សិក្ខាសាលា/វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្ថិតិដំណាំតាមប្រព័ន្ធឌីជីថល (Crop System)

ចេញ​ផ្សាយ​ ២៧ ឧសភា ២០២២ 6825

ថ្ងៃព្រហស្បត្តិ៍ និងសុក្រ ១១ និង១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ និង២៧ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលា/វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្ថិតិដំណាំតាមប្រព័ន្ធឌីជីថល (Crop System) ក្រោមការគាំទ្រថវិកាដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ សិក្ខាសាលា/វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម និងជានាយកកម្មវិធីកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងលោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាលោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តី និងសិក្ខាកាមមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចំនួន៩០នាក់
គោលបំណងនៃសិក្ខាសាលា/វគ្គបណ្តុះបណ្តាលនេះគឺ៖
១. បណ្តុះបណ្តាលពីរបៀបប្រើប្រាស់ប្រព័ន្ធ
២. ការអនុវត្តបញ្ចូលទិន្នន័យ និងប្រើប្រាស់ផ្ទាល់ដោយអ្នកចូលរួម
៣. សំណួរចម្លើយ សំណូមពរ និងបញ្ហាប្រឈមនានា។
គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំកសិកម្មជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។