និងប្រព័ន្ធស្រោចស្រព។ល។ ចង្កោមសកម្មភាពទី២៖ គម្រោងអាទិភាពសំខាន់ៗដើម្បីជំរុញផលិតកម្មដំណាំមានដូចជា ស្រូវ-អង្ករ ស្វាយ ទុរេន មៀន ពោត ស្វាយចន្ទី ដំឡូងមី និងដំណាំម្រេច និងចង្កោមសកម្មភាពទី៣៖ សកម្មភាពគាំទ្រ មានដូចជា ការបញ្ជាក់វិញ្ញាបនបត្រ GAP ការងារគ្រប់គ្រងស្ថិតិដំណាំ ការវាស់ស្ទង់ទិន្នផលដំណាំ ការសិក្សាថ្លៃដើមផលិតកម្មដំណាំ ពិសោធន៍វាយតម្លៃធាតុចូលកសិកម្មនិងគុណភាពកសិផល ការបញ្ជាក់គុណភាពគ្រាប់ពូជនិងការត្រួតពិនិត្យគុណភាពគ្រាប់ពូជដំណាំ ការចុះបញ្ជីប្រភេទពូជដំណាំនៅកម្ពុជា ការត្រួតពិនិត្យការធ្វើអាជីវកម្មគ្រាប់ពូជ ការរៀបចំបណ្តុំនិងតភ្ជាប់ជាបណ្តាញរវាងអ្នកផលិត អ្នកប្រមូលទិញ និងអ្នកប្រើប្រាស់ឬរោងចក្រកែច្នៃ និងការរៀបចំបទដ្ឋានគតិយុត្ត។

ចេញ​ផ្សាយ​ ២៨ តុលា ២០២២ 7975

ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧  ខែតុលា  ឆ្នាំ២០២២  ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចូលរួមពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន  ក្រោមអធិបតីភាពឯកឧត្តម  ឌិត  ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  និងឯកឧត្តម  វ៉ាង  វិនធាន  អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា  នៅទីស្ដីការក្រសួងកសិកម្ម។
តាមរយៈកិច្ចសហការប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជានិងចិន ធ្វើឱ្យដំណើរការចរចាបើកទីផ្សារមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានទទួលជោគជ័យយ៉ាងឆាប់រហ័ស ក្នុងនោះបើទោះក្នុងបរិបទនៃការរីករាលជំងឺកូវីដ-១៩ ក៏កិច្ចដំណើរវាយតម្លៃត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ដែលភាគីចិនមានការយោគយល់ខ្ពស់និងសម្រួលការងារយ៉ាងច្រើនចំពោះភាគីកម្ពុជា។
ជាលទ្ធផល នៅដំណាក់កាលទី១នេះ ចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ បានទទួលការឯកភាពសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

ចេញ​ផ្សាយ​ ២១ តុលា ២០២២ 8181

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកគ្រាប់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់នៅរដូវវស្សាឆ្នាំ២០២២

ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកគ្រាប់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់នៅរដូវវស្សាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រព្រឹត្តនៅមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងពិធីចែកគ្រាប់ពូជស្រូវ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាកសិករដែលមានដំណាំរងផលប៉ះពាល់និងខូចខាតដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជួយដល់កសិករ និងអន្តរាគមន៍ស្តារឡើងវិញនូវផលប៉ះពាល់ ខូចខាតដំណាំកសិកម្មដោយគ្រោះទឹកជំនន់នេះ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យរួសរាន់ចុះវាយតម្លៃការខូចខាតដើម្បីពិនិត្យលទ្ធភាពផ្ដល់ជូនគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យទាន់ពេលវេលា ក្នុងគោលបំណងធានាសន្តិសុខស្បៀងដល់ប្រជាកសិករក្រក្រីដែលងាយរងគ្រោះ។
បន្ទាប់មក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់ប្រជាកសិករអំពីបច្ចេកទេសដាំដុះ និងការប្រើប្រាស់ពូជឱ្យទទួលបានទិន្នផលខ្ពស់ដូចជា (១) ការរៀបចំដីឱ្យបានរាបស្មើល្អមុនធ្វើការពង្រួស (២). កម្ចាត់ស្មៅឱ្យស្អាតល្អដើម្បីជៀសវាងការប្រកួតស្រូបជីពីសំណាក់ស្មៅចង្រៃ (៣). ការប្រើប្រាស់ជីត្រូវប្រើប្រភេទជីតាមបច្ចេកទេសណែនាំ (៤). និងការគ្រប់គ្រងទឹកក្នុងស្រែឱ្យបានសមស្រប។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម គន់ គីម ក៏បានពាំនាំសេចក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាកសិករទាំងអស់ និងជូនពរឱ្យប្រជាកសិករទាំងអស់ទទួលបានសុខ សុភមង្គល និងវិបុលសុខគ្រប់ប្រការ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អជ្ញាធរមូលដ្ឋានដែលយកចិត្តទុកដាក់ចុះស្រង់ស្ថិតិដំណាំកសិកម្មដែលរងផលប៉ះពាល់និងខូចខាត និងកសិកររងគ្រោះយ៉ាងសស្រាក់សស្រាំ ដែលជាមូលដ្ឋានសម្រាប់ក្រុមការងារចុះអន្តរាគមន៍ និងមានវិធានការណ៍សង្គ្រោះ និងស្តារការខូចខាតបានទាន់ពេលវេលា។
បន្ទាប់កម្មវិធីចែកគ្រាប់ពូជស្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានជួបប្រជុំជាមួយអាជ្ញាធរខេត្ត និងមន្ទីរជំនាញនានាជុំវិញខេត្តដើម្បីផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់និងខូចខាតលើដំណាំកសិកម្មគ្រប់ប្រភេទ និងលទ្ធភាពស្ដារឡើងវិញ។ ជាលទ្ធផល ខេត្តក្រចេះបានស្ដាររួចរាល់១០០% លើផ្ទៃដីអាចស្ដារចំនួន ២ ៧៨៤ហិកតា ដោយប្រើប្រាស់គ្រាប់ពូជចំនួន ២៨១,៦តោន។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ និងបានស្វែងយល់ពីការប្រើប្រាស់ជីរបស់កសិករលើដីស្រែដែលកំពុងស្ដារ ដើម្បីជៀសវាងការប្រើប្រាស់ជីលើសកម្រិតកំណត់ដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាពនិងការលូតលាស់របស់ដំណាំស្រូវ៕

 

ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២២ 8093

សកម្មភាពចុះពិនិត្យការងារស្រាវជ្រាវលើការអភិរក្សដីកសិកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការរងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម រួមជាមួយលោក លោកស្រីជាអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងក្រុមជំនាញការ CIRAD បានចុះពិនិត្យការងារស្រាវជ្រាវលើការអភិរក្សដីកសិកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (បុរខ្នុរ) ស្ថិតនៅស្រុកចំការលើខេត្តកំពង់ចាមដែលមានអ្នកចូលរួមសរុប២០នាក់(ស្រី ៤នាក់)។

សកម្មភាពរបស់ក្រុមការងាររួមមាន៖ ១). បានពិនិត្យលើការពិសោធនៃប្រព័ន្ធដាំដុះដំណាំតាមបច្ចេកទេសកសិកម្មអភិរក្ស ការពិសោធវាយតម្លៃគុណភាពដីក្នុងលក្ខខណ្ឌកសិកម្មអភិរក្ស ការពិសោធវាយតម្លៃពូជដំណាំ ការដាំពង្រីកគ្រាប់ពូជដំណាំគម្របដី និងការបង្ហាញពីសារៈប្រយោជន៍នៃបច្ចេកទេសកសិកម្មអភិរក្សក្នុងការអភិរក្សគុណភាពដីកសិកម្មប្រកបដោយផលិតភាព និងនិរន្តរភាព ២). បានពិនិត្យឧបករណ៍ដាំដោយមិនភ្ជួរដី  ឧបករណ៍កិនពង្រាបដំណាំគម្របដីស្រស់ដោយមិនបាច់បាញ់ថ្នាំគីមីបង្រាប និងឧបករណ៍ដាំនិងដកមើមដំឡូងមី និង៣).បានពិនិត្យអាគារសម្រាប់វគ្គបំពាក់បំប៉ន អាគារការិយាល័យ និងឃ្លាំងរក្សាទុកគ្រាប់ពូជដំណាំគម្របដី និងដំណាំផ្សេងៗទៀតសរុបចំនួន៥១ប្រភេទ និងជាង៣០០ពូជ។

សូមបញ្ជាក់ថា កសិកម្មអភិរក្សជាបច្ចេកទេសដែលជួយអភិរក្សដីកសិកម្មដោយរក្សានូវស្ថេរភាពនៃគុណភាពដី សុខភាពដី និងផលិតភាពដី។ វាមានគោលការណ៍អនុវត្តន៍៣សំខាន់ៗគឺ៖ ការដាំ ដំណាំដោយមិនភ្ជួរដី ការរក្សាឱ្យមានគម្របដីជាប្រចាំ និងការដាំដំណាំបង្វិល។ ការវិវត្តន៍ថ្មីនៃបច្ចេកទេសកសិកម្មអភិរក្សគឺ ការបញ្ឈប់ការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ និងជំនួសដោយការប្រើដំណាំគម្របដីស្រស់វិញ។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មតាមរយៈទូរស័ព្ទលេខ ០១២ ៨០៤ ១៨១។

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 6804

កិច្ចជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានកសិកម្មជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) នៃប្រទេសជប៉ុន ដឹកនាំដោយលោកបណ្ឌិត Tsuchikawa Satoru សាកលវិទ្យាធិការនៃសាកលវិទ្យាល័យណាហ្គូយ៉ា និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ដឹកនាំដោយលោកស្រីបណ្ឌិត Nurmi Pangesti មន្ត្រីជាន់ខ្ពស់នៃ IRRI ប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំដើម្បីគឺ៖១). ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម និង ២). បង្ហាញអំពីផែនការនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្មសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងទទួលបានលទ្ធផលដូចតទៅ៖ ១). សាកលវិទ្យាល័យណាហ្គូយ៉ា និងអគ្គនាយកដ្ឋានកសិកម្ម នឹងពង្រីកសកម្មភាពបណ្តុះបណ្តាលលើការងារក្រោយប្រមូលផល (Post-harvest) លើដំណាំ ជាពិសេសស្រូវ-អង្ករ ២). សាកលវិទ្យាល័យណាហ្គូយ៉ាសន្យាថានឹងទទួលយកមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្មឱ្យទៅសិក្សាបន្តនៅកម្រិតក្រោយឧត្តមនៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៣ ៣). អគ្គនាយកដ្ឋានកសិកម្ម នឹងចូលរួមក្នុងសិក្ខាសាលាស្រាវជ្រាវរកប្រភេទពូជស្រូវដែលធន់នឹងទឹកប្រៃ គាំទ្រដោយសាកលវិទ្យាល័យណាហ្គូយ៉ា ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ និង ៤). អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យណាហ្គូយ៉ាឱ្យកាន់តែល្អប្រសើរ៕

