កិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ

ចេញ​ផ្សាយ​ ០២ កុម្ភៈ ២០២១ 17078

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានជួបប្រជុំជាមួយលោកបណ្ឌិត Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ (Cambodian Korean Economic and Cultural Exchange Federation Association– CKEF) នៃសាធារណៈរដ្ឋកូរ៉េ និងសហការី។ របៀបវារៈនៃកិច្ចប្រជុំខាងលើគឺការពិភាក្សាអំពីការងារចាំបាច់នានាដែលត្រូវរៀបចំដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានវៃឆ្លាត (Smart Farm Project) ដែលជាគម្រោងរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ។
ចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមប្រតិភូបានជម្រាបជូនតំណាង CKEF អំពីស្ថានភាព និងការរីកចម្រើននៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺអនុវិស័យដំណាំកសិកម្ម ដែលជាអនុវិស័យធំជាងគេក្នុងចំណោមអនុវិស័យចំនួន០៤ ស្ថិតក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលរាំងស្ទះដល់ការអភិវឌ្ឍអនុវិស័យដំណាំកសិកម្ម រួមមាន បច្ចេកវិទ្យាក្នុងផលិតកម្មមានកម្រិតទាប កសិផលផលិតសល់លើសពីតម្រូវការ និងទីផ្សារកសិផលកម្ពុជានៅតូចចង្អៀត។ល។
ដោយបានមើលឃើញពីភាពរីកចម្រើននៃវិស័យកសិកម្ម និងសក្តានុពលក្នុងការអភិវឌ្ឍអនុវិស័យដំណាំកសិកម្ម តំណាង CKEF មានការចាប់អារម្មណ៍ និងមានបំណងចុះអនុស្សារណៈនៃការយោគយល់ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានឆ្លាតវៃ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសាកលវិទ្យាល័យ Konkuk (Konkuk University) នៃសាធារណៈរដ្ឋកូរ៉េ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គម្រោងនឹង ១). បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិ ២). ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនានាជូនមន្ត្រីបច្ចេកទេស និងកសិករនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ៣). អភិវឌ្ឍដំណាំលើផ្ទៃដីទំហំប្រមាណ ១០០ ហិកតា ដែលមានសក្តានុពលសម្រាប់ការដាំដុះដំណាំ និង៤). ស្រាវជ្រាវរកប្រភេទដំណាំដែលមានសក្តានុពលសម្រាប់ផលិតកម្ម និងទីផ្សារ។
ទោះបីជាយ៉ាងនេះក្តី មានការងារជាច្រើនដែលត្រូវរៀបចំមុនការចុះអនុស្សារណៈនៃការយោគយល់ខាងលើអាចលេចឡើងជារូបរាង។ ឆ្លងតាមការពិភាក្សា ក្រុមការងារនៃ CKEF ត្រូវការពេលវេលាយ៉ាងឆាប់បំផុតចំនួន១ខែកន្លះ មុនពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់អាចដំណើការបាន ដោយសារក្រុមការងារត្រូវចំណាយពេលដើម្បីពិភាក្សាយោបល់ជាមួយជំនាញការនៃសាកលវិទ្យាល័យ Konkuk ការធ្វើដំណើររបស់គណៈប្រតិភូនៃសាធារណៈរដ្ឋកូរ៉េដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ដែលតម្រូវឱ្យមានការធ្វើចត្តាឡីស័ក្កនៃប្រទេសទាំងពីរ។ នេះមានន័យថា ប្រសិនបើមិនមានបញ្ហារាំងស្ទះណាមួយ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នឹងត្រូវរៀបចំឡើងយ៉ាងឆាប់បំផុតគឺនៅពាក់កណ្តាលខែមិនា ខាងមុខនេះ។
ឯកឧត្តមប្រតិភូ បានឯកភាពលើសំណើពេលវេលានៃការចុះអនុស្សារណៈនៃការយោគយល់របស់តំណាង CKEF ដោយបានស្នើឱ្យក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការ រក្សាទំនាក់ទំនង ផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានជាមួយតំណាង CKEF ដើម្បីឱ្យការចុះអនុស្សារណៈនេះអាចរៀបចំបានឆាប់តាមការរំពឹងទុក។ ចំពោះបញ្ហាទីតាំងដែលជាតម្រូវការអនុវត្តគម្រោង ឯកឧត្តមប្រតិភូនឹងយកទៅពិភាក្សា និងសុំការណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។