ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនឯកជនចំនួន០២មកពីប្រទេសជប៉ុន

ចេញ​ផ្សាយ​ ២២ ឧសភា ២០២០ 3446

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនឯកជនចំនួន០២មកពីប្រទេសជប៉ុនគឺក្រុមហ៊ុន NIPPON Express និង ក្រុមហ៊ុន Xamato Green។ ជាកិច្ចចាប់ផ្តើមឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូនៃក្រុមហ៊ុនឯកជនជប៉ុនដែលមានចំណាប់អារម្មណ៍ និងមានបំណងវិនិយោគលើអនុវិស័យដំណាំកសិកម្ម នៅប្រទេសកម្ពុជា។ បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមប្រតិភូរួចមក លោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Xamato Green និងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍លើដំណាំបន្លែ និងផ្លែឈើ ដោយរាប់ចាប់តាំងពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស។ លោកបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ គម្រោងខាងលើបានចេញជារូបរាងហើយ ប៉ុន្តែការងារដែលក្រុមហ៊ុនរបស់លោកត្រូវអនុវត្តបន្ទាប់គឺកិច្ចសហការ និងការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ដើម្បីឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងជោគជ័យ។ ឆ្លើយតបទៅនឹងការលើកឡើងនេះ ឯកឧត្តមប្រតិភូ បានសំដែងការរីករាយ និងគាំទ្រពេញទំហឹងលើការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរក្នុងការអភិវឌ្ឍដំណាំបន្លែ និងផ្លែឈើនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះពិតជាឆ្លើយតបចំទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវិស័យសាកវប្បកម្មឱ្យមានការរីកចម្រើន។ អគ្គនាយកដ្ឋានកសិកម្ម បានយល់ច្បាស់អំពីបញ្ហាប្រឈមនៃអនុវិស័យសាកវប្បកម្ម ដោយពេលកន្លងការកែច្នៃកសិផលក្នុងអនុវិស័យនេះនៅខ្វះខាតនៅឡើយ។ ដូចនេះ គម្រោងខាងលើនឹងជួយបន្ថែមលើខ្សែច្រវាក់តម្លៃបន្លែ និងផ្លែឈើឱ្យបានពេញលេញ។ ឯកឧត្តមប្រតិភូជឿជាក់ថា ការរួមសហការវិនិយោគរវាងក្រុមហ៊ុនធំទាំងពីរខាងលើ នឹងអាចទាក់ទាញក្រុមហ៊ុនឯកជនផ្សេងៗទៀតឱ្យមានចំណាប់អារម្មណ៍ និងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ជារួមគឺការកាត់បន្ថយការនាំចូលបន្លែនិងផ្លែឈើពីប្រទេសក្រៅ កសិករនិងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃបន្លែនិងផ្លែឈើនឹងទទួលបានចំណូលច្រើនឡើង ការនាំចេញផលិតផល (ជាពិសេសកសិផលកែច្នៃនិងវេចខ្ចប់) នឹងមានការកើនឡើងឈានដល់ការរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច។ ជាចុងក្រោយ ឯកឧត្តមប្រតិភូ បានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម ត្រៀមលក្ខណៈសហការយ៉ាងជិតស្និតក្នុងការងារនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនទាំងពីរពន្លឿនការរៀបចំអនុស្សារណៈនៃការយោគយល់ ដើម្បីអាចចាប់ផ្តើមការងារនេះ៕