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 6788

កិច្ចជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានកសិកម្មជាមួយតំណាងក្រុមហ៊ុន ETC Cambodia និង ក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ETC Cambodia និង ក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd។ គោលបំណងនៃកិច្ចប្រជុំដេីម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើមដេីម្បីប្រេីប្រាស់លើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន ETC Cambodia និងក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd ចំពោះការផ្តួចផ្តើមក្នុងកិច្ចសហប្រតិបត្តិការលើការងារត្រួតពិនិត្យគុណភាពអង្ករដែលស្របទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការនាំចេញអង្ករ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា លទ្ធភាពនៃការត្រួតពិនិត្យគុណភាពអង្ករដោយស្ថាប័នរដ្ឋគឺនៅមានកម្រិតនៅឡើយពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់មន្ត្រី និងសម្ភារពិសោធន៍គុណភាពអង្ករ។ ការនាំចេញអង្ករគឺធ្វើឡើងដោយក្រុមហ៊ុនឯកជន មុននឹងនាំអង្ករចេញទៅក្រៅប្រទេស ក្រុមហ៊ុនឯកជនទាំងនោះត្រូវផ្ញើសំណាកអង្ករយកទៅវិភាគនៅក្រៅប្រទេស ដែលធ្វើឱ្យថ្លៃដើមកើនឡើង និងចំណាយពេលវេលាច្រើន។
លោក Norihiro Yoshida ប្រធានគ្រប់គ្រងទូទៅនៃ International Sales Department នៃក្រុមហ៊ុន KETT Electric Laboratory Co., Ltd និងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូ និងអង្គប្រជុំអំពីសាវតា និងការផ្តួចផ្តើមក្នុងការបង្កើតគម្រោងកិច្ចសហការនេះ។ លោកបានបន្តដូច្នេះថា ដោយទទួលបានការគាំទ្រថវិកាពី JICA ក្រុមហ៊ុនបានរៀបចំ និងអនុវត្តគម្រោងស្រាវជ្រាវអំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើមលើគ្រាប់រុក្ខជាតិ ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល០១ឆ្នាំ គិតចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ក្រុមហ៊ុនត្រូវប្រមូលព័ត៌មានសំខាន់ៗដើម្បីត្រៀមអនុវត្តនៅដំណាក់កាលទី២ដែលមានរយៈពេលពីមួយឆ្នាំកន្លះទៅពីរឆ្នាំ។  នៅក្នុងដំណាក់កាលទី២នេះ សកម្មភាពចម្បងដែលត្រូវអនុវត្ត រួមមាន ១). ការវិភាគគុណភាពអង្ករដោយប្រើប្រាស់មន្ទីរពិសោធន៍ ២). ការណែនាំពីឧបករណ៍តេស្តសំណើម និងសារៈសំខាន់ៗនៃឧបករណ៍នេះដែលគ្រោងធ្វើសាកល្បងនៅខេត្តព្រៃវែង និងបាត់ដំបង និង ៣). ការផ្សព្វផ្សាយពីឧបករណ៍តេស្តសំណើមជូនដល់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មដំណាំ។ ទោះបីជាយ៉ាងនេះក្តី ដើម្បីឱ្យការងារទាំងនេះអនុវត្តទៅបាន ក្រុមហ៊ុនត្រូវការធាតុចូលបន្ថែមពាក់ព័ន្ធទៅនឹងតម្រូវការរបស់កម្ពុជា និងការគាំទ្ររបស់អគ្គនាយកដ្ឋានកសិកម្ម ទៅលើសំណើដែលក្រុមហ៊ុនគ្រោងនឹងបញ្ជូនទៅ JICA ដើម្បីពិនិត្យ និងអនុម័តនៅក្នុងខែកញ្ញាខាងមុខនេះ។ ក្នុងករណីដែល JICA ឯកភាពលេីសំណេី​ លោកនឹងស្នើសុំអគ្គនាយកដ្ឋានកសិកម្ម ធ្វើជាដៃគូសហការ និងរៀបចំឯកសារចាំបាច់មួយចំនួនទៀតដែលគាំទ្រដល់ដំណើរការអនុវត្តគម្រោង។  
ជាការឆ្លើយតប ឯកឧត្តមប្រតិភូ និងសហការី បានគាំទ្រចំពោះការលើកឡើងខាងលើ និងបានសំណូមពរឱ្យក្រុមហ៊ុនបញ្ចូលការងារធ្វើតេស្តសំណើមគ្រាប់អង្ករ និងប៉ារ៉ាម៉ែត្រនៃការវិភាគគុណភាពអង្ករឱ្យបានគ្រប់ជ្រុងជ្រោយជាចំណុចអាទិភាពនៅក្នុងសំណើសុំទៅ JICA។
មុននឹងបញ្ចប់ ឯកឧត្តមប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍ថា គម្រោងខាងលើពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការពង្រឹងគុណភាពអង្ករនៅក្នុងស្រុក ពង្រឹងសមត្ថភាពមន្ត្រីក្នុងការវិភាគសំណើមគ្រាប់អង្ករ និងធានាគុណភាពអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។  ឯកឧត្តមមានសេចក្តីរីករាយក្នុងការអនុវត្តគម្រោងជាមួយក្រុមហ៊ុនក្នុងដំណាក់កាលទី២នេះ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានមានប្រសាសន៍ថា ក្នុងនាមអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជារូបឯកឧត្តមផ្ទាល់ និងប្រជាជនកម្ពុជា សូមសម្តែងនូវសមាណទុក្ខ និងសោកស្តាយជាពន់ពេកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ការបាត់បង់លោក Shinzo Abe គឺជាការបាត់រដ្ឋបុរសដ៏លេចធ្លោររបស់ជប៉ុន ហើយប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា នៅតែមិនភ្លេចចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Shinzo Abe ចំពោះការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា៕

ចេញ​ផ្សាយ​ ០៨ កក្កដា ២០២២ 6510

កិច្ចប្រជុំពិនិត្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរកិល​ ឆ្នាំ២០២៣​-២០២៥​ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម

នៅថ្ងៃព្រហស្បតិ៍​ ៩កើត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០២២​ នៅអគ្គនាយកដ្ឋានកសិកម្ម​ បានរៀបចំកិច្ចប្រជុំពិនិត្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរកិល​ ឆ្នាំ២០២៣​-២០២៥​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ងិន​ ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។    កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម​ ប្រធាននិងអនុប្រធាននាយកដ្ឋាននិងមន្ទីរពិសោធន៍​ និងមន្ត្រីជំនាញសរុបចំនួន៣០នាក់​ (ស្ត្រី៨នាក់)។ ជាលទ្ធផល​ អង្គប្រជុំបានកំណត់សកម្មភាពជាអាទិភាពសម្រាប់គាំទ្រអនុវិស័យដំណាំឱ្យប្រេីប្រាស់ថវិកាកាន់តែមានប្រសិទ្ធភាពខ្ពស់និងចូលរួមលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លេីយតបវិបត្តិកូវីដ​១៩​ និងផល៉ះពាល់ពីសង្រ្គាមរវាងប្រទេសរុស្សីនិងអ៊ុយក្រែន៕

ចេញ​ផ្សាយ​ ២២ មិថុនា ២០២២ 5489

កិច្ចប្រជុំពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ

ព្រឹកថ្ងៃអង្គារ​ ៧រោច ខេជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យផែនការ និងស្ថិតិ នៃនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំជាមួយទីប្រឹក្សាអភិវឌ្ឍន៍ប្រព័ន្ធ និងមន្រ្តីពាក់ព័ន្ធ ដើម្បីពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ ដែលទទួលបានការគាំទ្រថវិការដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។ ប្រព័ន្ធខាងលើ ត្រូវបានបង្កើតចាប់តាំងពីឆ្នាំ២០២១ មកម្លេះ និងបានប្រជុំឆ្លងកែសម្រួលជាច្រើនលើក ច្រើនសារ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលទៅដល់មន្រ្តីពាក់ព័ន្ធនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ពីរបៀបប្រើប្រាស់ និងបញ្ចូលទិន្នន័យរួចរាល់ផងដែរ ក៏ប៉ុន្តែនៅមានចំណុចមួយចំនួនត្រូវបានលើកឡើង និងសំណូមពរឱ្យមានការកែតម្រូវពីអ្នកពាក់ព័ន្ធ។ ជាលទ្ធផលនៃកិច្ចប្រជុំថ្មីៗនេះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំត្រូវបានកែសម្រួល នឹងអាចដាក់ឱ្យដំណើរការនាពេលខាងមុខដ៏ខ្លី។

ចេញ​ផ្សាយ​ ១១ មិថុនា ២០២២ 7350

សិក្ខាសាលាស្តីពី “កសិកម្មសរីរាង្គ៖ ឱកាស និងសក្តានុពលនៃការអនុវត្តនៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានការពារដំណាំ  អនាម័យ និងភូតគាមអនាម័យ ដោយមានកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម និងអង្គការ GIZ  ក្នុងការអនុវត្តគម្រោងការពង្រឹងប្រព័ន្ធកសិកម្មបន្សាំអាកាសធាតុ (CRAS) នៅក្នុងប្រទេសកម្ពុជា និងវៀតណាម បានរៀបចំសិក្ខាសាលាស្តីពី “កសិកម្មសរីរាង្គ៖ ឱកាស និងសក្តានុពលនៃការអនុវត្តនៅក្នុងប្រទេសកម្ពុជា” នៅសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោកស្រីបណ្ឌិត Astrid Faust ប្រធានគម្រោង CRAS និងលោក គី វិសាល សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យក្រចេះ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនៃនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី តំណាងដៃគូរអភិវឌ្ឍន៍ ក្រុមអ្នកផលិត-កសិកម្ម សហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម និងសាស្ត្រាចារ្យ-និស្សិតនៃសាកលវិទ្យាល័យក្រចេះ សរុបប្រមាណ ៦០រូប។ សិក្ខាសាលានេះមានគោលបំណងផ្តល់នូវបច្ចេកទេស បង្ហាញពីឱកាសនិងសក្តានុពលកសិកម្មសរីរាង្គនៃព្រះរាជាណាចក្រកម្ពុជាដល់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម។
សិក្ខាសាលាទទួលបានលទ្ធផលដូចខាង៖
-បានធ្វើការផ្សព្វផ្សាយពីវិធាននិងប្រព័ន្ធវិញ្ញាបនបត្រកម្ម សម្រាប់ការអនុវត្តកសិកម្មសរីរាង្គកម្ពុជា ដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
-បានធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ និងដំណើរការនៃការស្នើសុំវិញ្ញាបនបត្រកសិកម្មស្តង់ដារសរីរាង្គនៅកម្ពុជា ដោយក្រុមហ៊ុនខនត្រូ យូនៀន (Control Union-Cambodia)
-បានធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ក្នុងការអនវុត្តកសិកម្មសរីរាង្គ ដោយក្រុមហ៊ុន Amru Rice
-សិក្ខាសាលាបានធ្វើការពិភាក្សាដើម្បីរកបញ្ហាប្រឈមចំបងៗ  និងដំណោះស្រាយនៃការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជា។

ចេញ​ផ្សាយ​ ០៧ មិថុនា ២០២២ 6458

សិក្ខាសាលាថ្នាក់ជាតិរវាងវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា

ថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជារៀបចំបើកសិក្ខាសាលាថ្នាក់ជាតិរវាងវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Food and Vegetable និងលោក Frank Jattke ប្រធានក្រុមការងារគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមសរុបចំនួន៤០នាក់ដែលក្នុងនោះមានស្រ្តីចំនួន០៩នាក់។

គម្រោងបានរៀបចំសិក្ខាសាលាចំនួនបីលើកដែលក្នុងនោះមានពីរលើកជាសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដោយផ្អែកលើភូមិសាស្ត្រនៃផលិតកម្មដំណាំម្ទេស និងមួយលើកទៀតជាសិក្ខាសាលាថ្នាក់ជាតិដែលផ្តោតសំខាន់ទៅលើរៀបចំគោលការណ៍ណែនាំសម្រាប់ការនាំចេញម្ទេសនៅកម្ពុជា។

គោលបំណងរួមនៃសិក្ខាសាលានេះគឺដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំគោលការណ៍ណែនាំសម្រាប់ផលិតកម្ម និងការនាំចេញម្ទេស និងគោលបំណងជាក់លាក់រួមមាន៖

•  ដើម្បីបង្ហាញលទ្ធផល បញ្ហាប្រឈម សក្តានុពល និងបទពិសោធន៍សំខាន់ៗនៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជាតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ទាំងពីរលើក

•  ដើម្បីប្រមូលធាតុចូល និងអនុសាសន៍ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មម្ទេសនៅកម្ពុជា។

បច្ចុប្បន្នដំណាំម្ទេសអាចចាត់ទុកថាជាដំណាំយុទ្ធសាស្ត្រមួយដែលមានតម្រូវការក្នុងស្រុក និងជាពិសេសការនាំចេញក្រៅប្រទេសគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២១កម្ពុជាបាននាំចេញម្ទេសចំនួនប្រហែល ៩៨ ៣៨៧តោន ក្នុងនោះមានផលិតផលម្ទេសស្ងួតចំនួន២ ១៦០តោន។ បរិមាណនាំចេញនេះគិតជារួមទាំងផលិតផលក្នុងស្រុក និងការឆ្លងកាត់ពីប្រទេសជិតខាង។ ការនាំចេញនេះភាគច្រើនទៅប្រទេសថៃ និងមានសក្តានុពលទីផ្សារជាច្រើនទៀតសម្រាប់នាំចេញផលិតផលម្ទេស ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ីព្រមទាំងប្រទេសជាច្រើនទៀតនៅអឺរ៉ុប។

ចេញ​ផ្សាយ​ ២៧ ឧសភា ២០២២ 6491

សិក្ខាសាលា/វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្ថិតិដំណាំតាមប្រព័ន្ធឌីជីថល (Crop System)

ថ្ងៃព្រហស្បត្តិ៍ និងសុក្រ ១១ និង១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ និង២៧ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលា/វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្ថិតិដំណាំតាមប្រព័ន្ធឌីជីថល (Crop System) ក្រោមការគាំទ្រថវិកាដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ សិក្ខាសាលា/វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម និងជានាយកកម្មវិធីកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងលោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាលោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តី និងសិក្ខាកាមមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចំនួន៩០នាក់
គោលបំណងនៃសិក្ខាសាលា/វគ្គបណ្តុះបណ្តាលនេះគឺ៖
១. បណ្តុះបណ្តាលពីរបៀបប្រើប្រាស់ប្រព័ន្ធ
២. ការអនុវត្តបញ្ចូលទិន្នន័យ និងប្រើប្រាស់ផ្ទាល់ដោយអ្នកចូលរួម
៣. សំណួរចម្លើយ សំណូមពរ និងបញ្ហាប្រឈមនានា។
គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំកសិកម្មជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។

