ការចុះអន្តរាគមន៍កម្ចាត់រុយស ដង្កូវហ្វូង និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវនៅខេត្តប៉ៃលិន

ចេញ​ផ្សាយ​ ១២ កក្កដា ២០២៤ 3340

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបៃលិន លោកអភិបាលស្រុកសាលាក្រៅ លោកមេឃុំ លោកមេភូមិ បានចុះពិនិត្យសភាពការដង្កូវហ្វូង និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវ នៅភូមិភ្នំកុយ ឃុំសាលាក្រៅ និងភូមិកូនដំរី ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តបៃលិន។ ជាលទ្ធផល ឃើញថា ដំណាំស្រូវចំនួន ១៤២ហិកតា នៃផ្ទៃដីដាំដុះចំនួន ២ ៦៧០ហិកតា ក្នុងស្រុកសាលាក្រៅបានទទួលរងផលប៉ះពាល់ដោយដង្កូវហ្វូងនិងដង្កូវមូរស្លឹក។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានធ្វើការណែនាំអំពីវិធីសាស្ត្រនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងផ្តល់ជូនឯកសារបច្ចេកទេសស្តីពីវិធានការគ្រប់គ្រងដង្កូវហ្វូង និងដង្កូវមូរស្លឹកដល់បងប្អូនប្រជាកសិករផងដែរ។ បន្ថែមពីនោះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំណូមពរដល់កសិករឱ្យបន្តតាមដានចុះពិនិត្យស្រែជាប្រចាំ និងចាត់វិធានការអន្តរាគមន៍ឱ្យបានព្រមៗគ្នាជាប្រចាំ និងចំពេលវេលាដើម្បីក្លាយជាកម្លាំងចលករក្នុងការកម្ចាត់ដង្កូវហ្វូង និងដង្កូវមូរស្លឹកលើដំណាំស្រូវនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តល់ជូននូវថ្នាំកសិកម្ម បរិក្ខាសុវត្ថិភាពមួយចំនួនទៀតផងដែរ ជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបៃលិន ដើម្បីធ្វើការផ្សព្វផ្សាយ និងចាត់វិធានការបន្ត។