ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ២៧ មីនា ២០២៣ 40

កិច្ចប្រជុំរៀបចំផែនការសកម្មភាពនិងថវិកាលម្អិតឆ្នាំ២០២៤

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពនិងថវិកាលម្អិតឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សានិងកែសម្រួលផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងក្នុងផលិតម្មដំណាំឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាលទ្ធផល អង្គប្រជុំបានកំណត់ចង្កោកសកម្មភាពសំខាន់ចំនួន៣ គឺចង្កោមសកម្មភាពទី១៖ ការងារស្រាវជ្រាវសំខាន់ៗមានដូចជា ការបន្សុទ្ធនិងអភិវឌ្ឍន៍ពូជដំណាំ ការគ្រប់គ្រងដីនិងប្រើប្រាស់ជី ការការពារដំណាំ និងប្រព័ន្ធស្រោចស្រព។ល។ ចង្កោមសកម្មភាពទី២៖ គម្រោងអាទិភាពសំខាន់ៗដើម្បីជំរុញផលិតកម្មដំណាំមានដូចជា ស្រូវ-អង្ករ ស្វាយ ទុរេន មៀន ពោត ស្វាយចន្ទី ដំឡូងមី និងដំណាំម្រេច និងចង្កោមសកម្មភាពទី៣៖ សកម្មភាពគាំទ្រ មានដូចជា ការបញ្ជាក់វិញ្ញាបនបត្រ GAP ការងារគ្រប់គ្រងស្ថិតិដំណាំ ការវាស់ស្ទង់ទិន្នផលដំណាំ ការសិក្សាថ្លៃដើមផលិតកម្មដំណាំ ពិសោធន៍វាយតម្លៃធាតុចូលកសិកម្មនិងគុណភាពកសិផល ការបញ្ជាក់គុណភាពគ្រាប់ពូជនិងការត្រួតពិនិត្យគុណភាពគ្រាប់ពូជដំណាំ ការចុះបញ្ជីប្រភេទពូជដំណាំនៅកម្ពុជា ការត្រួតពិនិត្យការធ្វើអាជីវកម្មគ្រាប់ពូជ ការរៀបចំបណ្តុំនិងតភ្ជាប់ជាបណ្តាញរវាងអ្នកផលិត អ្នកប្រមូលទិញ និងអ្នកប្រើប្រាស់ឬរោងចក្រកែច្នៃ និងការរៀបចំបទដ្ឋានគតិយុត្ត។

ចេញ​ផ្សាយ​ ២៨ តុលា ២០២២ 3420

ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧  ខែតុលា  ឆ្នាំ២០២២  ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចូលរួមពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន  ក្រោមអធិបតីភាពឯកឧត្តម  ឌិត  ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  និងឯកឧត្តម  វ៉ាង  វិនធាន  អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា  នៅទីស្ដីការក្រសួងកសិកម្ម។
តាមរយៈកិច្ចសហការប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជានិងចិន ធ្វើឱ្យដំណើរការចរចាបើកទីផ្សារមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានទទួលជោគជ័យយ៉ាងឆាប់រហ័ស ក្នុងនោះបើទោះក្នុងបរិបទនៃការរីករាលជំងឺកូវីដ-១៩ ក៏កិច្ចដំណើរវាយតម្លៃត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ដែលភាគីចិនមានការយោគយល់ខ្ពស់និងសម្រួលការងារយ៉ាងច្រើនចំពោះភាគីកម្ពុជា។
ជាលទ្ធផល នៅដំណាក់កាលទី១នេះ ចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ បានទទួលការឯកភាពសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

ចេញ​ផ្សាយ​ ២១ តុលា ២០២២ 3202

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកគ្រាប់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់នៅរដូវវស្សាឆ្នាំ២០២២

ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចែកគ្រាប់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់នៅរដូវវស្សាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រព្រឹត្តនៅមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងពិធីចែកគ្រាប់ពូជស្រូវ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាកសិករដែលមានដំណាំរងផលប៉ះពាល់និងខូចខាតដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជួយដល់កសិករ និងអន្តរាគមន៍ស្តារឡើងវិញនូវផលប៉ះពាល់ ខូចខាតដំណាំកសិកម្មដោយគ្រោះទឹកជំនន់នេះ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យរួសរាន់ចុះវាយតម្លៃការខូចខាតដើម្បីពិនិត្យលទ្ធភាពផ្ដល់ជូនគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យទាន់ពេលវេលា ក្នុងគោលបំណងធានាសន្តិសុខស្បៀងដល់ប្រជាកសិករក្រក្រីដែលងាយរងគ្រោះ។
បន្ទាប់មក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់ប្រជាកសិករអំពីបច្ចេកទេសដាំដុះ និងការប្រើប្រាស់ពូជឱ្យទទួលបានទិន្នផលខ្ពស់ដូចជា (១) ការរៀបចំដីឱ្យបានរាបស្មើល្អមុនធ្វើការពង្រួស (២). កម្ចាត់ស្មៅឱ្យស្អាតល្អដើម្បីជៀសវាងការប្រកួតស្រូបជីពីសំណាក់ស្មៅចង្រៃ (៣). ការប្រើប្រាស់ជីត្រូវប្រើប្រភេទជីតាមបច្ចេកទេសណែនាំ (៤). និងការគ្រប់គ្រងទឹកក្នុងស្រែឱ្យបានសមស្រប។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម គន់ គីម ក៏បានពាំនាំសេចក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាកសិករទាំងអស់ និងជូនពរឱ្យប្រជាកសិករទាំងអស់ទទួលបានសុខ សុភមង្គល និងវិបុលសុខគ្រប់ប្រការ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អជ្ញាធរមូលដ្ឋានដែលយកចិត្តទុកដាក់ចុះស្រង់ស្ថិតិដំណាំកសិកម្មដែលរងផលប៉ះពាល់និងខូចខាត និងកសិកររងគ្រោះយ៉ាងសស្រាក់សស្រាំ ដែលជាមូលដ្ឋានសម្រាប់ក្រុមការងារចុះអន្តរាគមន៍ និងមានវិធានការណ៍សង្គ្រោះ និងស្តារការខូចខាតបានទាន់ពេលវេលា។
បន្ទាប់កម្មវិធីចែកគ្រាប់ពូជស្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានជួបប្រជុំជាមួយអាជ្ញាធរខេត្ត និងមន្ទីរជំនាញនានាជុំវិញខេត្តដើម្បីផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់និងខូចខាតលើដំណាំកសិកម្មគ្រប់ប្រភេទ និងលទ្ធភាពស្ដារឡើងវិញ។ ជាលទ្ធផល ខេត្តក្រចេះបានស្ដាររួចរាល់១០០% លើផ្ទៃដីអាចស្ដារចំនួន ២ ៧៨៤ហិកតា ដោយប្រើប្រាស់គ្រាប់ពូជចំនួន ២៨១,៦តោន។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ និងបានស្វែងយល់ពីការប្រើប្រាស់ជីរបស់កសិករលើដីស្រែដែលកំពុងស្ដារ ដើម្បីជៀសវាងការប្រើប្រាស់ជីលើសកម្រិតកំណត់ដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាពនិងការលូតលាស់របស់ដំណាំស្រូវ៕

 

ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២២ 3671

សកម្មភាពចុះពិនិត្យការងារស្រាវជ្រាវលើការអភិរក្សដីកសិកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការរងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម រួមជាមួយលោក លោកស្រីជាអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងក្រុមជំនាញការ CIRAD បានចុះពិនិត្យការងារស្រាវជ្រាវលើការអភិរក្សដីកសិកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (បុរខ្នុរ) ស្ថិតនៅស្រុកចំការលើខេត្តកំពង់ចាមដែលមានអ្នកចូលរួមសរុប២០នាក់(ស្រី ៤នាក់)។

សកម្មភាពរបស់ក្រុមការងាររួមមាន៖ ១). បានពិនិត្យលើការពិសោធនៃប្រព័ន្ធដាំដុះដំណាំតាមបច្ចេកទេសកសិកម្មអភិរក្ស ការពិសោធវាយតម្លៃគុណភាពដីក្នុងលក្ខខណ្ឌកសិកម្មអភិរក្ស ការពិសោធវាយតម្លៃពូជដំណាំ ការដាំពង្រីកគ្រាប់ពូជដំណាំគម្របដី និងការបង្ហាញពីសារៈប្រយោជន៍នៃបច្ចេកទេសកសិកម្មអភិរក្សក្នុងការអភិរក្សគុណភាពដីកសិកម្មប្រកបដោយផលិតភាព និងនិរន្តរភាព ២). បានពិនិត្យឧបករណ៍ដាំដោយមិនភ្ជួរដី  ឧបករណ៍កិនពង្រាបដំណាំគម្របដីស្រស់ដោយមិនបាច់បាញ់ថ្នាំគីមីបង្រាប និងឧបករណ៍ដាំនិងដកមើមដំឡូងមី និង៣).បានពិនិត្យអាគារសម្រាប់វគ្គបំពាក់បំប៉ន អាគារការិយាល័យ និងឃ្លាំងរក្សាទុកគ្រាប់ពូជដំណាំគម្របដី និងដំណាំផ្សេងៗទៀតសរុបចំនួន៥១ប្រភេទ និងជាង៣០០ពូជ។

