កិច្ចប្រជុំ និងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការស្វែងរកព័ត៌មានលក្ខខណ្ឌតម្រូវសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មកសិកម្ម

ចេញ​ផ្សាយ​ ២៧ មេសា ២០២៣ 2429

នៅអគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកជំនាញការ USDA-APHIS ដែលដឹកនាំដោយលោក John Hurley ប្រធាន USDA-APHIS ថ្នាក់តំបន់ ក្នុងគោលបំណងពិភាក្សាអំពីការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មអាទិភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៅក្នុងផ្នែកសុខភាពរុក្ខជាតិ (Plant Health) រវាងអង្គភាពជាតិការការពាររុក្ខជាតិនៃព្រះរាជាណាចក្រកម្ពុជា (NPPO of Cambodia) និងអង្គភាពជាតិការការពាររុក្ខជាតិនៃសហរដ្ឋអាមេរិក (NPPO of USA) ដែលមានការចូលរួមពី តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនិងមន្រ្តីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យសរុបចំនួន ៣០រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក John Hurley និងសហការី និងបានគូសបញ្ជាក់អំពីវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម និង USDA និង USAID នាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មសក្ដានុពលរបស់កម្ពុជា និងមុខដំណាំជាអាទិភាពដែលកម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួមមានជាអាទិ៍អង្ករប្រណិតកម្ពុជា ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទី ផ្លែមៀនស្រស់ ផ្លែចេកអំបូងលឿង ម្រេច។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានលើកឡើងបន្ថែមថា កម្ពុជាមានបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងស្នើឱ្យមានផលិតផលកសិកម្មកម្ពុជាជាពិសេសផ្លែឈើស្រស់នៅលើទីផ្សារសហរដ្ឋអាមេរិកកាន់តែច្រើនមុខ បន្ថែមទៀត និងជួយបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីជំរុញការប្រើប្រាស់Biological Control Agent (BCA) ក្នុងការងារការពារដំណាំព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលវែងនៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹង Post-Harvest Plant Quarantine Treatment Research for Market Access,Fruit FlyManagement ជាដើម។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញការ USDA-APHIS បានធ្វើបទបង្ហាញដល់អង្គពិធីនូវដំណើរការនៃការស្វែងរកព័ត៌មានពីលក្ខខណ្ឌតម្រូវសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មកសិកម្ម ការចរចាបើកទីផ្សារសម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិក ព្រមទាំងបានបង្ហាញការគាំទ្រ និងប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញការងារចរចារបើកទីផ្សារនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកាន់តែឆាប់រហ័ស។