ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មចប្រជុំតាមរយៈប្រព័ន្ធអនឡាញជាមួយលោក Antonio Schiavone តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រុមការងារ និង Mr. Yohan Chambaud តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP)

ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០២២ 6814

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយលោកប្រធាននាយកដ្ឋានដំណាំស្រូវ លោកប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងសហការីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញជាមួយលោក Antonio Schiavone តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រុមការងារ និង Mr. Yohan Chambaud តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រុមការងារ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បី ១). ជួបសំដែងការគួរសមជូនចំពោះឯកឧត្តមប្រតិភូពីសំណាក់តំណាង FAO និង WFP ២). ជម្រាបជូនដោយសង្ខេបនូវគម្រោងស្តីពីជំនួយបច្ចេកទេសដល់កសិករ និងអ្នកផ្គត់ផ្គង់ស្បៀងអាហារលើការងារពង្រឹងសមត្ថភាពក្នុងផលិតកម្មដោយផ្សាភ្ជាប់ជាមួយនឹងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍ (Technical Assistance to Producers and Suppliers on Enhancing Production Capacity to Engage with Home Grown School Feed, HGSF) និង ៣). ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្នុងការអនុវត្តគម្រោងនេះ។
សូមបញ្ជាក់ជូនថា គម្រោងនេះបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តនៅខេត្តគោលដៅចំនួន០៣រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
បន្ទាប់ពីការធ្វើបទបង្ហាញដោយសង្ខេបអំពីព័ត៌មានលម្អិត និងសកម្មភាពការងាររបស់គម្រោងរួចមក ឯកឧត្តមប្រតិភូបានស្នើដល់ក្រុមការងារនៃ FAO និង WFP រកពេលវេលាសមស្របណាមួយដើម្បីជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានកសិកម្ម នូវសកម្មភាពការងារលម្អិត និងកិច្ចសហប្រតិបត្តិការរវាង FAO, WFP និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការអនុវត្តគម្រោងខាងលើ៕