សិក្ខាសាលាថ្នាក់ជាតិរវាងវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា

ចេញ​ផ្សាយ​ ០៧ មិថុនា ២០២២ 6683

ថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជារៀបចំបើកសិក្ខាសាលាថ្នាក់ជាតិរវាងវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Food and Vegetable និងលោក Frank Jattke ប្រធានក្រុមការងារគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមសរុបចំនួន៤០នាក់ដែលក្នុងនោះមានស្រ្តីចំនួន០៩នាក់។

គម្រោងបានរៀបចំសិក្ខាសាលាចំនួនបីលើកដែលក្នុងនោះមានពីរលើកជាសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដោយផ្អែកលើភូមិសាស្ត្រនៃផលិតកម្មដំណាំម្ទេស និងមួយលើកទៀតជាសិក្ខាសាលាថ្នាក់ជាតិដែលផ្តោតសំខាន់ទៅលើរៀបចំគោលការណ៍ណែនាំសម្រាប់ការនាំចេញម្ទេសនៅកម្ពុជា។

គោលបំណងរួមនៃសិក្ខាសាលានេះគឺដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំគោលការណ៍ណែនាំសម្រាប់ផលិតកម្ម និងការនាំចេញម្ទេស និងគោលបំណងជាក់លាក់រួមមាន៖

•  ដើម្បីបង្ហាញលទ្ធផល បញ្ហាប្រឈម សក្តានុពល និងបទពិសោធន៍សំខាន់ៗនៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជាតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ទាំងពីរលើក

•  ដើម្បីប្រមូលធាតុចូល និងអនុសាសន៍ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មម្ទេសនៅកម្ពុជា។

បច្ចុប្បន្នដំណាំម្ទេសអាចចាត់ទុកថាជាដំណាំយុទ្ធសាស្ត្រមួយដែលមានតម្រូវការក្នុងស្រុក និងជាពិសេសការនាំចេញក្រៅប្រទេសគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២១កម្ពុជាបាននាំចេញម្ទេសចំនួនប្រហែល ៩៨ ៣៨៧តោន ក្នុងនោះមានផលិតផលម្ទេសស្ងួតចំនួន២ ១៦០តោន។ បរិមាណនាំចេញនេះគិតជារួមទាំងផលិតផលក្នុងស្រុក និងការឆ្លងកាត់ពីប្រទេសជិតខាង។ ការនាំចេញនេះភាគច្រើនទៅប្រទេសថៃ និងមានសក្តានុពលទីផ្សារជាច្រើនទៀតសម្រាប់នាំចេញផលិតផលម្ទេស ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ីព្រមទាំងប្រទេសជាច្រើនទៀតនៅអឺរ៉ុប។