ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 126

កិច្ចជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានកសិកម្មជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) នៃប្រទេសជប៉ុន ដឹកនាំដោយលោកបណ្ឌិត Tsuchikawa Satoru សាកលវិទ្យាធិការនៃសាកលវិទ្យាល័យណាហ្គូយ៉ា និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ដឹកនាំដោយលោកស្រីបណ្ឌិត Nurmi Pangesti មន្ត្រីជាន់ខ្ពស់នៃ IRRI ប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំដើម្បីគឺ៖១). ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម និង ២). បង្ហាញអំពីផែនការនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្មសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងទទួលបានលទ្ធផលដូចតទៅ៖ ១). សាកលវិទ្យាល័យណាហ្គូយ៉ា និងអគ្គនាយកដ្ឋានកសិកម្ម នឹងពង្រីកសកម្មភាពបណ្តុះបណ្តាលលើការងារក្រោយប្រមូលផល (Post-harvest) លើដំណាំ ជាពិសេសស្រូវ-អង្ករ ២). សាកលវិទ្យាល័យណាហ្គូយ៉ាសន្យាថានឹងទទួលយកមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្មឱ្យទៅសិក្សាបន្តនៅកម្រិតក្រោយឧត្តមនៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៣ ៣). អគ្គនាយកដ្ឋានកសិកម្ម នឹងចូលរួមក្នុងសិក្ខាសាលាស្រាវជ្រាវរកប្រភេទពូជស្រូវដែលធន់នឹងទឹកប្រៃ គាំទ្រដោយសាកលវិទ្យាល័យណាហ្គូយ៉ា ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ និង ៤). អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យណាហ្គូយ៉ាឱ្យកាន់តែល្អប្រសើរ៕

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 83

កិច្ចជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានកសិកម្មជាមួយតំណាងក្រុមហ៊ុន ETC Cambodia និង ក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ETC Cambodia និង ក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd។ គោលបំណងនៃកិច្ចប្រជុំដេីម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើមដេីម្បីប្រេីប្រាស់លើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន ETC Cambodia និងក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd ចំពោះការផ្តួចផ្តើមក្នុងកិច្ចសហប្រតិបត្តិការលើការងារត្រួតពិនិត្យគុណភាពអង្ករដែលស្របទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការនាំចេញអង្ករ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា លទ្ធភាពនៃការត្រួតពិនិត្យគុណភាពអង្ករដោយស្ថាប័នរដ្ឋគឺនៅមានកម្រិតនៅឡើយពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់មន្ត្រី និងសម្ភារពិសោធន៍គុណភាពអង្ករ។ ការនាំចេញអង្ករគឺធ្វើឡើងដោយក្រុមហ៊ុនឯកជន មុននឹងនាំអង្ករចេញទៅក្រៅប្រទេស ក្រុមហ៊ុនឯកជនទាំងនោះត្រូវផ្ញើសំណាកអង្ករយកទៅវិភាគនៅក្រៅប្រទេស ដែលធ្វើឱ្យថ្លៃដើមកើនឡើង និងចំណាយពេលវេលាច្រើន។
លោក Norihiro Yoshida ប្រធានគ្រប់គ្រងទូទៅនៃ International Sales Department នៃក្រុមហ៊ុន KETT Electric Laboratory Co., Ltd និងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូ និងអង្គប្រជុំអំពីសាវតា និងការផ្តួចផ្តើមក្នុងការបង្កើតគម្រោងកិច្ចសហការនេះ។ លោកបានបន្តដូច្នេះថា ដោយទទួលបានការគាំទ្រថវិកាពី JICA ក្រុមហ៊ុនបានរៀបចំ និងអនុវត្តគម្រោងស្រាវជ្រាវអំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើមលើគ្រាប់រុក្ខជាតិ ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល០១ឆ្នាំ គិតចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ក្រុមហ៊ុនត្រូវប្រមូលព័ត៌មានសំខាន់ៗដើម្បីត្រៀមអនុវត្តនៅដំណាក់កាលទី២ដែលមានរយៈពេលពីមួយឆ្នាំកន្លះទៅពីរឆ្នាំ។  នៅក្នុងដំណាក់កាលទី២នេះ សកម្មភាពចម្បងដែលត្រូវអនុវត្ត រួមមាន ១). ការវិភាគគុណភាពអង្ករដោយប្រើប្រាស់មន្ទីរពិសោធន៍ ២). ការណែនាំពីឧបករណ៍តេស្តសំណើម និងសារៈសំខាន់ៗនៃឧបករណ៍នេះដែលគ្រោងធ្វើសាកល្បងនៅខេត្តព្រៃវែង និងបាត់ដំបង និង ៣). ការផ្សព្វផ្សាយពីឧបករណ៍តេស្តសំណើមជូនដល់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មដំណាំ។ ទោះបីជាយ៉ាងនេះក្តី ដើម្បីឱ្យការងារទាំងនេះអនុវត្តទៅបាន ក្រុមហ៊ុនត្រូវការធាតុចូលបន្ថែមពាក់ព័ន្ធទៅនឹងតម្រូវការរបស់កម្ពុជា និងការគាំទ្ររបស់អគ្គនាយកដ្ឋានកសិកម្ម ទៅលើសំណើដែលក្រុមហ៊ុនគ្រោងនឹងបញ្ជូនទៅ JICA ដើម្បីពិនិត្យ និងអនុម័តនៅក្នុងខែកញ្ញាខាងមុខនេះ។ ក្នុងករណីដែល JICA ឯកភាពលេីសំណេី​ លោកនឹងស្នើសុំអគ្គនាយកដ្ឋានកសិកម្ម ធ្វើជាដៃគូសហការ និងរៀបចំឯកសារចាំបាច់មួយចំនួនទៀតដែលគាំទ្រដល់ដំណើរការអនុវត្តគម្រោង។  
ជាការឆ្លើយតប ឯកឧត្តមប្រតិភូ និងសហការី បានគាំទ្រចំពោះការលើកឡើងខាងលើ និងបានសំណូមពរឱ្យក្រុមហ៊ុនបញ្ចូលការងារធ្វើតេស្តសំណើមគ្រាប់អង្ករ និងប៉ារ៉ាម៉ែត្រនៃការវិភាគគុណភាពអង្ករឱ្យបានគ្រប់ជ្រុងជ្រោយជាចំណុចអាទិភាពនៅក្នុងសំណើសុំទៅ JICA។
មុននឹងបញ្ចប់ ឯកឧត្តមប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍ថា គម្រោងខាងលើពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការពង្រឹងគុណភាពអង្ករនៅក្នុងស្រុក ពង្រឹងសមត្ថភាពមន្ត្រីក្នុងការវិភាគសំណើមគ្រាប់អង្ករ និងធានាគុណភាពអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។  ឯកឧត្តមមានសេចក្តីរីករាយក្នុងការអនុវត្តគម្រោងជាមួយក្រុមហ៊ុនក្នុងដំណាក់កាលទី២នេះ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានមានប្រសាសន៍ថា ក្នុងនាមអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជារូបឯកឧត្តមផ្ទាល់ និងប្រជាជនកម្ពុជា សូមសម្តែងនូវសមាណទុក្ខ និងសោកស្តាយជាពន់ពេកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ការបាត់បង់លោក Shinzo Abe គឺជាការបាត់រដ្ឋបុរសដ៏លេចធ្លោររបស់ជប៉ុន ហើយប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា នៅតែមិនភ្លេចចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Shinzo Abe ចំពោះការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា៕

