ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មជួបពិភាក្សាការងារជាមួយតំណាង Chen’s Sun Trade Co., Ltd ដែលជាក្រុមហ៊ុននៃប្រទេសចិន

ចេញ​ផ្សាយ​ ២៨ មីនា ២០២២ 6586

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានជួបពិភាក្សាការងារជាមួយលោក Zhu Yonggang អនុប្រធានគ្រប់គ្រងទូទៅ និងលោក Yang Yuhui អ្នកគ្រប់គ្រងផ្នែកទិញ នៃក្រុមហ៊ុន Chen’s Sun Trade Co., Ltd ដែលជាក្រុមហ៊ុននៃប្រទេសចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន Chen’s Sun Trade Co., Ltd ដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រតិភូ បានជម្រាបជូនតំណាងក្រុមហ៊ុនខាងលើដោយសង្ខេបនូវស្ថានភាព និងលក្ខខណ្ឌអំណោយផលដល់ផលិតកម្មកសិកម្ម និងការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសចិន។ បច្ចុប្បន្ន កម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេសចិនចំនួន៣៣មុខ រួមមាន អង្ករ ចេញ ដំឡូងមី និងពោត។ល។ ថ្មីៗនេះ កម្ពុជាបានសម្រេចដោយជោគជ័យនូវការចរចាលក្ខខណ្ឌភូតគាមអនាម័យដើម្បីនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ហើយកម្ពុជាកំពុងបន្តការចរចាជាមួយប្រទេសចិនដើម្បីនាំចេញកសិផលចំនួន០៤មុខបន្ថែមទៀតដែលមានសក្តានុពលនៅកម្ពុជា និងមានតម្រូវការខ្ពស់នៅប្រទេសចិនគឺ ដូងក្រអូប ម្រេច ទុរេន និងទឹកមាត់ត្រចៀកកាំ។ ទន្ទឹមនឹងសក្តានុពលលើអនុវិស័យដំណាំ ប្រទេសកម្ពុជាក៏នៅមានចំណុចខ្សោយពាក់ព័ន្ធនឹងអនុវិស័យនេះ ដោយកម្ពុជាមិនមានការវិនិយោគលើខ្សែច្រវាក់គ្រប់ជ្រុងជ្រោយ ដូចនេះ កម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើនទាំងផ្នែកផលិតកម្ម ការវេចខ្ចប់ ទីផ្សារ និងការនាំចេញកសិផលទៅក្រៅប្រទេស និងបញ្ហាមួយចំនួនទៀតដូចជា ការដឹកជញ្ជូន និងអគ្គិសនីដែលមានតម្លៃខ្ពស់។  
លោក Zhu Yonggang បានជម្រាបជូនថា ក្រុមហ៊ុន Chen’s Sun Trade Co., Ltd គឺជាក្រុមហ៊ុនដែលផ្តោតលើការនាំចេញផ្លែឈើស្រស់ ដោយក្នុងនោះ ក្រុមហ៊ុនបានផ្គត់ផ្គង់ផ្លែឈើចំនួន១០០មុខទៅកាន់ប្រទេសចំនួន៤០ ហើយផ្លែឈើភាគច្រើនគឺនាំមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយមើលឃើញពីសក្តានុពល និងលក្ខខណ្ឌអំណោយផលច្រើនក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដូចជា លក្ខខណ្ឌអាកាសធាតុ ដីមានជីជាតិនិងទំនេរច្រើន ការដាំដុះភាគច្រើនធ្វើតាមបែបប្រពៃណី និងផ្លែឈើរបស់កម្ពុជាមានរសជាតិឆ្ងាញ់តែមិនមានឱកាសច្រើនក្នុងការនាំចេញនិងមិនអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន ក្រុមហ៊ុន Chen’s Sun Trade Co., Ltd មានបំណងវិនិយោគនៅប្រទេសកម្ពុជាដោយចង់បង្កើតសួនកសិ-ឧស្សាហកម្ម និងមានចក្ខុវិស័យក្នុងការវិនិយោគដោយគិតចាប់តាំងពីដំណាក់កាលផលិត កែច្នៃ រហូតដល់ការនាំចេញទៅកាន់ប្រទេសចិន និងបរទេសផ្សេងទៀត។ ក្រុមហ៊ុននឹងនាំចូលបច្ចេកវិទ្យា និងបច្ចេកទេសដើម្បីរក្សាគុណភាពនៃការដាំដុះ ព្រមទាំងបណ្តុះបណ្តាលកសិករ ក៏ដូចជាអ្នកពាក់ព័ន្ធអំពីបច្ចេកវិទ្យា និងបច្ចេកទេសទាំងនេះ។
ឆ្លើយតបនឹងការលើកឡើងខាងលើ និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនមកវិនិយោគនៅប្រទេសកម្ពុជា ឯកឧត្តមប្រតិភូបានស្នើឱ្យក្រុមហ៊ុនពិចារណាលើយន្តការចំនួន០៣គឺ ទី១៖ ស្វែងរកដីវិនិយោគដោយខ្លួនឯងដើម្បីធ្វើផលិតកម្មជាលក្ខណៈប្រមូលផ្តុំ (ផ្ទៃដីធំ ងាយស្រួលក្នុងដំណើរការផលិតកម្ម និងគ្រប់គ្រង) ទី២៖ ក្នុងករណីវិនិយោគលើដីមានស្រាប់របស់កសិករ គួររៀបចំជាកិច្ចសន្យាផលិតកម្ម ទិញ-លក់ និងផ្តល់បច្ចេកទេសដល់កសិករក្នុងអំឡុងពេលនៃការអនុវត្ត និងទី៣៖ ត្រូវបង្កើតរោងចក្រកែច្នៃ ជាពិសេសសម្រាប់កសិផលលេខ២ (កសិផលដែលនៅសល់ ឬមិនអាចនាំចេញទៅក្រៅប្រទេសបាន) ទន្ទឹមគ្នាតែម្តង។ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា ប្រសិនបើចំណុចដែលបានលើកឡើងខាងលើ អាចអនុវត្តទៅបាន នោះអនុវិស័យដំណាំផ្លែឈើនឹងមានការរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា៕