ជំនួបពិភាក្សាស្តីពីការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា និងការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង

ចេញ​ផ្សាយ​ ២០ មេសា ២០២៣ 5433

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Emmanuel Ly-Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំគឺ ១). ការពិភាក្សាអំពីការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា ២).ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង និង ៣). ការពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រទេសបារាំង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រី Marion Chaminade និងសហការី និងបានបញ្ជាក់ថា នេះគឺជាជំនួបលើកទី២រវាងឯកឧត្តមជាមួយលោកស្រី បន្ទាប់ពីបានជួបលើកទី១ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំងកាលពីចុងខែកុម្ភៈ និងដើមខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជំនួបខាងលើបានពិភាក្សាលើរបៀបវារៈចំនួន០៣ដូចខាងក្រោម៖
១. ការបើកទីផ្សារដើម្បីនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា
ប្រទេសបារាំងមានបំណងនាំចូលផ្លែប៉ោមស្រស់ដែលជាកសិផលរបស់ប្រទេសបារាំងមកប្រទេសកម្ពុជា។ ដូចនេះ លោកស្រី Marion Chaminade បានស្នើសុំឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសកម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ ដើម្បីអាចនាំចូលផ្លែប៉ោមស្រស់មកពីប្រទេសបារាំងបាន។ ឯកឧត្តមប្រតិ និងសហការី បានពន្យល់ជូនដោយសង្ខេបអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាតាមការស្នើសុំ ហើយអគ្គនាយកដ្ឋានកសិកម្ម នឹងផ្ញើជូនលោកស្រីនូវឯកសារលម្អិតអំពីលក្ខខណ្ឌទាំងនេះនៅពេលក្រោយ។ ឯកឧត្តមប្រតិភូ បានស្នើឱ្យមានកិច្ចប្រជុំមួយដាច់ដោយឡែកជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដើម្បីពិភាក្សាលម្អិតបន្ថែមអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញមុនទទួលបានការអនុញ្ញាតនាំចូល។ លោកស្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចរៀបចំឡើងឱ្យបានឆាប់រហ័ស និងមានការចែករំលែកព័ត៌មានឱ្យបានល្អ និងទាន់ពេលវេលា ហើយលោកស្រីនឹងអនុវត្តតាមអនុសាសន៍/ការណែនាំបន្ថែមរបស់កម្ពុជា ដើម្បីឱ្យដំណើរការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជាអាចសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ។
២. ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង
អគ្គនាយកដ្ឋានកសិកម្ម មានបំណងពង្រីកវិសាលភាពនៃការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបរទេស ជាពិសេស ទីផ្សារអឺរ៉ុប ដូចនេះ ឯកឧត្តមប្រតិភូបានស្នើឱ្យលោកស្រី Marion Chaminade បញ្ជាក់អំពីលក្ខខណ្ឌដែលត្រូវបំពេញសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសបារាំង។ ឆ្លើយតបទៅនឹងសំណើនេះ លោកស្រីបានពន្យល់ដោយសង្ខេបថា ការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺដំណើរការតាមនីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀត ហើយដើម្បីអាចនាំចេញទៅកាន់ទីផ្សារនៅប្រទេសបារាំងបាន កសិផលទាំងនោះត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម  មានវិញ្ញាបនប័ត្រភូតគាមអនាម័យ មានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា និងសេចក្តីជូនដំណឹងស្តីពីការពុំមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (មានភ្ជាប់ជាមួយនូវសត្វល្អិតចង្រៃហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើសកម្រិតអនុញ្ញាត)។ល។ លក្ខខណ្ឌតម្រូវលម្អិត លោកស្រីនឹងផ្ញើជូនអគ្គនាយកដ្ឋានកសិកម្មនៅពេលក្រោយ។
៣. កិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រទេសបារាំង
ក្រៅពីគម្រោងនានាដែលអគ្គនាយកដ្ឋានកសិកម្ម បាន និងកំពុងអនុវត្ត ដោយមានការឧបត្ថម្ភទាំងផ្នែកបច្ចេកទេស និងហរិញ្ញវត្ថុ អគ្គនាយកដ្ឋានកសិកម្ម បានចាប់ផ្តើមគម្រោងថ្មីមួយទៀតគឺគម្រោង Rainfed Agriculture Technology Development Program for Cambodia (RAD4CAM) (2023-2028) ដែលបច្ចុប្បន្ន គម្រោងថ្មីនេះស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាលទ្ធសមិទ្ធភាពនៅឡើយ។ ឯកឧត្តមប្រតិភូបានស្នើដល់លោកស្រី Marion Chaminade ជួយពន្លឿនដំណើរការសិក្សានេះដើម្បីគម្រោងអាចចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗ។ នាឱកាសនោះដែរ ឯកឧត្តមប្រតិភូ បានស្នើឱ្យលោកស្រី Marion Chaminade ពិចារណាអំពីការផ្តួចផ្តើមបង្កើតគម្រោងផលិតកម្មដំណាំកសិកម្ម (ផ្តោតសំខាន់ទៅលើដំណាំស្រូវ) ដែលធ្វើឱ្យមានការសាយភាយឧស្ម័នក្នុងបរិមាណតិចតួចបំផុត។ នៅក្នុងគម្រោងនេះដែរ ឯកឧត្តមប្រតិភូ ស្នើឱ្យមានការសិក្សាទៅលើវិធីសាស្ត្រដើម្បីវាស់ស្ទង់ពីកម្រិតបំភាយនៃឧស្ម័នផ្ទះកញ្ចក់ រួមទាំង មេតាន ឧស្ម័នកាបូនិច និងកាបូន។ វត្តមាននៃគម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកស្រី Marion Chaminade នឹងពិចារណាចំពោះសំណើនេះ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះលោកស្រី Marion Chaminade និងសហការីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អក្នុងការពង្រឹកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។