ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ១៣ សីហា ២០២០ 23

ពិធីចុះកិច្ចសន្យាផលិតគ្រាប់ពូជស្រូវចំនួន១៧ រវាងសហគមន៍ផលិតគ្រាប់ពូជស្រូវជាមួយអ្នកប្រមូលទិញសម្រាប់ចែកចាយបន្ត របស់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rìce-SDP)

កិច្ចសន្យាផលិតគ្រាប់ពូជស្រូវចំនួន១៧ ត្រូវបានចុះហត្ថលេខា រវាងសហគមន៍ផលិតគ្រាប់ពូជ ស្រូវ ជាមួយអ្នកប្រមូលទិញសម្រាប់ចែកចាយបន្ត មកពីខេត្តគោលដៅចំនួន៣ របស់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rìce-SDP) ត្រូវបានរៀបចំនៅអគ្គនាយកដ្ឋានកសិកម្ម។
កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំពិធីចុះហត្ថលេខាលើផលិតកម្មគ្រាប់ពូជស្រូវតាមកិច្ចសន្យា ក្រោមការចូលរួមជាអធិបតីពីឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោកអោម ពេជ្រ ប្រធានសម្របសម្រួលគម្រោងថ្នាក់ជាតិ ឯកឧត្តម ចាន់ រ៉ាន់ នាយកគម្រាងថ្នាក់ខេត្ត ប្រចាំខេត្តព្រៃវែង ឯកឧត្តមឈឹម សាប៊ុន នាយកគម្រោងប្រចាំខេត្តបាត់ដំបង និងលោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ។
បន្ទាប់ពីលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានមានមតិស្វាគមន៍ និងរាយការណ៍សង្ខេបអំពីសកម្មភាព និងលទ្ធផលការងាររបស់ខ្លួនក្នុងក្របខ័ណ្ឌសហប្រតិបត្រការជាមួយគម្រោង Rìce SDP និងថ្លែងអណរគុណចំពោះវត្តមារបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានកោតសរសើរចំពោះក្រុមការងារ របស់នាយកដ្ឋានដំណាំស្រូវដែលបានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានផ្តូចផ្តើមបង្កើតទំនាក់ទំនងរវាងអ្នក ពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ ។ មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ងិន ឆាយ បានជម្រាបជូនអ្នកចូលរួមអំពីផលិតកម្មដំណាំស្រូវ និងសក្តានុពលនាំចេញអង្ករកម្ពុជាទៅទីផ្សារអ្តរជាតិ ប៉ុន្តែយើងនៅមិទាន់សម្រេចបាននូវផែនកានាំចេញឱ្យបាមួយលានតោន របស់រាជរដ្ឋាភិបាលនៅឡើយ ដោយសារបញ្ហាមួយចំនួនដូចជាថ្លៃអគ្គិសនី ការដឹកជញ្ជូន និងថ្លៃដើមផលិតខ្ពស់ជាងប្រទេសជិតខាង ។ ប៉ុន្តែកម្ពុជាមានសក្តាុនុពលក្នុងការប្រកួតប្រជែងនាំអង្ករក្រអូបទៅសហភាពះឺរ៉ុប និងប្រទេសចិន។ ដើម្បីបង្កើនឧត្តមភាពប្រកួប្រជែងនៅឆាកអន្តរជាតិ គឹកម្ពុជាត្រូវផលិតអង្ករឱ្យមានគុណភាពល្អ សុវត្ថិភាព និងអនុលោមតាមស្តង់ដារតម្រូវការរបស់អ្នកបញ្ជារទិញ។ ចំពោះការចុគិច្ចសន្យាថ្ងៃនេះ គឺជាផ្នែកមួយក្នុងការជំរុញគុណភាពស្រូវអង្ករកម្ពុជាតាមរយៈការផលិត និងប្រើប្រាស់គ្រាប់ពូជសុទ្ធល្អ។ ចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើដល់ភាគីហត្ថលេខី គោរពតាមកិច្ចសន្យា និងបន្តវប្បធម៌ជជែកគ្នា ជឿជាក់គ្នា និងស្មោះត្រង់នឹងគ្នា ហើយនាយកដ្ឋានដំណាំស្រូវត្រូវចុះតាមដាន គាំទ្របច្ចេកទេសដល់ភាគីផលិត និងតាមដានការអនុវត្តកិច្ចសន្យាបន្តទៀត។
ចេញ​ផ្សាយ​ ១២ សីហា ២០២០ 42

