ការចុះអន្តរាគមន៍កម្ចាត់ដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវនៅស្រុករំដួល ខេត្តស្វាយរៀង ប្រចាំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៤ 2605

នៅថ្ងៃ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានបន្តចុះពិនិត្យស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹក និងនាំយកថ្នាំកសិកម្មដើម្បីអន្តរាគមន៍កម្ចាត់នៅស្រុករំដួល ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី ព្រមទាំងលោកអភិបាលនៃគណៈអភិបាលស្រុក មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាកសិករ។
ជាលទ្ធផល ផ្ទៃដីដែលរងផលប៉ះពាល់ដោយដង្កូវហ្វូងប្រមាណ ១៦ហិកតា នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានក្រុមការងារបានចូលរួមបាញ់ថ្នាំសង្គ្រោះជូនប្រជាកសិករ និងបានផ្តល់ជូនថ្នាំកសិកម្មដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសម្រាប់បន្តអន្តរាគមន៍កម្ចាត់លើផ្ទៃដី ១០ហិកតា បន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានអំពាវនាវទៅដល់បងប្អូនប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលនៃការផ្ទុះឡើងនូវដង្កូវហ្វូង រុយសនិងដង្កូវមូរស្លឹកនៅឡើយ ប្រសិនបើប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ សត្វល្អិតចង្រៃទាំង៣ប្រភេទនេះនឹងបំផ្លាញដំណាំរបស់ប្រជាកសិករមិនខាន និងបានណែនាំដល់កសិករអំពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាព  និងវិធានការកម្ចាត់រុយសដង្កូវហ្វូង និងដង្កូវមូរស្លឹក ព្រមទាំងបានចែកជូនអត្តបទបច្ទេកទេសមួយចំនួនដល់ប្រជាកសិករផងដែរ៕