ការចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹក និងរុយសបំផ្លាញដំណាំស្រូវក្នុងស្រុកចំនួន០២នៃខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រចាំថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០២៤

ចេញ​ផ្សាយ​ ០៩ កក្កដា ២០២៤ 2899

នៅថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសហការី អមដំណើរដោយមន្រ្តីជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង អភិបាលនៃគណៈអភិបាលស្រុក មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត បានបន្តចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកនិងរុយសលើដំណាំស្រូវ នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង និងនៅភូមិធ្នង់ ឃុំថ្នាថ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
ជាលទ្ធផល ផ្ទៃដីចំនួន ១៩ហិកតា នៃផ្ទៃដីដែលរងផលប៉ះពាល់ដោយដង្កូវមូរស្លឹក និងរុយសចំនួន ១៧៨ហិកតា ត្រូវបានក្រុមការងារចូលរួមបាញ់ថ្នាំសង្គ្រោះជូនប្រជាកសិករចំនួន ១៩ហិកតា និងបានណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឲ្យបន្តអន្តរាគមន៍ជាមួយប្រជាកសិករបនតទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានធ្វើការណែនាំអំពីវិធីសាស្ត្រនៃការប្រើប្រាស់ថ្នាំកសិកម្មឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសំណូមពរដល់កសិករឲ្យបន្តចូលរួមព្រមៗគ្នាជាប្រចាំ និងចំពេលវេលា ដើម្បីក្លាយជាកម្លាំងចលករក្នុងការអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកនិងរុយសលើដំណាំស្រូវនេះឲ្យទទួលបានជោគជ័យ។