កិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយលើការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

ចេញ​ផ្សាយ​ ១២ តុលា ២០២៣ 2301

នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះបញ្ចាស័ក ពស២៥៦៧ ត្រូវនិងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយលើការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៅសាលប្រជុំមន្ទីរពិសោធន៍ជាតិកសិកម្ម។ សមាសភាពអញ្ជើញចូលរួមសរុបមានចំនួន ២៣នាក់ (ស្ត្រី០៧នាក់) ដែលជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានពូជដំណាំ។  កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈ (១) ការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងសំណូមដែលក្រុមហ៊ុនថ្នាំកសិកម្មនិងជីកសិកម្មបានលើកឡើងក្នុងកិច្ចប្រជុំចំនួន៤លើក នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានកសិកម្មដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែកញ្ញា និងថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ ដែលមានតំណាងក្រុមហ៊ុនចូលរួមចំនួន ១២៦ក្រុមហ៊ុន (២)ការពង្រឹងការបំពេញភារកិច្ចរបស់មន្ត្រីនាយកដ្ឋានជំនាញ  និង(៣) ការងារផ្សេងៗ។  
លោកបណ្ឌិតសេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃកិច្ចប្រជុំជាមួយក្រុមហ៊ុនជីកសិកម្ម និងថ្នាំកសិកម្ម។ បញ្ហាប្រឈមដែលក្រុមហ៊ុនបានលើកឡើងពាក់ព័ន្ធនឹងជីកសិកម្មនិងថ្នាំកសិកម្មរួមមាន៖ ការរត់ពន្ធ ការក្លែងបន្លំគុណភាព ការលក់ផលិតផលមិនបានចុះបញ្ជិកា សុពលភាពបញ្ជិកានិងលិខិតអនុញ្ញាតនាំចូលខ្លី ការប្រើប្រាស់សំបកបាវបន្តបន្ទាប់ពីអស់សុពលភាព ការនាំចូលដោយបញ្ជាក់តែបរិមាណសរុប (មិនរាយតាមយថាប្រភេទ) ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុកនិងក្រុមហ៊ុននាំចូលដែលមានការទទួលខុសត្រូវខ្ពស់ ការផ្សព្វផ្សាយលក់ផលិតផលខុសច្បាប់តាមរយៈអនឡាញ និងបញ្ហាប្រឈមអន្តរស្ថាប័ន។ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើបញ្ហាមួយចំនួនដែលអាចដោះស្រាយបានតាមរយៈការពង្រឹងសមត្ថភាពអង្គភាពដែលត្រូវបំពេញភារកិច្ចចុះបញ្ជី និងការធ្វើអធិការកិច្ចដែលមានការប្រើប្រាស់ឧបករណ៍វិភាគនៅទីតាំងជាក់ស្តែង ជាមួយនឹងការវិភាគគីមីក្នុងមន្ទីរពិសោធន៍។