ចេញ​ផ្សាយ​ ០៨ កក្កដា ២០២២ 122

កិច្ចប្រជុំពិនិត្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរកិល​ ឆ្នាំ២០២៣​-២០២៥​ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម

នៅថ្ងៃព្រហស្បតិ៍​ ៩កើត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០២២​ នៅអគ្គនាយកដ្ឋានកសិកម្ម​ បានរៀបចំកិច្ចប្រជុំពិនិត្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរកិល​ ឆ្នាំ២០២៣​-២០២៥​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ងិន​ ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។    កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម​ ប្រធាននិងអនុប្រធាននាយកដ្ឋាននិងមន្ទីរពិសោធន៍​ និងមន្ត្រីជំនាញសរុបចំនួន៣០នាក់​ (ស្ត្រី៨នាក់)។ ជាលទ្ធផល​ អង្គប្រជុំបានកំណត់សកម្មភាពជាអាទិភាពសម្រាប់គាំទ្រអនុវិស័យដំណាំឱ្យប្រេីប្រាស់ថវិកាកាន់តែមានប្រសិទ្ធភាពខ្ពស់និងចូលរួមលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លេីយតបវិបត្តិកូវីដ​១៩​ និងផល៉ះពាល់ពីសង្រ្គាមរវាងប្រទេសរុស្សីនិងអ៊ុយក្រែន៕

