កិច្ចប្រជុំពិភាក្សាពង្រឹងការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

ចេញ​ផ្សាយ​ ២៦ តុលា ២០២៣ 2076

កាលពីថ្ងៃទីចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាន និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥រាជធានី-ខេត្ត ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំពិភាក្សាមានចំនួនសរុប ៧៥នាក់ (ស្រ្តី  ៥នាក់)។ កម្មវិធីនៃកិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅក្នុងគោលបំណង៖ (១) បញ្ជ្រាបនូវទស្សនទានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារគ្រប់គ្រងធាតុចូលកសិកម្ម (២) ផ្សព្វផ្សាយលទ្ធផលនៃប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម និង(៣) ស្វែងយល់ពីស្ថានភាព បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ។  ជាលទ្ធផលនៃកិច្ចប្រជុំនេះ បន្ទាប់ពីកំណត់បាននូវបញ្ហាប្រឈមមួយចំនួន ឯកឧត្តមប្រធានអង្គប្រជុំបានផ្តល់អនុប្រសាសន៍ណែនាំដូចជា៖ (១). ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដែលមានសមត្ថកិច្ច និងមន្ត្រីជំនាញនៅថ្នាក់ក្រោមជាតិត្រូវបង្កើនការពង្រឹងកិច្ចសហការ ជាមួយអង្គភាពពាក់ព័ន្ធ (២). បន្តធ្វើការជាមួយក្រសួងមហាផ្ទៃលើនីតិវិធីក្នុងការពិន័យអន្តរការណ៍ ជាពិសេស ពាក់ព័ន្ធនឹងសេចក្តីសម្រេចលេខ ១០០ សសរ ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាល និង (៣) ជំរុញដំណើរការរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំនានាឱ្យបានរួចរាល់។