ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានជួបជាមួយលោក Kim Young Jun នាយកក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជា

ចេញ​ផ្សាយ​ ២៧ មេសា ២០២២ 6419

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានជួបជាមួយលោក Kim Young Jun នាយកក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជា លោកស្រី Jeong Deok Sun នាយករងក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជា និងលោកស្រី Hu Sunghye នាយក Heptagon Education & Information នៃសាធារណៈរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះបានរៀបចំឡើងដើម្បីជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីការសិក្សាបឋម និងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយក្រុមហ៊ុន World Share ប្រចាំនៅកម្ពុជាលើកគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងកិច្ចដំណើរការពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីប្រកបដោយជោគជ័យនៅប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍ចំពោះលោកនាយកក្រុមហ៊ុន World Share និងសហការី ដែលមានចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅប្រទេសកម្ពុជា។ បន្ទាប់មក លោកនាយកក្រុមហ៊ុន ព្រមទាំងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូ ក៏ដូចជាអង្គប្រជុំដោយសង្ខេបអំពីគោលបំណង និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងខាងលើ។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលរបស់កសិករដាំដុះដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តគោលដៅរបស់គម្រោង។ បច្ចុប្បន្ន គម្រោងបានជ្រើសរើសខេត្តរតនៈគិរីជាខេត្តគោលដៅ។ ការសិក្សាសមិទ្ធិលទ្ធភាពបានបង្ហាញថា ខេត្តចំនួន០២របស់កម្ពុជាដែលមានសក្តានុពលខ្ពស់លើផលិតកម្មដំណាំស្វាយចន្ទីគឺ ខេត្តកំពង់ធំ និងស្ទឹងត្រែង។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូបានជម្រាបជូនក្រុមហ៊ុន World Share អំពីលក្ខខណ្ឌអំណោយផលរបស់ប្រទេសកម្ពុជាសម្រាប់ផលិតកម្មដំណាំ ក្នុងនោះមានដំណាំស្វាយចន្ទីដោយគ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥០០,០០០ ហិកតា។ ទោះបីជាយ៉ាងនេះក្តី ប្រទេសកម្ពុជា នៅជួបប្រទះបញ្ហាប្រឈមក្នុងអនុវិស័យដំណាំ ដូចជា  ការអនុវត្តបច្ចេកទេសផលិតកម្មដំណាំដើម្បីទទួលបានផលិតភាពកសិកម្មខ្ពស់។ ដូចនេះ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុន នឹងសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការកំណត់បញ្ហាចម្បងក្នុងផលិតកម្មដំណាំ និងការអន្តរាគមន៍សំខាន់ៗ/ដំណោះស្រាយចាំបាច់ផ្សេងៗឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនថា បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងសហការជាមួយវិស័យឯកជនក្នុងការជួយកសិករដាំដុះដំណាំស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារក្រៅប្រទេស។ បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ក៏បាននិងកំពុងរៀបចំផែនទីដាំដុះដំណាំស្វាយចន្ទីសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលនេះគឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ និងជួយដល់វិនិយោគិនដែលមានបំណងមកវិនិយោគលើដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា។
ជាទីបញ្ចប់ ក្រុមហ៊ុន World Share បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រតិភូ និងសហការីដែលបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ខាងលើនេះ។ មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានស្នើដល់ក្រុមហ៊ុន World Share ពិចារណាក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ ម្យ៉ាងវិញទៀត ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុន World Share គួរធ្វើការរួមគ្នាដើម្បីពិភាក្សារៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ជាមុនសិន៕