កិច្ចពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green នៃប្រទេសជប៉ុន

នាព្រឹកថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green នៃប្រទេសជប៉ុន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះ ជំនួបជាលើកទី២រវាងឯកឧត្តម ជាមួយនឹងលោកបណ្ឌិត Nabeshima Katsuhito បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយគ្នា កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ និងបានអនុញ្ញាតឱ្យបណ្ឌិត Nabeshima Katsuhito លើកឡើងអំពីការងារដែលត្រូវពិភាក្សាក្នុងជំនួបនាពេលនេះ។ ជាថ្មីម្តងទៀត លោកបណ្ឌិត Nabeshima Katsuhito បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រតិភូដែលបានអនុញ្ញាតឱ្យលោកជួបពិភាក្សាការងារ ព្រមទាំងបានផ្តល់កិច្ចសហការ និងការជួយជ្រោមជ្រែងរហូតដល់ធ្វើឱ្យក្រុមហ៊ុន Yamato Green អាចឈានដល់ការចុះ អនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។ នៅក្នុងឱកាសនោះដែរ លោកនាយកក្រុមហ៊ុនបានរាយការណ៍ដោយ សង្ខេបអំពីវឌ្ឍនភាពថ្មីៗនៃការអនុវត្តការងាររបស់ក្រុមហ៊ុន Yamoto Green ក្រោមកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោយពីការចុះ MoU រួច។ លោកបានឱ្យដឹង ថា បច្ចុប្បន្ន ក្រុមហ៊ុនគ្រោងនឹងសាងសង់ Green House ដើម្បីដាំដុះបន្លែ ព្រមទាំងរៀបចំការ កែច្នៃ (បង្កក) ផ្លែឈើ និងបន្លែ (ផ្លែប៊រ និងស្ពៃក្តោប) សម្រាប់នាំចេញ។ ខេត្តមណ្ឌលគិរី និង បាត់ដំបង គឺជាខេត្តដែលស្ថិតក្រោមការពិចារណានិងជ្រើសរើសរបស់ក្រុមហ៊ុន និងជាខេត្តដែល មានសក្តានុពលសម្រាប់ផលិតកម្មបន្លែ និងជាទីកន្លែងប្រមូលផ្តុំបន្លែដ៏សមស្របមួយ។ លោក មានបំណងបង្កើតកសិដ្ឋានបន្លែលើទីតាំងធំៗមួយចំនួនសម្រាប់ជួលដល់កសិករដើម្បីដាំដុះបន្លែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ លោកបានស្នើសុំការណែនាំបន្ថែម ក៏ដូចជាទស្សនៈរបស់ អគ្គនាយកដ្ឋានកសិកម្ម ចំពោះការងារនេះ។ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមប្រតិភូ បាន បញ្ជាក់ថា ការងារដែលលោកនាយកក្រុមហ៊ុនបាន និងកំពុងរៀបចំគឺស្របនឹងទស្សនវិស័យ របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងការបង្កើតសួនផលិតកម្មបន្លែសុវត្ថិភាព ដែលការជ្រើសរើស ទីតាំងសម្រាប់អនុវត្តគឺត្រូវពិចារណាទៅលើតំបន់ជាប់នឹងមាត់ទន្លេ និងដីកោះ ដោយសារ​ប្រជាជននៅទីនោះភាគច្រើន​ជាកសិករដាំដុះបន្លែស្រាប់ ហើយក្រុមហ៊ុនអាចពិចារណាទៅ លើការផ្តល់ពូជ ការសាងសង់ Green House ផ្តល់បចេ្ចកទេសបណ្តុះកូន/ពូជបន្លែ និងប្រភេទ បន្លែដែលទីផ្សារត្រូវការ។ ជារួម ឯកឧត្តមប្រតិភូ ឯកភាពលើការរៀបចំកសិដ្ឋានបន្លែសម្រាប់ជួល ឱ្យកសិករ ប៉ុន្តែប្រសិនបើការងារនេះត្រូវបានអនុវត្តលើកសិករដែលមានដីស្រាប់គឺជាការល្អ ប្រសើរ និងមានការអភិវឌ្ឍលឿនជាង។ អគ្គនាយកដ្ឋានកសិកម្ម មានទស្សនវិស័យក្នុងការបង្កើត សហគមន៍អ្នកដាំបន្លែសុវត្ថិភាព ហើយការងារនេះនឹងអាចឈានទៅដល់ការបង្កើតសហភាព សហគមន៍អ្នកដាំបន្លែសុវត្ថិភាព ដែលកសិករអាចដាំបន្លែតាមប្រតិទិនដាំដុះដើម្បីធានាបានទាំង ស្ថេរភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងទីផ្សារបន្លែ។ ជាការសាកល្បង ក្រុមហ៊ុន Yamato Green អាចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំសួនផលិតកម្មបន្លែសុវត្ថិភាពក្នុងចំនួន កំណត់ណាមួយ ហើយគម្រោងនេះនឹងអាចប្រែក្លាយសួនផលិតកម្មបន្លែសុវត្ថិភាព​ទៅជាតំបន់ កសិ-ទេសចរណ៍ និងអេកូ-ទេសចរណ៍នាពេលអនាគតដ៏ខ្លី។ លោកបណ្ឌិត Nabeshima Katsuhito បានទទួលយកសំណើនេះ និងបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម រៀបចំគម្រោង សំណើសុំថវិកា ដោយសហការជាមួយក្រុមហ៊ុន Yamato Green។ ឯកឧត្តមប្រតិភូបានមាន ប្រសាសន៍ថា នេះគឺជាការចាប់ផ្តើមដ៏ល្អមួយ ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត Nabeshima Katsuhito ក៏ដូចជាក្រុមហ៊ុន Yamato Green ចំពោះកិច្ច សហប្រតិបត្តិការ និងការឧបត្ថម្ភគាំទ្រក្នុងការងារនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ អនុវិស័យសាកវប្បកម្មនៅប្រទេសកម្ពុជា សំដៅបង្កើនសន្តិសុខនិងសុវត្ថិភាពស្បៀងអាហារ ក្នុងបរិបទនៃការផ្ទុះឡើង និងរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាបាននូវប្រាក់ចំណូលរបស់​កសិករដាំបន្លែក្នុងប្រទេសកម្ពុជា។