សូមបញ្ជាក់ថា កសិកម្មអភិរក្សជាបច្ចេកទេសដែលជួយអភិរក្សដីកសិកម្មដោយរក្សានូវស្ថេរភាពនៃគុណភាពដី សុខភាពដី និងផលិតភាពដី។ វាមានគោលការណ៍អនុវត្តន៍៣សំខាន់ៗគឺ៖ ការដាំ ដំណាំដោយមិនភ្ជួរដី ការរក្សាឱ្យមានគម្របដីជាប្រចាំ និងការដាំដំណាំបង្វិល។ ការវិវត្តន៍ថ្មីនៃបច្ចេកទេសកសិកម្មអភិរក្សគឺ ការបញ្ឈប់ការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ និងជំនួសដោយការប្រើដំណាំគម្របដីស្រស់វិញ។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មតាមរយៈទូរស័ព្ទលេខ ០១២ ៨០៤ ១៨១។

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 2540

កិច្ចជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានកសិកម្មជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) នៃប្រទេសជប៉ុន ដឹកនាំដោយលោកបណ្ឌិត Tsuchikawa Satoru សាកលវិទ្យាធិការនៃសាកលវិទ្យាល័យណាហ្គូយ៉ា និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ដឹកនាំដោយលោកស្រីបណ្ឌិត Nurmi Pangesti មន្ត្រីជាន់ខ្ពស់នៃ IRRI ប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំដើម្បីគឺ៖១). ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម និង ២). បង្ហាញអំពីផែនការនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្មសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងទទួលបានលទ្ធផលដូចតទៅ៖ ១). សាកលវិទ្យាល័យណាហ្គូយ៉ា និងអគ្គនាយកដ្ឋានកសិកម្ម នឹងពង្រីកសកម្មភាពបណ្តុះបណ្តាលលើការងារក្រោយប្រមូលផល (Post-harvest) លើដំណាំ ជាពិសេសស្រូវ-អង្ករ ២). សាកលវិទ្យាល័យណាហ្គូយ៉ាសន្យាថានឹងទទួលយកមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្មឱ្យទៅសិក្សាបន្តនៅកម្រិតក្រោយឧត្តមនៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៣ ៣). អគ្គនាយកដ្ឋានកសិកម្ម នឹងចូលរួមក្នុងសិក្ខាសាលាស្រាវជ្រាវរកប្រភេទពូជស្រូវដែលធន់នឹងទឹកប្រៃ គាំទ្រដោយសាកលវិទ្យាល័យណាហ្គូយ៉ា ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ និង ៤). អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យណាហ្គូយ៉ាឱ្យកាន់តែល្អប្រសើរ៕

