ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ GIZ ដើម្បីផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការ

ចេញ​ផ្សាយ​ ០៦ មីនា ២០២០ 3101

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម និងអង្គភាពជំនាញ បានទទួលជួបពិភាក្សា ការងារជាមួយលោក Frank Jattke, ASEAN Team Leader of ASEAN Regional Economic Integration Program និងសហការីដែលអញ្ជើញមកពីអង្គការ GIZ។ គោលបំណងនៃ ជំនួបខាងលើគឺដើម្បីផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការ ជាមួយអគ្គនាយកដ្ឋានកសិកម្មសំដៅគាំទ្រដល់ការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម និងសិក្សាអំពីចំណុចអាទិភាពនានាដែល អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងអនុវត្តពាក់ព័ន្ធនឹងពាណិជ្ជកម្ម/ការនាំចេញផលិតផលកសិកម្ម និងស្តង់ដារសុវត្ថិភាពអាហារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍ចំពោះលោក Frank Jattke និងសហការីដែលអញ្ជើញមកពីអង្គការ GIZ និងកិច្ចសហប្រតិបត្តិការល្អជាមួយអគ្គនាយកដ្ឋានកសិកម្មនាពេលកន្លងមក តាមរយៈកិច្ចសហការលើគម្រោងនានា ជាអាទិ៍ គម្រោង Support of Regional Economic Cooperation in Asia (SRECA Project)។ បន្ទាប់មក លោក Frank Jattke បានបកស្រាយដោយសង្ខេបអំពីកម្មវត្ថុនៃកិច្ចប្រជុំនេះ និងបាន លើកឡើងអំពីគម្រោង SRECA Project ដែលទើបបានចាប់ផ្តើម អនុវត្តនាពេលថ្មីៗនេះ និងគម្រោង Promotion of Sustainable Agricultural Value Chain in ASEAN (ASEAN AgriTrade Project) ដែលទើបនឹងផ្តួចផ្តើមបង្កើត ឡើង។ ដោយសារគម្រោង ASEAN AgriTrade Project ពាក់ព័ន្ធនឹងការអនុវត្តកសិកម្មល្អ (GAP) និងអនាម័យនិងភូតគាម អនាម័យ (SPS) ឯកឧត្តមប្រតិភូ បានស្នើនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ សហការជាមួយអង្គការ GIZ ដើម្បី ពិភាក្សាលម្អិតអំពីផែនការសកម្មភាព ទំហំការងារ ទំហំថវិកា និងការ ចាត់មន្ត្រីរបស់នាយកដ្ឋានធ្វើជាមន្ត្រីបង្គោលសម្រាប់ទំនាក់ទំនង និងសហការអនុវត្តការងារជាមួយអង្គការ GIZ នៅក្នុងគម្រោងនេះ។