កិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង (The French Chamber of Commerce) និងក្រុមហ៊ុនឯកជនដែលបាននឹងកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា

ចេញ​ផ្សាយ​ ០១ កុម្ភៈ ២០២៤ 4609

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនៃអង្គភាពក្រោមឱវាទបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង (The French Chamber of Commerce) និងក្រុមហ៊ុនឯកជនដែលបាននឹងកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ដឹកនាំដោយលោក Charles Juillard នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (France Cambodia Chamber of Commerce and Industry)។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់អំពីតួនាទីនៃវិស័យកសិកម្មក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម សកម្មភាពជាយុទ្ធសាស្ត្រដោយរួមបញ្ចូលទាំងការបង្កើតយន្តការហិរញ្ញប្បទាននិងកម្មវិធីនានាដែលលើកទឹកចិត្ត/ជំរុញដល់ផលិតកម្មកសិកម្ម ការបើកទូលាយទីផ្សារថ្មីៗ ការធ្វើឱ្យមានស្ថេរភាពនៃតម្លៃកសិផលសំខាន់ៗ ការចូលបម្រើការងាររបស់មន្ត្រីកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅក្នុងប្រទេសកម្ពុជា និងការបង្កើតសហគមន៍កសិកម្មនៅតាមតំបន់ជនបទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងវិនិយោគិនបរទេសដែលមានចំណាប់អារម្មណ៍ និងបានវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រតិភូបានជម្រាបជូនដោយសង្ខេបអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតលើចំណុចសំខាន់ចំនួន៣គឺ ១) ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២) ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង ៣). ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
នៅក្នុងឱកាសនោះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំងបានលើកឡើងនូវសំណួរជាច្រើន ដែលពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅក្នុងវិស័យកសិកម្ម រួមមានបញ្ហាប្រឈមក្នុងពាណិជ្ជកម្មផលិតផលកសិកម្ម ដូចជា បញ្ហាអស្ថេរភាពតម្លៃកសិផល ការប្រកួតប្រជែងតម្លៃកសិផលជាមួយប្រទេសជិតខាង ការចំណាយខ្ពស់ក្នុងការដឹកជញ្ជូនកសិផល ការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល ការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ការមិនមានមន្ទីរពិសោធន៍ដើម្បីវិភាគរកសារធាតុសំខាន់ៗមួយចំនួនក្នុងផលិតផលកសិកម្ម វត្តមាននៃផលិតផលក្លែងបន្លំនៅលើទីផ្សារ ការនាំចូលគ្រាប់ពូជដំណាំដោយមិនមានការចុះបញ្ជិកាត្រឹមត្រូវហើយ លក់ក្នុងតម្លៃទាប ការខ្វះទីផ្សារបោះដុំកសិផល ការមិនមានការបង្កើតទម្រង់ការផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (Sustainable Rice Plateform) ឱ្យបានទូលំទូលាយ។ល។ ចំពោះបញ្ហាខាងលើនេះ គណៈប្រតិភូសភាពាណិជ្ជកម្ម បានចោទសួរថាតើរាជរដ្ឋាភិបាលនីតិកាលទី៧ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានយន្តការអ្វីខ្លះសម្រាប់ដោះស្រាយបញ្ហាទាំងនេះដើម្បីសម្របសម្រួល និងគាំទ្រដល់ការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម។
ជាការឆ្លើយតប ឯកឧត្តមប្រតិភូ បានបកស្រាយចំពោះការលើកឡើងខាងលើអំពីការដាក់ចេញនូវយន្តការ អាទិភាពនានាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តដើម្បីដោះស្រាយបញ្ហាអសកម្ម និងលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមប្រតិភូបានជម្រាបជូនថា ក្រោមការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានកសិកម្ម យើងបានយកចិត្តទុកដាក់លើរាល់បញ្ហាអសកម្ម ដែលតែងលើកឡើងដោយសាធារណជនដែលបញ្ហាមួយចំនួនគឺជាការយល់ច្រឡំ ឧទាហរណ៍ ករណីការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល និងការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ដែលករណីនេះមិនដូចអ្វីដែលបានលើកឡើងនោះទេ។ បន្ថែមពីនេះឯកឧត្តមប្រតិភូបានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម សហការយ៉ាងជិតស្និតជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងក្រុមហ៊ុនវិនិយោគទុនបរទេសដើម្បីស្វែងរកការពិតនៅពីក្រោយការលើកឡើងខាងលើ និងជួយគាំទ្រនិងសម្របសម្រួលការងារពាក់ព័ន្ធតាមការស្នើសុំរបស់គណៈប្រតិភូ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូបានថ្លែងអំណរគុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងក្រុមហ៊ុនវិនិយោគទុនបរទេសដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អក្នុងការពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។