ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៤ 1082

ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេស និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ប្រធានគណៈកម្មការតម្រង់ទិស (Project Steering Committee) នៃគម្រោងស្តីពី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅប្រទេសកម្ពុជា (Establishment of smart production infrastructure of high quality and safe agro products in Cambodia) អមដោយ លោក សាយ តុម អនុប្រធានស្តីទីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ ប្រធានសម្របសម្រួលគម្រោង បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេសក្រសួងកសិកម្ម និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm សហការជាមួយ Official Development Assistance (ODA) និងគាំទ្រហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ ស្ថិតនៅស្ថានីយពិសោធន៍ដំណាំហូបផ្លែនិងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

គោលបំណងសំខាន់ៗ ក្នុងជំនួបពិភាក្សា ដើម្បីពិនិត្យវាយតម្លៃលើសម្ថតភាពរបស់មន្រ្ដីដែលកំពុងបំរើការនៅមជ្ឈមណ្ឌល និងពិនិត្យវឌ្ឍនភាពការដាំដុះដំណាំ និងប្រសិទ្ធភាពនៃបច្ចេកទេសផ្ទះសំណាញ់លើប្រភេទដំណាំច្រើនប្រភេទ បញ្ចប់នៅខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុននេះ ហើយនឹងប្រគល់ជូនមកក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

ឯកឧត្ដម បានផ្ដល់អនុសាន៍ណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាមន្រ្ដីប្រចាំការដែលកំពុងបម្រើការ និងសហការជាមួយគម្រោង Smart Farm នេះ ត្រូវខិតខំទទួលយកចំណេះចំនាញពីអ្នកជំនាញកូរ៉េ មុនគម្រោងបញ្ចប់ ក្នុងនោះរួមមាន: ការដំណើរប្រព័ន្ធគាំទ្រផលិតកម្មក្នុងផ្ទះសំណាញ់ ការស្រូបយកធាតុចូលកសិកម្មក្នុងស្រុកជំនួសឲ្យធាតុចូលកសិកម្មនាំចូលពីបរទេស (ជី ថ្នាំ ពូជ....) និងការពង្រឹងសម្ថតភាពពង្រីកទីផ្សារកំពុងមានស្រាប់ដោយសហការជាមួយភាគីកូរ៉េ។

បន្ទាប់ពីជំនួប ឯកឧត្ដម និងក្រុមការងារ បានបន្ដចុះពិនិត្យស្ថានភាពផលិកម្មក្នុងផ្ទះសំណាញ់របស់គម្រោងដែលជាផ្ទះសំណាញ់មានភាពទំនើប ងាយស្រួល និងចំនេញពេលវេលាដូចទៅនឹងផ្ទះសំណាញ់នៅប្រទេសកូរ៉េ ប៉ុន្ដែនៅមិនទាន់ស្របតាមលក្ខខ័ណក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គមកម្ពុជា (កសិករ) នៅឡើយទេ ពិសេសថ្លៃដើមវិនិយោគខ្ពស់ ដែលត្រូវការថ្លៃដើមផលិតខ្ពស់ ដែលកសិករភាគច្រើន នៅមិនទាន់ទទួលយកបាននៅឡើយ។

ចេញ​ផ្សាយ​ ២៣ សីហា ២០២៤ 3217

សកម្មភាពចុះត្រួតពិនិត្យបទល្មើស និងអធិការកិច្ចលើការធ្វើអាជីវកម្មជីកសិកម្ម

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងជីកសិកម្មដឹកនាំដោយលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មបានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យបទល្មើសជីកសិកម្មនៅតាមច្រកព្រំដែនប្រាសាទ កំពង់ស្ពាន តាណេង ធ្លក និងច្រកដទៃទៀតក្នុងខេត្តស្វាយរៀង និងបានជួបពិភាក្សាផ្ទាល់ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមត្ថកិច្ចមូលដ្ឋានតាមច្រកព្រំដែនដើម្បីពង្រឹងកិច្ចសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនាំចូលជីកសិកម្មខុសច្បាប់។
ក្រុមការងារបានចុះធ្វើអធិការកិច្ចតាមបណ្តាដេប៉ូលក់ដុំ លក់រាយជីកសិកម្មមួយចំនួនក្នុងខេត្តស្វាយរៀង និងបានពិនិត្យឃើញថា ដេប៉ូលក់ដុំ លក់រាយជីកសិកម្មទាំងនោះមានការយល់ដឹងពីការធ្វើអាជីវកម្មជីកសិកម្ម និងបានចូលរួមវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម។
ក្រុមការងារបានណែនាំឱ្យដេប៉ូលក់ដុំ លក់រាយជីកសិកម្មឳ្យសហការជាមួយសមត្ថកិច្ច និងកុំទទួលទិញជីកសិកម្មដែលនាំចូលខុសច្បាប់ ឬមិនមានអត្តសញ្ញាណច្បាស់លាស់យកមកលក់ជូនប្រជាកសិករប្រើប្រាស់៕