ចេញ​ផ្សាយ​ ១០ ឧសភា ២០២២ 6518

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងការនាំចេញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់ពូជរុក្ខជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (USAID) នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងការនាំចេញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់ពូជរុក្ខជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា (Prakas on Seed Movement Management in Cambodia) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនាយកដ្ឋានពូជដំណាំ តំណាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន១៦រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលសម្រាប់គាំទ្រលើសេចក្តីព្រាងប្រកាសនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយស្របតាមទិដ្ឋភាពបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សេចក្តីព្រាងប្រកាសនេះ រួមមាន៤ជំពូក ៣៦មាត្រា និង៥ឧបសម្ព័ន្ធ និងកំណត់អំពីការត្រួតពិនិត្យភូតគាមអនាម័យក្នុងការនាំចេញ នាំចូល ឆ្លងកាត់ ដឹកជញ្ជូន ក្នុងព្រះរាជាណាចក្រកម្ពុជានូវគ្រប់ពូជរុក្ខជាតិដែលជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃបង្កគ្រោះថ្នាក់ ដើម្បីការពារផលិតកម្មកសិកម្ម ជីវសាស្រ្តចម្រុះ និងសម្រួលសកម្មភាពពាណិជ្ជកម្មជាអន្តរជាតិ។

 

ចេញ​ផ្សាយ​ ២៧ មេសា ២០២២ 6099

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានជួបជាមួយលោក Kim Young Jun នាយកក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជា

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានជួបជាមួយលោក Kim Young Jun នាយកក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជា លោកស្រី Jeong Deok Sun នាយករងក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជា និងលោកស្រី Hu Sunghye នាយក Heptagon Education & Information នៃសាធារណៈរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះបានរៀបចំឡើងដើម្បីជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីការសិក្សាបឋម និងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជាលើកគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងកិច្ចដំណើរការពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីប្រកបដោយជោគជ័យនៅប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍ចំពោះលោកនាយកក្រុមហ៊ុន World Share និងសហការី ដែលមានចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅប្រទេសកម្ពុជា។ បន្ទាប់មក លោកនាយកក្រុមហ៊ុន ព្រមទាំងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូ ក៏ដូចជាអង្គប្រជុំដោយសង្ខេបអំពីគោលបំណង និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងខាងលើ។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលរបស់កសិករដាំដុះដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តគោលដៅរបស់គម្រោង។ បច្ចុប្បន្ន គម្រោងបានជ្រើសរើសខេត្តរតនៈគិរីជាខេត្តគោលដៅ។ ការសិក្សាសមិទ្ធិលទ្ធភាពបានបង្ហាញថា ខេត្តចំនួន០២របស់កម្ពុជាដែលមានសក្តានុពលខ្ពស់លើផលិតកម្មដំណាំស្វាយចន្ទីគឺ ខេត្តកំពង់ធំ និងស្ទឹងត្រែង។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូបានជម្រាបជូនក្រុមហ៊ុន World Share អំពីលក្ខខណ្ឌអំណោយផលរបស់ប្រទេសកម្ពុជាសម្រាប់ផលិតកម្មដំណាំ ក្នុងនោះមានដំណាំស្វាយចន្ទីដោយគ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥០០,០០០ ហិកតា។ ទោះបីជាយ៉ាងនេះក្តី ប្រទេសកម្ពុជា នៅជួបប្រទះបញ្ហាប្រឈមក្នុងអនុវិស័យដំណាំ ដូចជា  ការអនុវត្តបច្ចេកទេសផលិតកម្មដំណាំដើម្បីទទួលបានផលិតភាពកសិកម្មខ្ពស់។ ដូចនេះ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុន នឹងសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការកំណត់បញ្ហាចម្បងក្នុងផលិតកម្មដំណាំ និងការអន្តរាគមន៍សំខាន់ៗ/ដំណោះស្រាយចាំបាច់ផ្សេងៗឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនថា បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងសហការជាមួយវិស័យឯកជនក្នុងការជួយកសិករដាំដុះដំណាំស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារក្រៅប្រទេស។ បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ក៏បាននិងកំពុងរៀបចំផែនទីដាំដុះដំណាំស្វាយចន្ទីសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលនេះគឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ និងជួយដល់វិនិយោគិនដែលមានបំណងមកវិនិយោគលើដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា។
ជាទីបញ្ចប់ ក្រុមហ៊ុន World Share បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រតិភូ និងសហការីដែលបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ខាងលើនេះ។ មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានស្នើដល់ក្រុមហ៊ុន World Share ពិចារណាក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ ម្យ៉ាងវិញទៀត ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុន World Share គួរធ្វើការរួមគ្នាដើម្បីពិភាក្សារៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ជាមុនសិន៕

ចេញ​ផ្សាយ​ ២១ មេសា ២០២២ 6936

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ នៅសម័យប្រជុំព្រឹទ្ធសភាលើកទី៨ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា

ថ្ងៃពុធ ៤រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមតំណាងរាជរដ្ឋាភិបាល ដើម្បីចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ នៅសម័យប្រជុំព្រឹទ្ធសភាលើកទី៨ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា។ ជាលទ្ធផល ព្រឹទ្ធសភាបានពិនិត្យ និងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ៕

ចេញ​ផ្សាយ​ ២៨ មីនា ២០២២ 6173

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មជួបពិភាក្សាការងារជាមួយតំណាង Chen’s Sun Trade Co., Ltd ដែលជាក្រុមហ៊ុននៃប្រទេសចិន

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានជួបពិភាក្សាការងារជាមួយលោក Zhu Yonggang អនុប្រធានគ្រប់គ្រងទូទៅ និងលោក Yang Yuhui អ្នកគ្រប់គ្រងផ្នែកទិញ នៃក្រុមហ៊ុន Chen’s Sun Trade Co., Ltd ដែលជាក្រុមហ៊ុននៃប្រទេសចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន Chen’s Sun Trade Co., Ltd ដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រតិភូ បានជម្រាបជូនតំណាងក្រុមហ៊ុនខាងលើដោយសង្ខេបនូវស្ថានភាព និងលក្ខខណ្ឌអំណោយផលដល់ផលិតកម្មកសិកម្ម និងការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសចិន។ បច្ចុប្បន្ន កម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេសចិនចំនួន៣៣មុខ រួមមាន អង្ករ ចេញ ដំឡូងមី និងពោត។ល។ ថ្មីៗនេះ កម្ពុជាបានសម្រេចដោយជោគជ័យនូវការចរចាលក្ខខណ្ឌភូតគាមអនាម័យដើម្បីនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ហើយកម្ពុជាកំពុងបន្តការចរចាជាមួយប្រទេសចិនដើម្បីនាំចេញកសិផលចំនួន០៤មុខបន្ថែមទៀតដែលមានសក្តានុពលនៅកម្ពុជា និងមានតម្រូវការខ្ពស់នៅប្រទេសចិនគឺ ដូងក្រអូប ម្រេច ទុរេន និងទឹកមាត់ត្រចៀកកាំ។ ទន្ទឹមនឹងសក្តានុពលលើអនុវិស័យដំណាំ ប្រទេសកម្ពុជាក៏នៅមានចំណុចខ្សោយពាក់ព័ន្ធនឹងអនុវិស័យនេះ ដោយកម្ពុជាមិនមានការវិនិយោគលើខ្សែច្រវាក់គ្រប់ជ្រុងជ្រោយ ដូចនេះ កម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើនទាំងផ្នែកផលិតកម្ម ការវេចខ្ចប់ ទីផ្សារ និងការនាំចេញកសិផលទៅក្រៅប្រទេស និងបញ្ហាមួយចំនួនទៀតដូចជា ការដឹកជញ្ជូន និងអគ្គិសនីដែលមានតម្លៃខ្ពស់។  
លោក Zhu Yonggang បានជម្រាបជូនថា ក្រុមហ៊ុន Chen’s Sun Trade Co., Ltd គឺជាក្រុមហ៊ុនដែលផ្តោតលើការនាំចេញផ្លែឈើស្រស់ ដោយក្នុងនោះ ក្រុមហ៊ុនបានផ្គត់ផ្គង់ផ្លែឈើចំនួន១០០មុខទៅកាន់ប្រទេសចំនួន៤០ ហើយផ្លែឈើភាគច្រើនគឺនាំមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយមើលឃើញពីសក្តានុពល និងលក្ខខណ្ឌអំណោយផលច្រើនក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដូចជា លក្ខខណ្ឌអាកាសធាតុ ដីមានជីជាតិនិងទំនេរច្រើន ការដាំដុះភាគច្រើនធ្វើតាមបែបប្រពៃណី និងផ្លែឈើរបស់កម្ពុជាមានរសជាតិឆ្ងាញ់តែមិនមានឱកាសច្រើនក្នុងការនាំចេញនិងមិនអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន ក្រុមហ៊ុន Chen’s Sun Trade Co., Ltd មានបំណងវិនិយោគនៅប្រទេសកម្ពុជាដោយចង់បង្កើតសួនកសិ-ឧស្សាហកម្ម និងមានចក្ខុវិស័យក្នុងការវិនិយោគដោយគិតចាប់តាំងពីដំណាក់កាលផលិត កែច្នៃ រហូតដល់ការនាំចេញទៅកាន់ប្រទេសចិន និងបរទេសផ្សេងទៀត។ ក្រុមហ៊ុននឹងនាំចូលបច្ចេកវិទ្យា និងបច្ចេកទេសដើម្បីរក្សាគុណភាពនៃការដាំដុះ ព្រមទាំងបណ្តុះបណ្តាលកសិករ ក៏ដូចជាអ្នកពាក់ព័ន្ធអំពីបច្ចេកវិទ្យា និងបច្ចេកទេសទាំងនេះ។
ឆ្លើយតបនឹងការលើកឡើងខាងលើ និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនមកវិនិយោគនៅប្រទេសកម្ពុជា ឯកឧត្តមប្រតិភូបានស្នើឱ្យក្រុមហ៊ុនពិចារណាលើយន្តការចំនួន០៣គឺ ទី១៖ ស្វែងរកដីវិនិយោគដោយខ្លួនឯងដើម្បីធ្វើផលិតកម្មជាលក្ខណៈប្រមូលផ្តុំ (ផ្ទៃដីធំ ងាយស្រួលក្នុងដំណើរការផលិតកម្ម និងគ្រប់គ្រង) ទី២៖ ក្នុងករណីវិនិយោគលើដីមានស្រាប់របស់កសិករ គួររៀបចំជាកិច្ចសន្យាផលិតកម្ម ទិញ-លក់ និងផ្តល់បច្ចេកទេសដល់កសិករក្នុងអំឡុងពេលនៃការអនុវត្ត និងទី៣៖ ត្រូវបង្កើតរោងចក្រកែច្នៃ ជាពិសេសសម្រាប់កសិផលលេខ២ (កសិផលដែលនៅសល់ ឬមិនអាចនាំចេញទៅក្រៅប្រទេសបាន) ទន្ទឹមគ្នាតែម្តង។ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា ប្រសិនបើចំណុចដែលបានលើកឡើងខាងលើ អាចអនុវត្តទៅបាន នោះអនុវិស័យដំណាំផ្លែឈើនឹងមានការរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា៕

ចេញ​ផ្សាយ​ ២២ មីនា ២០២២ 8828

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់វិស័យឯកជនទាំងអស់ចូលរួមវិនិយោគរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់សម្រាប់តម្រូវការនាំចេញ

អត្ថបទដកស្រង់ចេញពីក្រសួងពត៌មាន៖ ចេញផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២
កាលពីថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី “លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា ទោះបីកំណើននៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងគួរឱ្យកត់សម្គាល់យ៉ាងណាក្ដី ក៏ការអនុវត្តន៍វិធានការអនាម័យនិងភូតគាមអនាម័យ នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់មន្ទីរពិសោធន៍ការពាររុក្ខជាតិនិងភូតគាមអនាម័យ ស្ថានីយពិសោធន៍ស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធកសាងទិន្នន័យវិទ្យាសាស្ត្រ វិទ្យាស្ថានការពាររុក្ខជាតិនិងភូតគាមអនាម័យជាដើម។ ម៉្យាងទៀត ហេដ្ឋារចនាសម្ព័ន្ធសម្រាប់លាងសម្អាត វេចខ្ចប់ និងសម្លាប់សមាសភាពចង្រៃ នៅមិនទាន់ឆ្លើយតបទៅនឹងទំហំផលិតកម្មនិងការនាំចេញនៅឡើយ។

