កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោង និងទស្សនកិច្ចសិក្សានៃគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអគ្នេយ៍ (ASSET)

ចេញ​ផ្សាយ​ ០៥ តុលា ២០២៣ 4697

នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មនិងក្រុមការងារបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងASSET នៅស្រុករវៀង ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមចំនួន២៥នាក់ តំណាងមកពីនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង សហភាពសហគមន៍កសិកម្មមានជ័យ អង្គការSwisscontact អង្គការ CIRAD អង្គការGRET បណ្តាញ ALiSEA Cambodia អង្គការ Uni4Coop អង្គការ AFD និង EU ប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបង្ហាញដល់ដៃគូអនវត្តគម្រោងពីវឌ្ឍនភាពការងារគម្រោង ASSET ពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាងដៃគូអនុវត្តថ្នាក់ជាតិ និងដៃគូអភិវឌ្ឍន៍ និងសកម្មភាពការងារជាមួយអ្នកពាក់ព័ន្ធ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤។ គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងASSET បានពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការអនុវត្តសកម្មភាពគម្រោងនៅក្នុងតំបន់ស្រោចស្រពចំនួនពីរដែលស្ថិតនៅក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ គឺតំបន់ប្រព័ន្ធស្រោចស្រពអូរកំបោរ និងអូរស័ករាជ ហើយបានផ្តោតលើប្រព័ន្ធផលិតកម្មសំខាន់ៗរួមមាន៖ (១) ការដាំដំណាំគម្របដីស្ទីឡូ និងចង្ក្រងស្វាក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ (២) ផលិតកម្មគ្រាប់ពូជស្ទីឡូ ក្នុងប្រព័ន្ធផលិតកម្មដំណាំស្វាយចន្ទី (៣) ផលិតកម្មគ្រាប់ពូជដំណាំគម្របដីស្ទីឡូ និងចង្ក្រងស្វា ឆ្លាស់នឹងដំឡូងមីនៅក្នុងតំបន់ដែលមានសក្តានុពល និងសមស្របសម្រាប់ការអនុវត្តគោលការណ៍កសិអេកូឡូស៊ីក្នុងកម្រិតដែនដីនៃខេត្តព្រះវិហារ (៤) ការគ្រប់គ្រងសត្វល្អិតចង្រៃតាមគោលការណ៍កសិអេកូឡូស៊ី (ប្រើប្រាស់សត្វអង្ក្រង) និង (៥) ប្រព័ន្ធផលិតកម្មសត្វចតុបាតធំ ដោយព្រលែងលើវាលស្មៅចំណីសត្វ។ កិច្ចប្រជុំក៏បានពិភាក្សាលើសារៈប្រយោជន៍នៃការអនុវត្តកសិអេកូឡូស៊ី ហើយបានសន្និដ្ឋានរួមលើចំណុចសំខាន់ៗរួមមាន៖ (១)កាត់បន្ថយជីគីមី ថ្នាំពុល និងធាតុចូលកសិកម្មដែលមិនចាំបាច់ (២)បង្កើនទិន្នផលដំណាំ (៣)បង្កើនសុវត្ថិភាពចំណីអាហារ (៤)ជម្រុញភាពសម្បូរបែបនៃផលិផលកសិកម្ម (៥) ទប់ស្កាត់ការហូរច្រោះដី (៦) រក្សាគុណភាព តុល្យភាពបរិស្ថាន បញ្ចៀសការបំពុលទឹកសម្រាប់ប្រើប្រាស់និងធ្វើកសិកម្ម និង (៧)ការពារអេកូឡូស៊ីជីវសាស្ត្រ៕