កិច្ចប្រជុំពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ

ចេញ​ផ្សាយ​ ២២ មិថុនា ២០២២ 154

ព្រឹកថ្ងៃអង្គារ​ ៧រោច ខេជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យផែនការ និងស្ថិតិ នៃនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំជាមួយទីប្រឹក្សាអភិវឌ្ឍន៍ប្រព័ន្ធ និងមន្រ្តីពាក់ព័ន្ធ ដើម្បីពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ ដែលទទួលបានការគាំទ្រថវិការដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។ ប្រព័ន្ធខាងលើ ត្រូវបានបង្កើតចាប់តាំងពីឆ្នាំ២០២១ មកម្លេះ និងបានប្រជុំឆ្លងកែសម្រួលជាច្រើនលើក ច្រើនសារ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលទៅដល់មន្រ្តីពាក់ព័ន្ធនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ពីរបៀបប្រើប្រាស់ និងបញ្ចូលទិន្នន័យរួចរាល់ផងដែរ ក៏ប៉ុន្តែនៅមានចំណុចមួយចំនួនត្រូវបានលើកឡើង និងសំណូមពរឱ្យមានការកែតម្រូវពីអ្នកពាក់ព័ន្ធ។ ជាលទ្ធផលនៃកិច្ចប្រជុំថ្មីៗនេះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំត្រូវបានកែសម្រួល នឹងអាចដាក់ឱ្យដំណើរការនាពេលខាងមុខដ៏ខ្លី។