ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំមន្រ្តីពាក់ព័ន្ធដើម្បីចុះពិនិត្យ និងវាយតម្លៃលើការងារបច្ចេកទេសរបស់ក្រុមហ៊ុនចំនួន០៤ ដែលនាំចេញផ្លែស្វាយស្រស់ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។

ចេញ​ផ្សាយ​ ២៣ មករា ២០២១ 8212

ឆ្លើយតបទៅនឹងគោលនយោបាយនៃកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម និងអនុសាសន៍គ្រប់ជ្រុងជ្រោយរបស់ឯកឧត្តមរដ្ឋមន្ត្រីទាក់ទងនឹងការអភិវឌ្ឍទំនើបកម្មកសិកម្ម និងជំរុញការនាំចេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែនករា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរជាមួយដោយលោកប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី បានចុះពិនិត្យ និងវាយតម្លៃលើការងារបច្ចេកទេសរបស់ក្រុមហ៊ុនចំនួន០៤ ដែលបាននឹងកំពុងសាងសង់ និងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្លាប់មេរោគ និងរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់សម្រាប់នាំចេញឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ លទ្ធផលនៃការចុះចុះពិនិត្យនិងវាយតម្លៃក្រុមហ៊ុនចំនួន៤ មានដូចខាងក្រោម៖
កម្មវិធីទី១៖
ឯកឧត្តមប្រតិភូ និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាពសាងសង់រោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃ ដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment - VHT) របស់ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិនធើណេសិនណល អេហ្គ្រីខលឈ័រ ប្រដាក់ អេន ឡូជីស្ទីក ឯ.ក ដែលមានទីតាំងនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្រុមហ៊ុនបានដាក់ទុនវិនិយោគប្រមាណ៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពសត្វចង្រៃដោយប្រើចំហាយទឹកក្តៅ អគារតាំងបង្ហាញផលិតផលកសិកម្ម អគារដ្ឋបាល ផ្ទះស្នាក់នៅសម្រាប់ភ្ញៀវរបស់ក្រុមហ៊ុន ផ្ទះស្នាក់នៅរបស់កម្មករលើផ្ទៃដី៤ហ.ត ក្នុងចំណោមផ្ទៃដីសរុបចំនួន៥៧ហ.ត របស់ក្រុមហ៊ុន។ ការសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ សម្រេចបានប្រមាណជា៥០%ហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
កម្មវិធីទី២៖
ចេញពីស្រុកកំពង់សិលា ឯកឧត្តមប្រតិភូ និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT) របស់ក្រុមហ៊ុន Long Wo Agriculture (Cambodia)ដែលមានទីតាំងក្នុងស្រុកភ្នំស្រួច។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនបានតម្លើងរួចរាល់ជាស្ថាពរហើយ រង់ចាំតែការធ្វើតេស្តឱ្យស្របតាមពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ។
រោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT)នេះមានសមត្ថភាព
ធ្វើប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅលើផ្លែស្វាយស្រស់បានចំនួន១០០តោន/ថ្ងៃ។
បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើការប្រមូលទិញផ្លែស្វាយបាន២៥ ០០០ដើម (ប្រហែលជាង ១០០ហ.ត) បន្ទាប់ពីរោងចក្រដាក់ឱ្យដំណើរការ និងបាននាំចេញទំហំផ្ទៃដីនឹងមានការកើនឡើងទ្វេដង។
កម្មវិធីទី៣៖
ចេញពីស្រុកភ្នំស្រួច ឯកឧត្តមប្រតិភូ និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment - HWT) របស់ក្រុមហ៊ុន បឹងកេត ហ្រ្វេសហ្រ្វូត ឯ.ក នៅតាមបណ្តោយផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៨២ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ បច្ចុប្បន្ន ក្រុមហ៊ុនបានតម្លើងប្រព័ន្ធខ្សែច្រវាក់ជ្រើសរើសសំរិតសំរាំងគុណភាពផ្លែស្វាយ ទំហំតូចធំ និងសម្លាប់សមាសភាពសត្វចង្រៃដោយប្រើ HWT ដើម្បីឱ្យត្រូវតាមស្តង់ដារទីផ្សារ។ ដំណើរការសាងសង់រោងចក្រត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយមានសមត្ថភាពសំរិតសំរាំងគុណភាព និងទំហំផ្លែស្វាយបានចំនួន១៥០- ២០០តោន/ថ្ងៃ។ ក្រុមហ៊ុនបានត្រៀមលក្ខណ សម្បត្តិរួចរាល់ហើយក្នុងការនាំចេញផ្លែស្វាយកែវរមៀតទៅកាន់ទីផ្សារចិន។
កម្មវិធីទី៤៖
ជាកម្មវិធីចុងក្រោយសម្រាប់ដំណើរបេសកកម្មរបស់ឯកឧត្តមប្រតិភូ មកកាន់ខេត្តកំពង់ស្ពឺ។ ក្នុងស្រុកភ្នំស្រួចដដែល ឯកឧត្តមប្រតិភូ បានបន្តដំណើរមកពិនិត្យសកម្មភាពលាងសម្អាតផ្លែស្វាយស្រស់មុននឹងដាក់ចូលម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃ ដោយប្រើចំហាយ ទឹកក្តៅ (Vapor Heat Treatment - VHT) របស់ក្រុមហ៊ុន Hyundai Mao Legacy សម្រាប់នាំចេញទៅកាន់ប្រទេសកូរ៉េ។
សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០២០ ដែលជាឆ្នាំដំបូងនៃការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េ ក្រុមហ៊ុន Hyundai Mao Legacy បាននាំចេញចំនួន៧៦,៩៧តោន។
ក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញទៅកាន់ប្រទេសកូរ៉េឱ្យបានចំនួន១ ០០០ តោន ។