នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារទទួលបន្ទុកផែនការនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមសិក្ខាសាលាស្ដីពី ផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤-២០២៨ នៅខេត្តបន្ទាយមានជ័យ ដែលមានមន្ត្រីជំនាញពីអង្គភាពជំនាញចូលរួមចំនួន៥០នាក់។ សិក្ខាសាលានេះ មានគោលបំណង (១). ណែនាំវិធីសាស្ត្ររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម (២). ពិនិត្យនិងពិភាក្សាអំពីសកម្មភាពដែលដាក់បញ្ចូលក្នុងផែនការនេះ ដើម្បីឱ្យមានសង្គតិភាពជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា។
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនៃអង្គភាពក្រោមឱវាទបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង (The French Chamber of Commerce) និងក្រុមហ៊ុនឯកជនដែលបាននឹងកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ដឹកនាំដោយលោក Charles Juillard នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (France Cambodia Chamber of Commerce and Industry)។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់អំពីតួនាទីនៃវិស័យកសិកម្មក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម សកម្មភាពជាយុទ្ធសាស្ត្រដោយរួមបញ្ចូលទាំងការបង្កើតយន្តការហិរញ្ញប្បទាននិងកម្មវិធីនានាដែលលើកទឹកចិត្ត/ជំរុញដល់ផលិតកម្មកសិកម្ម ការបើកទូលាយទីផ្សារថ្មីៗ ការធ្វើឱ្យមានស្ថេរភាពនៃតម្លៃកសិផលសំខាន់ៗ ការចូលបម្រើការងាររបស់មន្ត្រីកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅក្នុងប្រទេសកម្ពុជា និងការបង្កើតសហគមន៍កសិកម្មនៅតាមតំបន់ជនបទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងវិនិយោគិនបរទេសដែលមានចំណាប់អារម្មណ៍ និងបានវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រតិភូបានជម្រាបជូនដោយសង្ខេបអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតលើចំណុចសំខាន់ចំនួន៣គឺ ១) ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២) ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង ៣). ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
នៅក្នុងឱកាសនោះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំងបានលើកឡើងនូវសំណួរជាច្រើន ដែលពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅក្នុងវិស័យកសិកម្ម រួមមានបញ្ហាប្រឈមក្នុងពាណិជ្ជកម្មផលិតផលកសិកម្ម ដូចជា បញ្ហាអស្ថេរភាពតម្លៃកសិផល ការប្រកួតប្រជែងតម្លៃកសិផលជាមួយប្រទេសជិតខាង ការចំណាយខ្ពស់ក្នុងការដឹកជញ្ជូនកសិផល ការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល ការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ការមិនមានមន្ទីរពិសោធន៍ដើម្បីវិភាគរកសារធាតុសំខាន់ៗមួយចំនួនក្នុងផលិតផលកសិកម្ម វត្តមាននៃផលិតផលក្លែងបន្លំនៅលើទីផ្សារ ការនាំចូលគ្រាប់ពូជដំណាំដោយមិនមានការចុះបញ្ជិកាត្រឹមត្រូវហើយ លក់ក្នុងតម្លៃទាប ការខ្វះទីផ្សារបោះដុំកសិផល ការមិនមានការបង្កើតទម្រង់ការផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (Sustainable Rice Plateform) ឱ្យបានទូលំទូលាយ។ល។ ចំពោះបញ្ហាខាងលើនេះ គណៈប្រតិភូសភាពាណិជ្ជកម្ម បានចោទសួរថាតើរាជរដ្ឋាភិបាលនីតិកាលទី៧ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានយន្តការអ្វីខ្លះសម្រាប់ដោះស្រាយបញ្ហាទាំងនេះដើម្បីសម្របសម្រួល និងគាំទ្រដល់ការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម។
ជាការឆ្លើយតប ឯកឧត្តមប្រតិភូ បានបកស្រាយចំពោះការលើកឡើងខាងលើអំពីការដាក់ចេញនូវយន្តការ អាទិភាពនានាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តដើម្បីដោះស្រាយបញ្ហាអសកម្ម និងលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមប្រតិភូបានជម្រាបជូនថា ក្រោមការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានកសិកម្ម យើងបានយកចិត្តទុកដាក់លើរាល់បញ្ហាអសកម្ម ដែលតែងលើកឡើងដោយសាធារណជនដែលបញ្ហាមួយចំនួនគឺជាការយល់ច្រឡំ ឧទាហរណ៍ ករណីការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល និងការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ដែលករណីនេះមិនដូចអ្វីដែលបានលើកឡើងនោះទេ។ បន្ថែមពីនេះឯកឧត្តមប្រតិភូបានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម សហការយ៉ាងជិតស្និតជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងក្រុមហ៊ុនវិនិយោគទុនបរទេសដើម្បីស្វែងរកការពិតនៅពីក្រោយការលើកឡើងខាងលើ និងជួយគាំទ្រនិងសម្របសម្រួលការងារពាក់ព័ន្ធតាមការស្នើសុំរបស់គណៈប្រតិភូ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូបានថ្លែងអំណរគុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងក្រុមហ៊ុនវិនិយោគទុនបរទេសដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អក្នុងការពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។
ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រៀបចំជាសិក្ខាសាលាថ្នាក់តំបន់ស្តីពីការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ក្រោមក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ FAO-China South-South ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ទីប្រឹក្សាជាន់ខ្ពស់នៃអគ្គនាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងជាអគ្គនាយកនៃផលិតកម្មដំណាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លេខាធិការនៃលេខាធិការដ្ឋាន IPPC និងមានការចូលរួមពីជំនាញការនៃប្រទេសក្នុងតំបន់អាស៊ីរួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ចិន និងស្រីលង្កា សរុបប្រមាណ ៥០រូប។
សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
-ចែករំលែកបទពិសោធន៍ និងព័ត៌មានក្នុងការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី
-វិភាគបញ្ហាប្រឈមអំពីសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកក្នុងតំបន់អាស៊ី
-ពិភាក្សាអំពីការពង្រឹងកិច្ចសហការលើការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃលើដំណាំចេកក្នុងតំបន់អាស៊ីនាពេលអនាគត។
នៅថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសសាទខេត្តព្រៃវែង អង្គការ IRRI និងអង្គការ Worldfish ប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ការរៀបចំផែនទីវៃឆ្លាតនឹងអាកាសធាតុ និងផែនការបន្សាំ (CS-Map) និងចុះប្រជុំផ្ទៀងផ្ទាត់ជាមួយក្រុមកសិករនៅខេត្តព្រៃវែង ។ សមាសភាពចូលរួមសិក្ខាសាលាដែលរៀបចំឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានចំនួន ៣០ នាក់ (ស្ត្រី៣នាក់) មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុក/ក្រុងទាំង ១៣នៃខេត្តព្រៃវែង។ ចំណែកការចុះជួបប្រជុំផ្ទៀងផ្ទាត់ជាមួយក្រុមកសិករ បានធ្វើឡើងនៅស្រុកចំនួន៣ គឺស្រុកពាមជ័រ (ឃុំព្រែកក្របៅ) ស្រុកបាភ្នំ (ឃុំរោងដំរី) និងស្រុកកំចាយមារ (ឃុំស៊ាងឃ្វាង) ដែលមានកសិករចូលរួមប្រមាណ ៩៣នាក់ (ស្រ្តី៤០នាក់) ។ សិក្ខាសាលា និងការចុះប្រជុំផ្ទៀងផ្ទាត់ជាមួយក្រុមកសិករនេះ មានគោលបំណងប្រមូលធាតុចូលដើម្បីកែលម្អផែនទីវៃឆ្លាតនឹងអាកាសធាតុ និងផែនការបន្សាំនឹងគ្រោះមហន្តរាយបណ្តាលមកពីអាកាសធាតុលើផលិតកម្មដំណាំស្រូវ បន្លែ និងពោត ដោយផ្អែកលើចំណេះដឹងជាក់ស្តែងនៅមូលដ្ឋានឱ្យកាន់ប្រសើរ និងមានសង្គតភាព។ លទ្ធផលនៃសិក្ខាសាលា គឺបានពិនិត្យ ពិភាក្សា និងកែលម្អផែនទីវៃឆ្លាតនឹងអាកាសធាតុ និងផែនការបន្សាំដែលបានរៀបចំឡើង។ ការផ្ទៀងផ្ទាត់ និងកែលម្អផែនទីនេះ បានផ្តោតលើហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតលើដំណាំស្រូវ បន្លែ និងពោត និងផែនការបន្សាំដោយកំណត់លើសេណារីយ៉ូ នៃហានិភ័យឆ្នាំធម្មតា និងហានិភ័យឆ្នាំធ្ងន់ធ្ងរ ហើយការប៉ះពាល់ដល់ផលដំណាំត្រូវបានកំណត់ចំនួន៣កម្រិតគឺ (១) តិចតួច (២) មធ្យម និង(៣) ធ្ងន់ធ្ងរ ។ ដោយឡែក ចំពោះ ការចុះប្រជុំជាមួយក្រុមកសិករ គឺដើម្បីបញ្ជាក់អំពីកម្រិតហានិភ័យ និន្នាការ និងពេលវេលាកើតឡើងនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ប្រព័ន្ធផលិតកម្មដំណាំដែលប្រជាកសិករអនុវត្ត និងដើម្បីស្វែងយល់អំពីទស្សនៈរបស់ប្រជាកសិករលើវិធានការបន្សាំ ដែលបានលើឡើងនៅផែនទី CS-Map ឆន្ទៈរបស់កសិករក្នុងការអនុវត្តវិធានការបន្សាំការផ្លាស់ប្ដូរតួនាទីយេនឌ័រ ក្នុងការអនុវត្តវិធានការបន្សាំ និងការលំបាក ឬបញ្ហាប្រឈម និងតម្រូវការគាំទ្រក្នុងការអនុវត្តវិធានការបន្សាំ។ វិធានការបន្សាំជាអាទិភាពដែលបានលើកឡើងនៅលើផែនទី CS-Map មានដូចជា៖ ប្រតិទិនដាំដុះដំណាំប្រភេទដំណាំ ពូជដំណាំ ការរក្សាស្តុកទឹកសម្រាប់ប្រើប្រាស់ វារីវប្បកម្ម ពិពិធកម្មកសិផល និងអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធ៕
