កិច្ចប្រជុំស្តីពីអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២១ 14505

នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយករងនៃគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) និងសហការី បានជួបប្រជុំពីចម្ងាយជាមួយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជានាយកកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (PMO) លោក Anthony Gill (Head, Porfolio Administration Unit) លោក Shinsuke Kawazu (Principal Counsel, OGC) និងលោក ហែម ចន្ធូ មន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB CARM)។ កិច្ចប្រជុំនេះត្រូវបានដើម្បីរៀបចំឡើងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលជាលក្ខខណ្ឌតម្រូវរបស់ ADB ហើយរហូតមកដល់ពេលនេះ លក្ខខណ្ឌមួយនេះមិនទាន់បានបំពេញឱ្យបានពេញលេញនៅឡើយ។ យោងតាមលក្ខខណ្ឌរបស់ ADB សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ត្រូវបញ្ជូនទៅដល់រដ្ឋសភា នោះទើបសន្មតថាលក្ខខណ្ឌមួយនេះត្រូវបានបំពេញរួចរាល់។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ខាងលើ បាននិងកំពុងពិនិត្យ និងពិភាក្សាថ្នាក់អន្តរក្រសួងនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ។ ទោះបីជាយ៉ាងនេះក្តី ឆ្លងតាមរយៈកិច្ចពិភាក្សាជាច្រើនលើករួចមក ជាពិសេស រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណុចដែលមិនធ្លាប់ឯកភាពគ្នាពីមុនមក  រហូតមកដល់ពេលនេះបានទទួលការឯកភាព ដូចនេះ មានលទ្ធភាពវិជ្ជមានច្រើនក្នុងការពន្លឿនការបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់រដ្ឋសភា។ នៅក្នុងកិច្ចប្រជុំនោះ តាមការបញ្ជាក់របស់តំណាង ADB កម្ចីលេខ ៣០០៦ ដែលផ្តោតលើកម្ចីសម្រាប់ការរៀបចំច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រោមច្បាប់ (Policy-based Loan) នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ។
ឯកឧត្តមប្រតិភូ បានបកស្រាយជូនអង្គប្រជុំអំពីដំណើរការ នីតិវិធីជាបន្តទៀត និងស្ថាប័នពាក់ព័ន្ធដែលត្រូវពិនិត្យសេចក្តីព្រាងច្បាប់នេះ មុននឹងអាចបញ្ជូនទៅរដ្ឋសភាបាន ដោយឯកឧត្តមមិនអាចបញ្ជាក់បានអំពីពេលវេលាច្បាប់លាស់ណាមួយដែលសេចក្តីព្រាងច្បាប់នេះអាចបញ្ជូនទៅរដ្ឋសភា តាមការស្នើសុំរបស់ ADB ឡើយ។ ដូចនេះ ការពន្យារពេលកាលបរិច្ឆេទនៃការបិទបញ្ចប់កម្ចីលេខ ៣០០៦នេះ គឺជាការល្អប្រសើរដើម្បីអាចឱ្យលក្ខខណ្ឌមួយនេះអាចបំពេញបានជាស្ថាពរ។ ឯកឧត្តមប្រតិភូបានបញ្ជាក់បន្ថែមថា ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ គឺជាតម្រូវការដែលចាំបាច់បំផុតដើម្បីផ្តល់ក្របខណ្ឌគោលនយោបាយសម្រាប់លើកស្ទួយប្រព័ន្ធអនាម័យនិងភូតគាមអនាម័យ និងការប្រកួតប្រជែងក្នុងពាណិជ្ជកម្មលើផលិតផលកសិកម្ម ដែលផ្តល់ឱ្យកម្ពុជានូវឱកាសសមាហរណកម្មពាណិជ្ជកម្មសាកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី។ ប្រសិនបើមិនមានច្បាប់នេះទេ ប្រទេសកម្ពុជានៅតែជួបបញ្ហាប្រឈមចំពោះការសម្របសម្រួលពាណិជ្ជកម្ម ការគាំទ្រនានាលើវិស័យកសិកម្ម (ផលិតផលកសិកម្ម) និងការលូតលាស់សេដ្ឋកិច្ចជាតិ។
នៅចុងបញ្ចប់ អង្គប្រជុំបានសម្រេចថា នឹងមានការពិភាក្សាលម្អិតម្តងទៀតរវាង ADB, PMO និង MAFF-NIO ដើម្បីកំណត់ពីពេលវេលាច្បាស់លាស់មួយដែលសេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវបញ្ជូនពីទីស្តីការគណៈរដ្ឋមន្ត្រីទៅកាន់រដ្ឋសភា។ មួយវិញទៀត ADB និង MAFF-NIO នឹងធ្វើការរួមគ្នាដើម្បីពិនិត្យមើលលើខ្លឹមសាររួមនៃសេចក្តីព្រាងច្បាប់នេះបន្ទាប់ពីបានកែសម្រួលរួចដើម្បីពិនិត្យលទ្ធភាពលើការស្នើសុំពន្យារពេលលក្ខខណ្ឌមួយនេះ៕