វគ្គបណ្ដុះបណ្តាលស្តីពីការបញ្ច្រាបចំណេះដឹងកសិអេកូឡូស៊ីសម្រាប់និរន្តរភាពផលិតកម្មដំណាំកសិកម្ម

ចេញ​ផ្សាយ​ ០១ តុលា ២០២៣ 4431

នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានគ្រប់គ្រងធនធាន ដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ច្រាបចំណេះដឹងកសិអេកូឡូស៊ីសម្រាប់និរន្តរភាពផលិតកម្មដំណាំកសិកម្មនៅស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិតីភាពលោកស្រី ទុយ សុខខេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម។ វគ្គបណ្ដុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍ (ASSET)។ សិក្ខាកាមចូលរួមមានចំនួន៥៣នាក់ (ស្រ្តី ២៤នាក់) មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង អាជ្ញាធរភូមិឃុំ សហគមន៍កសិកម្ម និងកសិករ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺការបញ្ជ្រាបចំណឹងអំពីកសិអេកូឡូស៊ីសម្រាប់និរន្តរភាពផលិតកម្មដំណាំស្រូវ ស្វាយចន្ទី និងដំឡូងមីនៅក្នុងតំបន់ដែលមានសក្តានុពលនិងសមស្របសម្រាប់ការអនុវត្តគោលការណ៍កសិអេកូឡូស៊ី ក្នុងកម្រិតដែនដីនៃខេត្តព្រះវិហារ។ លទ្ធផល និងខ្លឹមសារ នៃវគ្គបណ្តុះបណ្តាល នេះត្រូវបានអនុវត្តនៅក្នុងថ្នាក់ដោយការបញ្រ្ជាបចំណេះដឹងអំពី (១) គោលការណ៍ កសិអេកូឡូស៊ី និងការអនុវត្តកសិអេកូឡូស៊ីក្នុងផលិតកម្មដំណាំស្រូវ ស្វាយចន្ទី និងដំឡូងមីជាមូលដ្ឋាន និង (២) ទស្សនកិច្ចសិក្សានៅទីវាលបង្ហាញ ដែលបានអនុវត្តនៅក្នុងតំបន់ស្រោចស្រពចំនួនពីរដែលស្ថិតនៅក្នុងឃុំរីករាយ ស្រុក រវៀង ខេត្ត ព្រះ វិហារ គឺតំបន់ប្រព័ន្ធស្រោចស្រពអូរកំបោរ និងអូរសករាជ ហើយបានផ្តោតលើប្រព័ន្ធផលិតកម្មសំខាន់ៗរួមមាន៖ (១) ការដាំដំណាំគម្របដីស្ទីឡូ និងចង្ក្រងស្វាក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ (២) ផលិតកម្ម គ្រាប់ពូជស្ទីឡូក្នុងប្រព័ន្ធផលិតកម្មដំណាំស្វាយចន្ទី (៣) ផលិតកម្មគ្រាប់ពូជដំណាំគម្របដីស្ទីឡូ និងចង្ក្រំស្វាឆ្លាស់នឹងដំឡូងមី (៤) ការគ្រប់គ្រង សត្វល្អិតចង្រៃតាមគោលការកសិអេកូឡូស៊ី (ប្រើប្រាស់សត្វអង្ក្រង) និង (៥) ប្រព័ន្ធផលិតកម្មសត្វគោ ដោយប្រលែងលើវាលស្មៅចំណីសត្វ៕