កាលពីថ្ងៃទីចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាន និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥រាជធានី-ខេត្ត ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំពិភាក្សាមានចំនួនសរុប ៧៥នាក់ (ស្រ្តី ៥នាក់)។ កម្មវិធីនៃកិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅក្នុងគោលបំណង៖ (១) បញ្ជ្រាបនូវទស្សនទានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារគ្រប់គ្រងធាតុចូលកសិកម្ម (២) ផ្សព្វផ្សាយលទ្ធផលនៃប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម និង(៣) ស្វែងយល់ពីស្ថានភាព បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ បន្ទាប់ពីកំណត់បាននូវបញ្ហាប្រឈមមួយចំនួន ឯកឧត្តមប្រធានអង្គប្រជុំបានផ្តល់អនុប្រសាសន៍ណែនាំដូចជា៖ (១). ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដែលមានសមត្ថកិច្ច និងមន្ត្រីជំនាញនៅថ្នាក់ក្រោមជាតិត្រូវបង្កើនការពង្រឹងកិច្ចសហការ ជាមួយអង្គភាពពាក់ព័ន្ធ (២). បន្តធ្វើការជាមួយក្រសួងមហាផ្ទៃលើនីតិវិធីក្នុងការពិន័យអន្តរការណ៍ ជាពិសេស ពាក់ព័ន្ធនឹងសេចក្តីសម្រេចលេខ ១០០ សសរ ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាល និង (៣) ជំរុញដំណើរការរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំនានាឱ្យបានរួចរាល់។
ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារអាស៊ាន ខេត្តកំពង់ចាម មានការរៀបចំសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យអនាគតនៃការអភិវឌ្ឍពូជពោតអ៊ីប្រ៊ីដនៅកម្ពុជា ដែលរៀបចំដោយក្រុមការងារគម្រោងផលិតកម្ម និងប្រព័ន្ធផ្សព្វផ្សាយគ្រាប់ពូជពោតនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារគម្រោង KOPIA-KOREA ប្រចាំនៅកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ប៉ៃលិន ខេត្តកណ្ដាល វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រុមហ៊ុនCP Cambodia Co.Ltd, East-West Seed Company ព្រមទាំងកសិករចូលរួមសរុប ៧៤នាក់ ក្នុងនោះមានស្រ្តី១៣នាក់។ កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១)- ចែករំលែកបទពិសោធន៍ដោយនាំយកការអនុវត្តវិធីសាស្រ្តជាក់ស្ដែងដល់កសិករ និងអ្នកពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍឧស្សាហកម្មពោតនៅកម្ពុជា
២)- លើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជនទាក់ទងនឹងកិច្ចសហប្រតិបត្តិការបន្ថែមសម្រាប់ការអភិវឌ្ឍវិស័យពោតនៅកម្ពុជា
៣)- ពិនិត្យឡើងវិញនូវអាទិភាពសំខាន់ៗនៃវិស័យអភិវឌ្ឍផលិតកម្មពូជពោតនីមួយៗ ដើម្បីរៀបចំគោលនយោបាយយុទ្ធសាស្រ្តសម្រាប់ផែនការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០ នាទីព្រឹក នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំស្តីពីការងារតាមដាន និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចែ សាវុន អគ្គលេខាធិការងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ស៊ិន សោភ័ណ អគ្គនាយិការងនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពជំនាញក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារនៃនាយកដ្ឋានផែនការ និងស្ថិតិ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ សរុបចំនួន ២៦នាក់ ស្រ្តី៥នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសម្មភាព ក៏ដូចជាកំណត់បញ្ហាប្រឈមនានា និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
ថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមក្នុងកម្មវិធីចែកគ្រាប់ពូជស្រូវ OM-5451 ចំនួន ៣៤ ២០០គីឡូក្រាម ជូនដល់កសិករចំនួន ៣៤២គ្រួសារ មកពីឃុំពាមជីលាំង និងឃុំបឹងព្រួល ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ដើម្បីដាំដុះស្តារឡើងវិញឱ្យបានទាន់ពេលវេលា។ កម្មវិធីនេះ បានរៀបចំនៅវត្តពាមមង្គល (ហៅវត្តពាម) ស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អាសយដ្ឋាន:លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
អ៊ីមែល :info.gdamaff@gmail.com
ទូរស័ព្ទ :(855) 23 888 427
ទូរសារ :(855) 23 888 427
ហ្វេសប៊ុក : អគ្គនាយកដ្ឋានកសិកម្ម / Genearal Directorate of Agriculture
វែបសាយ :http://gda.maff.gov.kh