ការចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់​ និងខេត្តបាត់ដំបង​

ចេញ​ផ្សាយ​ ១២ តុលា ២០២០ 4297

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ក្រុមកាងារអគ្គនាយកដ្ឋានកសិកម្ម​ ដែលដឹកនាំដោយលោក​ ស្រ៊ុន​ សុខុម​ អគ្គនាយក​រង​ នៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយលោកបណ្ឌិត​ គង់​ គា​ ប្រធាននាយកដ្ឋានដំណាំស្រូវ​ បានសហការជាមួយថ្នាក់ដឹកនាំ​ និងមន្ត្រី​ជំនាញ​នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តពោធិ៍សាត់​ និងខឹត្តបាត់ដំបង​ អមដំណេីរ​ ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម​  រុក្ខាប្រមាញ់​ និងនេសាទ ដែលជាតំណាងដ៏ខ្ពង់ខ្ពសរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​  បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់​ និងខេត្តបាត់ដំបង​។ 
 ក្នុងបេសកកម្មខេត្តពោធិ៍សាត់​ គណ:ប្រតិភូ​ បានជួបពិភាក្សាជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារថ្នាក់ខេត្ត តំណាងរាស្ត្រ និងគណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សំណូមពរចំពោះមុខ ឯកឧត្តមអភិបាលខេត្ត ស្នើសុំមន្ត្រីបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្មម​ ដេីម្បីចូលរួមចុះវាយតម្លៃទុំហំការខូចខាតបន្ទាប់ពីទឹកស្រកចុះ ក្នុងគោលបំណងពិនិត្យលទ្ធភាពគាំទ្រគ្រាប់ពូជដំណាំសម្រាប់អន្តរាគមន៍ស្តារដាំដុះឡើងវិញ ។   ស្ថានភាពទូទៅនៃទឹកជំនន់ គឺមានការកើនឡើងផ្នែកខាងលើ ជាពិសេសស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយតាមបណ្តោយស្ទឹងពោធិ៍សាត់​ ទឹកហៀរចេញមិនអាចទប់បាន។ ពេលនេះ អភិបាលខេត្តបានប្រើប្រាស់កម្លាំងសរុប ដើម្បីសង្គ្រោះ និងបង្ការគ្រោះថ្នាក់ដោយយថាហេតុចំពោះប្រជាពលរដ្ឋ និងសត្វពាហនៈ។

នៅរសៀល​ថ្ងៃដដែល​ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានបន្តដំណើរទៅពិនិត្យមើលស្ថានភាពទឹកជំនន់នៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី​ ដែលស្ថានភាពជារួម​ ដំណាំស្រូវលិចលង់មានប្រមាណជាង៦​ ០០០ហិកតា នៅស្រុករុក្ខគីរី ព្រោះទំនប់បាសាក់​ បានបាក់ ហើយទឹកភ្លៀងនៅតែបន្តធ្លាក់ពីផ្នែកខាងលើនៅឡើយ។ ពេលនេះទឹកកំពុងហូរចុះទៅបឹងទន្លេសាប និងឆ្លងកាត់ផ្លូវកៅស៊ូក្នុងស្រុករុក្ខគីរី ដោយអន្លើរៗ។ តាមការសាកសួរប្រជាកសិករ ដំណាំស្រូវមួយចំនួនធំស្ថិតក្នុងដំណាក់កាលផើម និងចេញកួរចេញផ្កា និងមួយចំនួនស្ថិតក្នុងដំណាក់កាលបែកគុម្ពពេញទំហឹង។ ជាការសន្និដ្ឋាន ដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលផើមធំ និងចេញកួរចេញផ្ការនឹងខូចទាំងស្រុង ហើយចំពោះដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលបែកគុម្ព នឹងអាចរស់ឡើងវិញប្រសិនទឹកស្រកក្នុងរយៈពេល៥ថ្ងៃខាងមុខ។ ចំពោះការដាំដុះស្តារឡើងវិញនៅក្នុងតំបន់នេះ គឺមិនអាចទៅរួចទេ ព្រោះអាងស្តុកទឹកបាសាក់ជាប្រភពទឹកសំខាន់មួយសម្រាប់ស្រូវប្រាំង នឹងអស់ទឹកពេលទឹកស្រកអស់ និងមិនអាចផ្គត់ផ្គង់បានទៀតទេ។  ចំពោះស្រុកមោងឬស្សីវិញ ទឹកចាប់ផ្តើមស្រកចុះបន្តិច ហើយស្ថានភាពខូចខាតដំណាំស្រូវ មិនធ្ងន់ធ្ងរដូចស្រុករុក្ខគីរី៕