វគ្គបណ្តុះបណ្តាល​ស្ដីពីការអនុវត្តល្អដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប​​

ចេញ​ផ្សាយ​ ០២ ឧសភា ២០២៣ 7393

កាលពីថ្ងៃទី២៧-២៩​ ខែមេសា ឆ្នាំ២០២៣​ ថ្នាក់​ដឹកនាំ​ និងមន្ត្រី​ជំនាញ​ នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម​  ដែល​ដឹក​នាំ​ដោយ​លោកស្រី​ ទុយ​ សុខខេង​  អនុប្រធាន​នាយកដ្ឋាន​  ក្រោម​ការសម្របសម្រួលពីមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្ត​  និងអាជ្ញាធរមូលដ្ឋាន​ បានចុះបេីកវគ្គបណ្តុះបណ្តាល​កសិករ​ ស្ដីពីការអនុវត្តល្អដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប​​ នៅភូមិតាំងរបង ឃុំឃ្លោកដំណំ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមចូល​រួម​ចំនួន​ ២០នាក់​ (ស្រី​ ១៥)​។
វគ្គបណ្ដុះ​បណ្តាល​នេះ​ត្រូវបាន​រៀបចំ​ឡេីងក្នុងគោលបំណង​ បញ្ជ្រាបការយល់ដឹង​ និងបន្តការអនុវត្តល្អដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីនៅតំបន់ខ្ពង់រាប​ តាមរយៈ​ការអនុវត្តបច្ចេកទេសនានាដូចជា៖​ ការដាំដុះដំណាំឆ្លាស់​ កាត់បន្ថយ​ការហូរច្រោះដី​ និងកែលម្អជីជាតិដី​ឱ្យ​បានល្អប្រសេីរដេីម្បីធានាបាននូវនិរន្តរភាពផលិតកម្មដំណាំ។  
លទ្ធផលនៃវគ្គបណ្តុះបណ្តាល​ គឺបានបង្កេីនការយល់ដឹងអំពីបច្ចេកទេសដាំដុះ ការថែរក្សានិងគ្រប់គ្រងជីជាតិដីឱ្យបានល្អប្រសេីរ​ ដេីម្បីបង្កេីនផលិតភាពដំណាំ​ លេីកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចគ្រួសារ​ និងនិរន្តរភាពកសិកម្ម​ តាមរយៈការអនុវត្តបច្ចេកទេសដាំដុះសមស្របសំខាន់ៗរួមមាន៖​ (១).​ ការអនុវត្ត​បច្ចេកទេសដាំដុះដំណាំឆ្លាស់​ ដោយដំណាំសណ្តែកបាយ​តាមចន្លោះរងដំណាំដំឡូងមី និងដំណាំពោត​ ​ (២).​ ការរៀបចំដីនិងការថែទាំដំណាំ​ឱ្យ​បានសមស្រប​ (៣).​ ការប្រេីប្រាស់ជីនិងដាក់ជីទៅតាមតម្រូវការសារធាតុចិញ្ចឹមរបស់ដំណាំ​ និង​ (៤). ការ​បង្កើន​ជីជាតិដីជាពិសេសសារធាតុអាសូត​ តាមរយៈ​ការដាំដុះដំណាំសណ្តែកបាយនៅចន្លោះរងដំណាំដំឡូងមី​ និងពោត​ ពីព្រោះ​ដំណាំសណ្តែកបាយមានសមត្ថភាពចាប់យកអាសូតពីបរិយាកាសដោយខ្លួនឯង។ ជាមួយគ្នានេះ​ វគ្គបណ្ដុះ​បណ្តាល​ត្រូវបាន​រៀបចំ​ឱ្យ​​សិក្ខាកាមបានចុះសិក្សាស្ថានភាពដីនៅទីវាលជាក់ស្តែងដេីម្បី​ជ្រេីសរេីស​ទីតាំងសម្រាប់អនុវត្តចម្ការបង្ហាញ​ និងក្រុមការងារ​ជំនាញបានបង្ហាញអំពីបច្ចេកទេសវាយតម្លៃនិងវាស់វែងការហូរច្រោះដី​ សម្រាប់​ឱ្យសិក្ខាកាមធ្វេីការស្វែងយល់ផងដែរ។  
ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដីកសិកម្ម​ បានបន្តចុះអង្កេត​និងសិក្សា​អំពីស្ថានភាពដី​ ប្រព័ន្ធ​ដាំដុះដំណាំ​ដំណាំដំឡូងមី​និងពោត​ និងស្ថានភាពសេដ្ឋកិច្ច​សង្គម​ ដេីម្បីជ្រេីសរេីសទីតាំងសម្រាប់អនុវត្តចម្ការបង្ហាញ​ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ដោយមានការចូលរួមពីមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ខេត្ត​ និងអាជ្ញាធរមូលដ្ឋាន​៕