ដំណើរទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (CARDEC)

ចេញ​ផ្សាយ​ ២៩ វិច្ឆិកា ២០២៤ 1020

ថ្ងៃពុធ ១២រោច ខែកក្ដិត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួកបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានទទួលដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប អាល្លឺម៉ង់ សាធារណរដ្ឋឆេក និងបារាំង និងអង្គការដៃគូមកកាន់មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺ៖(១)បង្ហាញអំពីតួនាទីរបស់មជ្ឈមណ្ឌល CARDEC ក្នុងការស្រាវជ្រាវកសិកម្មអភិរក្សដែលរួមចំណែកក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព (២)បង្ហាញអំពីការគាំទ្រអប់រំបណ្តុះ  បណ្តាលបច្ចេកទេសកសិកម្មអភិរក្ស (ការកាត់បន្ថយការភ្ជួររាស់ ការដាំដំណាំគម្របដី និងការបង្វិលដំណាំ) ទៅដល់កសិករនិងសហភាពសហគមន៍កសិកម្ម (៣)ជួបជាមួយកសិករដែលបានអនុវត្តកសិកម្មអភិរក្ស វិស័យឯកជនក្រុមហ៊ុនចែកចាយគ្រាប់ពូជដំណាំគម្របដី ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនកសិកម្មសមស្របក្នុងស្រុក ដែលបានកំពុងគាំទ្រដល់ការទទួលយកការអនុវត្តកសិកម្មអភិរក្ស។ មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា(CARDEC-កាដិក) មានស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបុសខ្នុរ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងមានការជួយគាំទ្រពីមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) និងគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (គម្រោងASSET) ក្រោមថវិកាឧបត្ថម្ភដោយមូលនិធិបារាំងដើម្បីបរិស្ថានសកល។ ស្ថានីយ៍ស្រាវជ្រាវនេះបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយផ្តោតលើការសិក្សាស្រាវជ្រាវបច្ចេក ទេសកសិកម្មអភិរក្ស និង កសិអេកូឡូស៊ីដូចជាកាត់បន្ថយការភ្ចួររាស់ឬមិនភ្ជួររាស់ ការធ្វើពិពិធកម្មដំណាំឬដំណាំបង្វិល  និងការថែរក្សាដីឱ្យមានគម្របជានិច្ចតាមរយៈការដាំដុះដំណាំគម្របដីជាពិសេសនៅរដូវប្រាំងសម្រាប់ដំណាំប្រចាំរដូវ មានពោត សណ្តែកសៀង និងដំឡូងមី ការថែរក្សាធនធានសេនេទិចពូជដោយមានជាង៥០ប្រភេទ និងច្រើនជាង៣០០ពូជ ជាពិសេសដំណាំគម្របដី និងថែរក្សាប្លង់ពិសោធន៍អាយុកាលវែង(PAMPA)។ លើសពីនេះ មជ្ឍមណ្ឌលបានដើរតួជាស្នាក់ការកណ្តាលសម្រាប់ការស្រាវជ្រាវនិង គាំទ្របច្ចេកទេស កសិកម្មអភិរក្សដល់ខេត្តគោលដៅនានា និងអ្នកពាក់ព័ន្ធផ្សេងៗ ក្នុងការបង្កើនជីជាតិដីឱ្យការធ្វើកសិកម្មប្រកបដោយនិរន្តរភាពជាពិសេសកសិករខ្នាតតូច។ មជ្ឈមណ្ឌលស្រាវជ្រាវដើម្បី អភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា(CARDEC) បានអភិវឌ្ឍផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (Roadmap) ក្រោមការជួយគាំទ្រពីមជ្ឈមណ្ឌលCIRAD និងអង្កការស្វីសខន់ថាក់ ដែលមានបំណងវិវឌ្ឍខ្លួនទៅជា មជ្ឍមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាល ថ្នាក់តំបន់លើកសិកម្មអភិរក្សនិងកសិអេកុឡូស៊ី។