ចេញ​ផ្សាយ​ ២២ មិថុនា ២០២២ 154

កិច្ចប្រជុំពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ

ព្រឹកថ្ងៃអង្គារ​ ៧រោច ខេជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យផែនការ និងស្ថិតិ នៃនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំជាមួយទីប្រឹក្សាអភិវឌ្ឍន៍ប្រព័ន្ធ និងមន្រ្តីពាក់ព័ន្ធ ដើម្បីពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ ដែលទទួលបានការគាំទ្រថវិការដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។ ប្រព័ន្ធខាងលើ ត្រូវបានបង្កើតចាប់តាំងពីឆ្នាំ២០២១ មកម្លេះ និងបានប្រជុំឆ្លងកែសម្រួលជាច្រើនលើក ច្រើនសារ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលទៅដល់មន្រ្តីពាក់ព័ន្ធនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ពីរបៀបប្រើប្រាស់ និងបញ្ចូលទិន្នន័យរួចរាល់ផងដែរ ក៏ប៉ុន្តែនៅមានចំណុចមួយចំនួនត្រូវបានលើកឡើង និងសំណូមពរឱ្យមានការកែតម្រូវពីអ្នកពាក់ព័ន្ធ។ ជាលទ្ធផលនៃកិច្ចប្រជុំថ្មីៗនេះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំត្រូវបានកែសម្រួល នឹងអាចដាក់ឱ្យដំណើរការនាពេលខាងមុខដ៏ខ្លី។

ចេញ​ផ្សាយ​ ១១ មិថុនា ២០២២ 181

សិក្ខាសាលាស្តីពី “កសិកម្មសរីរាង្គ៖ ឱកាស និងសក្តានុពលនៃការអនុវត្តនៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានការពារដំណាំ  អនាម័យ និងភូតគាមអនាម័យ ដោយមានកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម និងអង្គការ GIZ  ក្នុងការអនុវត្តគម្រោងការពង្រឹងប្រព័ន្ធកសិកម្មបន្សាំអាកាសធាតុ (CRAS) នៅក្នុងប្រទេសកម្ពុជា និងវៀតណាម បានរៀបចំសិក្ខាសាលាស្តីពី “កសិកម្មសរីរាង្គ៖ ឱកាស និងសក្តានុពលនៃការអនុវត្តនៅក្នុងប្រទេសកម្ពុជា” នៅសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោកស្រីបណ្ឌិត Astrid Faust ប្រធានគម្រោង CRAS និងលោក គី វិសាល សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យក្រចេះ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនៃនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី តំណាងដៃគូរអភិវឌ្ឍន៍ ក្រុមអ្នកផលិត-កសិកម្ម សហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម និងសាស្ត្រាចារ្យ-និស្សិតនៃសាកលវិទ្យាល័យក្រចេះ សរុបប្រមាណ ៦០រូប។ សិក្ខាសាលានេះមានគោលបំណងផ្តល់នូវបច្ចេកទេស បង្ហាញពីឱកាសនិងសក្តានុពលកសិកម្មសរីរាង្គនៃព្រះរាជាណាចក្រកម្ពុជាដល់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម។
សិក្ខាសាលាទទួលបានលទ្ធផលដូចខាង៖
-បានធ្វើការផ្សព្វផ្សាយពីវិធាននិងប្រព័ន្ធវិញ្ញាបនបត្រកម្ម សម្រាប់ការអនុវត្តកសិកម្មសរីរាង្គកម្ពុជា ដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
-បានធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ និងដំណើរការនៃការស្នើសុំវិញ្ញាបនបត្រកសិកម្មស្តង់ដារសរីរាង្គនៅកម្ពុជា ដោយក្រុមហ៊ុនខនត្រូ យូនៀន (Control Union-Cambodia)
-បានធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ក្នុងការអនវុត្តកសិកម្មសរីរាង្គ ដោយក្រុមហ៊ុន Amru Rice
-សិក្ខាសាលាបានធ្វើការពិភាក្សាដើម្បីរកបញ្ហាប្រឈមចំបងៗ  និងដំណោះស្រាយនៃការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជា។

ចេញ​ផ្សាយ​ ០៧ មិថុនា ២០២២ 191

សិក្ខាសាលាថ្នាក់ជាតិរវាងវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា

ថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជារៀបចំបើកសិក្ខាសាលាថ្នាក់ជាតិរវាងវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Food and Vegetable និងលោក Frank Jattke ប្រធានក្រុមការងារគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមសរុបចំនួន៤០នាក់ដែលក្នុងនោះមានស្រ្តីចំនួន០៩នាក់។

គម្រោងបានរៀបចំសិក្ខាសាលាចំនួនបីលើកដែលក្នុងនោះមានពីរលើកជាសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដោយផ្អែកលើភូមិសាស្ត្រនៃផលិតកម្មដំណាំម្ទេស និងមួយលើកទៀតជាសិក្ខាសាលាថ្នាក់ជាតិដែលផ្តោតសំខាន់ទៅលើរៀបចំគោលការណ៍ណែនាំសម្រាប់ការនាំចេញម្ទេសនៅកម្ពុជា។

គោលបំណងរួមនៃសិក្ខាសាលានេះគឺដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំគោលការណ៍ណែនាំសម្រាប់ផលិតកម្ម និងការនាំចេញម្ទេស និងគោលបំណងជាក់លាក់រួមមាន៖

•  ដើម្បីបង្ហាញលទ្ធផល បញ្ហាប្រឈម សក្តានុពល និងបទពិសោធន៍សំខាន់ៗនៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជាតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ទាំងពីរលើក

•  ដើម្បីប្រមូលធាតុចូល និងអនុសាសន៍ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មម្ទេសនៅកម្ពុជា។

បច្ចុប្បន្នដំណាំម្ទេសអាចចាត់ទុកថាជាដំណាំយុទ្ធសាស្ត្រមួយដែលមានតម្រូវការក្នុងស្រុក និងជាពិសេសការនាំចេញក្រៅប្រទេសគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២១កម្ពុជាបាននាំចេញម្ទេសចំនួនប្រហែល ៩៨ ៣៨៧តោន ក្នុងនោះមានផលិតផលម្ទេសស្ងួតចំនួន២ ១៦០តោន។ បរិមាណនាំចេញនេះគិតជារួមទាំងផលិតផលក្នុងស្រុក និងការឆ្លងកាត់ពីប្រទេសជិតខាង។ ការនាំចេញនេះភាគច្រើនទៅប្រទេសថៃ និងមានសក្តានុពលទីផ្សារជាច្រើនទៀតសម្រាប់នាំចេញផលិតផលម្ទេស ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ីព្រមទាំងប្រទេសជាច្រើនទៀតនៅអឺរ៉ុប។

ចេញ​ផ្សាយ​ ២៧ ឧសភា ២០២២ 223

សិក្ខាសាលា/វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្ថិតិដំណាំតាមប្រព័ន្ធឌីជីថល (Crop System)

ថ្ងៃព្រហស្បត្តិ៍ និងសុក្រ ១១ និង១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ និង២៧ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលា/វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្ថិតិដំណាំតាមប្រព័ន្ធឌីជីថល (Crop System) ក្រោមការគាំទ្រថវិកាដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ សិក្ខាសាលា/វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម និងជានាយកកម្មវិធីកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងលោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាលោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តី និងសិក្ខាកាមមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចំនួន៩០នាក់
គោលបំណងនៃសិក្ខាសាលា/វគ្គបណ្តុះបណ្តាលនេះគឺ៖
១. បណ្តុះបណ្តាលពីរបៀបប្រើប្រាស់ប្រព័ន្ធ
២. ការអនុវត្តបញ្ចូលទិន្នន័យ និងប្រើប្រាស់ផ្ទាល់ដោយអ្នកចូលរួម
៣. សំណួរចម្លើយ សំណូមពរ និងបញ្ហាប្រឈមនានា។
គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំកសិកម្មជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។

ចេញ​ផ្សាយ​ ១០ ឧសភា ២០២២ 325

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងការនាំចេញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់ពូជរុក្ខជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (USAID) នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងការនាំចេញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់ពូជរុក្ខជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា (Prakas on Seed Movement Management in Cambodia) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនាយកដ្ឋានពូជដំណាំ តំណាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន១៦រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលសម្រាប់គាំទ្រលើសេចក្តីព្រាងប្រកាសនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយស្របតាមទិដ្ឋភាពបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សេចក្តីព្រាងប្រកាសនេះ រួមមាន៤ជំពូក ៣៦មាត្រា និង៥ឧបសម្ព័ន្ធ និងកំណត់អំពីការត្រួតពិនិត្យភូតគាមអនាម័យក្នុងការនាំចេញ នាំចូល ឆ្លងកាត់ ដឹកជញ្ជូន ក្នុងព្រះរាជាណាចក្រកម្ពុជានូវគ្រប់ពូជរុក្ខជាតិដែលជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃបង្កគ្រោះថ្នាក់ ដើម្បីការពារផលិតកម្មកសិកម្ម ជីវសាស្រ្តចម្រុះ និងសម្រួលសកម្មភាពពាណិជ្ជកម្មជាអន្តរជាតិ។

 

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អង្គភាពក្រោមឱវាទ

អាសយដ្ឋាន:លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អ៊ីមែល :info.gdamaff@gmail.com

ទូរស័ព្ទ :(855) 23 888 427

ទូរសារ :(855) 23 888 427

ហ្វេសប៊ុក : អគ្គនាយកដ្ឋានកសិកម្ម / Genearal Directorate of Agriculture

វែបសាយ :http://gda.maff.gov.kh