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 2510

កិច្ចជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានកសិកម្មជាមួយតំណាងក្រុមហ៊ុន ETC Cambodia និង ក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ETC Cambodia និង ក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd។ គោលបំណងនៃកិច្ចប្រជុំដេីម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើមដេីម្បីប្រេីប្រាស់លើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន ETC Cambodia និងក្រុមហ៊ុនជប៉ុន KETT Electric Laboratory Co., Ltd ចំពោះការផ្តួចផ្តើមក្នុងកិច្ចសហប្រតិបត្តិការលើការងារត្រួតពិនិត្យគុណភាពអង្ករដែលស្របទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការនាំចេញអង្ករ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា លទ្ធភាពនៃការត្រួតពិនិត្យគុណភាពអង្ករដោយស្ថាប័នរដ្ឋគឺនៅមានកម្រិតនៅឡើយពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់មន្ត្រី និងសម្ភារពិសោធន៍គុណភាពអង្ករ។ ការនាំចេញអង្ករគឺធ្វើឡើងដោយក្រុមហ៊ុនឯកជន មុននឹងនាំអង្ករចេញទៅក្រៅប្រទេស ក្រុមហ៊ុនឯកជនទាំងនោះត្រូវផ្ញើសំណាកអង្ករយកទៅវិភាគនៅក្រៅប្រទេស ដែលធ្វើឱ្យថ្លៃដើមកើនឡើង និងចំណាយពេលវេលាច្រើន។
លោក Norihiro Yoshida ប្រធានគ្រប់គ្រងទូទៅនៃ International Sales Department នៃក្រុមហ៊ុន KETT Electric Laboratory Co., Ltd និងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូ និងអង្គប្រជុំអំពីសាវតា និងការផ្តួចផ្តើមក្នុងការបង្កើតគម្រោងកិច្ចសហការនេះ។ លោកបានបន្តដូច្នេះថា ដោយទទួលបានការគាំទ្រថវិកាពី JICA ក្រុមហ៊ុនបានរៀបចំ និងអនុវត្តគម្រោងស្រាវជ្រាវអំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើមលើគ្រាប់រុក្ខជាតិ ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល០១ឆ្នាំ គិតចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ក្រុមហ៊ុនត្រូវប្រមូលព័ត៌មានសំខាន់ៗដើម្បីត្រៀមអនុវត្តនៅដំណាក់កាលទី២ដែលមានរយៈពេលពីមួយឆ្នាំកន្លះទៅពីរឆ្នាំ។  នៅក្នុងដំណាក់កាលទី២នេះ សកម្មភាពចម្បងដែលត្រូវអនុវត្ត រួមមាន ១). ការវិភាគគុណភាពអង្ករដោយប្រើប្រាស់មន្ទីរពិសោធន៍ ២). ការណែនាំពីឧបករណ៍តេស្តសំណើម និងសារៈសំខាន់ៗនៃឧបករណ៍នេះដែលគ្រោងធ្វើសាកល្បងនៅខេត្តព្រៃវែង និងបាត់ដំបង និង ៣). ការផ្សព្វផ្សាយពីឧបករណ៍តេស្តសំណើមជូនដល់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មដំណាំ។ ទោះបីជាយ៉ាងនេះក្តី ដើម្បីឱ្យការងារទាំងនេះអនុវត្តទៅបាន ក្រុមហ៊ុនត្រូវការធាតុចូលបន្ថែមពាក់ព័ន្ធទៅនឹងតម្រូវការរបស់កម្ពុជា និងការគាំទ្ររបស់អគ្គនាយកដ្ឋានកសិកម្ម ទៅលើសំណើដែលក្រុមហ៊ុនគ្រោងនឹងបញ្ជូនទៅ JICA ដើម្បីពិនិត្យ និងអនុម័តនៅក្នុងខែកញ្ញាខាងមុខនេះ។ ក្នុងករណីដែល JICA ឯកភាពលេីសំណេី​ លោកនឹងស្នើសុំអគ្គនាយកដ្ឋានកសិកម្ម ធ្វើជាដៃគូសហការ និងរៀបចំឯកសារចាំបាច់មួយចំនួនទៀតដែលគាំទ្រដល់ដំណើរការអនុវត្តគម្រោង។  
ជាការឆ្លើយតប ឯកឧត្តមប្រតិភូ និងសហការី បានគាំទ្រចំពោះការលើកឡើងខាងលើ និងបានសំណូមពរឱ្យក្រុមហ៊ុនបញ្ចូលការងារធ្វើតេស្តសំណើមគ្រាប់អង្ករ និងប៉ារ៉ាម៉ែត្រនៃការវិភាគគុណភាពអង្ករឱ្យបានគ្រប់ជ្រុងជ្រោយជាចំណុចអាទិភាពនៅក្នុងសំណើសុំទៅ JICA។
មុននឹងបញ្ចប់ ឯកឧត្តមប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍ថា គម្រោងខាងលើពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការពង្រឹងគុណភាពអង្ករនៅក្នុងស្រុក ពង្រឹងសមត្ថភាពមន្ត្រីក្នុងការវិភាគសំណើមគ្រាប់អង្ករ និងធានាគុណភាពអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។  ឯកឧត្តមមានសេចក្តីរីករាយក្នុងការអនុវត្តគម្រោងជាមួយក្រុមហ៊ុនក្នុងដំណាក់កាលទី២នេះ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានមានប្រសាសន៍ថា ក្នុងនាមអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជារូបឯកឧត្តមផ្ទាល់ និងប្រជាជនកម្ពុជា សូមសម្តែងនូវសមាណទុក្ខ និងសោកស្តាយជាពន់ពេកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ការបាត់បង់លោក Shinzo Abe គឺជាការបាត់រដ្ឋបុរសដ៏លេចធ្លោររបស់ជប៉ុន ហើយប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា នៅតែមិនភ្លេចចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Shinzo Abe ចំពោះការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា៕

