ទស្សនកិច្ចសិក្សាអំពីការពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច (CMD) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ចេញ​ផ្សាយ​ ០៣ តុលា ២០២៣ 4294

ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការ CIAT បានរៀបចំទស្សនកិច្ចសិក្សាអំពីការពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច (CMD) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ក្រោមអតិបតីភាពលោកបណ្ឌិត នី វុទ្ធី អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ៦៥រូប ដែលអញ្ជើញមកពីនាយកដ្ឋានដំណាំឧស្សាហកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៌កសិកម្មកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង ស្ទឹងត្រែង ឧត្តរមានជ័យ និងព្រះវិហារ កសិករដាំដំឡូងមី សមាគមកសិករដំឡូងមី អង្គការ ACIAR, CIAT,GIZ និងអ្នកជំនាញការផ្នែកដំណាំដំឡូងមីនៃសាកលវិទ្យាល័យកាសេសាទប្រទេសថៃ ឡាវ វៀតណាម និងយូហ្កានដា (Uganda)។ គោលបំណងនៃទស្សនកិច្ចសិក្សាខាងលើ ដើម្បីបង្ហាញលទ្ធផលគម្រោងដែលបានអនុវត្តកន្លងមក ដោយធ្វើការវាយតម្លៃការលូតលាស់និងភាពធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច របស់ពូជដំឡូងមីដែលបានកំពុងធ្វើពិសោធន៍៕