វឌ្ឍនភាពស្តីពីការចុះអន្តរាគមន៍កម្ចាត់សត្វល្អិតចង្រៃលើដំណាំ តាមបណ្តាខេត្ត ប្រចាំថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤

ចេញ​ផ្សាយ​ ២១ មិថុនា ២០២៤ 3643

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ប៉ៃលិន និងសៀមរាប ព្រមទាំងអាជ្ញាធរដែនដីតាមមូលដ្ឋានក្នុងខេត្តគោលដៅ បានបន្តចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវ និងដំឡូងមី ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ប៉ៃលិន និងសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានចុះពិនិត្យផលប៉ះពាល់ដោយសារដង្កូវហ្វូងលើដំណាំស្រូវ និងដំឡូងមី ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ប៉ៃលិន និងសៀមរាប ដែលស្ថានភាពបច្ចុប្បន្ន កសិករបានប្រើប្រាស់ថ្នាំកសិកម្មដើម្បីកម្ចាត់ដង្កូវ។
-បានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារនិងកម្ចាត់ តាមរយៈការប្រើប្រាស់វិធានការមេកានិច។
-បានណែនាំ និងធ្វើបង្ហាញដល់កសិករពិវិធីសាស្រ្តនៃការប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព និងត្រូវធ្វើការជ្រើសរើសនិងប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹងថ្នាំកសិកម្ម។
-បានចែកជូនឯកសារបច្ចេកទេសស្តីពីវិធានការគ្រប់គ្រងដង្កូវហ្វូង ជូនដល់មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងបងប្អូនប្រជាកសិករ។
ជារួម គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤នេះ ផលប៉ៈពាល់ពីការបំផ្លាញដោយសត្វល្អិតចង្រៃមានដូចខាងក្រោមៈ
១.ខេត្តស្ទឹងត្រែង ផ្ទៃដីដំណាំស្រូវចំនួន ១១៤ហិកតា និងដំណាំដំឡូងមីចំនួន ១០៥ហិកតា ត្រូវបានរងផលប៉ះពាល់ពីការបំផ្លាញដោយដង្កូវហ្វូង។
២.ខេត្តប៉ៃលិន ផ្ទៃដីដំណាំពោតចំនួន ២២៤,៦០ហិកតា បានរងផលប៉ះពាល់ពីការបំផ្លាញដោយដង្កូវហ្វូងប្រភេទថ្មី
៣. ខេត្តសៀមរាប (ស្រុកជីក្រែង) ផ្ទៃដីដំណាំស្រូវចំនួន ៨៨៨ហិកតា និងដំណាំដំឡូងមីចំនួន ២៥៤ហិកតា ត្រូវបានរងផលប៉ះពាល់ពីការបំផ្លាញដោយដង្កូវហ្វូង។
ស្ថានភាពនៃការបំផ្លាញដោយប្រជាករដង្កូវហ្វូង នេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្ត ដើម្បីឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។