វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំនិងលក់រាយ លើកទី៣ ស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្មនិងជីកសិកម្ម

ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២៣ 4712

នៅថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាគណៈអធិបតីនិងវាគ្មិនក្នុងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ និងលក់រាយ លើកទី៣ ស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាព ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល។ សិក្ខាសាលានេះរៀបចំឡើងដោយនាយកដ្ឋាននីតិកម្មកសិកម្មសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួមដូចជាអាជីវករលក់ដុំនិងលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ចំនួន១៤៨នាក់ (ស្រី៤២) មកពីបណ្តាខេត្ត និងរាជធានីមួយចំនួនដូចជា៖ ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី កោះកុង និងរាជធានីភ្នំពេញ។
លោក កន កុម្ភៈ អនុប្រធាននាយកដ្ឋានទទួលបន្ទុកការងារគ្រប់គ្រងជីកសិកម្ម នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានធ្វើបទបង្ហាញស្តីពីបទដ្ឋានគតិយុត្ត និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងជីកសិកម្ម ដោយផ្តោតលើគោលបំណងសំខាន់ៗចំនួន០៣រួមមាន៖ (១) បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការគ្រប់គ្រងជីកសិកម្ម (២) បញ្ជ្រាបការយល់ដឹងអំពីវិធានបច្ចេកទេសក្នុងការគ្រប់គ្រងជីកសិកម្ម ដែលអាជីវករ និងកសិករត្រូវអនុវត្ត និង (៣) និងបញ្ជ្រាបការយល់ដឹងអំពីវិជ្ជាជីវៈ និងកាត្វកិច្ចមុន និងក្រោយទទួលបានវិញ្ញាបនបត្រអប់រំវិជ្ជាជីវៈ។
លោកបណ្ឌិត សេង វ៉ាង បានផ្តល់អនុសាសន៍សំខាន់ៗ រួមមានគឺ៖ (១) អាជីវករលក់ដុំនិងលក់រាយទាំងអស់ត្រូវតែស្គាល់អំពីប្រភេទជីឱ្យបានច្បាស់លាស់ ដើម្បីណែនាំដល់កសិករ ឬអ្នកប្រើប្រាស់ឱ្យធ្វើការប្រើប្រាស់ឱ្យបានត្រឹមត្រូវនិងប្រសិទ្ធភាពខ្ពស់នៅក្នុងផលិតកម្មដំណាំ (២) អាជីវករត្រូវដឹងឱ្យបានគ្រប់ជ្រុងជ្រោយអំពីព័ត៌មានទាំងអស់នៅលើសំបកបាវជី ឧ. អត្រាបមាណីយសារធាតុសកម្មនៃជីអ៊ុយរ៉េ ៤៦:០:០ គឺមានន័យថាជីអ៊ុយរ៉េចំនួន១០០គីឡូក្រាម មានសារធាតុអាសូតចំនួន៤៦ គីឡូក្រាម (៣) ការប្រើប្រាស់ជីកសិកម្មបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងគុណភាពដីឱ្យមាននិរន្តរភាព មេត្រីភាពបរិស្ថាន និងបង្កើនផលិតភាពកសិកម្ម ក្នុងនោះគឺការប្រើប្រាស់ជីលើផលិតកម្មដំណាំត្រូវតែដាក់ឱ្យបានត្រឹមត្រូវ (ពេលវេលាដាក់ជី កម្រិតណែនាំជីសម្រាប់ប្រភេទដំណាំ ប្រភេទជីច្បាស់លាស់ និងការដាក់ជីតាមបច្ចេកទេសសមស្រប) (៤) ការប្រើប្រាស់ជីគីមី លាយផ្សំនឹងជីសរីរាង្គ គឺជួយបង្កើនប្រសិទ្ធនៃការស្រូបយកសារធាតុចិញ្ចឹមរបស់ដំណាំឱ្យកាន់តែល្អប្រសើរ និង (៥) សំណូមពរដល់អាជីវករទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់ការក្លែងបន្លំគុណភាពជីកសិកម្ម និងកុំទិញលក់ឬចែកចាយផលិតផលជីកសិកម្មដែលគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