ការចុះពិនិត្យសភាពការណ៍ និងអន្តរាគមន៍កម្ចាត់សត្វល្អិតចង្រៃលើដំណាំស្រូវ ខេត្តព្រះវិហារ ខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២០ មិថុនា ២០២៤ 3905

នៅថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាកដ្ឋានកសិកម្ម​ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត    ព្រះវិហារ កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរដែនដីតាមមូលដ្ឋានក្នុងខេត្តគោលដៅ បានបន្តចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវ និងដំឡូងមី ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានចូលរួមយុទ្ធនាការផ្សព្វផ្សាយស្តីពី “វិធានការការពារ និងកម្ចាត់ដង្កូវហ្វូងដែលស៊ីបំផ្លាញដំណាំកសិកម្ម របស់ប្រជាកសិករ” ក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយពីវិធីការពារ និងកម្ចាត់ដង្កូវហ្វូងដែលស៊ីបំផ្លាញដំណាំស្រូវនិងដំឡូងមីនៅខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុបចំនួន ១៥៦ នាក់ (ស្រី ១១៩នាក់)។
-បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែ-ចម្ការជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។
-បានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារលើការប្រើប្រាស់អន្ទាក់ជូរអែម ប្រើប្រាស់វិធីសាស្រ្តមេកានិចដោយយកប្រេងម៉ាសូតលាយជាមួយដីខ្សាច់ដើម្បីបាចចំពោះស្រែមានទឹក និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
-បានណែនាំដល់កសិករដែលកំពុងប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃត្រូវជ្រើសរើស និងប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹង ថ្នាំកសិកម្ម។
-បានចែកជូនសៀវភៅ និងឯកសារបច្ចេកទេសស្តីពីវិធានការការពារនិងកម្ចាត់សមាសភាពចង្រៃលើដំណាំស្រូវ ជូនដល់មន្ត្រីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មន្ត្រីកសិកម្មឃុំ ព្រមទាំងបងប្អូនប្រជាកសិករ។
-បានបណ្តុះបណ្តាលស្តីពីដង្កូវហ្វូង និងវិធានការកម្ចាត់ ដល់មន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ ក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ ដោយមានអ្នកចូលរួមសរុបចំនួន៣០នាក់។
ជារួមគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ការរងផលប៉ៈពាល់ដោយសត្វល្អិតចង្រៃមានដូចខាងក្រោមៈ
-ខេត្តព្រះវិហារ ដំណាំស្រូវចំនួន ១ ២២១ហិកតា និងដំណាំដំឡូងមីចំនួន ៣ ៣៧១ហិកតា
-ខេត្តកំពង់ធំ ដំណាំស្រូវចំនួន ៣ ៦៣៦ហិកតា
-ខេត្តកំពង់ចាម ដំណាំស្រូវចំនួន ១១៨ហិកតា
-ខេត្តកំពង់ឆ្នាំង ដំណាំស្រូវចំនួន ១១,៣០ហិកតា
-ស្ថានភាពនៃការបំផ្លាញដោយប្រជាករដង្កូវហ្វូងនិងដង្កូវមូស្លឹក នេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្ត ដើម្បីឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។