ទិវាប្រមូលផលចម្ការពិសោធន៍ស្រាវជ្រាវពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៉ិក (mosaic) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ចេញ​ផ្សាយ​ ០៤ ឧសភា ២០២៣ 2163

ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (CIAT) ក្រោមការអនុវត្តគម្រោងដំណោះស្រាយប្រកបដោយនិរន្តរភាពលើជំងឺដំណាំដំឡូងមីតំបន់អាស៊ីអាគ្នេយ៍ ដោយមានការគាំទ្រថវិកាពីមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការងារស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) រៀបចំទិវាប្រមូលផលចម្ការពិសោធន៍ស្រាវជ្រាវពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៉ិក (mosaic) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ។

កម្មវិធីទិវាប្រមូលផលនេះស្ថិតក្រោមអធិបតីរបស់លោកបណ្ឌិត យិន ចន្ទ័សុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នពាក់ពន្ធ័សរុបប្រមាណ៤០នាក់ ស្ត្រី០៦នាក់ ។

ពិសោធន៍នេះ គឺ ដើម្បីប្រៀបធៀបពូជដំឡូងមីបង្កាត់ថ្មីជាមួយនឹងពូជខេយូ៥០ (KU50)  ទៅលើ  (១)  ភាពធន់ទៅនឹងជំងឺម៉ូសាអ៉ិក  (២)  ទិន្នផល  និង  (៣)  កម្រិតជាតិម្សៅ  ល។ តាមរយៈការពិសោធន៍នេះ យើងអាចទទួលបាននូវពូជដំឡូងមីថ្មីដែលធន់នឹងជំងឺម៉ូសាអ៉ិក ផ្តល់ទិន្នផលខ្ពស់ និងមានកម្រិតជាតិម្សៅច្រើន។