ការងារចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹក និងរុយសបំផ្លាញដំណាំស្រូវនៅខេត្តស្វាយរៀង និងព្រៃវែង ប្រចាំថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤

ចេញ​ផ្សាយ​ ១០ កក្កដា ២០២៤ 3808

នៅថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្រ្តីជំនាញនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត បានបន្តចុះអន្តរាគមន៍កម្ចាត់រុយសលើដំណាំស្រូវនៅភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជាលទ្ធផល ផ្ទៃដីរងផលប៉ះពាល់ដោយរុយសចំនួន ៣០ហិកតា ត្រូវបានក្រុមការងារចូលរួមបាញ់ថ្នាំសង្គ្រោះជូនប្រជាកសិករចំនួន ២៧ហិកតា និងបានណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបន្តអន្តរាគមន៍ជាមួយប្រជាកសិករបន្តទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានធ្វើការណែនាំអំពីវិធីសាស្ត្រនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសំណូមពរដល់កសិករឱ្យបន្តចូលរួមព្រមៗគ្នាជាប្រចាំ និងចំពេលវេលា ដើម្បីក្លាយជាកម្លាំងចលករក្នុងការអន្តរាគមន៍កម្ចាត់រុយសលើដំណាំស្រូវនេះឱ្យទទួលបានជោគជ័យ។

ក្នុងថ្ងៃដដែលនេះដែរ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចូលរួមអមដំណើរឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយមន្រ្តីជំនាញនៃមន្ទីរ អង្គភាពក្រោមឱវាទខេត្ត អភិបាលស្រុក មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងកសិករ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលបានទទួលរងផលប៉ះពាល់ដោយដង្កូវមូរស្លឹក និងរុយសលើដំណាំស្រូវនៅឃុំស្វាយជ្រំ ស្រុកស្វាយអន្ទរ ឃុំស្វាយជ្រុំ ឃុំជីផុច ស្រុកមេសាង ឃុំគោកខ្ចក ឃុំប្រាសាទ ឃុំរកាធំ ឃុំកំពង់ត្រលាច ស្រុកកំពង់ត្របែក និងឃុំពាមរក៏ ស្រុកពាមរក៏។ ក្នុងនោះដែរ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់កសិករអំពីវិធានការគ្រប់គ្រងរុយស និងដង្កូវមូរស្លឹក សុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម និងបាញ់ថ្នាំកសិកម្មបង្ហាញដល់កសិករដោយប្រើប្រាស់ម៉ាស៊ីនដែលសម្ពាធខ្លាំង ព្រមទាំងបានផ្តល់ជូននូវថ្នាំកសិកម្ម បរិក្ខាសុវត្ថិភាពមួយចំនួនទៀតផងដែរ៕