លោកបន្តថា ហេតុនេះក្រសួងកសិកម្មអំពាវនាវដល់វិស័យឯកជនទាំងអស់ សូមចូលរួមវិនិយោគរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់ឲ្យបានច្រើនបន្ថែមទៀត ដើម្បីរៀបចំទុកដាក់ការវេចខ្ចប់ឱ្យមានគុណភាព សុវត្ថិភាពនិងកាន់តែមានស្តង់ដារខ្ពស់ សម្រាប់លក់ចេញទៅកាន់ទីផ្សារក្រៅប្រទេស។

«ចាំបាច់គ្រប់ស្ថាប័ននិងអង្គភាពឬមួយក្រសួងពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធបំផុតក្នុងការជំនះឲ្យបាន នូវបញ្ហាប្រឈមនានាឧទាហរណ៍ដូចជា បញ្ហាប្រឈមដូចជាសមត្ថភាពនៃការផលិតឱ្យបានកសិផលមួយដែលមាន គុណភាពល្អត្រូវតាមស្តង់ដារ យើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយហើយដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារគ្រប់គ្រងបាននូវលក្ខខណ្ឌគុណភាពអនាម័យហើយក៏យើងត្រូវតែគោរពឱ្យបានទៅតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យ។ អ៊ីចឹងបើសិនជាយើងចង់នាំចេញផ្លែស្វាយស្រស់នៅពេលប្រមូលផលខ្លាំងនេះគឺសមត្ថភាពរបស់យើងមិនទាន់គ្រប់ក៏យើងសង្កេតឃើញថាទាមទារឱ្យមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្រើន ដើម្បីទាញយកនូវផលិតផលយើងដែលប្រមូលបានយកមកធ្វើការសម្អាតកែច្នៃដើម្បីធ្វើការនាំចេញ»។

លោកបន្ថែមថា ការនាំចេញផ្លែស្វាយស្រស់ យើងបានចុះកិច្ចព្រមព្រៀងឬមួយក៏បានចរចាបំពេញបាននូវលក្ខខណ្ឌភូតគាមអនាម័យជាមួយនឹងប្រទេសចិនរួចហើយអាចនាំចេញទៅបាន ក៏ប៉ុន្តែតម្លៃស្វាយគឺមិនសូវមានតម្លៃខ្ពស់ ដោយសារយើងមិនអាចប្រកួតប្រជែងជាមួយនឹងប្រទេសដទៃ ព្រោះប្រទេសផ្សេងៗក៏មានដាំស្វាយដែរដូចជាវៀតណាម ថៃ ភូមា ឥណ្ឌា ហេតុនេះតម្លៃទីផ្សារស្វាយស្រស់នៅប្រទេសចិនគឺទាបដែលធ្វើឲ្យប្រទេសកម្ពុជា មានការពិបាកក្នុងការនាំចេញស្វាយស្រស់ទៅប្រទេសចិន។ ហេតុនេះការផលិតត្រូវឱ្យមានគុណភាពតាមស្តង់ដារហើយមានថ្លៃដើមទាប និងការដឹកជញ្ជូនក៏មានលក្ខណៈប្រកួតប្រជែង ទើបយើងអាចនាំចូលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានច្រើន។

សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕

ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០២២ 6489

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មចប្រជុំតាមរយៈប្រព័ន្ធអនឡាញជាមួយលោក Antonio Schiavone តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រុមការងារ និង Mr. Yohan Chambaud តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP)

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយលោកប្រធាននាយកដ្ឋានដំណាំស្រូវ លោកប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងសហការីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញជាមួយលោក Antonio Schiavone តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រុមការងារ និង Mr. Yohan Chambaud តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រុមការងារ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បី ១). ជួបសំដែងការគួរសមជូនចំពោះឯកឧត្តមប្រតិភូពីសំណាក់តំណាង FAO និង WFP ២). ជម្រាបជូនដោយសង្ខេបនូវគម្រោងស្តីពីជំនួយបច្ចេកទេសដល់កសិករ និងអ្នកផ្គត់ផ្គង់ស្បៀងអាហារលើការងារពង្រឹងសមត្ថភាពក្នុងផលិតកម្មដោយផ្សាភ្ជាប់ជាមួយនឹងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍ (Technical Assistance to Producers and Suppliers on Enhancing Production Capacity to Engage with Home Grown School Feed, HGSF) និង ៣). ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្នុងការអនុវត្តគម្រោងនេះ។
សូមបញ្ជាក់ជូនថា គម្រោងនេះបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តនៅខេត្តគោលដៅចំនួន០៣រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
បន្ទាប់ពីការធ្វើបទបង្ហាញដោយសង្ខេបអំពីព័ត៌មានលម្អិត និងសកម្មភាពការងាររបស់គម្រោងរួចមក ឯកឧត្តមប្រតិភូបានស្នើដល់ក្រុមការងារនៃ FAO និង WFP រកពេលវេលាសមស្របណាមួយដើម្បីជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានកសិកម្ម នូវសកម្មភាពការងារលម្អិត និងកិច្ចសហប្រតិបត្តិការរវាង FAO, WFP និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការអនុវត្តគម្រោងខាងលើ៕

ចេញ​ផ្សាយ​ ០២ កុម្ភៈ ២០២២ 5795

កិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក.ក.រ.ក)

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចូលរួមកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក.ក.រ.ក) ប្រចាំខែមករា  ឆ្នាំ២០២២ និងលើកទិសដៅការងារ ខែកុម្ភះ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនឯសាទ តាមរយៈប្រព័ន្ធ Zoom Meeting៕

ចេញ​ផ្សាយ​ ១៦ មករា ២០២២ 9502

កិច្ចប្រជុំពិនិត្យវឌ្ឍភាពនៃការរៀបចំគម្រោង​ Public-Social-Private Partnership for Ecologically- sound Agriculture and Resilient Livelihood in Northern Tonle Sap Basin (PEARL) តាមរយ:​ Zoom Meeting ជាមួយក្រុមកាងារ FAO

នៅថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២២​ វេលាម៉ោង​ ៣:៣០នាទីរសៀល​ ឯកឧត្តម​ ងិន​ ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម​ រួមជាមួយសហការី​ បានចូលរួមប្រជុំពិនិត្យវឌ្ឍភាពនៃការរៀបចំគម្រោង​ Public-Social-Private Partnership for Ecologically- sound Agriculture and Resilient Livelihood in Northern Tonle Sap Basin (PEARL) តាមរយ:​ Zoom Meeting ជាមួយក្រុមកាងារ FAO និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
ជាលទ្ធផល​ ឯកឧត្តមប្រតិភូ​ បានស្នេីក្រុមការងាររៀបចំគម្រោងរបស់​ FAO  គួរបង្រួញពេលវេលា​នៃការរៀបចំគម្រោង​ ដេីម្បីឱ្យការអនុវត្តគម្រោងកាន់តែឆាប់ចាបផ្ដេីម​ ដែលអាចឆ្លេីយតបទៅនឹងការស្ថានភាពជីវភាពរបស់ប្រជាជនកម្ពុជា​ ក្នុងបរិបទរងគ្រោះដោយសាជំងឺកូវីដ-១៩៕

ចេញ​ផ្សាយ​ ០៩ វិច្ឆិកា ២០២១ 7795

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានចុះពិនិត្យវឌ្ឍនភាពការងាររបស់កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានចុះពិនិត្យវឌ្ឍនភាពការងាររបស់កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ។
ក្នុងឆ្នាំ២០២១នេៈ កសិដ្ឋានបាននិងកំពុងអនុវត្តសកម្មភាពសំខាន់ៗក្នុងគោលបំណងផលិតពូជដំណាំសម្រាប់តំបន់ដីខ្ពស់ ពិសេសពូជដំណាំដំឡូងមី ដែលបច្ចុប្បន្ន ដំណាំនេះកំពុងទទួលរងគ្រោះពីជំងឺម៉ូសាអ៊ិកស្ទើរទូទាំងប្រទេស។ ដើម្បីធានានិរន្តភាពផលិតកម្មដំណាំដំឡូងមី កសិដ្ឋានបានអនុវត្តសកម្មភាពដូចខាងក្រោម៖
(១). ផលិតកម្មពូជដំឡូងមីធន់នឹងជំងឺ៖ កសិដ្ឋានបានដាំដុះពូជដំឡូងមី ដែលមានសុខភាពល្អ លើផ្ទៃដី ១៣៥ហិកតា ដើម្បីផលិតដើមពូជដំណាំដំឡូងមីចំនួន៦០ ០០០បាច់ ដែលធន់នឹងជំងឺយកទៅចែកចាយជូនកសិករ និងដាំបន្តនៅឆ្នាំ២០២២ ខាងមុខនេះ។
(២). ចម្ការបង្ហាញផលិតកម្មពូជដំឡូងមី ៨១ ដែលគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន លើផ្ទៃដីចំនួន ៧ ៥០០ម២។
(៣).ផ្ទះសំណាញ់សម្រាប់ផលិតពូជដំឡូងមីមានសុខភាពល្អ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ។
(៤). បានពិនិត្យផ្ទះសំណាញ់ផលិតពូជដំឡូងមីគ្មានជំងឺរបស់គម្រោបង្កើតដំណោះស្រាយដ៏មាននិរន្តភាពលើការគ្រប់គ្រងជំងឺលើដំណាំដំឡូងមីក្នុងតំបន់អាស៊ីអាគ្នេយ៍។  គម្រោងនេះអាចផលិតកូនពូជដំឡូងមីមានសុខភាពល្អប្រមាណ ២០ ០០០កូន/ឆ្នាំ និងអាចយកទៅដាំពង្រីកលើផ្ទៃដីចំនួន ២ហិកតា ដើម្បីផលិតពូជយកទៅដាំដុះបន្ត។
ទន្ឬឹមគ្នានេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារនៅក្នងកសិដ្ឋាន ឯកឧត្តមប្រតិភូ បានណែនាំដល់ប្រធានកសិដ្ឋាន និងថ្នាក់ដឹកនាំដែលពាក់ព័ន្ធ ត្រូវសហការរៀបចំផែនការប្រចាំឆ្នាំ និងផែនការរយៈពេលវែងរបស់កសិដ្ឋាន ទៅតាមសកម្មភាពអាទិភាព និងឆ្លើយតបតម្រូវជាក់ស្ដែងក្នុងតំបន់ ជាពិសេស ការផលិតពូជដំណាំដំឡូងមីដែលមានសុភាពល្អ សម្រាប់ផ្សព្វផ្សាយបន្តទៅកសិករ។ បន្ថែមពីនោះ ត្រូវសិក្សាចំណុចខ្វះខាតទាំងឡាយដែលបានអនុវត្តក្នុងពេលកន្លង ដើម្បីជាមូលដ្ឋានកែតម្រូវ និងធ្វើឱ្យការអនុវត្តការងារឆ្នាំ២០២២ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ចេញ​ផ្សាយ​ ២២ តុលា ២០២១ 6084

កិច្ចប្រជុំពិភាក្សាជាមួយតំណាងមកពីអង្គការ SNV និង Harvest IIដើម្បីរៀបចំសេចក្តីព្រាងចុងក្រោយនៃគោលនយោបាយសាកវប្បកម្មនៅកម្ពុជា

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយលោក អ៊ុំ អេងសេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ បានប្រជុំពិភាក្សាជាមួយតំណាងមកពីអង្គការ SNV និង Harvest IIដើម្បីរៀបចំសេចក្តីព្រាងចុងក្រោយនៃគោលនយោបាយសាកវប្បកម្មនៅកម្ពុជា។

ចេញ​ផ្សាយ​ ២៤ សីហា ២០២១ 6839

ពិធីដាក់ឱ្យប្រើប្រាស់ និងសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់កម្មវិធីស្កែនកូដសម្គាល់បែបផែនសកម្មភាពនៃថ្នាំកសិកម្

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ និងសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់កម្មវិធីស្កែនកូដសម្គាល់បែបផែនសកម្មភាពនៃថ្នាំកសិកម្ម។ ពិធីនេះស្ថិតក្រោមអធីបតីរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានកសិកម្ម និងលោក Pieter Bossink, Interim Team Leader and Operation Manager of CAVAC នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងក្រុមហ៊ុនរៀបចំកម្មវិធីស្កេន តំណាងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា កាវ៉ាក់ និងវិស័យឯកជនសរុបប្រមាណជា ៥០រូប។
គោលបំណងនៃការរៀបចំកម្មវិធីនេះគឺដើម្បីឱ្យមន្ត្រីបច្ចេកទេស បុគ្គលិកផ្សព្វផ្សាយ អាជីវករ អ្នកដាំដុះ មានព័ត៌មានគ្រប់គ្រាន់ស្តីពីកូដសម្គាល់បែបផែនសកម្មភាពនៃថ្នាំកសិកម្ម ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការអនុវត្តវិធានការគ្រប់គ្រងភាពស៊ាំរបស់សមាសភាពចង្រៃទៅនឹងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសជាធរមាន។

