សិក្ខាសាលាស្តីពីការបំពេញលក្ខខណ្ឌតម្រូវ សម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដល់សហគមន៍កសិកម្ម តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមអ្នកផលិត អជ្ញាធរភូមិ/ឃុំ និងមន្រ្តីកសិកម្មឃុំ

ចេញ​ផ្សាយ​ ២៩ វិច្ឆិកា ២០២៤ 1024

នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម  សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុនSignature of Asia បានរៀបចំសិក្ខាសាលាស្តីពីការបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបដល់សហគមន៍កសិកម្ម តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមអ្នកផលិត អាជ្ញាធរភូមិ/ឃុំ និងមន្រ្តីកសិកម្មឃុំ ក្រោមអធិបតីភាពលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៅតាមទីតាំង និងកាលបរិច្ឆេទដូចខាងក្រោម៖
- ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសហគមន៍កសិកម្មបុរីអភិវឌ្ឍន៍ ដែលមានអ្នកចូលរួមសរុបចំនួន ៣៥រូប
- រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាឃុំរហាល ដែលមានអ្នកចូលរួមសរុបចំនួន ៣៦រូប
- ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសហគមន៍កសិកម្មពោធិ៍រាំបុណ្យចម្រើនផល ដែលមានអ្នកចូលរួមសរុបចំនួន ៣២រូប
- រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាឃុំទ្រាស ដែលមានអ្នកចូលរួមសរុបចំនួន ២២រូប។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការយល់ដឹងបន្ថែមដល់សហគមន៍កសិកម្ម (ដំណាំស្រូវ) ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមកសិករផលិតស្រូវអំពី:
- ការគ្រប់គ្រង និងការប្រើប្រាស់ថ្នាំកសិកម្មស្របតាមបទដ្ឋានបច្ចេកទេសជាក់លាក់ ឱ្យចំគោលដៅនៃសមាសភាពចង្រៃ និងធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាព
- លក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់សហភាពអឺរ៉ុប។
ជាលទ្ធផល សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ក្នុងការការពាររុក្ខជាតិនិងភូតគាមអនាម័យ ដោយផ្ដោតលើការការពារសុខភាពរុក្ខជាតិ (Plant Health) និងកិច្ចសម្រួលពាណិជ្ជកម្មរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ សិក្ខាកាមក៏ទទួលបាននូវចំណេះដឹងអំពីនីតិវិធីត្រួតពិនិត្យភូតគាមអនាម័យមុនពេលនាំចេញ និងការគ្រប់គ្រងសមាសភាពចង្រៃ (ជំងឺប្លាស ជំងឺរលាកស្រទបស្លឹក ជំងឺអុចត្នោត មមាចត្នោត ដង្កូវមូលស្លឹក ដង្កូវស៊ីរូងដើម ទ្រីប ខ្យងមាស) គោលការណ៍ណែនាំអំពីការប្រើប្រាស់ថ្នាំកសិកម្មលើដំណាំស្រូវ ជំងឺសំខាន់ៗលើដំណាំស្រូវនិងវិធានការកម្ចាត់ ការប្រើប្រាស់ថ្នាំកសិកម្មដើម្បីគ្រប់គ្រងស្មៅចង្រៃលើដំណាំស្រូវ និងបែបផែនសកម្មនៃថ្នាំកសិកម្មនៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម។