ទិវាចម្ការបង្ហាញលទ្ធផលពិសោធន៍ប្រៀបធៀបពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិកនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ចេញ​ផ្សាយ​ ២៧ មីនា ២០២៤ 3895

ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការCIAT បានរៀបចំទិវាចម្ការបង្ហាញលទ្ធផលពិសោធន៍ប្រៀបធៀបពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិកនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ក្រោមអតិបតីភាព លោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និង Dr. Jonathan Newby ប្រធានកម្មវិធីដំឡូងមីរបស់CIAT ។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន៥០នាក់ ស្រី០៧នាក់ ដែលរួមមានមន្រ្តីពីនាយកដ្ឋានដំណាំឧស្សាហកម្ម មន្រ្តី CIAT តំណាងមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តកំពង់ចាម ការិយាល័យកសិកម្មស្រុក ក្រុមប្រឹក្សាឃុំបុសខ្នុរ និងកសិករដាំដុះដំណាំដំឡូងមីក្នុងស្រុកចម្ការលើ។ ទិវាចម្ការនេះមានគោលបំណងបង្ហាញពីលទ្ធផលពិសោធន៍និងចំណាប់អារម្មណ៍របស់កសិករទៅលើពូជទាំងអស់នោះ។ ជាលទ្ធផលឃើញថា ពូជថ្មីទាំង៨ពូជមិនមានឆ្លងជំងឺម៉ូសាអ៊ិកទេ តែបរិមាណផលនៅទាបជាងពូជដែលមានស្រាប់ដូចជា ពូជរ៉ាក់យ៉ង៧២ និង ខេយូ៥០ ទទួលបានទិន្នផលខ្ពស់ជាង។ កសិករមានការចាប់អារម្មណ៍លើពូជថ្មី TMEB419 ដើម្បីយកទៅដាំសាកល្បងនៅចម្ការរបស់ពួកគាត់៕