ចេញ​ផ្សាយ​ ២២ សីហា ២០២៤ 3062

កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការសិក្សាតម្លៃផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom)

នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានកសិកម្ម បានរៀ់បចំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការសិក្សាតម្លៃផលិតម្មដំណាំស្វាយចន្ទីកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមទីប្រឹក្សាក្រសួងទទួលបន្ទុកដំណាំឧស្សាហកម្ម ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកសិកម្ម ជាពិសេស លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ ដែលអមដោយមន្ត្រីជំនាញនិងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom។ កិច្ចប្រជុំខាងលើ មានគោលបំណងបង្ហាញលទ្ធផលនៃការសិក្សា និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យផលិតកម្មដំណាំស្វាយចន្ទីតាមបណ្តាខេត្ត សំដៅឱ្យទទួលបានទិន្នន័យផលិតម្មដំណាំស្វាយចន្ទីដែលមានសង្គតិភាពជាមួយឹស្ថានភាពជាក់ស្តែង។
ក្រុមការងារបានទទួលការណែនាំពីអង្គប្រជុំនូវខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
-  ពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយលើទិន្នន័យតម្លៃគ្រាប់ស្វាយចន្ទី ផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងទិន្នផល ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់បរិមាណសរុបការនាំចេញគ្រាប់ស្វាយច្ទី
-  បន្តចុះពិនិត្យផ្ទៀងផ្ទាត់បន្ថែមទៀតដោយប្រើប្រាស់ទិន្នន័យដែលប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបជាគោលដើម្បីកំណត់ផ្ទៃដីដាំដុះ។
-  ស្នើយកចិត្តទុកដាក់ចុះប្រមូលទិន្នន័យផលិតមក្មដំណាំស្វាយចន្ទីទាំងចម្ការខ្នាតតូច និងខ្នាតធំ ហើយត្រូវធ្វើការវាយតម្លៃទិនុ្នន័យរបស់ប្រភេទចម្ការទាំង២ឱ្យបានច្បាស់លាស់សំដៅកំណត់តម្លៃផលិតម្ម និងប្រាក់ចំណេញឱ្យស្របតាមទំហំផលិតម្មដំណាំស្វាយចន្ទី
-  កំណត់ខេត្តដែលទទួលបានប្រាក់ចំណេញខ្ពស់ក្នុងផលិតកម្មដំណាំស្វាយចន្ទី ដើម្បីកំណត់ចំណុចខ្លាំងនិងឈានទៅផ្សព្វផ្សាយបច្ចេកទេសសមស្របបង្កើនប្រាក់ចំណេញ។
ជារួម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបនិងម៉ូដែលបញ្ញាសិប្បនិម្មិត Convolutional Neural Networks (CNNS) និងការពិនិត្យស្ថានភាពជាក់ស្តែង អង្គប្រជុំបានសម្រេចប្រើប្រាស់ទិន្នន័យផ្ទៃដីប្រមូលផលទៅតាមការទិន្នន័យដែលប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប។ ជាមួយគ្នានេះ ទិនុ្នន័យផ្ទៃដីដាំដុះនិងទិន្នផល ក្រុមការងារនឹងបន្តពិនិត្យបន្ថែមជាមួយមន្ត្រីជំនាញតាមបណា្តខេត្តដែលទាមទារការផ្ទៀងផ្ទាត់បន្ថែម។

