សិក្ខាសាលាស្តីពី “កសិកម្មសរីរាង្គ៖ ឱកាស និងសក្តានុពលនៃការអនុវត្តនៅក្នុងប្រទេសកម្ពុជា

ចេញ​ផ្សាយ​ ១១ មិថុនា ២០២២ 7588

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានការពារដំណាំ  អនាម័យ និងភូតគាមអនាម័យ ដោយមានកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម និងអង្គការ GIZ  ក្នុងការអនុវត្តគម្រោងការពង្រឹងប្រព័ន្ធកសិកម្មបន្សាំអាកាសធាតុ (CRAS) នៅក្នុងប្រទេសកម្ពុជា និងវៀតណាម បានរៀបចំសិក្ខាសាលាស្តីពី “កសិកម្មសរីរាង្គ៖ ឱកាស និងសក្តានុពលនៃការអនុវត្តនៅក្នុងប្រទេសកម្ពុជា” នៅសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោកស្រីបណ្ឌិត Astrid Faust ប្រធានគម្រោង CRAS និងលោក គី វិសាល សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យក្រចេះ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនៃនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី តំណាងដៃគូរអភិវឌ្ឍន៍ ក្រុមអ្នកផលិត-កសិកម្ម សហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម និងសាស្ត្រាចារ្យ-និស្សិតនៃសាកលវិទ្យាល័យក្រចេះ សរុបប្រមាណ ៦០រូប។ សិក្ខាសាលានេះមានគោលបំណងផ្តល់នូវបច្ចេកទេស បង្ហាញពីឱកាសនិងសក្តានុពលកសិកម្មសរីរាង្គនៃព្រះរាជាណាចក្រកម្ពុជាដល់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម។
សិក្ខាសាលាទទួលបានលទ្ធផលដូចខាង៖
-បានធ្វើការផ្សព្វផ្សាយពីវិធាននិងប្រព័ន្ធវិញ្ញាបនបត្រកម្ម សម្រាប់ការអនុវត្តកសិកម្មសរីរាង្គកម្ពុជា ដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
-បានធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ និងដំណើរការនៃការស្នើសុំវិញ្ញាបនបត្រកសិកម្មស្តង់ដារសរីរាង្គនៅកម្ពុជា ដោយក្រុមហ៊ុនខនត្រូ យូនៀន (Control Union-Cambodia)
-បានធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ក្នុងការអនវុត្តកសិកម្មសរីរាង្គ ដោយក្រុមហ៊ុន Amru Rice
-សិក្ខាសាលាបានធ្វើការពិភាក្សាដើម្បីរកបញ្ហាប្រឈមចំបងៗ  និងដំណោះស្រាយនៃការអនុវត្តកសិកម្មសរីរាង្គនៅកម្ពុជា។