ចេញ​ផ្សាយ​ ២០ កក្កដា ២០២១ 8852

ផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយដែលអាចធ្វើទៅបាន

[English below]

តើអ្នកបានឃើញពីផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុដែរឬទេ?
តើអ្នកមានដំណោះស្រាយដែលអាចធ្វើទៅបាន ហើយចង់ប្រែក្លាយជាការពិតដែរឬទេ?
ព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់យើងសម្រាប់មូលនិធិនវានុវត្តន៍កសិកម្ម អាចជាជំហានដំបូងរបស់អ្នក!
មូលនិធិនវានុវត្តន៍កសិកម្ម ត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម (GDA) និង គម្រោង GIZ ដោយមានការគាំទ្រពី មូលនិធិពីអាល្លឺម៉ង់ BMZ ដែលផ្តល់វិភាគទាន  ឬមូលនិធិ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីអនុវត្តការបង្កើតថ្មីៗសម្រាប់ភាពធន់នឹងអាកាសធាតុនៅក្នុងវិស័យកសិកម្ម និងស្បៀងអាហារ។
ព្រឹត្តិការណ៍ផ្សព្វផ្សាយមានគោលបំណងដើម្បីណែនាំអំពីមូលនិធិនវានុវត្តន៍កសិកម្ម គោលការណ៍ណែនាំ និងលក្ខខណ្ឌផ្សេងៗ ដល់អ្នកដែលចាប់អារម្មណ៍ដាក់ពាក្យស្នើសុំ ។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយនឹងផ្តល់ព័ត៌មានអំពី លក្ខណៈវិនិច្ឆ័យដែលជាអាចដាក់ពាក្យបាន របស់បេក្ខជន ក៍ដូចជាលក្ខណៈវិនិច្ឆ័យជ្រើសរើស។
យើងសូមអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ រួមមាន   ក្រុមហ៊ុន និងក្រុមកសិករដែលដាំដុះដំណាំស្វាយចន្ទី ដំឡូងមី និងដំណាំផ្សេងៗដែលចាប់អារម្មណ៍ ក្នុងខ្សែសង្វាក់តម្លៃ (ឧទាហរណ៍ ដំណាំគ្រឿងទេស ដំណាំសណ្តែក និងបន្លែ។ ល។ ) ជាមួយនឹងគំនិតច្នៃប្រឌិតដើម្បីចូលរួម។
ពេលវេលា៖ ថ្ងៃសុក្រ៣០ កក្កដា ២០២១, ៨: ៣០-១២.៣០ ព្រឹក
ការចូលរួមតាមរយៈ ៖ បណ្តាញអ៊ីនធឺណិត ឬអនឡាញ តាមប្រពន្ធ័ Microsoft Teams
សូមផ្ញើធ្វើការចុះឈ្មោះរបស់អ្នកជាមួយ អ្នកស្រី សុខ លីណា តាមរយៈទូរសព្ទ័លេខ 012 590 991 ឬ អ៊ីម៉ែល lina.sok@giz.de

Do you foresee negative impacts from climate change?
Do you have a feasible solution and want to turn it into reality?
Our Outreach Event for the Agri Innovation Fund (AIF) could be your first step!
The Agri Innovation Fund implemented by GDA and GIZ with support from the German BMZ provides contributions or a matching fund for small and medium businesses to implement innovations for climate resilience in the agriculture and food sector.
The outreach event aims to introduce the Agri Innovation Fund, its objectives, guidelines and conditions to interested applicants. Moreover, the event provides information on eligibility criteria of applicants as well as on selection criteria for project ideas.
We invite stakeholders, interested companies and farmers groups of the cashew, cassava and alternative value chains (e.g. spices, beans & pulses, vegetables etc.) with innovative ideas to join.   
When: Friday, 30 Jul 2021, 8:30-12.30 am
Format: Online on Microsoft Teams
Please send your registration to Ms. Sok Lina, email: lina.sok@giz.de
Mobile: 012 590 991

 

ចេញ​ផ្សាយ​ ១៣ កក្កដា ២០២១ 10369

ដំណើរទស្សនកិច្ចទីវាលនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC)

នៅថ្ងៃទី៨ និង៩ ខែកក្កដា  ឆ្នាំ២០២១ លោកបណ្ឌិត សេង  វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម  បានដឹកនាំក្រុមការងារនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម    និងក្រុមការងារនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) ដើម្បីទទួលកម្មវិធី ១). ដំណើរទស្សនកិច្ចទីវាលនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) ក្រោមអធិបតីភាពឯកឧត្តម  ឱម  គឹមសៀរ  រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់CASIC និង២). ដំណើរទស្សនកិច្ចទីវាលរបស់ក្រុមការងារនៃកម្មវិធីការគ្រប់គ្រងធនធានទឹកនិងវិវឌ្ឍនាការកសិអេកូឡូស៊ីនៅកម្ពុជាជំហាន១ សមាសភាគទី៤ (WAT4CAM TA-AGRI)ដឹកនាំដោយលោក Ruud Corsel ប្រធានក្រុមការងារTA-AGRI។ គោលបំណងនៃទស្សនកិច្ចទីវាលគឺដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការងារពិសោធន៍ស្រាវជ្រាវកសិកម្មអភិរក្សដីនៅក្នុងស្ថានីយពិសោធន៍កសិកម្មអភិរក្សបុសខ្នុរក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម។

លោកបណ្ឌិត Florent TIVET និងលោកឡេង វីរ៉ា បានបង្ហាញជូនភ្ញៀវនូវសកម្មភាពសំខាន់ៗដែលបាននិងកំពុងអនុវត្តនៅក្នុងស្ថានីយ៍ពិសោធន៍កសិកម្មអភិរក្សបុសខ្នុរ រួមមាន៖  ១).  គំរូប្រព័ន្ធកសិកម្មសរីរាង្គជាមូលដ្ឋានដោយរក្សាការមិនភ្ជួរ ការរក្សាគម្របដីអចិន្ត្រយ៍  ការដាំដំណាំបង្វិល  និងជាពិសេសការអនុវត្តបច្ចេកទេសដាំដុះដំណាំលើគម្របដីស្រស់ មានដូចជាដំណាំពោត សណ្តែកសៀង និងដំឡូងមី ២). ការអភិរក្សនឹងកន្លែងនូវគ្រាប់ពូជដំណាំគម្របដីដែលមានការធ្វើសារពើភ័ណ្ឌសេណេទិចពូជសរុបមានចំនួន៤៤ប្រភេទ ស្មើនឹង២១៦ពូជ។ ពូជដំណាំទាំងនេះ ត្រូវបានប្រើប្រាស់ជាចំណីសត្វ និងជាដំណាំគ្របដី ហើយសព្វថ្ងៃនេះក្រុមហ៊ុន Smart-Agro កំពុងដើរតួនាទីដ៏សំខាន់ក្នុងការផលិតនិងផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីទាំងនេះដល់សហគមន៍កសិកម្ម និងកសិករ ៣). ការពិសោធន៍បែបលក្ខណៈវិទ្យាសាស្ត្ររយៈពេលវែង ដោយផ្តោតលើបច្ច័យចំនួន៣នៃប្រព័ន្ធដំណាំជាមូលដ្ឋានសំខាន់ៗដែលកំពុងអនុវត្តនៅតំបន់ខ្ពង់រាបរួមមានដំណាំដំឡូងមី ពោត និងសណ្តែកសៀង។ ការពិសោធន៍នេះ បានផ្តល់ឱកាសឱ្យនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ ដែលមានការចាប់អារម្មណ៍ក្នុងការងារស្រាវជ្រាវអំពីកសិកម្មអភិរក្សមកធ្វើការសិក្សាដើម្បីបញ្ចប់ការសិក្សារបស់ពួកគេ ៤). ស្រែបង្ហាញខ្នាតធំដែលបង្កើតឡើងសម្រាប់បង្ហាញប្រៀបធៀបអំពីគុណសម្បត្តិរវាងកសិកម្មអភិរក្ស និងការអនុវត្តកសិកម្មតាមទម្លាប់របស់កសិករ ៥). ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់បម្រើឱ្យការអនុវត្តកសិកម្មអភិរក្ស គឺជាធាតុចូលមួយដ៏សំខាន់បំផុតដែលមិនអាចខ្វះបានដូចជាប្រព័ន្ធឧបករណ៍ដាំគ្រាប់ស្ងួតលើគម្របដីស្រស់ ឧបករណ៍ដាំដំណាំដំឡូងមីលើដីមិនភ្ជួរ និងឧបករណ៍ប្រមូលផលដំណាំដំឡូងមីជាដើម ៦). គំរូផ្សព្វផ្សាយអំពីសេវាកម្មកសិកម្មអភិរក្ស “មិត្តកសិករ” ដែលជាគំរូមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ស្ថាប័នរដ្ឋ វិស័យឯកជន ក្រុមកសិករស្ម័គ្រចិត្ត និងកសិករទូទៅ ក្នុងគោលបំណងជំរុញការអនុវត្តកសិកម្មអភិរក្សឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ៧). ការបង្ហាញអំពីដំណើរនៃការចែកចាយ និងផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីរបស់ក្រុមហ៊ុន Smart-Agro និង៨). ការបង្ហាញប្រៀបធៀបអំពីគុណភាពដីតាមរយៈកម្រិតនៃភាពរឹងមាំនៃបង្គុំគ្រាប់ដី (Soil aggregates) រវាងដីព្រៃធម្មជាតិ ដីដែលអនុវត្តកសិកម្មតាមទម្លាប់ (ភ្ជួរគ្មានគម្របដី) និងដីដែលអនុវត្តកសិកម្មអភិរក្ស គឺបង្ហាញឱ្យឃើញថា ដីព្រៃធម្មជាតិ និងដីដែលអនុវត្តកសិកម្មអភិរក្ស គឺមានបង្គុំគ្រាប់ដីរឹងមាំល្អប្រសើរជាងដីដែលអនុវត្តកសិកម្មតាមទម្លាប់។ដំណើរទស្សនកិច្ចទីវាលនិងកិច្ចប្រជុំរបស់គណៈកម្មការតម្រង់ទិសរបស់ CASIC និង ក្រុមការងារWAT4CAM TA-AGRI បានប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក៕

ចេញ​ផ្សាយ​ ១២ កក្កដា ២០២១ 9316

សិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីការចែករំលែកចំណេះដឹងពីពូជដំណាំស្វាយ និងដំណាំប័រសម្រាប់ទីផ្សារអន្តរជាតិ

នៅថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវ នឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម សហការឧបត្តម្ភដោយកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា អូស្រ្តាលី ហៅកាត់ថា CAVAC បានរៀបចំបើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីការចែករំលែកចំណេះដឹងពីពូជដំណាំស្វាយ និងដំណាំប័រសម្រាប់ទីផ្សារអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន១៦ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍសរុបចំនួន១០០រូប។

