ការត្រួតពិនិត្យស្ថានភាពការធ្វើពាណិជ្ជកម្មជីកសិកម្មរបស់ពាណិជ្ជករនៅខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ២៧ សីហា ២០២៣ 4377

យោងតាមលិខិតបញ្ជាបេសកកម្មលេខ២៥២ អ.ន.ក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចចាត់តាំងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងសហការី ចុះត្រួតពិនិត្យស្ថានភាពការធ្វើពាណិជ្ជកម្មជីកសិកម្មរបស់ពាណិជ្ជករនៅខេត្តបាត់ដំបងដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៦ ខែសីហា ឆ្នាំ២០២៣ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។ ក្រុមការងារបានជួបប្រជុំពិភាក្សាការងារជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការិយាល័យជំនាញ ដោយផ្តោតលើចក្ខុវិស័យ និងគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្មលើការគ្រប់គ្រងដើម្បីប្រើប្រាស់ជីកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ឈានដល់ការកាត់បន្ថយថ្លៃដើមផលិតកម្ម ទទួលបាននូវទិន្នផលនិងប្រាក់ចំណេញខ្ពស់។ បាត់ដំបងជាខេត្តមួយដែលមានសក្តានុពលធនធានដីកសិកម្មអំណោយផលទៅលើការដាំដុះដំណាំដូចជា ស្រូវ ពោត និងដំឡូងមីជាដើម។ ម៉្យាងទៀត ខេត្តនេះក៏មានច្រកព្រំដែនជាមួយប្រទេសថៃជាច្រើនកន្លែងដែលអំណោយផលដល់ការទិញលក់កសិផលរបស់ប្រជាកសិករ ហើយក៏បង្កលក្ខណៈងាយស្រួលដល់ការធ្វើអាជីវកម្មជីកសិកម្មផងដែរ។ ក្រុមការងារបានចុះពិនិត្យណែនាំលក្ខណៈបច្ចេកទេសដល់ពាណិជ្ជករនៅតាមដេប៉ូនិងឃ្លាំងស្តុកជីមួយចំនួនដោយមានការសហការចូលរួមយ៉ាងល្អពីពាណិជ្ជករ។ ក្រុមការងារក៏បានចុះពិនិត្យស្ថានភាពនៅតាមច្រកព្រំដែនក្នុងស្រុកភ្នំព្រឹក សំពៅលូន និងស្រុកកំរៀង និងបានជួបពិភាក្សាការងារជាមួយលោកអភិបាលស្រុកភ្នំព្រឹក និងលោកប្រធានច្រកព្រំដែនអូររំដួលក្នុងគោលបំណងជម្រាបជូនអំពីចក្ខុវិស័យនិងគោលដៅយុទ្ធសាស្រ្តនៃការគ្រប់គ្រងជីកសិកម្មរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងបានស្នើសុំកិច្ចសហការគ្នានិងគ្នាក្នុងការជួយទប់ស្កាត់រាល់បទល្មើសជីកសិកម្មដែលកើតមានក្នុងដែនសមត្ថកិច្ចគ្រប់គ្រង។ ជាមួយគ្នានេះ ក្រុមការងារក៏បានណែនាំដល់បងប្អូនអាជីវករ កសិករឱ្យបានដឹងអំពីការទិញលក់ជីកសិកម្មដែលគ្មានច្បាប់អនុញ្ញាតយកមកប្រើប្រាស់ និងបញ្ហាប្រឈមនានាផងដែរ។