ចេញ​ផ្សាយ​ ០៨ កក្កដា ២០២២ 2533

កិច្ចប្រជុំពិនិត្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរកិល​ ឆ្នាំ២០២៣​-២០២៥​ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម

នៅថ្ងៃព្រហស្បតិ៍​ ៩កើត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០២២​ នៅអគ្គនាយកដ្ឋានកសិកម្ម​ បានរៀបចំកិច្ចប្រជុំពិនិត្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរកិល​ ឆ្នាំ២០២៣​-២០២៥​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ងិន​ ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។    កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម​ ប្រធាននិងអនុប្រធាននាយកដ្ឋាននិងមន្ទីរពិសោធន៍​ និងមន្ត្រីជំនាញសរុបចំនួន៣០នាក់​ (ស្ត្រី៨នាក់)។ ជាលទ្ធផល​ អង្គប្រជុំបានកំណត់សកម្មភាពជាអាទិភាពសម្រាប់គាំទ្រអនុវិស័យដំណាំឱ្យប្រេីប្រាស់ថវិកាកាន់តែមានប្រសិទ្ធភាពខ្ពស់និងចូលរួមលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លេីយតបវិបត្តិកូវីដ​១៩​ និងផល៉ះពាល់ពីសង្រ្គាមរវាងប្រទេសរុស្សីនិងអ៊ុយក្រែន៕

ចេញ​ផ្សាយ​ ២២ មិថុនា ២០២២ 1763

កិច្ចប្រជុំពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ

ព្រឹកថ្ងៃអង្គារ​ ៧រោច ខេជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យផែនការ និងស្ថិតិ នៃនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំជាមួយទីប្រឹក្សាអភិវឌ្ឍន៍ប្រព័ន្ធ និងមន្រ្តីពាក់ព័ន្ធ ដើម្បីពិនិត្យកែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ ដែលទទួលបានការគាំទ្រថវិការដោយកម្មវិធីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ គួរគូសបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដំណាំជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីទទួលបន្ទុកការងារស្ថិតិតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត អាចបញ្ចូលទិន្នន័យតាមរយៈទូរស័ព្ទដៃ ធេប្លេត ឬកុំព្យូរទ័រ ហើយប្រព័ន្ធនេះនឹងធ្វើការរក្សាទុក និងគណនាដោយស្វ័យប្រវត្តិ។ ប្រព័ន្ធខាងលើ ត្រូវបានបង្កើតចាប់តាំងពីឆ្នាំ២០២១ មកម្លេះ និងបានប្រជុំឆ្លងកែសម្រួលជាច្រើនលើក ច្រើនសារ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលទៅដល់មន្រ្តីពាក់ព័ន្ធនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ពីរបៀបប្រើប្រាស់ និងបញ្ចូលទិន្នន័យរួចរាល់ផងដែរ ក៏ប៉ុន្តែនៅមានចំណុចមួយចំនួនត្រូវបានលើកឡើង និងសំណូមពរឱ្យមានការកែតម្រូវពីអ្នកពាក់ព័ន្ធ។ ជាលទ្ធផលនៃកិច្ចប្រជុំថ្មីៗនេះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំត្រូវបានកែសម្រួល នឹងអាចដាក់ឱ្យដំណើរការនាពេលខាងមុខដ៏ខ្លី។

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អង្គភាពក្រោមឱវាទ

អាសយដ្ឋាន:លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អ៊ីមែល :info.gdamaff@gmail.com

ទូរស័ព្ទ :(855) 23 888 427

ទូរសារ :(855) 23 888 427

ហ្វេសប៊ុក : អគ្គនាយកដ្ឋានកសិកម្ម / Genearal Directorate of Agriculture

វែបសាយ :http://gda.maff.gov.kh