ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានចុះពិនិត្យវឌ្ឍនភាពការងាររបស់កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ចេញ​ផ្សាយ​ ០៩ វិច្ឆិកា ២០២១ 8146

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានចុះពិនិត្យវឌ្ឍនភាពការងាររបស់កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ។
ក្នុងឆ្នាំ២០២១នេៈ កសិដ្ឋានបាននិងកំពុងអនុវត្តសកម្មភាពសំខាន់ៗក្នុងគោលបំណងផលិតពូជដំណាំសម្រាប់តំបន់ដីខ្ពស់ ពិសេសពូជដំណាំដំឡូងមី ដែលបច្ចុប្បន្ន ដំណាំនេះកំពុងទទួលរងគ្រោះពីជំងឺម៉ូសាអ៊ិកស្ទើរទូទាំងប្រទេស។ ដើម្បីធានានិរន្តភាពផលិតកម្មដំណាំដំឡូងមី កសិដ្ឋានបានអនុវត្តសកម្មភាពដូចខាងក្រោម៖
(១). ផលិតកម្មពូជដំឡូងមីធន់នឹងជំងឺ៖ កសិដ្ឋានបានដាំដុះពូជដំឡូងមី ដែលមានសុខភាពល្អ លើផ្ទៃដី ១៣៥ហិកតា ដើម្បីផលិតដើមពូជដំណាំដំឡូងមីចំនួន៦០ ០០០បាច់ ដែលធន់នឹងជំងឺយកទៅចែកចាយជូនកសិករ និងដាំបន្តនៅឆ្នាំ២០២២ ខាងមុខនេះ។
(២). ចម្ការបង្ហាញផលិតកម្មពូជដំឡូងមី ៨១ ដែលគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន លើផ្ទៃដីចំនួន ៧ ៥០០ម២។
(៣).ផ្ទះសំណាញ់សម្រាប់ផលិតពូជដំឡូងមីមានសុខភាពល្អ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ។
(៤). បានពិនិត្យផ្ទះសំណាញ់ផលិតពូជដំឡូងមីគ្មានជំងឺរបស់គម្រោបង្កើតដំណោះស្រាយដ៏មាននិរន្តភាពលើការគ្រប់គ្រងជំងឺលើដំណាំដំឡូងមីក្នុងតំបន់អាស៊ីអាគ្នេយ៍។  គម្រោងនេះអាចផលិតកូនពូជដំឡូងមីមានសុខភាពល្អប្រមាណ ២០ ០០០កូន/ឆ្នាំ និងអាចយកទៅដាំពង្រីកលើផ្ទៃដីចំនួន ២ហិកតា ដើម្បីផលិតពូជយកទៅដាំដុះបន្ត។
ទន្ឬឹមគ្នានេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារនៅក្នងកសិដ្ឋាន ឯកឧត្តមប្រតិភូ បានណែនាំដល់ប្រធានកសិដ្ឋាន និងថ្នាក់ដឹកនាំដែលពាក់ព័ន្ធ ត្រូវសហការរៀបចំផែនការប្រចាំឆ្នាំ និងផែនការរយៈពេលវែងរបស់កសិដ្ឋាន ទៅតាមសកម្មភាពអាទិភាព និងឆ្លើយតបតម្រូវជាក់ស្ដែងក្នុងតំបន់ ជាពិសេស ការផលិតពូជដំណាំដំឡូងមីដែលមានសុភាពល្អ សម្រាប់ផ្សព្វផ្សាយបន្តទៅកសិករ។ បន្ថែមពីនោះ ត្រូវសិក្សាចំណុចខ្វះខាតទាំងឡាយដែលបានអនុវត្តក្នុងពេលកន្លង ដើម្បីជាមូលដ្ឋានកែតម្រូវ និងធ្វើឱ្យការអនុវត្តការងារឆ្នាំ២០២២ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