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២១ 14307

កិច្ចប្រជុំស្តីពីអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយករងនៃគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) និងសហការី បានជួបប្រជុំពីចម្ងាយជាមួយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជានាយកកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (PMO) លោក Anthony Gill (Head, Porfolio Administration Unit) លោក Shinsuke Kawazu (Principal Counsel, OGC) និងលោក ហែម ចន្ធូ មន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB CARM)។ កិច្ចប្រជុំនេះត្រូវបានដើម្បីរៀបចំឡើងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលជាលក្ខខណ្ឌតម្រូវរបស់ ADB ហើយរហូតមកដល់ពេលនេះ លក្ខខណ្ឌមួយនេះមិនទាន់បានបំពេញឱ្យបានពេញលេញនៅឡើយ។ យោងតាមលក្ខខណ្ឌរបស់ ADB សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ត្រូវបញ្ជូនទៅដល់រដ្ឋសភា នោះទើបសន្មតថាលក្ខខណ្ឌមួយនេះត្រូវបានបំពេញរួចរាល់។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ខាងលើ បាននិងកំពុងពិនិត្យ និងពិភាក្សាថ្នាក់អន្តរក្រសួងនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ។ ទោះបីជាយ៉ាងនេះក្តី ឆ្លងតាមរយៈកិច្ចពិភាក្សាជាច្រើនលើករួចមក ជាពិសេស រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណុចដែលមិនធ្លាប់ឯកភាពគ្នាពីមុនមក  រហូតមកដល់ពេលនេះបានទទួលការឯកភាព ដូចនេះ មានលទ្ធភាពវិជ្ជមានច្រើនក្នុងការពន្លឿនការបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់រដ្ឋសភា។ នៅក្នុងកិច្ចប្រជុំនោះ តាមការបញ្ជាក់របស់តំណាង ADB កម្ចីលេខ ៣០០៦ ដែលផ្តោតលើកម្ចីសម្រាប់ការរៀបចំច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រោមច្បាប់ (Policy-based Loan) នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ។
ឯកឧត្តមប្រតិភូ បានបកស្រាយជូនអង្គប្រជុំអំពីដំណើរការ នីតិវិធីជាបន្តទៀត និងស្ថាប័នពាក់ព័ន្ធដែលត្រូវពិនិត្យសេចក្តីព្រាងច្បាប់នេះ មុននឹងអាចបញ្ជូនទៅរដ្ឋសភាបាន ដោយឯកឧត្តមមិនអាចបញ្ជាក់បានអំពីពេលវេលាច្បាប់លាស់ណាមួយដែលសេចក្តីព្រាងច្បាប់នេះអាចបញ្ជូនទៅរដ្ឋសភា តាមការស្នើសុំរបស់ ADB ឡើយ។ ដូចនេះ ការពន្យារពេលកាលបរិច្ឆេទនៃការបិទបញ្ចប់កម្ចីលេខ ៣០០៦នេះ គឺជាការល្អប្រសើរដើម្បីអាចឱ្យលក្ខខណ្ឌមួយនេះអាចបំពេញបានជាស្ថាពរ។ ឯកឧត្តមប្រតិភូបានបញ្ជាក់បន្ថែមថា ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ គឺជាតម្រូវការដែលចាំបាច់បំផុតដើម្បីផ្តល់ក្របខណ្ឌគោលនយោបាយសម្រាប់លើកស្ទួយប្រព័ន្ធអនាម័យនិងភូតគាមអនាម័យ និងការប្រកួតប្រជែងក្នុងពាណិជ្ជកម្មលើផលិតផលកសិកម្ម ដែលផ្តល់ឱ្យកម្ពុជានូវឱកាសសមាហរណកម្មពាណិជ្ជកម្មសាកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី។ ប្រសិនបើមិនមានច្បាប់នេះទេ ប្រទេសកម្ពុជានៅតែជួបបញ្ហាប្រឈមចំពោះការសម្របសម្រួលពាណិជ្ជកម្ម ការគាំទ្រនានាលើវិស័យកសិកម្ម (ផលិតផលកសិកម្ម) និងការលូតលាស់សេដ្ឋកិច្ចជាតិ។
នៅចុងបញ្ចប់ អង្គប្រជុំបានសម្រេចថា នឹងមានការពិភាក្សាលម្អិតម្តងទៀតរវាង ADB, PMO និង MAFF-NIO ដើម្បីកំណត់ពីពេលវេលាច្បាស់លាស់មួយដែលសេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវបញ្ជូនពីទីស្តីការគណៈរដ្ឋមន្ត្រីទៅកាន់រដ្ឋសភា។ មួយវិញទៀត ADB និង MAFF-NIO នឹងធ្វើការរួមគ្នាដើម្បីពិនិត្យមើលលើខ្លឹមសាររួមនៃសេចក្តីព្រាងច្បាប់នេះបន្ទាប់ពីបានកែសម្រួលរួចដើម្បីពិនិត្យលទ្ធភាពលើការស្នើសុំពន្យារពេលលក្ខខណ្ឌមួយនេះ៕

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២១ 12178

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគាំទ្រលើការបង្កើតលេខាធិការដ្ឋានថ្នាក់ជាតិនៅកម្ពុជាស្តីពី ទម្រង់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (Cambodia National Sustainable Rice Platform (SRP) Chapter)

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគាំទ្រលើការបង្កើតលេខាធិការដ្ឋានថ្នាក់ជាតិនៅកម្ពុជាស្តីពី ទម្រង់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (Cambodia National Sustainable Rice Platform (SRP) Chapter)។ អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន លោក និងលោកស្រីជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋាន SRP សរុបចំនួនប្រមាណ ២៥រូប។ ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ រួមមាន អគ្គនាយកដ្ឋានកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation, CRF) អង្គការ CIRAD, WCS និង Swisscontact។
មានមតិស្វាគមន៍នៅក្នុងពិធីខាងលើ ឯកឧត្តមប្រតិភូ បានជម្រាបជូនអង្គពិធីអំពីសារៈសំខាន់ និងស្ថានភាពនៃការវិវត្តលើវិស័យកសិកម្មនៅប្រទេសកម្ពុជា។ នៅប៉ុន្មានទសវត្សចុងក្រោយនេះ វិស័យកសិកម្មមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដោយក្នុងនោះប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងនៅក្នុងទសវត្សឆ្នាំ១៩៩០ មកជាប្រទេសដែលនាំចេញផលិតផលកសិកម្ម ក្នុងនោះ បរិមាណផលស្រូវនាំចេញមានការកើនឡើងពី ៩,៣២លានតោននៅឆ្នាំ២០១៣ ទៅ ១០,៩៤លានតោន នៅក្នុងឆ្នាំ២០២០។ បន្ថែមពីនេះ បរិមាណអង្ករដែលបាននាំចេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ពី ៣៨៧ ០៦១ តោននៅឆ្នាំ២០១៤ ទៅ ៦៩០ ៨២៩ តោន នៅឆ្នាំ២០២០។
កម្ពុជាបានក្លាយជាប្រទេសសមាជិកមួយនៃ SRP នៅឆ្នាំ២០១៥ បន្ទាប់ពីពិធីបើកសិក្ខាសាលាមួយដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការ Oxfam, លេខាធិការដ្ឋាន SRP និង International Finance Corporation (IFC) ដោយកាលនោះ SRP ត្រូវបានអនុវត្តជាលើកដំបូងជាដំណាក់កាលសាកល្បង។
លេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅខែមករា ឆ្នាំ២០១៩ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គសាកលស្តីពី SRP ប្រព្រឹត្តទៅនៅខេត្តសៀមរាប ដែលកាលនោះ ស្ថាប័នជាដៃគូរ SRP បានព្រមព្រៀងគ្នាជាឯកច្ឆន្ទថា អគ្គនាយកដ្ឋានកសិកម្មគឺជាស្ថាប័ននាំមុខដើម្បីសម្របសម្រួលការងាររបស់លេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP។ បន្ទាប់មក មានកិច្ចប្រជុំជាច្រើនត្រូវបានរៀបចំឡើងដើម្បីពិភាក្សាជាមួយស្ថាប័ន/អង្គការពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីបំពេញបាននូវតម្រូវការរបស់លេខាធិការដ្ឋាន SRP។
នៅថ្ងៃនេះ អគ្គនាយកដ្ឋានកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) អង្គការ WCS, CIRAD, និង Swisscontact បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគាំទ្រការបង្កើតលេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP នេះឡើង។ ទន្ទឹមនឹងការបង្កើតនេះ មានសកម្មភាពសំខាន់ៗ និងបន្ទាន់ជាច្រើនដែលត្រូវអនុវត្តដើម្បីធ្វើឱ្យលេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP កាន់តែរឹងមាំ និងមានសកម្មភាពកាន់តែខ្លាំងខ្លាឡើងនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយដើម្បីឈានឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាពក្នុងន័យចូលរួមចំណែកប្រើប្រាស់ថ្លៃដើមផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការរំខានខាងបរិស្ថាន ការបំពុលបរិស្ថាន ការព្រួយបារម្ភលើសុខភាពសាធារណៈ និងកាកសំណល់ពុលនៅក្នុងអាហារ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណដល់ដៃគូរសហការទាំងអស់ដែលបានខិតខំប្រឹងប្រែង និងបំពេញការងារជាមួយអគ្គនាយកដ្ឋានកសិកម្មនាពេលកន្លងមក ហើយអ្វីដែលសំខាន់នោះគឺការប្រឹងប្រែង និងការសហការដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះបានលេចចេញជារូបរាងឡើងនាពេលនេះ ហើយដែលនឹងត្រូវយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងខាងលើនេះនឹងត្រូវអនុវត្តក្នុងរយៈពេល១០ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានទឹកប្រាក់សរុបចំនួន ២៥ ៧២០ ដុល្លារអាមេរិក៕

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២១ 6568

សិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំចេក

ដើម្បីចូលរួមចំណែកក្នុងការបង្កើននូវផលិតភាព និងនិរន្តរភាពនៃការនាំចេញផលិតកម្មដំណាំចេក តាមរយៈការគ្រប់គ្រង ការធ្វើអង្កេត ការធ្វើរោគវិនិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំចេក។ សិក្ខាសាលានេះ មានគោលបំណងដើម្បីពិភាក្សា និងពង្រឹងយន្តការគ្រប់គ្រងសមាសភាពចង្រៃលើចម្ការចេក ដែលបាននឹងកំពុងធ្វើការនាំចេញទៅកាន់ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងតំណាងក្រុមហ៊ុនដាំដុះដំណាំចេកចំនួនប្រមាណ ៣៥រូប។
សិក្ខាសាលាដ៏មានសារសំខាន់នេះស្ថិតក្រោមអធីបតីភាពរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រតិភូកបានផ្តល់នូវមតិណែនាំមួយចំនួនដើម្បីជាមូលដ្ឋានគន្លឹះអនុវត្តបន្តដូចតទៅ៖
ទី១-ក្រុមហ៊ុនក៏ដូចជាម្ចាស់ចម្ការចេកត្រូវផ្តល់កិច្ចសម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយមន្ត្រីនាយកដ្ឋានការពារ ដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានព័ត៌មាន និងគោលការណ៍ ណែនាំបច្ចេកទេសត្រឹមត្រូវទាក់ទងនឹងការដាំដុះ ការធ្វើអនាម័យ និងការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវ ស្របតាមល័ក្ខខ័ណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសនាំចូលជាបន្តទៀត។
ទី២-ដើម្បីគ្រប់គ្រងការងារផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារនាំចេញផ្លែចេកស្រស់ឱ្យមាននិរន្តរភាព ការធ្វើអង្កេត ការធ្វើរោគវិនិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃពិសេសជំងឺ Fusarium wilt ចាំបាច់ត្រូវតែមាន ដើម្បីមានភាពងាយស្រួលក្នុងការពង្រឹងយន្តការគ្រប់គ្រងសមាសភាពចង្រៃលើចម្ការចេក។ ដូច្នេះ ក្រុមហ៊ុន ក៏ដូចជាម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំផែនការចុះប្រមូលសំណាក និងចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា ស្របតាម បទដ្ឋានបច្ចេកទេសជាធរមាន។

 

ចេញ​ផ្សាយ​ ០៨ មិថុនា ២០២១ 5910

សិក្ខាសាលាពិគ្រោះយោលបល់ពីចម្ងាយស្តីពី “ការយល់ដឹងអំពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងកសិកម្មសរីរាង្គកម្ពុជា (CamOrg)

នៅព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមបើកសិក្ខាសាលាពិគ្រោះយោលបល់ពីចម្ងាយស្តីពី “ការយល់ដឹងអំពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងកសិកម្មសរីរាង្គកម្ពុជា (CamOrg)” ដែលសហការរៀបចំដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម និងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធផ្សេងៗ សរុបចំនួន ១០០រូប ក្នុងគោលបំណងដើម្បី៖
១. បង្កើនការយល់ដឹងអំពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងកសិកម្មសរីរាង្គកម្ពុជា (CamOrganic)
២. ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អំពីស្ថានភាពនៃការអនុវត្ត បញ្ហាប្រឈម និងការកំណត់កិច្ចអន្តរាគមន៍ដើម្បីគាំទ្រដល់ការអនុវត្តវិធាននៃការអនុវត្តកសិកម្មល្អ កម្ពុជា និងការអនុវត្តវិធានកសិកម្មសរីរាង្គកម្ពុជាអោយកាន់តែមានប្រសិទ្ធភាព៕

ចេញ​ផ្សាយ​ ០៧ មិថុនា ២០២១ 14694

ពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី Building Capacity in Promoting Economically and Environmentally Efficient Rice Production through Direct-seeded Rice

នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី Building Capacity in Promoting Economically and Environmentally Efficient Rice Production through Direct-seeded Rice ដែលបានរៀបចំឡើងដោយអង្គការស្បៀង និងកសិកម្ម ថ្នាក់តំបន់ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (FAO Regional Office for Asia and the Pacific) តាមរយៈប្រព័ន្ធអនឡាញ។ ក្រៅពីប្រទេសកម្ពុជាដែលជាអង្គភាពអនុវត្តគម្រោង សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីតំណាងអង្គភាពអនុវត្តគម្រោងនៃប្រទេសមីយ៉ាន់ម៉ានិងហ្វីលីពីន អង្គការ FAO ប្រចាំនៅកម្ពុជានិងមីយ៉ាន់ម៉ា  អង្គការ IRRI និងសាកលវិទ្យាល័យកសិកម្មភាគខាងត្បូងប្រទេសចិន។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគោលបំណង៖ ១). ប្រកាសដាក់ឱ្យដំណើរការគម្រោងជាផ្លូវការ ២). ជូនដំណឹងជាផ្លូវការដល់បណ្តាតំណាងអង្គភាពអនុវត្តគម្រោងនូវគោលបំណង សកម្មភាព និងលទ្ធផលរំពឹងទុករបស់គម្រោង ៣). ពិភាក្សានិងកំណត់សកម្មភាពអាទិភាព និងឯកភាពលើផែនការសកម្មភាពរបស់គម្រោង ៤). បង្ហាញអំពីតួនាទីនិងភារកិច្ច និងលទ្ធផលរំពឹងទុកដែលនឹងទទួលបានពីទីប្រឹក្សាថ្នាក់ជាតិ និងអន្តរជាតិ ៥). ចែករំលែកព័ត៌មាន កំណត់កិច្ចខិតខំប្រឹងប្រែងក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធផ្សេងៗ ពិភាក្សានិងឯកភាពលើផែនការអនុវត្តសកម្មភាព ដោយរួមបញ្ចូលទាំងយន្តការនៃការសម្របសម្រួល ព្រមទាំងកំណត់ឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ដៃគូរពាក់ព័ន្ធដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា និងចៀសវាងការអនុវត្តសកម្មភាពត្រួតគ្នា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោងនេះ ឯកឧត្តមប្រតិភូ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្តួចផ្តើម និងគាំទ្រឱ្យមានគម្រោងថ្នាក់តំបន់នេះឡើង ហើយជាពិសេសបានផ្តល់ឱកាសដល់ប្រទេសកម្ពុជា បានចូលរួមអនុវត្តក្នុងគម្រោងនេះ។ អង្គការ FAO គឺជាដៃគូរអភិវឌ្ឍន៍យ៉ាងជិតស្និតមួយក្នុងចំណោមដៃគូរអភិវឌ្ឍន៍ជាច្រើនរបស់កម្ពុជាដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ តាមរយៈគម្រោងនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អង្គភាពអនុវត្តគម្រោងទាំងអស់នឹងសហការកាន់តែស្អិតរមួតជាមួយអង្គការ FAO និងដៃគូរសំខាន់ៗមួយចំនួនទៀត រួមទាំងអង្គការ IRRI និងសាកលវិទ្យាល័យកសិកម្មភាគខាងត្បូងប្រទេសចិន ដើម្បីសម្រេចឱ្យបាននូវគោលបំណងគម្រោងដែលបានកំណត់៕

ចេញ​ផ្សាយ​ ០៤ មិថុនា ២០២១ 6857

កិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យពិភាក្សាកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យពិភាក្សាកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ ជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទី៣  តាមរយ:​ប្រព័ន្ធZoom meeting ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំចង្អៀតលើក៣នេះ បានពិនិត្យពិភាក្សាដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-  តំណាងក្រសួងទាំងពីរ បានឯកភាពកែសម្រួលខ្លឹមសារមាត្រា២៩ ដោយបន្ថែមពាក្យថា “ដោយផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យ និងស្របតាមបទប្បញ្ញត្តិជាធរមាន” នៅបន្ទាប់ពាក្យ “នេសាទ”។
-  តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំពូកទី៥ បានស្នើបង្កើតមាត្រាថ្មីចំនួនមួយ ដោយចែងថា “មុខទំនិញជាកម្មវត្ថុនៃការស្នើសុំលិខិតអនុញ្ញាតនាំចេញនាំចូល ឬវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវកំណត់ដោយអនុក្រឹត្យពាក់ព័ន្ធនឹងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់។”
-  តំណាងក្រសួងទាំងពីរ បានឯកភាពកែសម្រួលខ្លឹមសារនៃ សេចក្តីព្រាងច្បាប់ នេះក្នុង
រចនាសម្ព័ន្ធទម្រង់ដើមដែលបានសម្រេចដោយអង្គប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ចេញ​ផ្សាយ​ ១៥ មីនា ២០២១ 6768

ការងារចុះពិនិត្យវឌ្ឍនភាពការងារនិងស្ថានភាពទូទៅនៅស្ថានីយកសិកម្មបន្ទាយដែក

នៅរសៀលថ្ងៃទី​៥​ ខែមីនា​ ឆ្នាំ២០២១​ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម  បានចុះពិនិត្យវឌ្ឍនភាពការងារនិងស្ថានភាពទូទៅនៅស្ថានីយកសិកម្មបន្ទាយដែក​ ជាពិសេសការពង្រីកពូជពោត​អ៉ីប្រ៊ីត CHM01​ និងការសាងសង់ផ្ទះសំណាញ់​ ដែលឆ្លេីយតបការជំរុញផលិតកម្មដំណាំសាកវប្បកម្មតាមបច្ចេកទេសទំនេីប៕

ចេញ​ផ្សាយ​ ០២ កុម្ភៈ ២០២១ 16783

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានជួបប្រជុំជាមួយលោកបណ្ឌិត Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ (Cambodian Korean Economic and Cultural Exchange Federation Association– CKEF) នៃសាធារណៈរដ្ឋកូរ៉េ និងសហការី។ របៀបវារៈនៃកិច្ចប្រជុំខាងលើគឺការពិភាក្សាអំពីការងារចាំបាច់នានាដែលត្រូវរៀបចំដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានវៃឆ្លាត (Smart Farm Project) ដែលជាគម្រោងរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ។
ចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមប្រតិភូបានជម្រាបជូនតំណាង CKEF អំពីស្ថានភាព និងការរីកចម្រើននៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺអនុវិស័យដំណាំកសិកម្ម ដែលជាអនុវិស័យធំជាងគេក្នុងចំណោមអនុវិស័យចំនួន០៤ ស្ថិតក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលរាំងស្ទះដល់ការអភិវឌ្ឍអនុវិស័យដំណាំកសិកម្ម រួមមាន បច្ចេកវិទ្យាក្នុងផលិតកម្មមានកម្រិតទាប កសិផលផលិតសល់លើសពីតម្រូវការ និងទីផ្សារកសិផលកម្ពុជានៅតូចចង្អៀត។ល។
ដោយបានមើលឃើញពីភាពរីកចម្រើននៃវិស័យកសិកម្ម និងសក្តានុពលក្នុងការអភិវឌ្ឍអនុវិស័យដំណាំកសិកម្ម តំណាង CKEF មានការចាប់អារម្មណ៍ និងមានបំណងចុះអនុស្សារណៈនៃការយោគយល់ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានឆ្លាតវៃ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសាកលវិទ្យាល័យ Konkuk (Konkuk University) នៃសាធារណៈរដ្ឋកូរ៉េ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គម្រោងនឹង ១). បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិ ២). ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនានាជូនមន្ត្រីបច្ចេកទេស និងកសិករនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ៣). អភិវឌ្ឍដំណាំលើផ្ទៃដីទំហំប្រមាណ ១០០ ហិកតា ដែលមានសក្តានុពលសម្រាប់ការដាំដុះដំណាំ និង៤). ស្រាវជ្រាវរកប្រភេទដំណាំដែលមានសក្តានុពលសម្រាប់ផលិតកម្ម និងទីផ្សារ។
ទោះបីជាយ៉ាងនេះក្តី មានការងារជាច្រើនដែលត្រូវរៀបចំមុនការចុះអនុស្សារណៈនៃការយោគយល់ខាងលើអាចលេចឡើងជារូបរាង។ ឆ្លងតាមការពិភាក្សា ក្រុមការងារនៃ CKEF ត្រូវការពេលវេលាយ៉ាងឆាប់បំផុតចំនួន១ខែកន្លះ មុនពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់អាចដំណើការបាន ដោយសារក្រុមការងារត្រូវចំណាយពេលដើម្បីពិភាក្សាយោបល់ជាមួយជំនាញការនៃសាកលវិទ្យាល័យ Konkuk ការធ្វើដំណើររបស់គណៈប្រតិភូនៃសាធារណៈរដ្ឋកូរ៉េដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ដែលតម្រូវឱ្យមានការធ្វើចត្តាឡីស័ក្កនៃប្រទេសទាំងពីរ។ នេះមានន័យថា ប្រសិនបើមិនមានបញ្ហារាំងស្ទះណាមួយ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នឹងត្រូវរៀបចំឡើងយ៉ាងឆាប់បំផុតគឺនៅពាក់កណ្តាលខែមិនា ខាងមុខនេះ។
ឯកឧត្តមប្រតិភូ បានឯកភាពលើសំណើពេលវេលានៃការចុះអនុស្សារណៈនៃការយោគយល់របស់តំណាង CKEF ដោយបានស្នើឱ្យក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការ រក្សាទំនាក់ទំនង ផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានជាមួយតំណាង CKEF ដើម្បីឱ្យការចុះអនុស្សារណៈនេះអាចរៀបចំបានឆាប់តាមការរំពឹងទុក។ ចំពោះបញ្ហាទីតាំងដែលជាតម្រូវការអនុវត្តគម្រោង ឯកឧត្តមប្រតិភូនឹងយកទៅពិភាក្សា និងសុំការណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

ចេញ​ផ្សាយ​ ៣១ មករា ២០២១ 10811

កិច្ចពិភាក្សារការងារវាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម និងអ្នកជំនាញការផ្នែកខ្សែច្រវាក់តម្លៃផលិតផលកសិកម្មរបស់ JICA

កាលពីព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Hiroshi Kodama អ្នកជំនាញការផ្នែកខ្សែច្រវាក់តម្លៃផលិតផលកសិកម្មរបស់ JICA និងជាទីប្រឹក្សាបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានសំដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក Hiroshi Kodama នៅប្រទេសកម្ពុជា និងបានអនុញ្ញាតឱ្យលោកបង្ហាញអំពីការងារដែលនឹងត្រូវរៀបចំ និងជួយលើផ្នែកសំខាន់មួយចំនួនក្នុងអនុវិស័យដំណាំកសិកម្ម។ ក្នុងឱកាសនោះ លោក Hiroshi Kodama បានជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីតួនាទី និងភារកិច្ច (ToR) ដែលត្រូវជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាទីប្រឹក្សាផ្នែកខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដោយភាគច្រើនគឺផ្តោតទៅលើការងាររបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម។ ក្រៅពីនេះ មានការងារពាក់ព័ន្ធមួយចំនួនដែលលោកអាចជួយដល់អគ្គនាយកដ្ឋានកសិកម្ម រួមមាន៖
១. ការអនុវត្តស្តង់ដា Cam-GAP លើផលិតផលកសិកម្ម៖ ការបង្ហាញឱ្យស្គាល់អំពីលក្ខណៈដាច់ដោយឡែកនៃការអនុវត្តស្តង់ដារ J-GAP ។ ក្នុងការអនុវត្តស្តង់ដារនេះ ការធ្វើវិញ្ញាបនកម្មផលិតផលកសិកម្មត្រូវបានបែងចែកជាពីរគឺ JGAP (JGAP basic) សម្រាប់ទីផ្សារក្នុងស្រុក និង ASIAGAP (JGAP advanced) សម្រាប់ទីផ្សារបរទេស
២). ការផ្តល់វិញ្ញាបនកម្មនៃផលិតផលកសិកម្មសរីរាង្គ និង ៣). ការជំរុញឱ្យមានប្រព័ន្ធសហគមន៍កសិកម្មតាមរយៈការចុះត្រួតពិនិត្យ និងតាមដានសកម្មភាពគម្រោងឧបត្ថម្ភដោយ JICA ស្តីពីការបង្កើតគំរូសហគមន៍កសិកម្មដែលផ្តោតទៅលើមុខជំនាញ។
ឯកឧត្តមប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ចំពោះការបកស្រាយខាងលើ និងបានសំណូមពរឱ្យលោក Hiroshi Kodama ចំណាយពេលវេលាដើម្បីជួយដល់អគ្គនាយកដ្ឋានកសិកម្ម លើការងារពាក់ព័ន្ធខាងលើ ព្រមទាំងស្នើឱ្យលោក Hiroshi Kodama រៀបចំផែនការសកម្មភាពច្បាស់លាស់មួយដោយផ្តោតទៅលើការងារដែលគាត់អាចជួយអគ្គនាយកដ្ឋានកសិកម្ម បាន។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូបានលើកឡើងថា ការងារបណ្តុះបណ្តាលកសិករអំពីការអនុវត្តនីតិវិធីផ្តល់វិញ្ញាបនកម្មលើផលិតផលកសិកម្ម គឺជាការលំបាកដោយសារសមត្ថភាពនៃការទទួលយកបច្ចេកទេសរបស់កសិករនៅមានកំណត់នៅឡើយ និងជាជំហានមួយដែលត្រូវអនុវត្តបន្ទាប់ ដូចនេះនៅចំពោះមុខ ការងារដែលចាំបាច់គឺការបណ្តុះបណ្តាលមន្ត្រីដែលអនុវត្តការងារនេះជាមុនសិន ពោលគឺមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលជាអនុវត្តការងារនេះដោយផ្ទាល់នៅមូលដ្ឋាន។ ទស្សនវិស័យនាពេលអនាគត ចំណេះដឹងទាំងនេះនឹងត្រូវផ្ទេរបន្តទៅដល់កសិករបន្តិចម្តងៗ។ ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះលោក Hiroshi Kodama ដែលនឹងចំណាយពេលវេលាមកជួយអគ្គនាយកដ្ឋានកសិកម្ម និងបានបញ្ជាក់អំពីការផ្តល់កិច្ចសហការ និងគាំទ្រដល់សកម្មភាពល្អនានាដើម្បីឱ្យការបំពេញការងាររបស់លោកទទួលបានជោគជ័យ។

