កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងការនាំចេញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់ពូជរុក្ខជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ១០ ឧសភា ២០២២ 6822

នៅថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (USAID) នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងការនាំចេញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់ពូជរុក្ខជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា (Prakas on Seed Movement Management in Cambodia) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនាយកដ្ឋានពូជដំណាំ តំណាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន១៦រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលសម្រាប់គាំទ្រលើសេចក្តីព្រាងប្រកាសនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយស្របតាមទិដ្ឋភាពបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សេចក្តីព្រាងប្រកាសនេះ រួមមាន៤ជំពូក ៣៦មាត្រា និង៥ឧបសម្ព័ន្ធ និងកំណត់អំពីការត្រួតពិនិត្យភូតគាមអនាម័យក្នុងការនាំចេញ នាំចូល ឆ្លងកាត់ ដឹកជញ្ជូន ក្នុងព្រះរាជាណាចក្រកម្ពុជានូវគ្រប់ពូជរុក្ខជាតិដែលជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃបង្កគ្រោះថ្នាក់ ដើម្បីការពារផលិតកម្មកសិកម្ម ជីវសាស្រ្តចម្រុះ និងសម្រួលសកម្មភាពពាណិជ្ជកម្មជាអន្តរជាតិ។