សិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំចេក

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២១ 6926

ដើម្បីចូលរួមចំណែកក្នុងការបង្កើននូវផលិតភាព និងនិរន្តរភាពនៃការនាំចេញផលិតកម្មដំណាំចេក តាមរយៈការគ្រប់គ្រង ការធ្វើអង្កេត ការធ្វើរោគវិនិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំចេក។ សិក្ខាសាលានេះ មានគោលបំណងដើម្បីពិភាក្សា និងពង្រឹងយន្តការគ្រប់គ្រងសមាសភាពចង្រៃលើចម្ការចេក ដែលបាននឹងកំពុងធ្វើការនាំចេញទៅកាន់ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងតំណាងក្រុមហ៊ុនដាំដុះដំណាំចេកចំនួនប្រមាណ ៣៥រូប។
សិក្ខាសាលាដ៏មានសារសំខាន់នេះស្ថិតក្រោមអធីបតីភាពរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រតិភូកបានផ្តល់នូវមតិណែនាំមួយចំនួនដើម្បីជាមូលដ្ឋានគន្លឹះអនុវត្តបន្តដូចតទៅ៖
ទី១-ក្រុមហ៊ុនក៏ដូចជាម្ចាស់ចម្ការចេកត្រូវផ្តល់កិច្ចសម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយមន្ត្រីនាយកដ្ឋានការពារ ដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានព័ត៌មាន និងគោលការណ៍ ណែនាំបច្ចេកទេសត្រឹមត្រូវទាក់ទងនឹងការដាំដុះ ការធ្វើអនាម័យ និងការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវ ស្របតាមល័ក្ខខ័ណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសនាំចូលជាបន្តទៀត។
ទី២-ដើម្បីគ្រប់គ្រងការងារផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារនាំចេញផ្លែចេកស្រស់ឱ្យមាននិរន្តរភាព ការធ្វើអង្កេត ការធ្វើរោគវិនិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃពិសេសជំងឺ Fusarium wilt ចាំបាច់ត្រូវតែមាន ដើម្បីមានភាពងាយស្រួលក្នុងការពង្រឹងយន្តការគ្រប់គ្រងសមាសភាពចង្រៃលើចម្ការចេក។ ដូច្នេះ ក្រុមហ៊ុន ក៏ដូចជាម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំផែនការចុះប្រមូលសំណាក និងចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា ស្របតាម បទដ្ឋានបច្ចេកទេសជាធរមាន។