ចេញ​ផ្សាយ​ ១៥ កក្កដា ២០២០ 93

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការ នាំចេញ

ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមកាងារ បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន និងតំណាងក្រុមហ៊ុន Yamato Green Co.,Ltd។ បន្ទាប់មក ឯកឧត្តមប្រតិភូ និងក្រុមការងារបានបន្តចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី "ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការ នាំចេញ" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Yamato Green Co., Ltd ក្រោមអធិបតីភាពឯកឧត្ត  វេង សាខុន រដ្ឋមន្ត្រីក្រសួងកសកម្ម  រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ពិធីខាងលេីនេះជាសក្ខីភាពមួយថ្មីដែលបានបញ្ជាក់ថា ការអភិវឌ្ឍអនុវិស័យបន្លែនៅកម្ពុជា កំពុងមាន ការឈានឡើងនិងទទួលស្គាល់ជាបណ្តើរៗ នៅលើឆាកអន្តរជាតិ។  ប៉ុន្តែយើងត្រូវ ពង្រឹងបន្ថែម ទៀត លើ ការងារបច្ចេកទេស គុណភាព សុវត្ថិភាព និងស្តង់ដារ សម្រាប់ ផ្គត់ផ្គង់ការនាំចេញ។ ដូច្នេះថ្ងៃនេះយើងមានដៃ គូរ សំខាន់ របស់យើង  ដែលនឹងជួយជំរុញ ខ្សែ ច្រវាក់ ផលិតកម្មដំណាំបន្លែ សុវត្ថិភាព និងប្រព័ន្ធទីផ្សារ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Yamoto Green ដោយសហការជាមួយស្ថាប័នពាក់ ព័ន្ធរបស់រដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ នឹងខិតខំប្រឹងប្រែងអភិវឌ្ឍបន្លែកម្ពុជាឱ្យមានការទទួលស្គាល់ និងល្បីឈ្មោះក្នុងឆាកអន្តរជាតិ ដូចគ្នានឹង អង្ករផ្ការំដួល និងម្រេចខេត្តកំពតដែលទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោក។

ចេញ​ផ្សាយ​ ០៨ កក្កដា ២០២០ 112

កិច្ចប្រជុំស្តីពី៑ការពិនិត្យការអនុវត្តការងារ និងការរៀបចំរបាយការណ៍វឌ្ឍនភាពគម្រោងដៃគូអភិវឌ្ឍន៍នានា

នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម មានរៀបចំកិច្ចប្រជុំស្តីពី៑ ការ ពិនិត្យការអនុវត្តការងារ និងការរៀបចំរបាយការណ៍វឌ្ឍនភាពគម្រោងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព លោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមន្ត្រីពាក់ព័ន្ធមាន ចំនួន២០រូប (ស្រី០៣រូប)។ អង្គប្រជុំបានពិភាក្សាលើរបៀបវារៈដែលបានគ្រោងទុក និងសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១). ការរៀបចំកិច្ចប្រជុំដើម្បីពិនិត្យការអនុវត្តគម្រោងដៃគូអភិវឌ្ឍន៍នានានឹងត្រូវរៀបចំ ឡើងនៅ រៀង រាល់បីខែម្តង
២). ការកំណត់ទម្រង់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងដែលតម្រូវ ឱ្យអង្គភាពអនុវត្ត រៀបចំសម្រាប់រយៈពេល០៦ខែ និងនៅខែបន្ទាប់ត្រូវរៀបចំជារៀងរាល់ខែ
៣). ស្នើបំពេញបន្ថែមនូវព័ត៌មានគម្រោងដែលត្រូវអនុវត្តនៅឆ្នាំបន្ទាប់
៤). ស្នើបំពេញបន្ថែមនូវព័ត៌មានគម្រោងដែលបានអនុវត្តជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា៕

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២០ 111

កិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋានកសិកម្ម

នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម្នបានរៀបចំកិច្ចប្រជុំប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ សមាសភាពចូលរួមប្រជុំ​ រួមមាន លោកស្រីអគ្គនាយិការង លោកអគ្គនាយករងគ្រប់រូប និងលោកប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និង សហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយពិនិត្យ និងពិភាក្សាជារួមអំពី ១). វឌ្ឍនភាពនៃការអនុវត្តការងាររបស់នាយកដ្ឋានជំនាញទាំង១០ ក្រោមការទទួលខុសត្រូវ និងដឹកនាំការអនុវត្តសកម្មភាពការងារដោយផ្ទាល់របស់អគ្គនាយករងទទួលបន្ទុក ក្រោម ឱវាទអគ្គនាយកដ្ឋានកសិកម្ម និង ២). បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយសមស្រប។ កិច្ចប្រជុំខាងលើបានប្រព្រឹត្តទៅដោយរលូន ហើយអង្គប្រជុំបានពិនិត្យ ពិភាក្សា និងឯកភាពគ្នាលើចំណុចសំខាន់ៗតាមរបៀបវារៈដែលបានលើកឡើងខាងលើ។

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២០ 118

វេទិកាផ្គូរផ្គងអាជីវកម្មផលិតកម្មគ្រាប់ពូជស្រូវតាមរយៈ យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា

នៅថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) បានរៀបចំវេទិកាផ្គូរផ្គងអាជីវកម្មផលិតកម្មគ្រាប់ពូជស្រូវតាមរយៈ យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលវេទិកានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ដល់៣០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជានាយកអង្គភាព MAFF-NIO លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ និងលោក ចាន់ សារឿន ប្រធានផ្នែកអនុវត្ត និងផែនការ នៃអង្គភាពអនុវត្តគម្រោង Rìce-SDP ថ្នាក់ខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។
បន្ទាប់ពីមានមតិស្វាគមន៍និង របាយការណ៍ស្តីពីវឌ្ឍនភាព របស់គម្រោងថ្នាក់ខេត្ត ដោយលោក ចាន់ សារឿន បន្ទាប់មក លោកគង់ គា បានជម្រាបជូនគណៈអធិបតី និងសិក្ខាកាមអំពី ទិដ្ឋភាពទូទៅនៃអង្គវេទិកា និងជម្រាបជូនអំពីស្ថានភាពផលិតកម្មនិងការនាំចេញអង្ករក្នុងឆ្នាំ២០២០ ការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងរបស់ នាយកដ្ឋានដំណាំស្រូវ ជាពិសេសអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញវិស័យពូជដំណាំនៅកម្ពុជានាពេលបច្ចុប្បន្ន និងទិសដៅទៅថ្ងៃអនាគត។ វេទិកានេះ មានសិក្ខាកាមចូលរួមសរុបចំនួន៥២នាក់ មកពីអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត សហគមន៍កសិកម្ម វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានាក្នុងខេត្ត អាជីវករលក់គ្រាប់ពូជស្រូវ ក្រុមហ៊ុននាំចេញ និងមន្ត្រីការិយាល័យកសិកម្មស្រុកក្នុងតំបន់គោលដៅរបស់គម្រោងទាំងអស់។ គោលបំណង សំខាន់នៃវេទិកា គឺទី១. ផ្ដល់ឱកាសដល់គ្រប់អ្នកពាក់ព័ន្ធបានស្វែងយល់អំពីលក្ខខណ្ឌតម្រូវក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ទី២. បង្កើនការយល់ដឹងអំពីដំណើរការចុះបញ្ជីប្រភេទពូជដំណាំ ការធ្វើអាជីវកម្មគ្រាប់ពូជការត្រួតពិនិត្យ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ទី៣. បង្កើតជាបណ្តាញទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធទាំងឡាយក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងឈានដល់ការធ្វើកិច្ចសន្យាជាមួយគ្នា។
នៅក្នុងពិធីបើកអង្គវេទិកា ឯកឧត្តម គិត សេង បានជម្រាបជូនសិក្ខាកាមអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តួចផ្តើមគំនិតកសាងឯកសារគម្រោងក្នុងការទទួលថវិកាគាំទ្រពីរាជរដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍អាស៊ី ADB សម្រាប់គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ។ ឯកឧត្តមប្រធានក៏បានជម្រាបជូនអង្គវេទិកាទាក់ទងនឹងសារប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជស្រូវគុណភាពល្អ ការធ្វើកិច្ចសន្យាកសិកម្ម និងការភ្ជាប់ទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធនីមួយៗ ជាពិសេសយើងត្រូវ កសាងសហគមន៍កសិកម្មឲ្យរឹងមាំ ទើបអាចធ្វើជាដៃគូរកិច្ចសន្យាជាមួយអ្នកជំនួញ ឬរោងម៉ាសុីនកិនស្រូវបាន ។ បច្ចុប្បន្នក្រសួងកសិកម្ម ក៏បាននិងកំពុងជំរុញកសាងច្បាប់ស្ដីពីផលិតកម្មតាមកិច្ចសន្យា ដើម្បីជំរុញការធ្វើកិច្ចសន្យាកសិកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យបញ្ចេញមតិ និងពិភាក្សាគ្នាឱ្យបានផុលផុស និងឈានដល់ការចុះកិច្ចសន្យាផលិតគ្រាប់ពូជស្រូវ និងផ្គត់ផ្គង់ស្រូវចំណីនាពេលអនាគត។

ចេញ​ផ្សាយ​ ២៤ មិថុនា ២០២០ 127

កិច្ចប្រជុំស្តីពីការប្រេីប្រាស់បច្ចេកវិទ្យាRIICE ក្នុងផលិតកម្មដំណាំស្រូវនៅប្រទេសកម្ពុជា

ថ្ងៃអង្គារ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០​ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានបើកកិច្ចប្រជុំស្តីពីការប្រេីប្រាស់បច្ចេកវិទ្យាRIICE ក្នុងផលិតកម្មដំណាំស្រូវនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារថ្នាក់ជាតិ​ និងថ្នាក់ខេត្ត​ ដែលក្នុងនោះរួមមានខេត្តព្រៃវែង ស្វាយរៀង បាត់ដំបង ពោធិ៍សាត់ តាកែវ និងខេត្តកណ្តាល ដោយអ្នកចូលរួមសរុបមានចំនួន២៩នាក់(ស្រី៦នាក់)។ កិច្ចប្រជុំ​នេះ មានគោលបំណងដើម្បីផ្សព្វផ្សាយអំពីបច្ចេកវិទ្យាRIICE ពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង RIICE Phase III និងលើកទិសដៅអនុវត្តបន្ត។ គម្រោង នេះ ទទួលបានកិច្ចសហការជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ(SDC)៕

 
វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អង្គភាពក្រោមឱវាទ

អាសយដ្ឋាន:លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អ៊ីមែល :info.gdamaff@gmail.com

ទូរស័ព្ទ :(855) 23 888 427

ទូរសារ :(855) 23 888 427

ហ្វេសប៊ុក : អគ្គនាយកដ្ឋានកសិកម្ម / Genearal Directorate of Agriculture

វែបសាយ :http://gda.maff.gov.kh