 

ចេញ​ផ្សាយ​ ២៣ មករា ២០២១ 6371

ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ម៉ាស៊ីនទឹកក្តៅកម្ចាត់ពងរុយចោះផ្លែ (Hot Water Treatment) របស់ក្រុមហ៊ុនអាល់ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ម៉ាស៊ីនទឹកក្តៅកម្ចាត់ពងរុយចោះផ្លែ (Hot Water Treatment) របស់ក្រុមហ៊ុនអាល់ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី ដែលមានទីតាំងស្ថិតនៅក្នុងផ្សារ ហ៊ុន ទី រាជធានីភ្នំពេញ។ តាមរយៈ ការចុះពិនិត្យឃើញថា ក្រុមហ៊ុនសាងសង់ម៉ាស៊ីនទឹកក្តៅកម្ចាត់ពងរុយចោះផ្លែបានប្រមាណ៩០% ប៉ុន្តែមិនទាន់បានធ្វើតេស្តសាកល្បងឱ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិននៅឡើយទេ។ ក្រុមការងារបានធ្វើការស្នើសុំដល់ក្រុមហ៊ុនឱ្យធ្វើតេស្តសាកល្បងនូវប្រសិទ្ធភាពរបស់ម៉ាស៊ីនទឹកក្តៅ មុននឹងអញ្ជើញជំនាញការចិនមកវាយតម្លៃ។

ចេញ​ផ្សាយ​ ២៣ មករា ២០២១ 7266

សិក្ខាសាលាចាប់ផ្ដើមនិងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីគម្រោងបន្លែ ផ្លែឈើកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ម

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ និងប្រធានអង្គភាពជំនាញក្រោមឱវាទ បានរៀបចំសិក្ខាសាលាចាប់ផ្ដើមនិងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីគម្រោងបន្លែ ផ្លែឈើកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួង ។ សិក្ខាសាលាខាង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង់ តំណាងដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
គោលដៅរួមរបស់គម្រោង CHAIN គឺដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភរបស់កសិករខ្នាតតូចនៅតំបន់ជនបទនៃខេត្តគោលដៅរបស់គម្រោង តាមរយៈការបង្កើនផលិតកម្ម និងពាណិជ្ជកម្មដំណាំសាកវប្បកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។ ទិសដៅរបស់គម្រោងគឺនៅឆ្នាំ២០២២ ត្រូវផ្តល់កំណើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព ដល់កសិករដែលដាំដុះផ្គត់ផ្គង់ខ្លួនឯង (Homestead farmers) ចំនួន ១៥ ០០០ នាក់ កសិករពាណិជ្ជ (Commercial farmers) ចំនួន ៣ ០០០នាក់ អ្នកកែច្នៃចំនួន ១ ២០០នាក់ និងធ្វើឱ្យប្រសើរនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់គ្រួសារកសិករចំនួន ៧២ ០០០ គ្រួសារ។

 

ចេញ​ផ្សាយ​ ២៣ មករា ២០២១ 11028

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំមន្រ្តីពាក់ព័ន្ធដើម្បីចុះពិនិត្យ និងវាយតម្លៃលើការងារបច្ចេកទេសរបស់ក្រុមហ៊ុនចំនួន០៤ ដែលនាំចេញផ្លែស្វាយស្រស់ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។

ឆ្លើយតបទៅនឹងគោលនយោបាយនៃកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម និងអនុសាសន៍គ្រប់ជ្រុងជ្រោយរបស់ឯកឧត្តមរដ្ឋមន្ត្រីទាក់ទងនឹងការអភិវឌ្ឍទំនើបកម្មកសិកម្ម និងជំរុញការនាំចេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែនករា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរជាមួយដោយលោកប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី បានចុះពិនិត្យ និងវាយតម្លៃលើការងារបច្ចេកទេសរបស់ក្រុមហ៊ុនចំនួន០៤ ដែលបាននឹងកំពុងសាងសង់ និងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្លាប់មេរោគ និងរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់សម្រាប់នាំចេញឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ លទ្ធផលនៃការចុះចុះពិនិត្យនិងវាយតម្លៃក្រុមហ៊ុនចំនួន៤ មានដូចខាងក្រោម៖
កម្មវិធីទី១៖
ឯកឧត្តមប្រតិភូ និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាពសាងសង់រោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃ ដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment - VHT) របស់ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិនធើណេសិនណល អេហ្គ្រីខលឈ័រ ប្រដាក់ អេន ឡូជីស្ទីក ឯ.ក ដែលមានទីតាំងនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្រុមហ៊ុនបានដាក់ទុនវិនិយោគប្រមាណ៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពសត្វចង្រៃដោយប្រើចំហាយទឹកក្តៅ អគារតាំងបង្ហាញផលិតផលកសិកម្ម អគារដ្ឋបាល ផ្ទះស្នាក់នៅសម្រាប់ភ្ញៀវរបស់ក្រុមហ៊ុន ផ្ទះស្នាក់នៅរបស់កម្មករលើផ្ទៃដី៤ហ.ត ក្នុងចំណោមផ្ទៃដីសរុបចំនួន៥៧ហ.ត របស់ក្រុមហ៊ុន។ ការសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ សម្រេចបានប្រមាណជា៥០%ហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
កម្មវិធីទី២៖
ចេញពីស្រុកកំពង់សិលា ឯកឧត្តមប្រតិភូ និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT) របស់ក្រុមហ៊ុន Long Wo Agriculture (Cambodia)ដែលមានទីតាំងក្នុងស្រុកភ្នំស្រួច។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនបានតម្លើងរួចរាល់ជាស្ថាពរហើយ រង់ចាំតែការធ្វើតេស្តឱ្យស្របតាមពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ។
រោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT)នេះមានសមត្ថភាព
ធ្វើប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅលើផ្លែស្វាយស្រស់បានចំនួន១០០តោន/ថ្ងៃ។
បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើការប្រមូលទិញផ្លែស្វាយបាន២៥ ០០០ដើម (ប្រហែលជាង ១០០ហ.ត) បន្ទាប់ពីរោងចក្រដាក់ឱ្យដំណើរការ និងបាននាំចេញទំហំផ្ទៃដីនឹងមានការកើនឡើងទ្វេដង។
កម្មវិធីទី៣៖
ចេញពីស្រុកភ្នំស្រួច ឯកឧត្តមប្រតិភូ និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT) របស់ក្រុមហ៊ុន បឹងកេត ហ្រ្វេសហ្រ្វូត ឯ.ក នៅតាមបណ្តោយផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៨២ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ បច្ចុប្បន្ន ក្រុមហ៊ុនបានតម្លើងប្រព័ន្ធខ្សែច្រវាក់ជ្រើសរើសសំរិតសំរាំងគុណភាពផ្លែស្វាយ ទំហំតូចធំ និងសម្លាប់សមាសភាពសត្វចង្រៃដោយប្រើ HWT ដើម្បីឱ្យត្រូវតាមស្តង់ដារទីផ្សារ។ ដំណើរការសាងសង់រោងចក្រត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយមានសមត្ថភាពសំរិតសំរាំងគុណភាព និងទំហំផ្លែស្វាយបានចំនួន១៥០- ២០០តោន/ថ្ងៃ។ ក្រុមហ៊ុនបានត្រៀមលក្ខណ សម្បត្តិរួចរាល់ហើយក្នុងការនាំចេញផ្លែស្វាយកែវរមៀតទៅកាន់ទីផ្សារចិន។
កម្មវិធីទី៤៖
ជាកម្មវិធីចុងក្រោយសម្រាប់ដំណើរបេសកកម្មរបស់ឯកឧត្តមប្រតិភូ មកកាន់ខេត្តកំពង់ស្ពឺ។ ក្នុងស្រុកភ្នំស្រួចដដែល ឯកឧត្តមប្រតិភូ បានបន្តដំណើរមកពិនិត្យសកម្មភាពលាងសម្អាតផ្លែស្វាយស្រស់មុននឹងដាក់ចូលម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃ ដោយប្រើចំហាយ ទឹកក្តៅ (Vapor Heat Treatment - VHT) របស់ក្រុមហ៊ុន Hyundai Mao Legacy សម្រាប់នាំចេញទៅកាន់ប្រទេសកូរ៉េ។
សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០២០ ដែលជាឆ្នាំដំបូងនៃការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េ ក្រុមហ៊ុន Hyundai Mao Legacy បាននាំចេញចំនួន៧៦,៩៧តោន។
ក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញទៅកាន់ប្រទេសកូរ៉េឱ្យបានចំនួន១ ០០០ តោន ។

ចេញ​ផ្សាយ​ ៣០ ធ្នូ ២០២០ 7461

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានកសិកម្ម និងមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា លើគម្រោងកិច្ចសហការបច្ចេកទេសស្ដីពី ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) នៅប្រទេសកម្ពុជា

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានកសិកម្ម និងមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា លើគម្រោងកិច្ចសហការបច្ចេកទេសស្ដីពី ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) នៅប្រទេសកម្ពុជា (Establishment of Hybrid Maize (CHM01) Seed Production and Dissemination System in Cambodia) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត Kim, Yong-Hwan ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីនេះដែរ រួមមាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារអនុវត្តគម្រោង។  គម្រោងនេះមានរយៈពេល០៣ឆ្នាំ ដោយគ្រោងនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ក្រោមគោលបំណងដើម្បី ១). ពង្រឹងសមត្ថភាពរបស់អ្នកសិក្សាស្រាវជ្រាវ និងការបង្កើតពូជពោតអ៊ីប្រ៊ីតថ្មី ២). បង្កើតជាទម្រង់/គម្រូមួយសម្រាប់ផលិតកម្ម និងចែកចាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) ទៅដល់កសិករ ៣). ធ្វើបង្ហាញពូជពោតអ៊ីប្រ៊ីត (CHM01) ក្នុងទ្រង់ទ្រាយធំនៅតាមបណ្តាខេត្តសំខាន់ៗជាសាធារណៈសម្រាប់ឱ្យកសិករមាន ការយល់ដឹងអំពីប្រភេទពូជពោតអ៊ីប្រ៊ីតដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា និង ៤). អនុវត្តសកម្មភាពនានាដើម្បីបង្កើនការទទួលយករបស់កសិករចំពោះពូជពោតអ៊ីប្រ៊ីត (CHM01) សម្រាប់ប្រើប្រាស់ជាសាធារណៈ។ គម្រោងខាងលើនេះនឹងផ្តោតទៅលើខេត្តមួយចំនួន រួមមាន ខេត្តកណ្តាល (ស្ថានីយកសិកម្មបន្ទាយដែក) និងខេត្តកំពង់ចាម (កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ) សម្រាប់ជាទីតាំងពិសោធន៍ ស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងខេត្តបាត់ដំបង ត្បូងឃ្មុំឬកំពង់ចាម និងកណ្តាល សម្រាប់ជាទីកន្លែងធ្វើបង្ហាញពូជពោតអ៊ីប្រ៊ីត (CHM01) ក្នុងទ្រង់ទ្រាយធំ។ នៅក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល KOPIA ដែលជានិច្ចកាលតែងតែផ្តល់នូវការឧបត្ថម្ភគាំទ្រទាំងលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសអនុវិស័យដំណាំកសិកម្មឱ្យមានការរីកចម្រើនជាលំដាប់។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូបានណែនាំដល់ក្រុមការងារអនុវត្តគម្រោងនេះឱ្យខិតខំ ប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តសកម្មភាពនានារបស់គម្រោងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវផ្តល់កិច្ចសហការយ៉ាងជិតសិ្នទដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាវិជ្ជមាន និងតាមការរំពឹងទុករបស់គម្រោង។

ចេញ​ផ្សាយ​ ២៥ ធ្នូ ២០២០ 7120

កិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម និងការបូកសរុបបញ្ចប់ការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០

ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២០
អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម និងការបូកសរុបបញ្ចប់ការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងជាមន្រ្តីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៥ រាជធានី-ខេត្ត។ កិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សានេះ មានគោលបំណង (១).ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រក្នុងការស្រង់ទិន្នន័យស្ថិតិដំណាំ (២).ពិភាក្សាអំពីការបូកសរុបការងារបង្កបង្កើនផលដំណាំឆ្នា២០២០ និង(៣).ការប្រមូលទិន្នន័យនាំចេញកសិផលតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។