ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគាំទ្រលើការបង្កើតលេខាធិការដ្ឋានថ្នាក់ជាតិនៅកម្ពុជាស្តីពី ទម្រង់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (Cambodia National Sustainable Rice Platform (SRP) Chapter)

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២១ 12550

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគាំទ្រលើការបង្កើតលេខាធិការដ្ឋានថ្នាក់ជាតិនៅកម្ពុជាស្តីពី ទម្រង់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (Cambodia National Sustainable Rice Platform (SRP) Chapter)។ អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន លោក និងលោកស្រីជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋាន SRP សរុបចំនួនប្រមាណ ២៥រូប។ ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ រួមមាន អគ្គនាយកដ្ឋានកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation, CRF) អង្គការ CIRAD, WCS និង Swisscontact។
មានមតិស្វាគមន៍នៅក្នុងពិធីខាងលើ ឯកឧត្តមប្រតិភូ បានជម្រាបជូនអង្គពិធីអំពីសារៈសំខាន់ និងស្ថានភាពនៃការវិវត្តលើវិស័យកសិកម្មនៅប្រទេសកម្ពុជា។ នៅប៉ុន្មានទសវត្សចុងក្រោយនេះ វិស័យកសិកម្មមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដោយក្នុងនោះប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងនៅក្នុងទសវត្សឆ្នាំ១៩៩០ មកជាប្រទេសដែលនាំចេញផលិតផលកសិកម្ម ក្នុងនោះ បរិមាណផលស្រូវនាំចេញមានការកើនឡើងពី ៩,៣២លានតោននៅឆ្នាំ២០១៣ ទៅ ១០,៩៤លានតោន នៅក្នុងឆ្នាំ២០២០។ បន្ថែមពីនេះ បរិមាណអង្ករដែលបាននាំចេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ពី ៣៨៧ ០៦១ តោននៅឆ្នាំ២០១៤ ទៅ ៦៩០ ៨២៩ តោន នៅឆ្នាំ២០២០។
កម្ពុជាបានក្លាយជាប្រទេសសមាជិកមួយនៃ SRP នៅឆ្នាំ២០១៥ បន្ទាប់ពីពិធីបើកសិក្ខាសាលាមួយដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការ Oxfam, លេខាធិការដ្ឋាន SRP និង International Finance Corporation (IFC) ដោយកាលនោះ SRP ត្រូវបានអនុវត្តជាលើកដំបូងជាដំណាក់កាលសាកល្បង។
លេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅខែមករា ឆ្នាំ២០១៩ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គសាកលស្តីពី SRP ប្រព្រឹត្តទៅនៅខេត្តសៀមរាប ដែលកាលនោះ ស្ថាប័នជាដៃគូរ SRP បានព្រមព្រៀងគ្នាជាឯកច្ឆន្ទថា អគ្គនាយកដ្ឋានកសិកម្មគឺជាស្ថាប័ននាំមុខដើម្បីសម្របសម្រួលការងាររបស់លេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP។ បន្ទាប់មក មានកិច្ចប្រជុំជាច្រើនត្រូវបានរៀបចំឡើងដើម្បីពិភាក្សាជាមួយស្ថាប័ន/អង្គការពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីបំពេញបាននូវតម្រូវការរបស់លេខាធិការដ្ឋាន SRP។
នៅថ្ងៃនេះ អគ្គនាយកដ្ឋានកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) អង្គការ WCS, CIRAD, និង Swisscontact បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគាំទ្រការបង្កើតលេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP នេះឡើង។ ទន្ទឹមនឹងការបង្កើតនេះ មានសកម្មភាពសំខាន់ៗ និងបន្ទាន់ជាច្រើនដែលត្រូវអនុវត្តដើម្បីធ្វើឱ្យលេខាធិការដ្ឋានថ្នាក់ជាតិស្តីពី SRP កាន់តែរឹងមាំ និងមានសកម្មភាពកាន់តែខ្លាំងខ្លាឡើងនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយដើម្បីឈានឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាពក្នុងន័យចូលរួមចំណែកប្រើប្រាស់ថ្លៃដើមផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការរំខានខាងបរិស្ថាន ការបំពុលបរិស្ថាន ការព្រួយបារម្ភលើសុខភាពសាធារណៈ និងកាកសំណល់ពុលនៅក្នុងអាហារ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណដល់ដៃគូរសហការទាំងអស់ដែលបានខិតខំប្រឹងប្រែង និងបំពេញការងារជាមួយអគ្គនាយកដ្ឋានកសិកម្មនាពេលកន្លងមក ហើយអ្វីដែលសំខាន់នោះគឺការប្រឹងប្រែង និងការសហការដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះបានលេចចេញជារូបរាងឡើងនាពេលនេះ ហើយដែលនឹងត្រូវយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងខាងលើនេះនឹងត្រូវអនុវត្តក្នុងរយៈពេល១០ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានទឹកប្រាក់សរុបចំនួន ២៥ ៧២០ ដុល្លារអាមេរិក៕