ចេញ​ផ្សាយ​ ០៥ សីហា ២០២៤ 3285

អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំមន្ត្រីរាជការរៀបចំទូងស្គរដើម្បីអបអរសាទរជាផ្លូវការព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅអគ្គនាយកដ្ឋានកសិកម្ម។
នាឱកាសនេះ ឯកឧត្តមប្រតិភូ បានបង្ហាញជូនអង្គពិធីអំពីប្រវត្តិ និងលក្ខណៈសម្បត្តិ រួមជាមួយនឹងផលប្រយោជន៍នៃព្រែកជីកហ្វូនណនតេជោ ផងដែរ។
អង្គពិធីបានចូលរួមរាប់ថយក្រោយនៅត្រឹមម៉ោង ៩:០៩នាទីព្រឹកដេីម្បីទូងស្គរ និងស្រែកជ័យឃោសព្រមៗគ្នាក្នុងបរិយាកាសរីករាយ សប្បាយត្រេកអរជាពន់ពេកក្នុងការចូលរួមអបអរសាទរពិធីបើកដ្ឋានខាងនេះ។

ចេញ​ផ្សាយ​ ០២ សីហា ២០២៤ 3489

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (GAP) លើបច្ចេកទេសដាំដុះដំណាំបន្លែ

លោក ឌិន នរិន្ទ អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយសហការី បានចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (GAP) លើបច្ចេកទេសដាំដុះដំណាំបន្លែ ដែលមានរយះពេល ២ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅភូមិក្រចាប់ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមការគាំទ្រដោយគម្រោងការកសាងភូមិសន្តិភាព និងមានអ្នកចូលរួមជាសិក្ខាកាមមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងកសិករដាំដុះដំណាំបន្លែសរុបចំនួន ៤៣នាក់ ក្នុងនោះមានស្រ្តីចំនួន ២១នាក់។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់កសិករ និងអ្នកពាក់ព័ន្ធអំពីការអនុវត្តន៍កសិកម្មល្អ (GAP) លើបច្ចេកទេសផលិតកម្មដំណាំបន្លែ និងនិតិវិធីក្នុងការស្នើសុំ ដើម្បីទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ។

ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៤ 3520

សហគមន៍កសិកម្មទំនើបដំណាំស្រូវទី២ នៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើងនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃច័ន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន បានចូលរួមសម្របសម្រួលរៀបចំដំណើការមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបស្រូវផ្ការំដួលខ្នាឆ្មារសែនជ័យ នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងប្រជាកសិករចំនួនប្រមាណ ៦០នាក់ ។
សហគមន៍កសិកម្មទំនើបស្រូវផ្ការំដួលខ្នាឆ្មារសែនជ័យ ជាសហគមន៍កសិកម្មទំនើបដំណាំស្រូវទី២នៅកម្ពុជា បន្ទាប់ពីសហគមន៍កសិកម្មទំនើបស្រូវនាងអំស្ថិតក្នុងខេត្តសៀមរាប ដែលមានកសិករជាសមាជិកចំនួន ៣៩គ្រួសារបានស្ម័គ្រចិត្តដាក់ផ្ទៃដីផលិតកម្មចំនួន ១៣៣,៣ ហិកតាចូលរួមជាសហគមន៍កសិកម្មទំនើប។

ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៤ 3722

សហគមន៍កសិកម្មទំនើបដំណាំបន្លែទី១ ដំបូង នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើងនៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានចូលរួមសម្របសម្រួលរៀបចំដំណើការមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្រ្តីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករដាំដំណាំបន្លែចំនួនប្រមាណ ១០០នាក់។

ចេញ​ផ្សាយ​ ២៦ កក្កដា ២០២៤ 4027

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សិក្សាថ្លៃដើមផលិតកម្មដំណាំស្វាយចន្ទី

ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សិក្សាថ្លៃដើមផលិតកម្មដំណាំស្វាយចន្ទី ក្រោមអធិបតីភាព ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអ្នកចូលរួមសរុបចំនួន ១៣នាក់។
ការសិក្សានេះអនុវត្ត ក្រុមការងារជំនាញនៃនាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម តាមរយះការជួបសម្ភាសន៍ផ្ទាល់ជាមួយកសិករដាំដុះដំណាំចន្ទី នៅតាមបណ្តាខេត្ត ដែលមានសក្តានុពល រួមមាន ខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី ព្រះវិហារ និងខេត្តសៀមរាប។

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អង្គភាពក្រោមឱវាទ

អាសយដ្ឋាន៖ លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរស័ព្ទ៖ 023 888 427

ហ្វេសប៊ុក៖ អគ្គនាយកដ្ឋានកសិកម្ម / Genearal Directorate of Agriculture