ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកគ្រាប់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់នៅរដូវវស្សាឆ្នាំ២០២២

ចេញ​ផ្សាយ​ ២១ តុលា ២០២២ 8544

ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកគ្រាប់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់នៅរដូវវស្សាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រព្រឹត្តនៅមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងពិធីចែកគ្រាប់ពូជស្រូវ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាកសិករដែលមានដំណាំរងផលប៉ះពាល់និងខូចខាតដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជួយដល់កសិករ និងអន្តរាគមន៍ស្តារឡើងវិញនូវផលប៉ះពាល់ ខូចខាតដំណាំកសិកម្មដោយគ្រោះទឹកជំនន់នេះ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យរួសរាន់ចុះវាយតម្លៃការខូចខាតដើម្បីពិនិត្យលទ្ធភាពផ្ដល់ជូនគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យទាន់ពេលវេលា ក្នុងគោលបំណងធានាសន្តិសុខស្បៀងដល់ប្រជាកសិករក្រក្រីដែលងាយរងគ្រោះ។
បន្ទាប់មក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់ប្រជាកសិករអំពីបច្ចេកទេសដាំដុះ និងការប្រើប្រាស់ពូជឱ្យទទួលបានទិន្នផលខ្ពស់ដូចជា (១) ការរៀបចំដីឱ្យបានរាបស្មើល្អមុនធ្វើការពង្រួស (២). កម្ចាត់ស្មៅឱ្យស្អាតល្អដើម្បីជៀសវាងការប្រកួតស្រូបជីពីសំណាក់ស្មៅចង្រៃ (៣). ការប្រើប្រាស់ជីត្រូវប្រើប្រភេទជីតាមបច្ចេកទេសណែនាំ (៤). និងការគ្រប់គ្រងទឹកក្នុងស្រែឱ្យបានសមស្រប។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម គន់ គីម ក៏បានពាំនាំសេចក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាកសិករទាំងអស់ និងជូនពរឱ្យប្រជាកសិករទាំងអស់ទទួលបានសុខ សុភមង្គល និងវិបុលសុខគ្រប់ប្រការ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អជ្ញាធរមូលដ្ឋានដែលយកចិត្តទុកដាក់ចុះស្រង់ស្ថិតិដំណាំកសិកម្មដែលរងផលប៉ះពាល់និងខូចខាត និងកសិកររងគ្រោះយ៉ាងសស្រាក់សស្រាំ ដែលជាមូលដ្ឋានសម្រាប់ក្រុមការងារចុះអន្តរាគមន៍ និងមានវិធានការណ៍សង្គ្រោះ និងស្តារការខូចខាតបានទាន់ពេលវេលា។
បន្ទាប់កម្មវិធីចែកគ្រាប់ពូជស្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានជួបប្រជុំជាមួយអាជ្ញាធរខេត្ត និងមន្ទីរជំនាញនានាជុំវិញខេត្តដើម្បីផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់និងខូចខាតលើដំណាំកសិកម្មគ្រប់ប្រភេទ និងលទ្ធភាពស្ដារឡើងវិញ។ ជាលទ្ធផល ខេត្តក្រចេះបានស្ដាររួចរាល់១០០% លើផ្ទៃដីអាចស្ដារចំនួន ២ ៧៨៤ហិកតា ដោយប្រើប្រាស់គ្រាប់ពូជចំនួន ២៨១,៦តោន។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ និងបានស្វែងយល់ពីការប្រើប្រាស់ជីរបស់កសិករលើដីស្រែដែលកំពុងស្ដារ ដើម្បីជៀសវាងការប្រើប្រាស់ជីលើសកម្រិតកំណត់ដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាពនិងការលូតលាស់របស់ដំណាំស្រូវ៕