កិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យពិភាក្សាកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ

ចេញ​ផ្សាយ​ ០៤ មិថុនា ២០២១ 32

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យពិភាក្សាកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ ជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទី៣  តាមរយ:​ប្រព័ន្ធZoom meeting ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំចង្អៀតលើក៣នេះ បានពិនិត្យពិភាក្សាដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-  តំណាងក្រសួងទាំងពីរ បានឯកភាពកែសម្រួលខ្លឹមសារមាត្រា២៩ ដោយបន្ថែមពាក្យថា “ដោយផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យ និងស្របតាមបទប្បញ្ញត្តិជាធរមាន” នៅបន្ទាប់ពាក្យ “នេសាទ”។
-  តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំពូកទី៥ បានស្នើបង្កើតមាត្រាថ្មីចំនួនមួយ ដោយចែងថា “មុខទំនិញជាកម្មវត្ថុនៃការស្នើសុំលិខិតអនុញ្ញាតនាំចេញនាំចូល ឬវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវកំណត់ដោយអនុក្រឹត្យពាក់ព័ន្ធនឹងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់។”
-  តំណាងក្រសួងទាំងពីរ បានឯកភាពកែសម្រួលខ្លឹមសារនៃ សេចក្តីព្រាងច្បាប់ នេះក្នុង
រចនាសម្ព័ន្ធទម្រង់ដើមដែលបានសម្រេចដោយអង្គប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។