កិច្ចជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានកសិកម្មជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 7015

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) នៃប្រទេសជប៉ុន ដឹកនាំដោយលោកបណ្ឌិត Tsuchikawa Satoru សាកលវិទ្យាធិការនៃសាកលវិទ្យាល័យណាហ្គូយ៉ា និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ដឹកនាំដោយលោកស្រីបណ្ឌិត Nurmi Pangesti មន្ត្រីជាន់ខ្ពស់នៃ IRRI ប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំដើម្បីគឺ៖១). ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម និង ២). បង្ហាញអំពីផែនការនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ាជាមួយនឹងអគ្គនាយកដ្ឋានកសិកម្មសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងទទួលបានលទ្ធផលដូចតទៅ៖ ១). សាកលវិទ្យាល័យណាហ្គូយ៉ា និងអគ្គនាយកដ្ឋានកសិកម្ម នឹងពង្រីកសកម្មភាពបណ្តុះបណ្តាលលើការងារក្រោយប្រមូលផល (Post-harvest) លើដំណាំ ជាពិសេសស្រូវ-អង្ករ ២). សាកលវិទ្យាល័យណាហ្គូយ៉ាសន្យាថានឹងទទួលយកមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្មឱ្យទៅសិក្សាបន្តនៅកម្រិតក្រោយឧត្តមនៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៣ ៣). អគ្គនាយកដ្ឋានកសិកម្ម នឹងចូលរួមក្នុងសិក្ខាសាលាស្រាវជ្រាវរកប្រភេទពូជស្រូវដែលធន់នឹងទឹកប្រៃ គាំទ្រដោយសាកលវិទ្យាល័យណាហ្គូយ៉ា ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ និង ៤). អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យណាហ្គូយ៉ាឱ្យកាន់តែល្អប្រសើរ៕