កិច្ចពិភាក្សាការងារជាមួយលោកបណ្ឌិត Nakada Shunichi ទីប្រឹក្សាជាន់ខ្ពស់ផ្នែក អភិវឌ្ឍន៍កសិកម្ម និងជនបទ

ចេញ​ផ្សាយ​ ០២ ឧសភា ២០២៣ 2538

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយលោកប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Nakada Shunichi ទីប្រឹក្សាជាន់ខ្ពស់ផ្នែក អភិវឌ្ឍន៍កសិកម្ម និងជនបទ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច លោកស្រីបណ្ឌិត Haruko Toyama មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកកសិកម្ម លោក Nakamura Kota មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីរាយការណ៍ជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានកសិកម្មក្នុងការរៀបចំសំណើសុំគម្រោងថ្មីមួយស្តីពី ការអភិវឌ្ឍខ្សែច្រវាក់តម្លៃម្ហូបអាហារនៃដំណាំសាកវប្បកម្មសម្រាប់កសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា (Developing Food Value Chain of Horticultural Crops in Cambodia for Small Scale Farmers)។ សំណើសុំគម្រោងខាងលើនឹងត្រូវបញ្ជូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីស្នើសុំការពិនិត្យ មុននឹងដំណើរការនីតិវិធីជាបន្តទៀត។ គម្រោងថ្មីនេះមានរយៈពេល៣ឆ្នាំ ផ្តោតទៅលើខេត្តគោលដៅចំនួន៣រួមមាន ខេត្តកណ្តាល បាត់ដំបង និងត្បូងឃ្មុំ និងត្រូវប្រើប្រាស់ថវិកាសរុបចំនួនប្រមាណ ៣ ០០០ ០០០ ដុល្លារអាមេរិក។